
កម្ពុជាបន្តរកឃើញអ្នកឆ្លងមេរោគកូវីដ ១៩ ចំនួន ៥ នាក់ទៀត ខណៈអ្នកជាសះស្បើយមាន ១២ នាក់ និងគ្មានអ្នកស្លាប់ដោយជំងឺនេះទេ។ ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងសុខាភិបាលកម្ពុជាប្រកាសរកឃើញអ្នកឆ្លងមេរោគកូវីដ ១៩ ចំនួន ៥ នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយថ្មីមាន ១២ នាក់ ប៉ុន្តែមិនមានអ្នកស្លាប់ដោយសារជំងឺនេះទេ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ក្រសួងរកឃើញអ្នកមានជំងឺកូវីដ១៩ចំនួន៥នាក់បន្ថែមទៀត ជាករណីឆ្លងក្នុងសហគមន៍ ដែលសុទ្ធតែប្រភេទអូមីក្រុងទាំងអស់។ អ្នកទាំង៤នាក់នោះ ត្រូវបានរកឃើញមានវិជ្ជមានមេរោគកូវីដ១៩ ក្នុងករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស។ ក្រសួងបញ្ជាក់ថា របាយការណ៍ថ្ងៃនេះមានអ្នកជាសះស្បើយថ្មី១២នាក់ និងគ្មានអ្នកស្លាប់ឡើយ។
បើតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី៣ ខែមករានេះ ចំនួនករណីឆ្លងជំងឺកូវីដ១៩ សរុបកើនដល់ចំនួន១៣៨ ៦០០នាក់ ចំណែកករណីជាសះស្បើយសរុប ១៣៥ ៤៩១នាក់ និងករណីស្លាប់សរុប ៣ ០៥៦នាក់។ រីឯករណីនាំចូលពីក្រៅប្រទេសសរុបមានចំនួន២១ ២៣៩នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍កើនដល់១៦ ៧៧៧នាក់៕