ពោធិ៍សាត់ៈ ក្រសួងមហាផ្ទៃ​បានប្រកាស​កាលពី​ចុងខែ​ធ្នូ ឆ្នាំ​​​ ២០២៣ ដោយបាន​សម្រេច​បង្កើត​ភូមិ​ថ្មី​ចំនួន ១៥ ​ភូមិ ដោយ​បំបែក​ចេញពី​ភូមិ​ចាស់​ដែលមាន​ស្រាប់​នៅក្នុង​ស្រុក​មួយចំនួន​នៃ​ខេត្តពោធិ៍សាត់ ក្នុង​គោលនយោបាយ​ផ្ដល់​សេវាសាធារណៈ​នានា​ឱ្យបាន​ឆាប់​​រហ័ស​ទៅដល់​ប្រជាពលរដ្ឋ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុងការ​គ្រប់គ្រង​របស់​អាជ្ញាធរ​មូលដ្ឋាន​។​

​លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​ ៤ ខែមករា ឆ្នាំ​ ២០២៣ ថា ការបង្កើត​ភូមិ​ថ្មី​មិនមែន​ចេះតែ​នឹកឃើញ​បង្កើត​នោះទេ លុះត្រា​តែមាន​បញ្ហា​ប្រឈម​ក្នុង​ការផ្តល់សេវា​សាធារណៈ ឬ​ការគ្រប់គ្រង​រដ្ឋ​បាល​ក្នុង​មូលដ្ឋាន​មាន​ភាព​ចាំបាច់​។

​លោក​ថា កាលណា​នៅ​ដាច់​ឆ្ងាយ​ពីគ្នា​ពេក​គឺមាន​ការលំបាក​ក្នុងការ​គ្រប់គ្រង ពិបាក​ទាំង​ទំនាក់ទំនង​រវាង​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​ដែនដី និង​បញ្ហា​សន្តិ​សុខ​សណ្តាប់ធ្នាប់​សាធារណៈ​ផងដែរ​។

​លោក​ថ្លែងថា​៖ «​បើសិនជា​ពិនិត្យ​ជាក់ស្តែង ដូច​ខ្ញុំ​នៅ​មូល​ដ្ឋា​ន​ជាប់​អ៊ីចឹង​ខ្ញុំ​មើលឃើញ បញ្ហា​ច្រើនណាស់ កាលណា​ភូមិ​ ១ នៅ​ដាច់ស្រយាល​ឆ្ងាយ​ហើយ​យើង​មិនមាន​រដ្ឋបាល​គ្រប់គ្រង​ត្រឹមត្រូវ ប្រជាពលរដ្ឋ​រស់នៅ​គឺ​ពិបាក ទាំង​ទំនាក់​​ទំនង​គ្នា ទាំង​ការគ្រប់គ្រង​ការងារ​សន្តិសុខ មាន​អាសន្ន​​អន្ធ​ក្រ​អី​ក៏​យើង​ពិបាក​ដោះ​​ស្រាយ​ដែរ តែ​កាលណា​យើង​មាន​សេវា​ដល់​មូលដ្ឋាន​គ្រប់​ជ្រុងជ្រោយ​ពួកគាត់​មានការ​ងាយស្រួល​»​។

​យោងតាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃទី​ ២៩ ខែធ្នូ ២០២២ ដែល​ ភ្នំពេញ ​ប៉ុស្តិ៍ ទទួលបាន​នៅ​ថ្ងៃទី​ ៤ ខែមករា ២០២៣ បានឱ្យដឹងថា ក្រសួង​​មហាផ្ទៃ​បានសម្រេច​បង្កើត ភូមិបរ​វង្ស ដោយ​បំបែក​ចេញពី​ភូមិ​ទួល​គ្រួស នៃ​សង្កាត់​ចំរើន​ផល ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។ ភូមិ​ផ្ទះ​ព្រៃ ដោយ​បំបែក​ចេញពី​ភូមិពាល​ញែក​ ១ នៃ​សង្កាត់​ផ្ទះ​​ព្រៃ ក្រុង​ពោធិ៍សាត់​។ ភូមិ​សំពៅ​មាស ដោយ​បំបែក​ចេញពី​ភូមិពាល​ញែក​ ២ នៃ​សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់​។ ភូមិ​ចំការចេក ដោយ​បំបែក​ចេញពី​ភូមិ​ចំការ​ចេក​ខាងជើង នៃ​សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។ ភូមិ​ថ្ម​បី​ដុំ ដោយ​បំបែក​ចេញពី​ភូមិ​អូរ​ថ្កូវ នៃ​សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។ ភូមិ​អូរ​ត្រាវ ដោយ​បំបែក​ចេញពី​ភូមិ​រលាប នៃ​សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។ ភូមិ​ឈើទាល​រូង ដោយ​បំបែក​ចេញពី​ភូមិ​ព្រៃ​ឪម៉ាល់ នៃ​សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់​។​

​ភូមិ​តា​ម៉ៅ ដោយ​បំបែក​ចេញពី​ភូមិ​ព្រែក​ត្របែក នៃ​ឃុំ​កញ្ជរ ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​។ និងភូមិ​ប្រឡាយ​ធំ ដោយ​បំបែក​ចេញពី​ភូមិ​ទួល​ទទឹង នៃ​ឃុំ​កញ្ជរ​ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់​។ ភូមិ​ព្រាល ដោយ​បំបែក​ចេញពី​ភូមិ​និគម​ន៍​លើ នៃ​ឃុំ​ស្វាយ​ដូន​កែវ ស្រុក​បាកាន ខេត្ត​ពោធិ៍​សាត់​។ ភូមិ​ស្រគំ ដោយ​បំបែក​ចេញពី​ភូមិ​ក្រឡាញ់ នៃ​ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍​សាត់​។ ភូមិ​ក្រាំង​ខឿន ដោយ​បំបែក​ចេញពី​ភូមិ​ផ្ទះ​ចេក និង​ភូមិ​ឈើ​ទែប នៃ​ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ ភូមិរ​គោ ដោយ​បំបែក​ចេញពី​ភូមិ​អង្គ្រង នៃ​ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។ ភូមិ​អូរ ដោយ​បំបែក​ចេញពី​ភូមិ​ព្រ​ងិ​ល នៃ​ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំក្រវាញ ខេត្ត​-​ពោធិ៍សាត់​។ ភូមិ​ព្រៃ​អណ្តូង ដោយ​បំបែក​ចេញពី​ភូមិ​អូរ​បាក់​ត្រា នៃ​ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។

​ក្រសួង​បញ្ជាក់ថា​៖ «​ប្រកាស​នេះ ត្រូវ​អនុលោម​ទៅតាម​សេច​ក្ដី​ណែនាំ​...​បែបបទ នីតិវិធី​នៃ​ការជ្រើសរើស​មេភូមិ ការចូល​កាន់តំណែង ការផ្លាស់ប្តូរ​មេភូមិ ការតែងតាំង​ជំនួយការ​មេភូមិ និង​តួនាទី ភារកិច្ច របៀបរបប​ធ្វើ​ការងារ​របស់​ភូមិ​»​។​

​លោក មាស នី អ្នកតាមដាន​ការអភិវឌ្ឍ​សង្គម បានឱ្យដឹង​នៅ​ថ្ងៃទី​ ៤ ខែមករា ឆ្នាំ​ ២០២៣ ថា ការបង្កើត​ភូមិ​ថ្មី​នៅ​ទីតាំង​ដែលមាន​ចំនួន​មនុស្ស​ច្រើនពេក ហើយ​មិនមែនជា​ភូមិ​ជាប់​គ្នា នៅ​ដាច់​ដោយ​ដុំ​ផ្សេងៗ មាន​ប្រ​ជា​ជន​ច្រើន ៥០០ ទៅ​ ៨០០ គ្រួសារ នោះ​ការបង្កើត​ភូមិ​ថ្មី​អាចមាន​ប្រសិទ្ធភាព ក្នុងការ​ជួយផ្តល់​សេវាកម្ម​ល្អ​ជូន​ដល់​ប្រជាពលរដ្ឋ ប៉ុន្តែ​បើ​បង្កើត​ថ្មី​ដោយ​គោលដៅ​នយោបាយ​មកពី​ក្រៅ នោះ​ជា​រឿង​មួយទៀត​ផ្សេងទៀត​។

​អ្នកតាមដាន​ការ​អភិវឌ្ឍ​សង្គម​ថា​៖ «​ការបង្កើត​ភូមិ​ងាយស្រួល​គ្រប់គ្រង​លុះត្រាតែ​ភូមិ​នោះ​ធំ ហើយ​មាន​ភូមិ​សាស្ត្រ​ដាច់ពីគ្នា អាហ្នឹង​សម​​ស្រប​ក្នុង​ការបង្កើត​»៕