
ទិដ្ឋភាពតាមសួនច្បារនៅតំបន់ឆ្នេរសមុទ្រ ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី៣០ធ្នូឆ្នាំ២០២២។ ហុង មិនា
ព្រះសីហនុៈ រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសហាមប្រើប្រាស់ចិញ្ចើមផ្លូវក្រាលថ្មក្រានីត ធ្វើអាជីវកម្ម ឬធ្វើជាចំណតយានយន្ត ខណៈក៏ប្រកាសឱ្យសាធារណជនដែលមកលេងកម្សាន្តនៅតាមឆ្នេរ រាយការណ៍ទៅសមត្ថកិច្ចប្រសិនបើជួបប្រទះការទារលុយកាក់ក្នុងករណីមកក្រាលកន្ទេល ឬតង់សម្រាប់អង្គុយលម្ហែលេង ឬពិសាម្ហូបអាហារនៅតាមតំបន់ឆ្នេរ។
ការប្រកាសហាមប្រាមនេះ បានធ្វើឡើងបន្ទាប់ពីមានព័ត៌មានប្រតិកម្មជាច្រើនពីសំណាក់ភ្ញៀវទេសចរក្នុងឱកាសថ្ងៃឆ្លងឆ្នាំ ២០២២ ចូលឆ្នាំ ២០២៣ ដែលមានជនឆ្លៀតឱកាស បានជួលតុកៅអី ឬកន្ទេលលើឆ្នេរសាធារណៈក្នុងតម្លៃចាប់ពី ៥០ ០០០ ទៅដល់ ៨០ ០០០ រៀល។
ទំព័រហ្វេសប៊ុករបស់រដ្ឋបាលក្រុងព្រះសីហនុ បានឱ្យដឹងជាបន្តបន្ទាប់នៅថ្ងៃទី ៤ មករាថា ករណីឆ្លៀតឱកាសជួលតុកៅអីលើឆ្នេរសាធារណៈតម្លៃ ២០ដុល្លារ ក្នុងថ្ងៃឆ្លងឆ្នាំសកល ត្រូវបានអាជ្ញាធរចាត់វិធានការហើយ។ រដ្ឋបាលក្រុងព្រះសីហនុ បញ្ជាក់ថា ការលេងកម្សាន្តនៅលើឆ្នេរខ្សាច់ គឺមិនតម្រូវឱ្យមានការបង់ប្រាក់នោះទេ ។
រដ្ឋបាលក្រុងព្រះសីហនុ បានបញ្ជាក់ថា៖ «ឆ្នេរសាធារណៈសម្រាប់សាធារណជនមកលេងកម្សាន្ត គឺមិនមានការបង់ប្រាក់នោះទេ។ បងប្អូនអាចក្រាលកន្ទេល ឬតង់សម្រាប់អង្គុយលេង ឬពិសាម្ហូបអាហារ។ ប៉ុន្តែមិនអនុញ្ញាតឱ្យនរណាម្នាក់វាតទីយកឆ្នេរសាធារណៈធ្វើជាទីតាំងផ្ទាល់ខ្លួន ដើម្បីប្រកបអាជីវកម្មជាដាច់ខាត។ បងប្អូនប្រជាពលរដ្ឋឃើញមានករណីដូចខាងលើនេះ សូមទាក់ទងក្រុមការងារ ០៩៦ ៧២៣ ៦៦០០ »។
ជាមួយនឹងការប្រកាសនេះ រដ្ឋបាលក្រុងព្រះសីហនុ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបញ្ឈប់ការយកចិញ្ចើមផ្លូវក្រានីត ធ្វើជាកន្លែងប្រកបអាជីវកម្ម ឬចតយាន្តយន្ត និងទុកដាក់សម្ភារផ្សេងៗ ដែលសកម្មភាពទាំងនេះធ្វើឱ្យបាក់បែក ប្រេះស្រាំថ្មក្រានីត បណ្តាលឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងប៉ះពាល់សោភណភាពទីក្រុង។
រដ្ឋបាលក្រុងបន្ថែមថា៖«ចិញ្ចើមផ្លូវក្រាលថ្មក្រានីត ដែលគណៈកម្មាធិការគ្រប់គ្រងតំបន់ឆ្នេរ បានស្ថាបនាឡើង គឺសម្រាប់តែអ្នកធ្វើដំណើរដោយថ្នើរជើង ដើរ ឬរត់ហាត់កីឡា ជិះរទេះជនពិការ ជិះកង់(តាមដងផ្លូវមួយចំនួន) និងដើម្បីលើកកម្ពស់សោភណភាពតាមដងផ្លូវសាធារណៈ ។ សូមបងប្អូនចូលរួមការពារតំបន់ឆ្នេរសាធារណៈ និងថែរក្សាអនាម័យបរិស្ថាន ដើម្បីសោភណភាព និងបរិស្ថានស្អាតនៅក្នុងទីក្រុង»។
លោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តព្រះសីហនុ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី៤ មករាថា ជារួមពាក់ព័ន្ធនឹងផ្លូវថ្មើរជើងសាធារណៈរបស់រដ្ឋ ដីចំណីផ្លូវសាធារណៈ ឬចំណីឆ្នេរសាធារណៈ ឬជាទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំជាលំហសាធារណៈ គឺមិនត្រូវបានអនុញ្ញាតឱ្យមានការប្រើប្រាស់ជាកម្មសិទ្ធិឯកជននោះឡើយ។
លោកបន្តថា រូបភាពទាំងនេះ គឺពិតជាមិនត្រឹមត្រូវនោះទេ ដែលអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវមានកាតព្វកិច្ចក្នុងការណែនាំ អំពាវនាវដល់ប្រជាពលរដ្ឋ ឬក្រុមអាជីវករមួយចំនួនតូច ដែលបានប្រើប្រាស់យកធ្វើអាជីវកម្ម ព្រមទាំងចាប់បង្ខំទារលុយភ្ញៀវទេសចរផងដែរ។
លោក បញ្ជាក់ថា៖«ជាវិធានការរបស់រដ្ឋបាលក្រុងដែលបានដាក់ចេញនេះគឺយើងគាំទ្រ ព្រោះទីតាំងសាធារណៈ គួរបានប្រើប្រាស់ជាផលប្រយោជន៍សាធារណៈដែលមិនត្រូវយកផ្លូវថ្នើរជើងក្រាលថ្មក្រានីតដាក់តាំងលក់សម្ភារ មានតុមានកៅអី ហើយថែមទាំងមានការហូបចុកពង្រាយ។ ពាក់ព័ន្ធនឹងសីលធម៌ គឺរូបភាពនេះ មិនសមរម្យទេ ហើយពាក់ព័ន្ធនឹងការយកទីតាំងសាធារណៈ យកទៅបម្រើឱ្យផលប្រយោជន៍ផ្ទាល់ខ្លួនទៀត គឺកាន់តែមានការខុសឆ្គង»។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បាននិយាយថា ការដាក់ចេញវិធានការ ក្នុងការថែរក្សាហេដ្ឋារចនាសម្ព័ន្ធ ដើម្បីទាក់ទាញភ្ញៀវទេសចរនេះគឺមិនអាក្រក់នោះទេ។ ប៉ុន្តែលោកចង់ឃើញឱ្យមានការដោះស្រាយបញ្ហាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ឱ្យបានសមរម្យ និងគួរតែផ្តល់ជម្រើសដល់ពួកគេ ដើម្បីអាចបន្តអាជីវកម្មបាន។
លោកបញ្ជាក់ថា៖«យើងដឹងហើយថា អ្នកលក់ដូរតូចតាច ឬក្រុមអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ គាត់ក៏មានការលំបាកក្នុងការប្រកបអាជីវកម្មរបស់គាត់ដែរ។ នៅខេត្តព្រះសីហនុ គឹមានការជជែកគ្នាច្រើនរវាងអ្នកអនុវត្តគោលនយោបាយ និងក្រុមអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ អ៊ីចឹងរឿងដែលសំខាន់ តើវិធានការដែលបានដាក់ចេញ តើមានផលប៉ះពាល់អ្វីខ្លះដល់ពួកគាត់?»។
កាលពីថ្ងៃទី២ មករា ឆ្នាំ២០២២ ក្រសួងទេសចរណ៍ បានឱ្យដឹងថា មានភ្ញៀវទេសចរជាង ២លាននាក់ បានធ្វើដំណើរទៅឆ្លងឆ្នាំសកលរយៈពេល២ថ្ងៃ ដោយក្នុងនោះខេត្តព្រះសីហនុ គឺជាខេត្តជាប់លំដាប់ថ្នាក់លេខ២ បន្ទាប់ពីរាជធានីភ្នំពេញ ដែលមានចំនួនភ្ញៀវទេសចច្រើនជាងគេ ដល់ទៅជាង៣ សែននាក់៕