
លោក ហង់ជួន ណារ៉ុន នៅក្នុងពិធីបើកបវេសនកាលនៅខេត្តស្វាយរៀង។ រូបក្រសួង
ស្វាយរៀងៈ នៅក្នុងថ្ងៃបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២២-២០២៣ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលើកទឹកចិត្តដល់សាលារៀនដែលបានអនុវត្តកំណែទម្រង់កម្រិតសាលារៀនបានល្អ តាមរយៈការបង្កើនថវិកាមូលនិធិដំណើរការសាលារៀនបន្ថែមក្នុងឆ្នាំ ២០២៣ នេះ។
គ្រឹះស្ថានសិក្សាសាធារណៈទូទាំងប្រទេស បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅថ្ងៃទី ២ មករា ហើយនៅថ្ងៃដដែលនេះ ក៏ជាថ្ងៃនៃការចាប់ផ្ដើមជីវិតសិក្សាដំបូងរបស់កុមារតូចៗ ដែលទើបគ្រប់អាយុសិក្សាផងដែរ។ ក្រសួងអប់រំ បានឱ្យដឹងថា ការបើកបវេសនការនៅទូទាំងប្រទេស គឺមានការអញ្ជើញចូលរួមពីសំណាក់អភិបាល អភិបាលរង នៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំក្រសួងអប់រំ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរដែនដី ឪពុកម្តាយ និងអ្នកអាណាព្យាបាល។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២ ខែមករាថា៖ «ដំណើរការបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ នាថ្ងៃ ២ មករា ២០២៣ នេះ គឺបានប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក ដោយមានការចូលរួមពីសំណាក់គ្រប់ភាគីពាក់ព័ន្ធទូទាំងប្រទេស»។
ក្នុងពិធីបើកបវេសនកាលជានិមិត្តរូបនៅវិទ្យាល័យ ហ៊ុន សែន ប្រសូត ក្នុងខេត្តស្វាយរៀងនាថ្ងៃទី ២ មករា លោកហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងលើកទឹកចិត្តដល់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ ទាំងអស់ ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត និងធនធានសរុប ក្នុងការដឹកនាំ និងបន្តដំណើរការសាលារៀន ព្រមទាំងការបំពេញការងារដទៃទៀត តាមគ្រប់រូបភាព ប្រកបដោយប្រសិទ្ធភាព និងស្មារតីសាមគ្គីភាពជាពិសេសបានបិទបញ្ចប់ឆ្នាំសិក្សា ២០២១-២០២២ ប្រកបដោយសុវត្ថិភាព និងត្រៀមរួចរាល់សម្រាប់បវេសនកាលឆ្នាំសិក្សាថ្មី។
លោកបញ្ជាក់ថា៖ «ដើម្បីគាំទ្រដល់កំណែទម្រង់សាលារៀន រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងបន្តគាំទ្រ និងបង្កើនថវិកាមូលនិធិដំណើរការសាលារៀនជារៀងរាល់ឆ្នាំ។ ក្នុងឆ្នាំ ២០២៣ នេះក្រសួងនឹងផ្តល់ការលើកទឹកចិត្តដល់សាលារៀន ដែលបាននិងកំពុងអនុវត្តកំណែទម្រង់កម្រិតសាលារៀនបានល្អ ដូចជាការលើកកម្ពស់គុណភាព ប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព នៃការដឹកនាំ និងគ្រប់គ្រងសាលារៀន ការដឹកនាំ ការរៀន និងបង្រៀន ការគ្រប់គ្រងថ្នាក់រៀនប្រកបដោយប្រសិទ្ធភាព ការលើកកម្ពស់ការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាលសិស្ស សហគមន៍ អាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធ ក្នុងការអភិវឌ្ឍសាលារៀនជាដើម»។
បន្ថែមពីនេះ លោក ហង់ជួន ណារ៉ុន សង្កត់ធ្ងន់ថា ចាប់ពីឆ្នាំ ២០២៣ ក្រសួងបានដាក់ចេញនូវអាទិភាពចំនួន ៨ចំណុច ដើម្បីឆ្លើយតបនឹងបរិវត្តកម្មការអប់រំរួម។ វិធានការទាំង ៨ ចំណុចនេះគឺរួមមាន ១ ការបើកដំណើរការសាលារៀនប្រកបដោយសុវត្ថិភាព ការស្តារឡើងវិញ និងការបន្តការសិក្សារៀនសូត្ររបស់សិស្សានុសិស្ស។ ២ កំណែទម្រង់សាលារៀន។ ៣ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនប្រកបដោយគុណភាពកម្រិតខ្ពស់។ ៤ ការអប់រំឌីជីថល។ ៥ ការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ ៦ ការអភិវឌ្ឍបំណិនសតវត្សរ៍ទី ២១សម្រាប់យុវជន។ ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅឧត្តមសិក្សា និង ៨ ការពង្រឹងប្រព័ន្ធអប់រំ និងកសាងសមត្ថភាពស្ថាប័ន។
ក្នុងសារលិខិតបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់សិស្សានុសិស្ស យុវជន យុវនារីទាំងអស់ត្រូវបន្តខិតខំរៀនសូត្រ និងស្រាវជ្រាវឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងចូលរួមឱ្យបានសស្រោកសស្រាំក្នុងអំពើល្អ ដើម្បីការរីកចម្រើនក្នុងគ្រួសារ ក្នុងសង្គម និងប្រទេសជាតិទាំងមូល ជាពិសេសត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ។ លោកនាយករដ្ឋមន្ត្រីក៏បានជំរុញដល់ក្រសួងអប់រំ និងអ្នកពាក់ព័ន្ធត្រូវបន្តអនុវត្ត និងគាំទ្រដល់ “ការអប់រំតាមបែបឌីជីថល” ដើម្បីឱ្យកម្ពុជាអាចឈាន និងឆ្លើយតបទៅនឹងស្ថានភាពជាតិ តំបន់ និងសកលលោក។
ជាមួយនឹងសារលិខិតនេះ នៅថ្ងៃទី ២ មករា លោកនាយករដ្ឋមន្ត្រីក៏បានថ្លែងបន្ថែមក្នុងពេលធ្វើជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ នៅខេត្តក្រចេះថា៖ «យើងរីករាយជាមួយកុមារា កុមារី ដែលចាប់ផ្តើមនៅថ្នាក់ដំបូងរបស់ខ្លួនជាមួយនឹងការចូលសិក្សាហើយខ្ញុំសង្ឃឹមថា ទាំងកូនសិស្ស ទាំងលោកគ្រូ អ្នកគ្រូ នឹងមានសុវត្ថិភាព នៅក្នុងពេលដែលកូវីដ ១៩ វាយលុក តាមរយៈនៃការផ្តល់អាទិភាពសម្រាប់ចាក់វ៉ាក់សាំងជូនលោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្សដែលសុំឱ្យអាជ្ញាធរគ្រប់ទីកន្លែងទាំងអស់ តាមដានយកចិត្តទុកដាក់អំពីបញ្ហានេះ»។
បើតាមលោក ហ៊ុន សែន ជាទូទៅការបើកបវេសនកាលគឺតែងតែធ្វើឡើងនៅអំឡុងខែតុលា ប៉ុន្តែដោយសារតែវិបត្តិកូវីដ ១៩ ក្នុងរយៈពេលកន្លងទៅនេះ បានធ្វើឱ្យការសិក្សាទូទាំងប្រទេស ត្រូវលើកពេលជាបន្តបន្ទាប់ រហូតឈានឱ្យការបើកបវេសនកាលឆ្នាំនេះ ត្រូវពន្យារពេលមកខែមករានេះវិញ៕