ភ្នំពេញៈ ក្នុង​ឆ្នាំ ​២០២២ រដ្ឋ​​បាល​ជលផល​បាន​កសាង​សំណុំរឿង​បទល្មើស​ជលផល​ជាង​​ ១០០​ ករណី ទៅ​តុលាការ ហើយ​បាន​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជលផល​ទូទាំងប្រទេស​បាន​ជិត ៣ ០០០ ​ករណី ដោយ​ពិន័យ​ជា​អន្តរការណ៍​បាន​ទឹកប្រាក់​ជាង​ ៣១០​ លាន​រៀល​។​

​របាយការណ៍​របស់រ​ដ្ឋ​បាល​ជលផល ចុះ​ថ្ងៃទី​ ២៧ ខែធ្នូ ឆ្នាំ ​២០២២ ដែល​ ភ្នំពេញ ​ប៉ុស្តិ៍​ ទទួលបាន​នៅ​ថ្ងៃទី​ ៣ ខែមករា បានឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២២ រដ្ឋបាល​ជលផល​សហ​ការ​ជាមួយ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជលផល​ទូទាំងប្រទេស ក្នុងនោះ​ក៏មាន​ក្រុម​កា​ងារ​អន្តរាគមន៍​ចម្រុះ​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត ចូលរួម​បង្ក្រាប​បទល្មើស​ជលផល​នៅ​ជុំវិញ​បឹង​ទន្លេសាប​ផងដែរ​។​

​ប្រភព​ដដែលបានឱ្យដឹង​បន្តថា ជា​លទ្ធផល​ក្នុង​រយៈពេល​ ១ ​ឆ្នាំនេះ រដ្ឋបាល​ជលផល បាន​កសាង​សំណុំរឿង​បទល្មើស​ជលផល​សរុប​ចំនួន ២ ៧៧៨ ​ករណី ក្នុងនោះ​សមុទ្រ​ចំនួន​ ១៧៧​ ករណី ហើយ​បើ​ធៀប​រយៈពេល​ដូចគ្នា​នឹង​ឆ្នាំ​ ២០២១ បទល្មើស​មានការ​ថយចុះ​ចំនួន ៤៥៣​ ករណី​។​

​របាយការណ៍​នេះ បានឱ្យដឹង​ទៀតថា រដ្ឋបាល​ជលផល បាន​រុះរើ និង​បំផ្លាញចោល​វត្ថុតាង​បទល្មើស​ជលផល​រួមមាន របាំង​ស្បៃ​មុង និង​សាច់​អួន​ប្រវែង​ ១ ១៨៣ ៤៣៣ ​ម៉ែត្រ បង្គោល ឬ​ចម្រឹង​ចំនួន​ ៥៨៩ ៦០៦ ​ដើម លូ​ស្បៃ​មុង និង​សាច់​អួន​ចំនួន​ ២៥ ០៦២​ មាត់ សម្រាស់​ឬ​មធ្យោបាយ​ធ្វើឱ្យ​ត្រី ឬ​វា​រី​សត្វ​កុំ​ទំហំ ៦៤ ០៩៤ ​ម៉ែត្រការ៉េ មង​រាយ និង​មង​បណ្ដែត​ប្រវែង​ ១០៩ ០១៦ ​ម៉ែត្រ លប​កែច្នៃ ឬ​លប​កន្ទុយ​កណ្តុរ​ចំនួន​ ៦ ៨១៨​ គ្រឿង ប្រើ​សាច់​អួន​ត្រង​ចាប់​ត្រី​រួមផ្សំ​ភ្លើង (​ឈ្នក់​)​ ចំនួន​ ២៣​ មាត់ ឧបករណ៍​ឆក់​ត្រី​ចំនួន​ ២៩១​ គ្រឿង និង​បាន​លែង​ត្រី​ចម្រុះ​ចូលក្នុង​បឹង​ធម្មជាតិ​វិញ​ទម្ងន់ ៣៦ ០៩០ ​គីឡូក្រាម​។​

​របាយការណ៍​បាន​បញ្ជាក់ថា ​«​សំណុំរឿង​បទល្មើស​ជលផល​សរុប​ចំនួន ២ ៧៧៨​ ករណី ខាងលើ​រួមមាន សំណុំរឿង​រឹបអូស និង​បំផ្លាញចោល​វត្ថុតាង​ចំនួន ​២៥៦០ ​ករណី​។ សំណុំ​រឿង​បញ្ជូនទៅ​តុលាការ​ចំនួន​ ១២៨ ​ករណី ដោយ​បញ្ជូន​ជន​សង្ស័យ​ទៅ​តុលាការ​ចំនួន​ ១២២​ នាក់ និង​ជាប់ពន្ធនាគារ​ចំនួន​ ៦១​ នាក់​។ ពិន័យ​អន្តរការណ៍​ចំនួន ៩០​ ករណី ថវិកា​សរុប ៣១០ ៥៨០ ០០០​ រៀល​»​។​

​តាម​របាយការណ៍​នេះ​បាន​បង្ហាញថា សម្រាប់​ឆ្នាំ​ ២០២២ អធិការដ្ឋាន​រដ្ឋបាល​ជលផល​ចំនួន​ ៥ នៅ​ទូទាំងប្រទេស ក្នុងនោះ​អធិការដ្ឋាន​រដ្ឋបាល​ជ​ល​​ផល​ចតុមុខ ដោយ​រួមបញ្ចូល​ខណ្ឌ​រដ្ឋបាល​ចំនួន ​៥ ​ខេត្ត បាន​រុះរើ និង​បំផ្លាញចោល​វត្ថុតាង​ចំនួន​ ៦២១ ​ករណី និង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ចំនួន​ ១១​ ករណី​។ អធិការដ្ឋាន​រដ្ឋបាល​ជលផល​មេគង្គ​ដែល​រួម​បញ្ចូល​ខណ្ឌ​រដ្ឋបាល​ចំនួន​ ៦​ ខេត្ត បាន​រុះរើ និង​បំផ្លាញចោល​វត្ថុតាង​ចំនួន ៤១១ ​ករណី និង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ចំនួន ​២៦​ ករណី​។

​ចំណែក​អធិការដ្ឋាន​រដ្ឋ​បាលជ​ល​ផល​ខាងជើង​បឹង​ទន្លេសាប​ដែល​រួមបញ្ចូល​ខណ្ឌ​រដ្ឋបាល​ចំនួន ​៥​ ខេត្ត បាន​រុះរើ និង​បំផ្លាញចោល​វត្ថុតាង​ចំនួន​ ៥៨៣ ​ករណី និង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ចំនួន ៥៤ ​ករណី​។ អធិការដ្ឋាន​រដ្ឋបាល​ជលផល​ខាងត្បូង​បឹង​ទន្លេសាប​ដែល​រួម​បញ្ចូល​ខណ្ឌ​រដ្ឋបាល​ចំនួន​ ៥​ ខេត្ត បាន​រុះរើ និង​បំផ្លាញចោល​វត្ថុតាង​ចំនួន​ ៧៤៦ ​ករណី និង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ចំនួន​ ៣៧ ​ករណី ហើយ​អធិការ​ដ្ឋា​ន​រដ្ឋបាល​ជលផល​សមុទ្រ​ដែល​រួមបញ្ចូល​ខណ្ឌ​រដ្ឋបាល​ចំនួន ​៤​ ខេត្ត បាន​រុះរើ និង​បំផ្លាញចោល​វត្ថុតាង​ចំនួន ​១៥០ ​ករណី ដោយ​គ្មាន​ករណី​បញ្ជូនទៅ​តុលាការ ខណៈ​អាជ្ញាធរ​កិច្ចការ​រដ្ឋបាល និង​នីតិកម្ម បាន​រុះរើ និង​បំផ្លាញចោល​វត្ថុតាង​ចំនួន​ ៤៩​ ករណី​។ នេះ​បើតាម​របាយ​ការណ៍​ដដែល​។​

​លោក អ៊ឹង ទ្រី អនុប្រធាន​រដ្ឋបាល​ជ​ល​ផល បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ចាប់ពី​ដើមឆ្នាំ​​ ២០២២​​ ​មក រដ្ឋបាល​ជលផល​បាន​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ជលផល និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់​ព័ន្ធ​ចំនួន ១៥៤​ វគ្គ ដោយមាន​អ្នកចូលរួម​ចំនួន ២ ១០៧​ នាក់ ក្នុងនោះ​ស្រី​ចំនួន​ ១៦៨ ​នាក់​។ នេះ​បើតាម​ប្រភព​ដដែល​។​

​លោក​បាន​អះអាងថា បើ​ទោះ​ជាមាន​លទ្ធផល​ល្អ​បែបនេះ ក៏​រដ្ឋបាល​ជលផល​នៅ​ប្រឈម​ការលំបាក​មួយចំនួន ដូចជា​ប្រជា​នេសាទ​មួយចំនួន​នៅតែ​លួច​ធ្វើ​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់ តាមរយៈ​ឧ​ប​ករ​ណ៍​ឆក់​ត្រី ឧបករណ៍​ទំនើប ឬ​ឧបករណ៍​ដែល​បង្កើត​ថ្មី លប ឬ​លូ​ស្បៃ​មុង និង​សាច់​អួន លប​កន្ទុយ​កណ្ដុរ ប្រើ​សាច់​អួន​ត្រង​ចាប់​ត្រី​រួមផ្សំ​ភ្លើង​ (​ឈ្នក់​)​ នៅក្នុង​បឹង អូរ ស្ទឹង ព្រែក ទន្លេ និង​ការធ្វើ​នេសាទ​ក្នុង​កន្លែង​អភិរក្ស​ជលផល​ជាដើម​។

​លោក​បាន​បញ្ជាក់ថា​៖ «​តាម​ការសង្កេត​បញ្ជាក់​ឃើញថា ឆ្នាំ​ ២០២២​ នេះ ប្រជា​នេសាទ​ភាគ​ច្រើន បាននិងកំពុង​ធ្វើ​នេសាទ​ដោយ​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ​។ ប៉ុន្តែ​ទន្ទឹមនេះ​ក៏​នៅមាន​ប្រជា​នេសាទ​មួយចំនួន​តូច​បាន​ឆ្លៀតឱកាស​ធ្វើ​នេសាទ​ដោយ​ឧបករណ៍​ល្មើសច្បាប់ ដូចជា​នេសាទ​ដោយ​ឧបករណ៍​ឆក់​ត្រី របាំង​ព្រួល​ភ្ជិត​ព្រែក ប្រើ​អួន​ក្រឡា​ញឹក​ត្រង​ចាប់​ត្រី​រួមផ្សំ​ភ្លើង ឧបករណ៍​របាំង​ស្បៃ​មុង និង​សាច់​អួន លបលួច​ធ្វើ​នេសាទ​នៅ​កន្លែង​អភិរក្ស​ជលផល និង​កន្លែង​សហគមន៍​នេសាទ​ជាដើម​»​។​

​លោក អ៊ឹង ទ្រី បាន​សង្កត់ធ្ងន់ថា សម្រាប់​ទិសដៅ​អនុវត្ត​បន្ត រដ្ឋបាល​ជលផល នឹង​បន្ត​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ជលផល និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ និង​អនុសាសន៍​​​​​ ៧ ​ចំណុច​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការបន្ត​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជលផល​ដោយ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​បន្ថែមទៀត​៕