​កំពង់ចាមៈ រដ្ឋបាលខេត្ត​កំពង់​ចាម​ នឹងធ្វើ​ការបញ្ចៀស​ចរាចរ​ណ៍​យានយន្ត​គ្រប់​ប្រភេទ​ជា​បណ្ដោះ​អាសន្ន​នៅ​ថ្ងៃទី​​ ៨ និង​ ៩ មករា ឆ្នាំ ​២០២៣ សម្រាប់​ប្រារព្ធ​ពិធី​បើក​ការ​ដា្ឋ​ន​ពង្រីក និង​លើក​​កម្ពស់​ផ្លូវជាតិ​លេខ​ ៧ ជា​ផ្លូវ​ ៤ ​គន្លង ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាលខេត្ត​កំពង់ចាម នៅ​ថ្ងៃទី​ ៤ ខែមករា បានឱ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​ ៩ ខែមករា​ខាងមុខនេះ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នឹង​រៀបចំ​ពិធីបើកការដ្ឋាន​ពង្រីក និង​លើកកម្ពស់​ផ្លូវជាតិ​លេខ​ ៧ ជា​ផ្លូវ​ ៤ ​គន្លង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ភូមិ​តាំងគោក ឃុំ​ល្វា ស្រុក​ព្រៃឈរ ​(​គីឡូម៉ែត្រ​លេខ ​៨៦)​។​

​រដ្ឋបាលខេត្ត​បាន​បញ្ជាក់ថា «​ដើម្បីឱ្យ​ដំណើរការ​រៀបចំ​បើក​ការដ្ឋាន​ប្រព្រឹត្ត​ទៅដោយ​រលូន ព្រមទាំង​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍ និង​រក្សាបាន​សណ្ដាប់​ធ្នាប់ របៀបរៀបរយ​ក្នុង​ពិធី រដ្ឋបាលខេត្ត​កំពង់ចាម​នឹង​បញ្ចៀស​ចរាចរណ៍​ចាប់ពី​ថ្ងៃទី​ ៨-៩ ខែមករា ឆ្នាំ​ ២០២៣ ចំពោះ​យាន​យន្ត​គ្រប់​ប្រភេទ​នៅ​កំណាត់​ផ្លូវជាតិ​លេខ​ ៧»​។​

​ការបញ្ចៀស​ចរាចរណ៍​នេះ គឺ​ចាប់ពី​ផ្លូវបំបែក​ផ្សារ​ព្រៃទទឹង ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ដល់​រង្វង់​មូល​ស្គន់ ឃុំ​សូ​ទិ​ប ស្រុក​ជើងព្រៃ​។​

​ប្រភព​ដដែល​បាន​បន្តថា​៖ «​ចំពោះ​យានយន្ត​ដែល​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ​ចូលមក​ក្រុង​កំពង់ចាម ត្រូវ​បង្វែរ​ទិស​​ចរាចរណ៍​ត្រង់ចំណុច​រង្វង់​មូល​ស្គន់ ទៅ​ផ្លូវបំបែក​ភូមិ​បា​ខម ឃុំ​​សំពង​ជ័យ ស្រុក​ជើងព្រៃ តាមផ្លូវ​​លេខ​ ៦០ ដល់​បំបែក​ផ្សារ​ព្រៃ​ទទឹង ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ និង​ត្រូវ​បង្វែរ​ទិស​តាមផ្លូវ​លេខ​ ២៧០ ត្រង់​ផ្លូវបំបែក​រកា​កោង ស្រុក​មុខកំពូល ខេត្តកណ្តាល កាត់​តាម​ស្រុក​កងមាស​»​។

​ចំពោះ​យានយន្ត​ដែល​ធ្វើដំណើរ​ពី​ក្រុង​កំពង់ចាម​ទៅ​ខេត្តកំពង់ធំ ត្រូវ​បង្វែរ​ទិស​ចរាចរណ៍​ត្រង់ចំណុច​ផ្លូវបំបែក​ត្រែង ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម ឆ្ពោះទៅ​ផ្លូវ​លេខ​ ៧១ ស្រុក​ចំការលើ ចំណែក​យានយន្ត​ដែល​ធ្វើដំណើរ​ពី​ក្រុង​កំពង់ចាម ចេញទៅ​រាជធានី​​ភ្នំពេញ ត្រូវ​បង្វែរ​ទិស​ចរាចរណ៍​តាមផ្លូវ​លេខ​ ២៧០ កាត់​ស្រុក​កង​មាស ឆ្ពោះទៅ​ផ្លូវបំបែក​រកា​កោង ស្រុក​មុខកំពូល ខេត្តកណ្តាល​។​

​រដ្ឋបាលខេត្ត​កំពង់ចាម បាន​បន្តថា សម្រាប់​យានយន្ត​ដែល​ធ្វើដំណើរ​ពី​ក្រុង​កំពង់ចាម ស្រុក​ចំការលើ ចេញទៅ​រាជ​ធានី​ភ្នំពេញ ត្រូវ​បង្វែរ​ទិស​ច​រា​ចរណ៍​ត្រង់ចំណុច​ផ្លូវបំបែក​ផ្សារ​ព្រៃទទឹង ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ទៅ​ផ្លូវ​លេខ ៧០ កាត់​តាម​ស្រុក​កងមាស ឆ្ពោះទៅ​ផ្លូវ​​បំបែក​រកា​កោង ស្រុក​មុខកំពូល​ខេត្តកណ្តាល​។

​លោក អ៊ុន ចាន់​ដា អភិបាល​​ខេត្តកំពង់ចាម កាលពី​ចុងខែ​ធ្នូ ឆ្នាំ​ ២០២២ កន្លងទៅនេះ បាន​ដឹកនាំ​កិច្ចប្រជុំ​ផែនការ​សន្តិសុខ និង​ការរៀបចំ​ប្រារព្ធ​ពិធី​បើក​ការដ្ឋាន​ពង្រីក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​ ៧ ប្រវែង​សរុប ៤៥,៤៨៩​ គ​.​ម ចាប់ពី​រង្វង់​មូល​ផ្សារ​ស្គន់ ដល់​រង្វង់​មូល​ស្ពាន​គី​ហ្សូ​ណា ក្រុង​កំពង់ចាម​។

​សូមបញ្ជាក់​ផងដែរ​ថា ផ្លូវជាតិ​លេខ ​៧ ចាប់ពី​ស្គន់​ដល់​ក្រុង​កំពង់ចាម​នេះ ត្រូវ​ពង្រីក​ជា​ផ្លូវ​ ៤ ​គន្លង ដែល​ ២​ គន្លង​ទៅ និង ​២ ​គន្លង​មក​។ ផ្លូវ​នេះ​ប្រើ​ប្រាស់​ថវិកា​ជិត​ ១១៥​ លាន​ដុល្លារ គ្រោង​ចំណាយពេល​សាងសង់​ប្រមាណ ៣៦​ខែ និង​អនុវត្ត​ការងារ​សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន​៕