
សកម្មភាពអ្នកនេសាទ កំពុងនេសាទត្រីក្នុងរដូវធ្វើប្រហុក ក្នុងស្រុកពញាឮ ខេត្តកណ្ដាល។ រូបថត រដ្ឋបាលជលផល
ភ្នំពេញៈ អាជ្ញាធរពាក់ព័ន្ធនឹងការគ្រប់គ្រងតំបន់បឹងទន្លេសាប ប្រកាសបន្តទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាក្នុងតំបន់បឹងទន្លេសាប ដើម្បីការពារធនធានធម្មជាតិ ក្រោយទទួលបានលទ្ធផលល្អ ជាពិសេសការទទួលបានទិន្នផលត្រីពីបឹងទន្លេសាបមានការកើនឡើងក្នុងឆ្នាំ ២០២២។
កាលពីខែវិច្ឆិកា ឆ្នាំ ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរខេត្តជុំវិញបឹងទន្លេសាប និងស្ថាប័នពាក់ព័ន្ធ រួមគ្នាបង្ក្រាបបទល្មើសកាប់ទន្ទ្រានព្រៃលិចទឹកយកដីយ៉ាងអនាធិបតេយ្យ ដើម្បីការពារធនធានទាំងនេះ ទុកជាជម្រកត្រី និងការពារបឹងទន្លេសាបពីគ្រោះរាំងស្ងួត។
លោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣ ថា អ្វីដែលអនុវត្តកន្លងមកនៅក្នុងបឹងទន្លេសាបនេះ រដ្ឋាភិបាលបានដាក់ចេញវិធានការចុះការពារ និងទប់ស្កាត់នូវបទល្មើសទាំងឡាយ មាននៅក្នុងបឹងទន្លេសាប និងតំបន់ការពារព្រៃលិចទឹកនេះ គឺស្ថានភាពក្នុងឆ្នាំ ២០២២ បានធ្វើឱ្យទឹកក្នុងបឹងទន្លេសាប មានស្ថានភាពល្អ ឬមានកម្រិតទឹកប្រហាក់ប្រហែលមធ្យម បើធៀបនឹងឆ្នាំមុនៗ។
លោកថ្លែងថា ជាលទ្ធផល ក្នុងរយៈពេលចុងក្រោយនេះ ទិន្នផលនៃការនេសាទ មានការកើនឡើង ដែលបង្ហាញថា ការប្រឹងប្រែងរួមគ្នារបស់អាជ្ញាធរពាក់ព័ន្ធក្នុងការការពារបឹងទន្លេសាប គឺទទួលបានលទ្ធផលល្អ ខណៈនៅឆ្នាំ ២០២៣ នេះ អាជ្ញាធរបឹងទន្លេសាប ក៏នឹងប្តេជ្ញាបន្តទៀត ក្នុងការការពារបឹងទន្លេសាប តាមរយៈការដាក់ចេញយន្តការបន្តបន្ទាប់។
លោកបានបញ្ជាក់ថា៖ «សបញ្ជាក់ថា ជាការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសេនាធិការក្រសួងពាក់ព័ន្ធទាំងអស់ បានចូលរួមក្នុងសកម្មភាពទាំងអស់នេះ។ ខ្ញុំក៏សូមបញ្ជាក់ដែរថា សកម្មភាពនេះ នៅក្នុងឆ្នាំ ២០២៣ នេះ យើងក៏នៅតែបន្តធ្វើជាបន្តបន្ទាប់ទៀត ដើម្បីការពារ ថែរក្សាសម្បត្តិធម្មជាតិ នៅបឹងទន្លេសាបឱ្យបានគង់វង្សសម្រាប់បម្រើផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជនដែលរស់នៅក្នុងតំបន់នោះ»។
កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ដែរថា នៅក្នុងការងារជលផលនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តរកតុល្យភាពរវាងអភិរក្ស និងអភិវឌ្ឍន៍។ កញ្ញាបានបន្តថា ការអភិរក្សបានល្អ នឹងបម្រើឱ្យការអភិវឌ្ឍកាន់តែខ្ពស់ ខណៈបឹងទន្លេសាប គឺជាកន្លែងត្រីធំធាត់ ហើយទន្លេមេគង្គលើជាកន្លែងត្រីបន្តពូជ និងកន្លែងផ្សោតរស់នៅ។
កញ្ញាថ្លែងថា៖ «ការរក្សាតំបន់ទាំង២នេះ កុំឱ្យមានការនេសាទហួសកម្រិត នឹងនាំមកនូវភោគផលត្រីពោរពេញផ្ទៃប្រទេស។ ទៅថ្ងៃមុខ ការប្រើមងនៅទន្លេមេគង្គលើ ចាប់ពីខេត្តក្រចេះទៅស្ទឹងត្រែង នឹងអាចត្រូវហាមឃាត់។ ក្រសួងនឹងរៀបចំគម្រោងដោះស្រាយជីវភាពអ្នកនេសាទនៅក្នុងទន្លេធំនៃខេត្តទាំង ២ ឱ្យធ្វើអាជីវកម្មផ្សេងវិញ»។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភា បានថ្លែងថា ដោយមានការរួមសហការជាមួយអាជ្ញាធរដែលពាក់ព័ន្ធ ក្នុងការហាមឃាត់បទល្មើសនានា នៅក្នុងតំបន់បឹងទន្លេសាប បានធ្វើឱ្យកម្ពុជា ទទួលបានទិន្នផលត្រីបឹងទន្លេសាប មានការកើនឡើងក្នុងឆ្នាំ ២០២២។
លោក សុខ ទូច ថ្លែងថា អាជ្ញាធរដែលពាក់ព័ន្ធបានរួមគ្នាហាមឃាត់មិនឱ្យមានការដាក់ព្រួលជាប់ៗគ្នា ហើយការមិនឱ្យដាក់ព្រួលជាប់គ្នានេះហើយដែលអាចធ្វើឱ្យត្រីអាចបំផ្លាស់ទីទៅកាន់ទីឆ្ងាយៗបាន ដើម្បីរកចំណី និងដើម្បីពង។
លោកថ្លែងថា ការមិនឱ្យមានការដាក់ស្បៃមុងក្រឡាល្អិត ការមិនឱ្យចូលនេសាទនៅតំបន់អភិរក្ស ការមិនឱ្យនេសាទនៅរដូវត្រីពង ការមិនឱ្យធ្វើស្រែនៅតំបន់ ៣ រួមទាំងការមិនឱ្យបំផ្លាញព្រៃលិចទឹកដែលជាជង្រុកនៃចំណីត្រី និងជាកន្លែងផ្តល់ជម្រកសម្រាប់ត្រីពងនារដូវវស្សា និងការមិនឱ្យមានបទល្មើស ឆក់ត្រីគ្រប់ប្រភេទ គឺសុទ្ធតែជាកត្តា ដែលធ្វើឱ្យទិន្នផលត្រីបឹងទន្លេសាប មានការកើនឡើងគួរឱ្យកត់សម្គាល់។
លោកបានបញ្ជាក់ថា៖ «រយៈពេលជាង ២ ឆ្នាំមកហើយដែលអ្នករស់នៅតំបន់ជុំវិញបឹងទន្លេសាបស្អប់ខ្ញុំ។ ទន្ទឹមនឹងនេះ ខ្ញុំបាទសូមគោរពអរគុណដល់ស្ថាប័នដែលពាក់ព័ន្ធ ពិសេសសូមគោរពថ្លែងអំណរគុណជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានជួយគាំទ្រដល់ការសិក្សាស្រាវជ្រាវគម្រោងរបស់រាជបណ្ឌិត្យសភាកម្ពុជាស្តីពីបឹងទន្លេសាប»។
តាមរបាយការណ៍របស់រដ្ឋបាលជលផល បានបង្ហាញថា ក្នុងឆ្នាំ ២០២១ កម្ពុជាទទួលបានផលនេសាទទឹកសាបសម្រេចបានជិត ៤ សែនតោន (៣៨៣ ០៥០)។ តាមរបាយការណ៍ប្រចាំឆ្នាំរបស់រដ្ឋបាលជលផល ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២ បានឱ្យដឹងថា ក្នុងឆ្នាំ ២០២២ លំហូរទឹកទន្លេមេគង្គហូរចូលបឹងទន្លេសាប មានកម្រិតខ្ពស់ ហើយលឿនជាងឆ្នាំមុន ជាហេតុធ្វើឱ្យទឹកបឹងទន្លេសាបអាចហូរបានទូលំទូលាយចូលទៅតាមស្ទឹង ព្រែក បឹងបួ អូរ ប្រឡាយ វាលទំនាប និងព្រៃលិចទឹកដែលជាជម្រកពងកូន និងកន្លែងផ្តល់ចំណីដ៏សំខាន់របស់មច្ឆជាតិ។
ទឹកបឹងទន្លេសាបចាប់ផ្ដើមឡើងនៅចុងខែកក្កដា ឆ្នាំ ២០២២ ដោយសារជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គ ហើយចាប់ផ្តើមស្រកវិញនៅដើមខែវិច្ឆិកា ឆ្នាំ ២០២២ ដែលស្ថានភាពកម្ពស់ទឹកបែបនេះ មានអំណោយផលដល់ការពងកូន និងលូតលាស់ធំធាត់របស់ត្រីដែលនាំឱ្យប្រភេទត្រីជាច្រើនមានបរិមាណផលកើនឡើង៕