កណ្តាលៈ រដ្ឋបាល​ខេត្តកណ្តាល ព្រមាន​បិទ​អាជីវកម្ម​កំពង់ចម្លង​ទាំងឡាយណា ដែល​មិនបាន​អនុវត្ត​ពេញលេញ​តាម​លក្ខណៈ​បច្ចេកទេស​ទូក​ចម្លង ដែល​តម្រូវឱ្យ មានការ​ប្រើប្រាស់​ទូក​ដែក​មាន​ទំហំ​ខ្នាត​សមស្រប ឬ​សា​ឡង់​មក ជំនួស​ទូក​ឱប​ [​ទូក​ឈើ​ ២ ​ផ្គួប​គ្នា​] ដើម្បី​សុវត្ថិភាព​អ្នកដំណើរ​។

​ការព្រមាន​នេះ ធ្វើឡើង​បន្ទាប់ពី ក្រុម​គណៈបញ្ជាការ​ឯកភាព​ខេត្ត​កណ្ដាល បាន​ចុះ​ពិនិត្យ​អង្កេត​ទៅលើ​ស្ថានភាព​នៃ​អាជីវកម្ម​កំពង់ចម្លង នៅ​ទូទាំង​ខេត្ត កាលពី ថ្ងៃទី​ ៣០ ធ្នូ ឆ្នាំ ​២០២២ ហើយ​បាន​រកឃើញ​ការប្រកប​អាជីវកម្ម​កំពង់ចម្លង​មួយចំនួន នៅ​មិនទាន់ អនុវត្ត​ពេញលេញ​តាម​លក្ខណៈ​បច្ចេកទេស​ទូក​ចម្លង នៅឡើយ​។ នេះ​បើតាម​លោក​គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល​។​

​លោក​ថ្លែងថា បន្ទាប់ពី​មាន​ឧបទ្ទវហេតុ​លិច​ទូកដ​ចម្លង​ ១​ គ្រឿង នៅ​ភូមិ​កោះ​ចំរើន ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល កាលពី​ថ្ងៃទី ​១២ តុលា ឆ្នាំ ​២០២២ ដែល​បង្ក​ឱ្យស្លាប់​សិស្សសាលា​ចំនួន​ ១២ ​នាក់មក រដ្ឋបាលខេត្ត បាន​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​កំពង់ចម្លង​ទាំងអស់​ត្រូវអនុវត្ត​គោលការណ៍​សុវត្ថិភាព​ឱ្យបាន​ត្រឹមត្រូវ​។

រដ្ឋបាលខេត្ត បាន​តម្រូវឱ្យ​បញ្ឈប់​ការប្រើប្រាស់​ទូក​ឱប​ជាបន្ទាន់ ហើយ​ជំនួស​មកវិញ​នូវ​ទូក​ដែក ដែលមាន​ទំហំ​ខ្នាត​សមស្រប​តាម​និយាម​បច្ចេកទេស​ទូក​ចម្លង ឬ​សា​ឡង់​ដើម្បី​ធានា​សុវត្ថិភាព​របស់​អ្នក​ដំណើរ​។ ជាពិសេស​បាន​តម្រូវឱ្យមាន​ការរៀបចំ​ផ្លូវ​ឡើង​ចុះ និង​ផែ ឱ្យបាន​ល្អប្រសើរ​ស្របតាម​លក្ខណៈ​បច្ចេកទេស ហើយ​អ្នកបើកបរ​ទូក​ចម្លង ត្រូវមាន​បណ្ណ​បើកបរ​។​

​លោក​បញ្ជាក់ថា​៖ «​ប៉ុន្តែ​មកទល់ពេលនេះ ក្រុមការងារ​យើង​នៅតែ​បន្ត​រកឃើញ​មាន​ម្ចាស់​អាជីវកម្ម​កំពង់ចម្លង​មួយចំនួន នៅ​មិនទាន់​អនុវត្តបាន​ពេញលេញ តាម​ការណែនាំ​នេះ​ទេ​។ ដើម្បី​សុវត្ថិភាព​អ្នកដំណើរ យើង​ចាំបាច់ ត្រូវ​បញ្ឈប់​អាជីវកម្ម​ទូក​ចម្លង​ទាំងឡាយណា ដែល​មិន​គោរព​អនុវត្តតាម​សេចក្ដីណែនាំ​នេះ​»​។​

​ទោះយ៉ាងណា លោក​សោ​ភ័​ណ្ឌ បន្តថា រដ្ឋបាលខេត្ត​ទុក​រយៈពេល ៣០​ ថ្ងៃ ចាប់​ពីថ្ងៃ​ប្រកាសជូន​​ដំណឹង​នេះ​តទៅ ដើម្បីឱ្យ​ម្ចាស់​អាជីវកម្ម​កំពង់ចម្លង ឬ​ទូកដ មាន ឱកាស​ក្នុងការ​បំពេញបន្ថែម​នូវ​ចំណុច​ខ្វះខាត​របស់ខ្លួន ដើម្បី​ទទួលបាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​នេះ​ជា​បន្តទៀត​។ ព្រោះ​រាល់​ការប្រកប​អាជីវកម្ម​កំពង់ចម្លង​ទាំងអស់ ត្រូវមាន​ការឯកភាព​ពី​រដ្ឋបាលខេត្ត និង​មានការ​វាយតម្លៃ​ផ្នែក​ហិរញ្ញ​វត្ថុ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ទើប​អាច​ដំណើរការបាន​។​

​ទន្ទឹមនឹងនេះ លោក​ណែនាំ​ដល់​អាជ្ញាធរ​នៅតាម​គ្រប់​មូល​ដ្ឋា​ន ត្រូវដាក់​កម្លាំង​ប្រជា​ការពារ​យ៉ាងតិច​ម្នាក់​ឱ្យនៅ​ប្រចាំការ តាម​កំពង់ចម្លង​ទូកដ​នីមួយៗ​ផងដែរ ដើម្បី​ជួយ​សម្រួល​សុវត្ថិ​​ភាព​អ្នកដំណើរ និង​ត្រូវដាក់​ស្លាក​សញ្ញា​ណែនាំ​សុវត្ថិភាព​ជូន​អ្នកដំណើរ​ឱ្យ​យល់ដឹង​នៅពេល​ធ្វើដំណើរ​ឆ្លង​ទឹក​តាម​ទូកដ ព្រមទាំង​ធ្វើការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ទូក​ឱ្យបាន​ត្រឹមត្រូវ​។ ក្នុងនោះ​រួមបញ្ចូល​ទាំង​ការត្រួត​ពិនិត្យ​លើ​ពោង​សុវត្ថិភាព ភ្លើង​បំភ្លឺ ផ្លូវ​នៅពេល​យប់ ខ្សែពួរ អាវ​ពោង និង​កំណល់​[​រថយន្ត​]​ជាដើម​។​

​ជុំវិញ​សេចក្ដីណែនាំ​នេះ​លោក​ចាប ច័ន្ទ​វិទ្យា អភិបាលស្រុក​លើកដែក ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ពេលនេះ លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​ឃុំ រៀបចំ​បញ្ជី​ឈ្មោះ​ប្រជា​ការពារ​ភូមិ ដែល​ត្រូវបំពេញ​កាតព្វកិច្ច​លើ​កិច្ចការ​នេះ បញ្ជូនមក​រដ្ឋបាល​ស្រុក ដើម្បី​ពិនិត្យ និង​សម្រេច​។​

​លោក​ថ្លែងថា​៖ «​យើង​បាន​រៀបចំ​ក្រុមការងារ​គ្រប់គ្រង​លើ​កិច្ចការងារ​នេះ​រួចហើយ គឺ​រង់ចាំតែ​បញ្ជី​ឈ្មោះ​ប្រជា​ការពារ ដែល​នឹង​ត្រូវបាន​លើក​ស្នើ​មកពី​អាជ្ញា​ធរ​ឃុំ តាម​មូលដ្ឋាន​នីមួយៗ​ប៉ុណ្ណោះ​»​។

​បើតាម​លោក​ច័ន្ទ​វិទ្យា ស្រុក​លើកដែក មាន​អាជីវកម្ម​កំពង់​ចម្លង​ចំនួន ​៦ ​ទីតាំង និង​មាន​ទូក​ដែក​ចំនួន​ ៣ ក្រៅពីនោះ​ជា​ទូក​ឈើ​ធំៗ ដែល​អាចដាក់​ចំណុះ​បាន​ពី​ ១៥ ​តោន ដល់​ ៤០ ​តោន និង​នៅមាន​គុណ​​ភាព​ ៧០​ភាគរយ​ឡើងទៅ​។ លោក​បន្ថែមថា ថ្វីបើ​ដូច្នេះ​ក្ដី​ពេលនេះ​លោក​បាន​តម្រូវឱ្យ​ម្ចាស់​អាជីវកម្ម​កំពង់ចម្លង ដែលមាន​ទូក​ឈើ​នោះ ត្រូវ យកចិត្តទុកដាក់ អនុវត្ត​ឱ្យបាន​ ១០០​ ភាគរយ​តាម​ការណែនាំ​របស់​រដ្ឋ​បាល​ខេត្ត គឺ​ត្រូវ​រៀបចំ​ទូកដ​សម្រាប់​ចម្លង​អ្នកដំណើរ​ជា​ទូក​ដែក​មាន​ទំហំ​ខ្នាត​សមស្រប​តាម​លក្ខណៈ​បច្ចេកទេស​។​

​លោក​ ខៀវ សំផន អ្នកបើកបរ​ទូក​ចម្លង​ក្នុង​សហគមន៍​ភូមិ​កោះ​ចំរើន ដែល​នៅពេលនេះ បាន​​ផ្អាក​សកម្មភាព​ដឹក​អ្នកភូមិ និង​សិស្សសាលា​ជា​បណ្ដោះអាសន្ន ដោយសារ​ទឹកទន្លេ​មេគង្គ​នៅ​ផ្នែក​ម្ខាង​នៃ​កោះ​ដ៏​តូច​មួយ​នេះ​ត្រូវបាន​រីងស្ងួត ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​មិនមាន​លទ្ធភាព​ធ្វើ​ទូក​ដែក ស្របតាម​លក្ខណៈ​បច្ចេកទេស ជា​ទូក​ចម្លង​ដែល​ត្រូវ​បាន​ណែនាំ​ដោយ​រដ្ឋបាលខេត្ត​នោះទេ​។ ប៉ុន្តែ​លោក​អះអាងថា ទូក​របស់លោក​បច្ចុប្បន្ន អាច​ដឹកទំនិញ និង​មនុ​ស្សបាន​លើសពី​ ៥ ​តោន ដោយមាន​ភាពរឹងមាំ​ជាង ៧០ ​ភាគរយ និង​បាន​បំពាក់​ឧ​ប​ករ​ណ៍​បច្ចេកទេស​តាម​ការណែនាំ​របស់​រដ្ឋ​បាល​ខេត្ត​ ១០០ ភាគរយ​។​

​លោក​បញ្ជាក់ថា​៖ «​ទូក​ខ្ញុំ​ជា​ទូក​ឈើ​មែន ប៉ុន្តែ​វា​ធំ​ដូចជា​កូន​សា​ឡង់ មិនមែនជា​ទូក​តូច​ឱប​គ្នា​នោះទេ ហើយ​ខ្ញុំ​ដឹក​តែ​អ្នកភូមិ និង​កូនសិស្ស នៅក្នុង​សហគមន៍​របស់ខ្ញុំ តែ​ក្នុង​រដូវវស្សា​ប៉ុណ្ណោះ​។ បើ​តម្រូវឱ្យ​ខ្ញុំ​ធ្វើ​ទូក​ដែក​តាម​ស្ដង់​ដា​បច្ចេកទេស​នោះ ខ្ញុំ​មិនមាន​លទ្ធភាព​ទេ​»​។

​បើតាម​លោក ​ខៀវ សំផន ឥឡូវនេះ អ្នកភូមិ និង​សិស្ស​សាលា នៅក្នុង​សហគមន៍​ភូមិ​កោះ​ចំរើន អាចធ្វើ​ដំណើរ​បាន​ដោយ​ជិះ​កង់ ម៉ូតូ ឬ រថយន្ត ឆ្លងកាត់​ទន្លេ​បាន​ហើយ ព្រោះ​រដូវ​នេះ ស្ថានភាព​ទឹកទន្លេ​នៅ​ផ្នែក​ម្ខាង នៃ​កោះ​នេះ​បាន​ស្រក​អស់ហើយ​។ ប៉ុន្តែ​ក្នុង​រដូវវស្សា​ទឹកទន្លេ​ជន់​ឡើង ភូមិ​របស់គាត់ នឹង​ជន់​លិច​សាជាថ្មី ហើយ​នេះ​ជា​អ្វីដែល​គាត់​មានការ​ព្រួយ​បារម្ភ ប្រសិនបើ​អាជ្ញាធរ មិន​អនុញ្ញាត ឱ្យ​គាត់​បន្ត​ប្រើប្រាស់​ទូក​របស់គាត់​ដឹក​ចម្លង​អ្នកភូមិ និង​កូនសិស្ស​ទៀត​នោះ​៕