ភ្នំពេញៈ លោក ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ណែនាំឱ្យគ្រប់សាលារដ្ឋទូទាំងប្រទេស ត្រូវតាមដានវត្តមានសិស្សឱ្យបានទៀងទាត់ និងត្រូវទាក់ទងទៅអាណាព្យាបាលភ្លាមៗ បើសិស្សានុសិស្សអវត្តមាន ខណៈលោក ជំរុញគ្រប់សាលា អនុវត្តតាមយុទ្ធសាស្ត្រសហគមន៍សាលារៀន ដើម្បីកែលម្អការអប់រំចំណេះទូទៅ។
ការណែនាំ និងជំរុញនេះ បានធ្វើឡើងក្នុងពិធីបិទសិក្ខាសាលា “យុទ្ធសាស្ត្រសហគមន៍សាលារៀន“ ដែលមានរយៈពេល ១០ ថ្ងៃ កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២ នៅខេត្តសៀមរាប ដែលមានតំណាងសាលារៀនគោលដៅទូទាំងប្រទេសចូលរួមប្រមាណ ២០០ នាក់។
ក្នុងឱកាសនោះ លោក ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ក្នុងរយៈពេល ១០ ថ្ងៃនេះ គ្រប់សិក្ខាកាមទាំងអស់ បានទទួលចំណេះជាច្រើន ដើម្បីយកទៅអនុវត្តដោយផ្ទាល់នៅតាមមូលដ្ឋានរបស់ខ្លួន ក្នុងការរួមគ្នាពង្រឹងវិស័យអប់រំនៅកម្ពុជា។
លោកបន្តថា ចាប់ពីពេលនេះទៅ គ្រប់សាលាទូទាំងប្រទេស នឹងមានស្តង់ដា ដើម្បីអនុវត្តទាំងអស់គ្នា ស្របតាមគោលការណ៍របស់ក្រសួងអប់រំ ដែលបានដាក់ចេញយុទ្ធសាស្ត្រសហគមន៍សាលារៀននៃគម្រោងកែលម្អការអប់រំចំណេះទូទៅ។
លោកបានបញ្ជាក់ទៀតថា៖ «យើងបានយកគ្រូៗ មករៀនហើយ ឃើញថ្ងៃទី ១ យើងបានប្រាប់ពីសាវតារយ៉ាងម៉េច? បានយើងចាប់ផ្តើមបង្រៀន ហើយថ្ងៃទី ២ យើងធ្វើយ៉ាងម៉េចខ្លះ? យើងបានដាក់ឱ្យសរសេរតាមអាន។ ពីមុន យើងមិនធ្វើអ៊ីចឹង គឺឮសូរតែគេថា តែពេលនេះយើងដឹងហើយទាំងអស់គ្នា ហើយពេលត្រឡប់ទៅវិញ យើងត្រូវយកមេរៀនទាំងនេះទៅអនុវត្ត»។
ក្រៅពីថ្លែងបែបនេះ លោក ប៊ុនរឿន បានណែនាំឱ្យគ្រប់សាលារដ្ឋទូទាំងប្រទេស ត្រូវតាមដានវត្តមានសិស្សឱ្យបានទៀងទាត់ និងត្រូវទាក់ទងទៅអាណាព្យាបាលភ្លាមៗ បើសិស្សានុសិស្សអវត្តមាន ហើយលោក ក៏លើកទឹកចិត្តដល់សិស្សានុសិស្ស ត្រូវយកចិត្តទុកដាក់ខំរៀនឱ្យបាននិទ្ទេសពីលេខ ១ ដល់លេខ ១០ និងមិនត្រូវឱ្យធ្លាក់មធ្យមភាគឡើយ។
លោកបានបញ្ជាក់ថា៖ «ក្រៅពីគ្រូ និងនាយកសាលា គឺសហគមន៍ ហើយតួអង្គដែលសំខាន់នោះ គឺមាតាបិតា ឬអាណាព្យាបាល និងតួអង្គសំខាន់ជាងគេ គឺសិស្ស ដែលត្រូវមើលសិស្សហ្នឹងតែម្តង ដោយយកចិត្តទុកដាក់ពង្រឹងគាត់។ សូមលោកនាយកសាលា លោកស្រីនាយិកា លោកប្រធានមន្ទីរ ធ្វើឱ្យម៉ឺងម៉ាត់មើល ឱ្យសិស្សទទួលបានពិន្ទុល្អ និងធ្វើម៉េចកុំឱ្យធ្លាក់មធ្យមភាគ ដោយរកមធ្យោបាយទាំងអស់គ្នា។ សិស្សខ្លួនឯង ក៏ត្រូវប្រឹងខ្លួនឯង ព្រោះបើការអប់រំខ្លាំងយ៉ាងណា បើសិស្សអត់ខំទេ ទោះបណ្តុះយ៉ាងម៉េច ក៏មិនបានដែរ»។
តាមរយៈនេះ លោក ណាត ប៊ុនរឿន ក៏បានថ្លែងលើកទឹកចិត្តឱ្យគ្រប់សាលាទាំងអស់ ចូលរួមរៀបចំបរិស្ថានសាលាឱ្យបានស្អាត និងត្រូវកំណត់ចំនួនសិស្សក្នុងមួយថ្នាក់ចន្លោះពី ៤០ នាក់ ទៅ ៤៥ នាក់ ខណៈណែនាំឱ្យសាលាដែលខ្វះខាតបន្ទប់រៀនគួរពិចារណា សាងសង់សាលាថ្មី។ បន្ថែមពីនេះ លោកលើកទឹកចិត្តដល់គ្រប់សាលាត្រូវជំរុញឱ្យសិស្សបង្កើតជាក្លិបសិក្សា ដើម្បីប្រមូលគ្នាសិក្សាស្រាវជ្រាវ និងបង្កើតឱ្យមានបណ្ណាល័យជំនាន់ថ្មីគ្រប់សាលារៀន។
លោកបានបញ្ជាក់ថា៖ «សាលាយើងក៏ត្រូវគិតគូរផងដែរពីបង្គន់អនាម័យ កុំឱ្យសិស្សចេះតែតម្រង់ជួរគ្នា ហើយសិស្សយើងប៉ុន្មាននាក់ ត្រូវមានបង្គន់ប៉ុន្មានបន្ទប់សម្រាប់បំពេញតម្រូវការ។ ទាំងនេះ គឺយើងចាប់ផ្តើមហើយ យើងចេញពីបរិស្ថានសិក្សា ហើយបណ្ណាល័យ គឺអត់មិនបានទេ។ បន្ទាប់មក យើងត្រូវមានបន្ទប់ពិសោធន៍ITទៅតាមសមត្ថ-ភាពជាបន្តបន្ទាប់»។
ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាស្ដីពីយុទ្ធសាស្ត្រសហគមន៍សាលារៀនសម្រាប់សាលារៀនគោលដៅនៃគម្រោងកែលម្អការអប់រំចំណេះទូទៅរយៈពេល ១០ ថ្ងៃ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ នៅខេត្តសៀមរាប។
គម្រោងកែលម្អការអប់រំចំណេះទូទៅ បានចូលរួមឆ្លើយតបទៅនឹងកំណែទម្រង់សំខាន់ៗដូចជា កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសគម្រោងថ្មីនេះ ក៏ជាមូលដ្ឋានគ្រឹះ ក្នុងការសម្រេចបាននូវគោលនយោបាយអប់រំទាំង ២ របស់ផែនការយុទ្ធសាស្ត្រ វិស័យអប់រំ ២០១៩-២០២៣។គម្រោងកែលម្អការអប់រំចំណេះដឹងទូទៅ ត្រូវបានអនុវត្តរយៈពេល ៥ ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ ២០២២-២០២៦ ទៅលើសាលាគោលដៅចំនួន ១៦៣៣ សាលារៀនចំណេះទូទៅទូទាំងប្រទេស ហើយសិក្ខាសាលារយៈពេល ១០ ថ្ងៃនេះ គឺជាផ្នែកមួយនៃការអនុវត្តគម្រោងនេះ។
លោក តាន់ វិច្ឆិការង្សី ប្រធានការិយាល័យអប់រំស្រុកបាគងនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប ដែលបានចូលរួមក្នុងសិក្ខាសាលានេះ បានថ្លែងថា សិក្ខាសាលានេះ គឺពិតជាមានអត្ថប្រយោជន៍ និងតម្លៃខ្ពស់ណាស់សម្រាប់កែលម្អគុណភាពអប់រំចំណេះទូទៅរបស់កម្ពុជា។
លោកបានបន្តថា យុទ្ធសាស្ត្រសហគមន៍សាលារៀននេះ នឹងជួយឱ្យសាលារៀនគោលដៅគ្រប់កម្រិតសិក្សានៅក្នុងមូលដ្ឋានរបស់លោក មានការសហការ និងជួយគ្នាទៅវិញទៅមក និងពង្រឹងការចូលរួមពីសហគមន៍ ផងដែរ។ បន្ថែមពីនេះ លោកថា គម្រោងនេះ ក៏នឹងជួយគាំទ្រពីរដ្ឋអំណាចគ្រប់ថ្នាក់ ដើម្បីជួយឱ្យកុមារបានចូលរៀនទាំងអស់គ្នា រៀនបានចប់ និងចេះទាំងអស់គ្នា សំដៅឱ្យពួកគេមានចំណេះដឹង ដើម្បីរកចំណូលលើកកម្ពស់ជីវភាព លុបបំបាត់ភាពក្រីក្រ រស់នៅដោយរីករាយនាពេលអនាគត។
លោកថា៖ «ខ្ញុំនឹងយកយុទ្ធសាស្ត្រនេះទាំងស្រុងទៅអនុវត្តនៅស្រុកយើងខ្ញុំ ដោយពង្រីកទៅសាលាផ្សេងៗទៀត ក្រៅពីសាលាគោលដៅដែលបានកំណត់ ដើម្បីលើកកម្ពស់សេវាអប់រំក្នុងស្រុកឱ្យប្រសើរឡើងព្រមៗគ្នា និងជួយគ្នាបានទាន់ពេលវេលា»។
សូចនាករវត្ថុបំណងនៃការអភិវឌ្ឍគម្រោងកែលម្អការអប់រំចំណេះទូទៅមាន ៤ ចំណុច ១-លទ្ធផលសិក្សាសិស្សដែលទទួលបានប្រយោជន៍ពីគម្រោងត្រូវបានកែលម្អ និងយកចិត្តទុកដាក់។ ២-ភាគរយនៃសាលាគោលដៅនឹងទទួលបានស្តង់ដាអប្បបរមាទៅតាមអនុវិស័យនីមួយ។ ៣-ភាគរយគ្រូបឋមសិក្សាអនុវត្តការបង្រៀនមានប្រសិទ្ធភាពលើមុខវិជ្ជាអំណាន និងគណិតវិទ្យា និងយកចិត្តទុកដាក់សមធម៌យេនឌ័រ។ ៤-កែលម្អបរិស្ថានសិក្សា សាងសង់បន្ទប់សិក្សា បន្ទប់ពិសោធន៍ អគារសិក្សា។ នេះបើតាមការអះអាងរបស់ក្រសួងអប់រំ៕