កំពង់ស្ពឺៈ​ ខេត្ត​កំពង់​ស្ពឺគ្រោង​ប្រកាស​ជា​ផ្លូវការ​ជា​ខេត្ត​បញ្ចប់​ការ​បន្ទោ​បង់​ពាស​វាល​ពាស​កាល (ODF) នៅ​ខែកុម្ភៈ​ ឆ្នាំ​ ២០២៣ ខាង​មុខ​នេះ ក្រោយ​បាន​បញ្ចប់​ការ​វាយ​តម្លៃ​ជោគ​ជ័យ​ ១០០​ ភាគ​រយ កាល​ពី​ដំណាច់​ឆ្នាំ​២០២២ ​ដែល​អាច​ឈរ​ក្នុង​លំដាប់​លេខ​ទី​៤ ជា​ខេត្ត​ដែល​ទទួល​បាន​ ODF នៅ​កម្ពុជា​។

លោក ​វ៉ី សំណាង អភិ​បាល​ខេត្ត​កំពង់​ស្ពឺ ឱ្យ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​៤​មករា​ថា ​លទ្ធ​ផល​បច្ចុប្បន្ន​ភាព​នៃ​ការ​បញ្ចប់​ការ​បន្ទោ​បង់​ពាស​វាល​ពាស​កាល​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺគឺ​សម្រេច​បាន​១០០​ភាគរ​យ​ហើយ​កាលពី​ដំណាច់​ឆ្នាំ​២០២២​។ ប៉ុន្តែ​ លោក​ អះអាង​ថា រដ្ឋ​បាលខេ​ត្ត និង​ក្រសួង​ពាក់​ព័ន្ធ​ នៅ​មិន​ទាន់​ប្រកាស​ជា​ផ្លូវការ​បាន​នៅ​ឡើយ​ទេ ព្រោះ​ត្រូវការ​ពេល​វេលា ​ដើម្បី​រៀបចំ​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​គោល​ការណ៍​។

លោក​បាន​បញ្ជាក់​ថា​៖«​ខេត្ត​យើង ​គ្រោង​ប្រកាស​ជា​ផ្លូវការ​នៅ​ខែកុម្ភៈ​ឆ្នាំ​២០២៣ ​ព្រោះ​លទ្ធ​ផល​ការ​បញ្ចប់​ការ​បន្ទោ​បង់​ពាស​វាល​ពាស​កាល​នៅ​ក្នុង​ខេត្ត​យើង គឺ​សម្រេច​បាន​១០០​ភាគរយ​ហើយ​។ យើង​មិន​អាច​ប្រកាស​ជា​ផ្លូវការ​កាល​ពី​ក្នុង​ឆ្នាំ​២០២២ ព្រោះ​តែមាន​ឧប​សគ្គ​ក្នុង​ការ​អនុ​វត្ត​គោល​ការណ៍​នេះ​»​។​

បើតាម​លោក​ វ៉ី សំណាង ឧបសគ្គ​សម្រាប់​ខេត្ត​កំពង់ស្ពឺ​ក៏​ព្រោះតែ​បញ្ហា​ជំងឺ​រាត​ត្បាត​កូ​វីដ​១៩ ការ​ផ្លាស់​ប្ដូរ​ឥរិយា​បថ​របស់​ប្រជា​ជន​នៅ​មាន​កម្រិតហើយ​ពួក​គាត់​តែង​ចង់​បាន​បង្គន់​ល្អ(​វីឡា​បង្គន់​)ខណៈ​រ​ដ្ឋបាល​ខេត្ត ​នៅ​ខ្វះ​ខាត​ថវិកា​ក្នុង​ការ​ងារ​នេះ ហើយ​អង្គ​ការ​ដៃគូ​នៅមា​ន​តិ​ចតួច​នៅ​ឡើយ​។​

​តាម​ផែន​ការ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​ជន​បទ​ឆ្នាំ​២០១៩-​២០២៣រ​បស់​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​បាន​គ្រោង​ខេត្ត​ចំនួន​៥ដើម្បី​ជំរុញ​ជា​ខេត្តODFក្នុង​នោះ​មាន​ខេត្ត​ស្វាយ​រៀង​ ខេត្ត​ព្រៃវែង ខេត្ត​កំពង់​ស្ពឺ ខេត្ត​កំពង់​ឆ្នាំង និង​ខេត្ត​កែប​។សម្រាប់​ឆ្នាំ​២០២២ខេ​ត្ត​ដែល​សម្រេច​បាន​ការ​បញ្ចប់​បន្ទោ​បង់​ពាស​វាល​ពាស​កាល(ODF)ហើយ​ដែល​បាន​ប្រកាស​ទទួលស្គាល់​ជា​​ផ្លូវ​ការ​គឺមាន​ខេត្ត​ស្វាយ​រៀង ​ខេត្ត​ព្រៃ​វែង និង​ខេត្ត​កណ្តាល​ដែល​មិន​មា​ន​នៅ​ក្នុង​ផែន​ការ​នេះ​។​

​លោក​ យី គឹម​ថា​ន នា​យក​រង​នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​អ​ង្គការ​ភ្លែ​ន​បាន​សហ​ការ​ជាមួយ​នាយក​ដ្ឋាន​ថែទាំ​សុខ​ភាព​នៃ​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ធ្វើ​ការ​វាយ​តម្លៃ ​និង​បាន​មើល​ឃើញ​ពី​ស្ថាន​ភាព​អនា​ម័យ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​នេះ គឺ​បាន​ឈាន​ទៅដ​ល់​ជាង​៩០​ភាគ​រយ ដែល​អាច​នឹង​ប្រកាស​ជា​ខេត្ត ODF បាន​ហើយ​។

​លោក​បាន​បញ្ជាក់​ថា​៖«​ជារួម​អ្វី​ដែល​យើង​មើល​ឃើញ​គឺ​ស្ថាន​ភាព​នៅក្នុង​ខេត្ត​កំពង់​ស្ពឺគឺ​អត្រា​គ្រប់​ដណ្តប់​អនា​ម័យ​បាន​លើស​ពី​៩០​ភាគរយ​ហើយដែល​ខេត្ត​នឹង​អាច​ក្លាយ​ជា​ខេត្ត​ជយលាភី​បញ្ចប់​ការ​បន្ទោ​បង់​ពាសវាល​ពាស​កាល​ក្នុងពេល​បន្ត​ទៀត​។យើង​ចុះទៅ​ធ្វើ​ការ​វាយ​តម្លៃនិ​ង​ពិនិត្យ​បញ្ជាក់​ក៏​ដូច​ជា​ការ​ប្រកាស​ខេត្ត​នេះ​ជា​ខេត្តODFឱ្យ​ដូច​ទៅ​នឹង​ការប្រកាស​ជា​ផ្លូវការ​ខេត្ត​កណ្តាល ស្វាយ​រៀង​និង​ព្រៃវែង​កន្លង​មក »​។​

​ជា​មួយ​នឹង​ការ​គ្រោង​ប្រកាស​ជោគ​ជ័យ​របស់​ខេ​ត្តកំពង់ស្ពឺ​នេះ លោក​ យី គឹម​ថា​ន ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា ក្នុង​អំឡុង​ពេល​ខាង​មុខ​នេះ​ដែរ ខេត្ត​កំពង់​ឆ្នាំង និង​ខេត្ត​កែបក៏​អាច​នឹងត្រូវ​ប្រកាស​ជា​ខេត្តODFស្រប​តាម​ផែន​ការ​របស់​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ផង​ដែរខណៈ​អង្គ​ការ​ភ្លែ​ន​នៅ​តែ​បន្ត​ជំរុញ​ខេត្ត​គោល​ដៅ​របស់​ខ្លួន​ឱ្យ​សម្រេច​បាន​ODFនេះក្នុ​ងពេល​ឆាប់ៗ​។​

​លោក​បាន​បញ្ជាក់​ថា​៖​​«​អង្គការ​ភ្លែ​ន​នឹង​បន្ត​ជួយ​ទៅ​ដល់​ក្រសួង ​និង​បូក​ជាមួយ​គម្រោង​ដែល​យើង​កំពុង​ធ្វើការ​ក្នុង​ខេត្ត​ចំនួន​៣មាន​ខេត្ត​សៀមរា​ប ខេត្ត​ស្ទឹង​ស្រែង និង​ខេត្ត​រតន​គិរី ដែលជា​ខេត្ត​គោល​ដៅ​ក្នុង​ការ​បន្តធ្វើ​ម៉េច​ឱ្យ​ខេត្ត​ទាំងអ​ស់​នេះក្លាយ​ទៅ​ជា​ខេត្តODF​ផង​ដែរ​។កា​រសម្រេច​បាន​របស់​ខេត្ត​ប​ន្តទៀតគឺ​វា​អាស្រ័យ​ឆន្ទៈ​របស់​ខេត្ត​នីមួយៗនិង​ការ​យល់​ដឹង​របស់​ប្រជា​ពល​រដ្ឋ​កម្រិត​ណាហើយ​ចង់​ឱ្យ​ខេត្ត​គាត់​ក្លាយ​ជា​ODFឬ​អត់​?»​។​

​លោក​ ជឹម ចរណៃ ទីប្រឹក្សា​ក្រសួង​អភិ​វឌ្ឍន៍​ជន​បទ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បញ្ហា​ទឹក​ស្អាត​ និង​អនា​ម័យ ត្រូវ​បាន​ក្រសួងចាត់​ទុកជា​ដំណោះ​ស្រាយ​ដ៏​សា​មញ្ញដែលមាន​សារៈ​សំខាន់​ក្នុង​ការ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស ​ហើយ​ត្រូវ​បាន​ដាក់​ក្នុង​ផែន​ការ​យុទ្ធ​សាស្ត្រ​របស់ខ្លួ​ន​។

លោកបាន​អះអាង​បន្ត​ថា ផែន​ការ​គ្រោង​សម្រេចODFរបស់​ខេត្ត​កំពង់​ស្ពឺ​នេះគឺជា​ជោគ​ជ័យ​មួយ​ដែល​បាន​ធ្វើ​រួមគ្នា ខណៈ​ក្រសួងនឹង​បន្ត​តាម​ដាន​បន្ថែម​ទៀតដើម្បី​ប្រកាស​ខេត្ត​នេះ​ជា​ខេត្ត​ODF​ផ្លូវ​ការក្នុង​ពេល​ខាង​មុខ​។​

​លោក​បាន​បញ្ជាក់​ថា​៖«​ខេត្ត​កំពង់​ស្ពឺ​នេះ​ខាង​ក្រសួង​បាន​ចុះទៅ​ពិនិត្យ​តាម​គោល​ការណ៍​ម្តង​ហើយ​។ យើង​ក៏​បន្ត​ចុះ​ទៅ​បញ្ជាក់​ជា​បន្ត​បន្ទាប់​ដើម្បី​បញ្ចប់​កិច្ច​ការងារ​ផ្ទៃ​ក្នុង ​នៅ​ក្នុង​អំឡុង​ខែមករា​នេះ ហើយ​យ៉ាង​យូ​រប្រហែល​ខែកុម្ភៈ​នេះ ​យើង​នឹង​ចុះទៅ​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ជា​ផ្លូវ​ការ ដែល​អាច​នឹង​ប្រកាស​បាន​នៅ​ពេល​នោះ​»​។​

​តាម​លោក​ ជឹម ចរណៃ នៅ​ឆ្នាំ២០២៣ ​ក្រសួង​បាន​ដាក់​ចេញ​ផែន​ការ​សម្រេច​ឱ្យបាន​អត្រា​គ្រប​ដណ្តប់​អនា​ម័យ​ជន​បទ ៩០​ភាគ​រយ​ដោយ​ក្នុង​នោះ​គឺ​ត្រូវ​សម្រេច​ឱ្យបាន​នូវ​ស្ថាន​ភាព​បញ្ចប់​ការ​បន្ទោប​ង់​ពាល​វាល​ពាស​កាល​ក្នុង​កម្រិត​សហ​គមន៍​ឱ្យ​បាន​ច្រើន​រហូត​ដល់ ​១២ ៧០០ភូមិ ៦០០ឃុំ សង្កាត់, ៣០ស្រុក ​និង៤ខេត្ត​។​

​យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី២៨ ​ធ្នូ ឆ្នាំមុន បាន​ឱ្យដឹង​ថា លទ្ធ​ផល​ជាក់​ស្តែង​ឆមាស​ទី​២ ឆ្នាំ​២០២២ គឺមាន​រាជ​ធានី​-ខេត្ត​ចំនួន​៣ ក្នុង​ចំណោម​២៥​រាជ​ធានី-ខេត្តទទួល​បាន​ជយ​លាភី ឬ​សម្រេច​បាន ​ODF ដែល​ស្មើ​នឹង​១២​ភាគ​រយ​។​

​របាយ​ការណ៍​ដដែល​បាន​ឱ្យដឹង​បន្តថា ចំពោះ​ស្រុក ​ក្រុង ខណ្ឌ​ចំនួន​៤៧ ក្នុង​ចំណោម​២០៤ ទូទាំង​ប្រទេស ទទួល​បាន​ជយ​លាភី​ឬ​សម្រេច​បាន​ODF ខណៈ​ឃុំ សង្កាត់​ចំនួន​៥៦១ ឬ​ស្មើ​៣៤ភា​គរយ​ក្នុង​ចំណោម ​១ ៦៥២ ​ទទួល​បាន​ជយ​លាភី​ឬ​សម្រេច​បាន​ODF​។​

​ប្រភព​ដដែល​បាន​ឱ្យដឹង​បន្ថែម​ថា កម្រិត​រដ្ឋ​បាល​ភូមិ​មាន​ចំនួន ៧ ០៨៥​ឬ​ស្មើ៤៩​ភាគរយ​ក្នុង​ចំណោម១៤ ៤៣០ ភូមិ​ទទួលបា​ន​ជយ​លាភី​ឬ​សម្រេច​បាន​ODF ខណៈ​ភូមិ​ដែល​សម្រេច​បាន​ក្នុងការ​ដឹកនាំ​អនាម័យ​ក្នុង​សហ​គមន៍​ដើម្បី​ចូលរួម​បំផុស​ផ្សព្វ​ផ្សាយ​ការ​យល់​ដឹង​អំពី​អនា​ម័យ និង​បញ្ចេះ​ឱ្យ​សហ​គមន៍​សាង​សង់ និង​ប្រើប្រាស់​បង្គន់​អនា​ម័យ​តាម​ខ្នង​ផ្ទះ​មាន​ដល់​ ៧ ៧១០​ភូមិ ឬ​ស្មើនឹង​៥៣​ភាគ​រយ​៕