ភ្នំពេញៈ គណបក្ស​ប្រជាជន​កម្ពុជា នឹង​ប្រារព្ធ​ពិធី​មី​ទ្ទិ​ង​អបអរសាទរ​ខួប​លើក​ទី​​៤៤ នៃ​ទិវា​ជ័យជម្នះ ៧ ​មករា​នៅ​ថ្ងៃទី ​៧ ខែមករា ដោយមាន​អ្នក​ចូលរួម​រាប់ម៉ឺន​នាក់ ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​រំឭក​ដល់​ប្រជាជន​ឱ្យ​ចងចាំ​ថ្ងៃ​ដែល រួច​ផុតពី​ការកាប់សម្លាប់​នៃ​របប​ប្រល័យ​​ពូជសាសន៍​ខ្មែរក្រហម​។​

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជាប្រាប់​ភ្ នំ​ពេញ ​ប៉ុស្តិ៍​ នា​ថ្ងៃទី ​៣ ខែមករា ថា​៖ «​ឆ្នាំនេះ​ជា​ខួប​លើក​ទី​ ៤៤​។ អ៊ីចឹង​យើង​ធ្វើតាម​ធម្មតា ក៏ប៉ុន្តែ​លើក​នេះ យើង​មិន​ធ្វើ​នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ចំការមន​ទេ យើង​ធ្វើ​នៅ​កោះ​ពេជ្រ​។ បើ​ធ្វើ​នៅ​កោះ​ពេជ្រ វា​មាន​ទីធ្លា​វាល​សមរម្យ​ដើម្បី​ដាក់​មនុស្ស​រាប់ម៉ឺន​នាក់​។ សំបុត្រ​អញ្ជើញ​ ៥ [​ម៉ឺន​] ៦​ ម៉ឺន​នាក់​ក៏ប៉ុន្តែ​អ្នក​ដែល​ចូលរួម​ដែល​អត់​មាន​សំបុត្រ​អញ្ជើញ​ក៏​ច្រើន​ដែរ​។ ដូច​កន្លងទៅ​ដែល​យើង​ធ្លាប់ធ្វើ​នៅ​កោះ​ពេជ្រ​កន្លងទៅ​ហ្នឹង​ជិត​ ១០ ​ម៉ឺន​ឯណោះ​»​។​

​លោក​បន្តថា គោលបំណង​សំខាន់​នៃ​ការ​រំឭក​ខួប​នេះ​គឺ​ធ្វើឱ្យ​មហាជន និង​ប្រជាជនមាន​ការចងចាំ​នូវ​ថ្ងៃ ​៧ ​មករា ដែលជា​ថ្ងៃ​រួច​ផុតពី​ការកាប់សម្លាប់​នៃ​របប​ប្រល័យពូជសាសន៍​ហើយ​ថ្ងៃ​ ៧ មករា នេះ​ក៏​ជា​ថ្ងៃ​ដែល​ប្រជាជន និង​ប្រជាជាតិ​ត្រូវបាន​រំដោះ​ឱ្យ​រួច​ផុតពី​របប​ប្រល័យពូជសាសន៍ ហើយ​នាំមក​នូវ​សេរីភាព​គ្រប់បែបយ៉ាង​ជូន​ប្រជាពលរដ្ឋ​វិញ​ដែល​បាន​បាត់​បង់​ក្នុង​របប​ប្រល័យពូជសាសន៍​។​

​លោក​ថ្លែងថា​៖ «​មាន​ថ្ងៃ ​៧​ មករា ទើប​យើង​មាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃ​ ២៣ ខែតុលា​ឆ្នាំ​ ១៩៩១ ហើយ​មាន​ហ្នឹង​ដែរ​បាន​យើង​អាចឱ្យ​អ៊ុនតាក់​ហ្នឹង​អាច​រៀបចំ​ដំណើរ​​ការបោះឆ្នោត​នីតិកាល​ទី​ ១ ឆ្នាំ​ ១៩៩៣ បាន​ដោយ​ជោគជ័យ ហើយក៏​យើង​អាចដាក់​ចេញ​នូវ​នយោបាយ​ឈ្នះ ឈ្នះ ដើម្បី​ស្វែងរក​សន្តិភាព​ពេញលេញ និង​ការឯកភាព​ជាតិ​ជូន​ប្រជា​ជន និង​ប្រទេសជាតិ​បាន​ដែល​បាន​បាត់បង់​យូរណាស់​ហើយ រាប់រយឆ្នាំ​មកហើយ​ឥឡូវ​យើង​បាន​រកឃើញ​សន្តិភាព​ពេញ​​លេញ និង​ការឯកភាព​ជាតិ​»​។​

​លោក សុខ ឥសាន បញ្ជាក់ថា គណៈកម្មការ​អចិ​ន្រៃ្ត​យ៍ និង​សមាជិក​គណៈកម្មការ​ក​ណ្តា​ល​នៃ​គណបក្ស​ទាំងអស់​នឹងមាន​វត្តមាន​ក្នុង​អង្គ​មី​ទ្ទិ​ង​នេះ ដែល​លោក ហ៊ុន សែន នឹង​ថ្លែង​រំឭក​អំពី​សច្ចធម៌​ប្រវត្តិសាស្ត្រ​ដែល​កើតឡើង​នៅ​ថ្ងៃ​៧ មករា នេះ និង​អត្ថន័យ​នៃ​ថ្ងៃ​ ៧ មករា​។​

​លោកនាយក​រដ្ឋមន្ត្រី​អាច​នឹងធ្វើ​ការអំពាវនាវ​ដល់ «​ជន​រួម​ជាតិ​ទាំងមូល​» ដើម្បី​រួម​សាមគ្គី​ភាព​ឯកភាព​ផ្ទៃក្នុង​នៃ​ប្រទេស​កម្ពុជា​ទាំងមូល​ដើម្បី​រួមគ្នា​ការ​​ពារ ថែរក្សា​សន្តិភាព​ឱ្យបាន​ដើម្បី​ដំណើរ​ការកសាង​អភិវឌ្ឍ​ប្រទេស​ឱ្យមាន​ការរីកចម្រើន​តទៅ​ថ្ងៃ​ខាងមុខ​ទៀត និង​បង្ហាញ​អំពី​ជំហរ​ការងារ​ការបរទេស​របស់​កម្ពុជា​ដើម្បីឱ្យ​អន្តរជាតិ​បាន​មើលឃើញ​។​

​ជាមួយគ្នានេះ​លោក ហ៊ុន​ សែន បានបញ្ជាក់​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​នា​ថ្ងៃទី​ ៣ ខែមករា ថា​៖ «​សមិទ្ធផល​ថ្មីៗ​ជាច្រើន​របស់​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បានកើត​ឡើងជា​បន្តបន្ទាប់ ក្នុង​រយៈពេល​ ២៤ ​ឆ្នាំ បន្ទាប់ពី​នយោបាយ​ឈ្នះ​​ឈ្នះ​បានបញ្ចប់​សង្គ្រាម​ទាំង​ស្រុង​នៅ​កម្ពុជា និង​បាន​នាំមក​នូវ​សុខសន្តិភាព​ពេញលេញ និង​មានការ​ឯកភាព​ជាតិ​ទាំងស្រុង​ជា​ប្រវត្តិសាស្ត្រ​ជូន​ប្រជាជាតិ​ទាំងមូល​ក្រោម​ម្លប់​នៃ​សន្តិភាព​»​។​

​លោក​ យង់ ពៅ អគ្គលេខា​ធិ​​ការ​រាជបណ្ឌិត្យសភាកម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គណបក្ស​ប្រជា​​ជនកម្ពុជា​ក្រោយពី​ផ្តួលរំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​គណបក្ស​នេះ​មាន​មូលធន​នយោបាយ​រឹង​មាំ​តាំងពី​ថ្នាក់ជាតិ​រហូតដល់​ថ្នាក់មូលដ្ឋាន​។ នយោបាយ​ធំៗ​ដែល​គណបក្ស​នេះ​សម្រេចបាន គឺ​ការផ្តួលរំលំ​របប​កម្ពុ​ជា​ប្រជាធិបតេយ្យ នៅ​ឆ្នាំ ១៩៧៩ ដំណើរ​ស្វែងរក​សន្តិភាព​កម្ពុជា​គឺ​បង្រួបបង្រួម​ជាតិ ឯកភាព​ទឹកដី ទទួលបាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​២៣ តុលា​ឆ្នាំ​ ១៩៩១ ឈានទៅដល់​ការបោះឆ្នោត​លើក​ទី ​១ នៅ​ឆ្នាំ ​១៩៩៣ ដែល​បាន​នាំយក​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​និង​ប្រជាធិបតេយ្យ​មក​កម្ពុជា​។​

​លោក​ថ្លែងថា​៖ «​តទៅ​គឺ​គាត់ ​[​គណបក្ស​ប្រជាជន​កម្ពុជា​]​ បាន​ស្វែងរក​សន្តិភាព​ពេញលេញ​នៅ​ចុងឆ្នាំ​ ១៩៩៨ នៅពេលដែល​សមាហរណកម្ម​ទាំងស្រុង​របស់​ក្រុម​កម្ពុជា​ប្រជាធិបតេយ្យ​ហ្នឹង​គឺ​នៅ​ខែធ្នូ​ឆ្នាំ​ ១៩៩៨​។ បាន​អ៊ីចឹងទៅ គឺ​ទទួលបាន​សន្តិភាព​ពេញលេញ​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ​គាត់​រក្សាបាន​សន្តិភាព និង​ស្ថិរភាព​សង្គម​។ នេះ​ជា​អ្វីដែល​គាត់​ទទួលបាន​ក្នុង​រយៈពេល​ ៤៤ ​ឆ្នាំ ហើយ​ចាក់គ្រឹះ​យ៉ាង​មាំ ចាប់ពី​មូលដ្ឋាន​រហូតមកដល់​ថ្នាក់​កំពូល​ជាតិ​»​។​

​លោក​បន្តថា ទោះយ៉ាងណា​ការអភិវឌ្ឍ​នេះ​នៅមាន​ចំណែក​មួយចំនួន​ដែល​ត្រូវតែ​ធ្វើ​កំណែ​ទម្រង់​បន្ថែម ដើម្បី​ចៀសវាង​គម្លាត​សង្គម​កាន់តែ​ធំ កាល​ណា​ការអភិវឌ្ឍ​សេដ្ឋកិច្ច​កាន់​តែ​ជឿនលឿន​។ ប្រសិនបើ​មិន​​មានការ​ប្រយ័ត្ន​នោះទេ គម្លាត​សង្គម​ធំ​ធ្វើឱ្យមាន​វិបត្តិ​សង្គម ដោយ​លោក ពៅ សំណូមពរ​ឱ្យមាន​ការកាត់បន្ថយ​គ​ម្លា​ត​សង្គម​។​

​ជាមួយគ្នានេះដែរ​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​បានប្រកាសថា នឹង​បញ្ចៀស​ចរាចរណ៍​ចំពោះ​យាន​យន្ត​គ្រប់​ប្រភេទ លើ​កំណាត់​មហាវិថី​សម្ដេច​សុធារស ចាប់ពី​ស្តុ​ប​ជលផល ដល់​ផ្លូវ​ឧកញ៉ា​ឈុន (​ផ្លូវ​លេខ​២៤០) កំណាត់​តីរវិថី​ព្រះស៊ីសុវត្ថិ ចាប់ពី​រង្វង់​មូល​សម្តេច​សង្ឃ​ជួន​ណាត ដល់​ផ្លូវ​ឧកញ៉ា​ឈុន (​ផ្លូវ លេខ​២៤០) កំណាត់​មហាវិថី​ព្រះ​សុ​រា​ម្រឹត​ចាប់ពី​នាគ​បាញ់​ទឹក ដល់​វិមានឯករាជ្យ កំណាត់​មហាវិថី​ព្រះសីហនុ ចាប់ពី​វិមានឯករាជ្យ ដល់​នាគ​បាញ់​ទឹក និង​ផ្លូវ​ជុំវិញ​ទីតាំង​ប្រារព្ធ​ពិធី​រហូតដល់​ពិធី​ត្រូវ​បានបញ្ចប់​។

​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានបញ្ជាក់​នៅក្នុង​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​ ២ មករា ថា ការបញ្ចៀស​ចរាចរណ៍​នៅ​ថ្ងៃ​ប្រារព្ធ​ពិធី​នេះ​គឺ​ដើម្បីឱ្យ​ការ​ប្រារព្ធ​ពិធី​នេះ​ប្រព្រឹត្ត​ទៅដោយ​រលូន រក្សាបាន​នូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​

​និង​របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​នូវ​ការ​​កកស្ទះ​ចរាចរណ៍​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​បញ្ជាក់ថា​៖ «​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ជ្រាប យោគយល់ អធ្យាស្រ័យ និង​បញ្ចៀស​ការធ្វើ​​ដំណើរ​ឆ្លងកាត់​កំណាត់​ផ្លូវ​ខាង​លើ​តាម​កាលបរិច្ឆេទ​ដូច​បាន​ជម្រាបជូន​ដោយ​អនុគ្រោះ​។ ផុត​រយៈពេល​ហាមឃាត់​បណ្តោះ​​អាសន្ន​នេះ រដ្ឋបាល​រាជធានី​​ភ្នំពេញ​នឹង​បើក​ឱ្យធ្វើ​ចរាចរណ៍​ជាធម្មតា​វិញ​»៕