ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ​(​គ​.​ជ​.​ប​)​ បានចាប់ផ្តើម​ផ្សព្វផ្សាយ​សេចក្តីសម្រេច​ស្តីពី​ការដាក់​ឱ្យប្រើ​បទបញ្ជា​និង​នីតិវិធី​សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​ ៧​ ឆ្នាំ ២០២៣ បន្ទាប់ពី​បាន​ប្រជុំពិភាក្សា​ពី​ភាគី​ពាក់ព័ន្ធ មាន​តំណាង​គណ​បក្សនយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​។

​បទបញ្ជា និង​នីតិវិធី​ដែលមាន​កម្រាស់​ ៤៣៨ ​ទំព័រ ចែកចេញជា​ ១០ ​ជំពូក និង​ឧបសម្ព័ន្ធ​ចំនួន​ ៩ មានចែង​យ៉ាង​លម្អិត​អំពី​វិធាន​សម្រាប់​អនុវត្ត​ក្នុងការ​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​នៅ​ថ្ងៃទី​ ២៣ ខែកក្កដា ឆ្នាំ​ ២០២៣​។

​ជំពូក​ទាំង​ ៩ ​នោះ មានដូចជា ជំពូក​ទី​ ១ និយាយ​ពីបទ​ប្បញ្ញត្តិ​ទូទៅ​។ ជំពូក​ទី​២ ចែង​ពី​ប្រព័ន្ធ​បោះឆ្នោត និង​ការកំណត់​ចំនួន​អាសនៈ​ក្នុង​រដ្ឋសភា​។ ជំពូក​ទី​៣ និយាយ​ពី​ភា្ន​ក់​ងារ​គណបក្ស​នយោបាយ​អ្នកសង្កេតការណ៍ និង​អ្នកសារព័ត៌មាន​។

​ជំពូក​ទី​ ៤ បានបង្ហាញ​ពី​ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​ជំពូក​ទី​ ៥ ចែង​អំពី​ការិយាល័យ​បោះឆ្នោត​។​ជំពូក​ទី​ ៦ បង្ហាញ​ពី​ការចុះឈ្មោះ​បោះឆ្នោត និង​បញ្ជី​បោះឆ្នោត​។ ជំពូក​ទី​ ៧ ចែង​ពី​ការឃោសនាបោះឆ្នោត​។

​ជំពូក​ទី​ ៨ ដែល​វែង​ជាងគេ និង​ចែង​យ៉ាង​លម្អិត​អំពី​ការបោះឆ្នោត ការរាប់​សន្លឹកឆ្នោត​និង​ការ​បូកសរុប​លទ្ធផល​នៃ​ការបោះឆ្នោត ការបិទ​ផ្សាយ​បញ្ជី​​ឈ្មោះ​ទីតាំង​ការិយាល័យ​បោះ​ឆ្នោត​។ ជំពូក​ទី​ ៩ ចែង​ពី​ការបាត់​​បង់​អាសនៈ​នៃ​រដ្ឋសភា និង​ការជ្រើសតាំង​ជំនួស ព្រមទាំង​ការបែងចែក​អាសនៈ​ដែល​នៅ​ទំនេរ ការបាត់បង់​អាសនៈ បន្ទាប់ពី​ការប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ​រួចហើយ​។​

​ជំពូក​ទី​ ១០ នីតិវិធី​នៃ​ការដាក់​ការទទួល និង​ការដោះស្រាយ​ពាក្យបណ្តឹង គ្រប់​អំពើ​បំពាន​លើ​បទ​ប្បញ្ញត្តិ​នៃ​ជំពូក​ទី​១០ (​ទោស​ប្បញ្ញត្តិ​)​ នៃ​ច្បាប់បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ ​(​ច​.​ប​.​ត​.​រ​) ​និង​សមត្ថកិច្ច និង​នីតិវិធី​ប្រជុំ​ផ្សះផ្សា ប្រជុំ​សម្រេច និង​សវ​​នា​ការដោះស្រាយ​ពាក្យបណ្តឹង​។​

​នៅក្នុង​បទបញ្ជា និង​នីតិវិធី​នោះ​ក៏​នៅមាន​ឧបសម្ព័ន្ធ​ ៩​ ផ្សេងទៀត​ដែល​និយាយ​ពី​ ១/​ក្រម​សីលធម៌​សម្រាប់​មន្ត្រី​បោះឆ្នោត ២/​ក្រមសីលធម៌​សម្រាប់​គណ​​បក្សនយោបាយ បេក្ខជន និង​ភ្នាក់ងារ​គណបក្សនយោបាយ ក្នុង​ដំណើរការ​បោះឆ្នោត ៣/​ក្រមសីលធម៌​សម្រាប់​អ្នក​សង្កេត​ការណ៍​បោះឆ្នោត ក្នុង​ដំណើរ​​ការបោះឆ្នោត ៤/​ក្រម​សីល​​ធម៌​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ដំណើរការ​បោះឆ្នោត ៥/​ក្រមសីលធម៌​សម្រាប់​យោ​ធិ​ន​នៃ​កងយោធពល​ខេមរភូមិន្ទ នគរបាលជាតិ និង​ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត ក្នុង​ដំណើរការបោះឆ្នោត ៦/​សម្ភារ ឯក​សារ​ដែល​ត្រូវ​ប្រគល់ជូន​ (​គ​ធ​.​ខ​ប​)​ សម្រាប់​ប្រើប្រាស់​ក្នុង​កិច្ច​ប្រតិបត្តិ​ការបោះឆ្នោត​ទាំងមូល ៧/ សម្ភារ ឯកសារ​ដែល​ត្រូវ​ប្រគល់ជូន​គណៈកម្មកា​រ​ឃុំ​សង្កាត់​រៀបចំ​ការបោះឆ្នោត​ (​គឃ​.​សប​)​ សម្រាប់​ប្រើប្រាស់​ក្នុង​កិច្ច​ប្រតិ​ប​ត្តិ​ការបោះឆ្នោត​ទាំងមូល​ ៨/​សម្ភារ ឯកសារ​ដដែល​ត្រូវ​ប្រគល់ជូន​គណៈកម្មកា​រ​ការិយាល័យ​បោះឆ្នោត ​(​គ​.​ក​.​ប​)/​គណៈកម្មការ​ការិយាល័យ​រាប់​សន្លឹកឆ្នោត​ (​គ​.​ក​..​រ​)​ សម្រាប់​ប្រើប្រាស់​ក្នុង​កិច្ចប្រតិបត្តិការ​បោះឆ្នោត​ទាំងមូល ៩/ ប្រព័ន្ធ​បោះឆ្នោត និង​ការបែងចែក​អាសនៈ​។

​កាលពី​ចុងខែ​ធ្នូ ឆ្នាំមុន​អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា​បានស្នើ​នូវ​ចំណុច​មួយចំនួន​ដូចជា ការ​រៀបចំ​ឱ្យមាន​ការចុះឈ្មោះ​បោះឆ្នោត និង​ការបោះឆ្នោត​នៅក្រៅ​ប្រទេស ករណី​បិទទ្វារ ឬ​/​និង​បង្អួច​ការិយាល័យ​រាប់​សន្លឹកឆ្នោត ការ​លុប​បេក្ខជន​ឬ​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​របស់​គណ​បក្សនយោបាយ និង​ការ​ស្នើឱ្យ​ពង្រឹង​ការអនុវត្ត​របស់​មន្ត្រី​បោះឆ្នោត​លើ​កំណត់ហេតុ​នៃ​ការរាប់​សន្លឹកឆ្នោត ​(​ទម្រង់​ ១១០២)​ ជាដើម​។

​តាម​សេចក្តីប្រកាស​របស់​គ​.​ជ​.​ប ដែល​ចេញ​ក្រោយ​ជំនួប​នៅ​ថ្ងៃទី​ ១៩ ធ្នូ ឆ្នាំមុន លោក សោម សូ​រី​ដា អគ្គ​លេ​ខា​ធិ​ការរង គ​.​ជ​.​ប និង​មន្ត្រី​ជាន់ខ្ពស់ គ​.​ជ​.​ប បាន​ឆ្លើយតប​គ្រប់​ចំណុច​ចំពោះ​ការស្នើ​ឡើង​របស់​អង្គការ​សង្គម​ស៊ីវិល ប៉ុន្តែ​តំណាង​អង្គការ​សង្គម​ស៊ីវិល​កត់​សម្គាល់ថា «​សំណើ​របស់ខ្លួន​ទទួលបាន​ការឆ្លើយតប និង​ពន្យល់ ប៉ុន្តែ​មិនត្រូវ​បាន​បញ្ចូល​ក្នុង​នីតិវិធី​នោះទេ​»៕