​ភ្នំពេញៈ​​ អគ្គ​នាយក​ដ្ឋាន​ពន្ធនា​គា​រគ្រោង​បង្កើត​ក្រុម​ការងារ​ចំពោះ​កិច្ចចុះ​ធ្វើ​កិច្ច​សហ​ការ​ជាមួយ​រដ្ឋ​បាល​ខេត្ត​រតន​គិរី ដើម្បី​រក​ដំណោះ​ស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​នៅ​ពន្ធនា​គារ​ខេត្ត​រតន​គិរី​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​។

​ការ​គ្រោង​បង្កើត​ក្រុម​ការងារ​ចំពោះ​កិច្ច​នេះ​ធ្វើ​ឡើង ​ក្រោយ​ពី​មានការ​ចេញ​ផ្សាយ​បែប​អត្ថាធិ​ប្បាយ​មួយ​តាម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក ​កាល​ពីថ្ងៃទី​២១ ​ខែធ្នូ ឆ្នាំ​២០២២ ​របស់​សារ​ព័ត៌មាន “​ជីវិត​និង​កីឡា​ស្ដីពី​ករណី​វិវាទ​ ដីធ្លី​១កន្លែង​នៅ​ពន្ធនា​គារ​ខេត្ត​រតនគិរី ដែល​បច្ចុប្បន្ន​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​៣ សង្កាត់​ឡា​បាន​សៀក​ក្រុង​បាន​លុង ​ខេត្ត​រតនគិ​រី និង​បាន​ស្រាយ​បំភ្លឺ​ពី​អគ្គ​នាយក​ដ្ឋាន​ពន្ធ​នាគារ​។

​លោក នុត សវ​នា អ្នក​នាំ​ពាក្យ​អគ្គ​នាយក​ដ្ឋាន​ពន្ធ​នាគា​របាន​ឱ្យដឹង​នៅ​ថ្ងៃទី​៤ ​ខែមករា​ថា ការសម្រេច​បង្កើត​ក្រុម​ការងារ​ថ្មី​នេះ មិន​ចំណាយ​ពេល​យូរ​ទេ ​តែ​សំខាន់​គឺ​ការ​អនុវត្ត​ការងារ​ថា​តើ​ត្រូវមាន​យន្ត​ការ​របៀប​ណា មាន​យុទ្ធ​សាស្ត្រ​យ៉ាង​ណាគឺ​ត្រូវ​ពិនិត្យ​ទៅ​តាម​បទ​ដ្ឋាន​ច្បាប់​ និង​នីតិ​វិធី​។លោក​បញ្ជាក់​ថា ចំពោះ​សមាស​ភាព​ចូលរួម​ក្នុង​ក្រុម​ការងារ​ថ្មី​នេះលោក​ក៏​នៅ​មិន​ទាន់​ដឹង​ច្បាស់​ដែរ​ ពោល​គឺ​ត្រូវ​មើល​ទៅ​តាម​តម្រូវ​ការ​ស្ថាន​ភាព​ជាក់​ស្តែង​។

​លោក​ថ្លែង​ថា​៖«​ការងារ​លម្អិត​ខ្ញុំ​មិន​ទាន់​អាច​ជម្រាប​បាន​ទេ ​ជាក់​ស្តែង ​ទី​១ សមាស​ភាព​ក្រុម​ការងារ​ ទី​២ យន្តការ​ការងារ​ ហើយទី​៣​គឺ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជាមួយ​ខាង​រដ្ឋបាល​ខេត្ត​ និង​អាជ្ញាធរ​ តុលា​ការ តើ​យើង​ត្រូវធ្វើ​របៀប​ម៉េច​ អាហ្នឹង​គេ​មាន​យុទ្ធ​សាស្ត្រ​របស់​គេ​» ។

​លិខិត​បំភ្លឺ​របស់​អគ្គនា​យក​ដ្ឋាន​ពន្ធ​នាគារ​ចុះ​ថ្ងៃទី​៣ ​ខែមករា បាន​បញ្ជាក់​ថា ការ​ការពារ​ទ្រព្យ​សម្បត្តិ​សា​ធារណៈ​ដែល​គ្រប់​គ្រង​ដោយ​ពន្ធ​នាគារ​ខេត្ត​ឱ្យ​បាន​គង់​វង្ស ជា​កាតព្វ​កិច្ច​របស់​ម​ន្ត្រី​មាន​សមត្ថ​កិច្ច​។ ដូច្នេះ​ទង្វើ​របស់​លោក ឧ​ត្ត​ម​អគ្គានុរក្ស​ថ្នាក់​លេខ​២ អ៊ុក គឹម​ជន ប្រធាន​ពន្ធ​នាគារ និង​លោក​ស្រី ឆោម ស្រី​ពេជ្រ អនុ​ប្រធាន​ពន្ធ​នាគារ ​ខេត្ត​រតនគិរី ​ដែល​បាន​និង​កំពុង​តស៊ូ​យ៉ាង​ស្វិត​ស្វាញ​តាម​ផ្លូវ​តុលា​ការ​ជាមួយ​មនុស្ស​មួយ​ក្រុម​ដែល​កំពុង​ធ្វើ​សកម្មភាព​គ្រប់​រូបភាព​រួមទាំង​សកម្ម​ភាព​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ដែល​មាន​ចរិត​លម្អៀង​ចោទ​ប្រកាន់​លាប​ពណ៌ មក​លើ​មន្ត្រី​ស្អាត​ស្អំ​ផង​។

​ប្រភព​ដដែល​បន្ត​ថា តើ​ការ​ផ្សាយ​ព័ត៌មាន​បែប​អត្ថាធិ​ប្បាយ​ដៀម​ដាម​របស់​សារ​ព័ត៌មាន“​ជីវិត​និង​កីឡា​”ដោយ​ប្រើ​ពាក្យ​ហៅ​មន្ត្រី​សាធា​រណៈ​ស្អាត​ស្អំ​ដែល​ខិតខំ​បំពេញ​តួនាទី​របស់​ខ្លួន​ថា​ជា“​អ្នក​ស្នេហា​ជាតិ​គ្មាន​អ្នក​ណា​ធ្វើ​ដូច​នោះ​មាន​ន័យ​ដូច​ម្តេច​ ឬ​សារព័ត៌មាន“​ជីវិត​និង​កីឡា​” យល់​ថា នៅ​កម្ពុជា​យើង​បច្ចុប្បន្ន​គ្មាន​ទេ​មន្ត្រី​ដែល​ស្នេហា​ជាតិ​ពិ​តប្រាកដ?​ក្នុង​នាម​អង្គភាព​សា​ធារណៈ អគ្គ​នាយក​ដ្ឋាន​ពន្ធនា​គា​រតែង​ជំរុញ​លើក​ទឹក​ចិត្ត​ការ​ផ្ដល់​ព័ត៌មាន​ និង​ផ្សព្វ​ផ្សាយ​ដោយ​ផ្អែកលើ​មូល​ដ្ឋាន ​និង​ប្រភព​ច្បាស់​លាស់​។

​ក្នុង​លិខិត​បញ្ជាក់​ថា​«​យើង​ក៏​សូម​បញ្ជាក់​ទៅ​សារ​ព័ត៌មាន"​ជីវិត​និង​កីឡា​​ថា​ការពឹង​ផ្អែក​លើ​ព័ត៌មាន​ដែល​មាន​មូល​ដ្ឋាន​តែ​មួយ​ជ្រុង ដោយ​ធ្វើ​ការ​អត្ថាធិ​ប្បាយ​បក​ស្រាយ​បែប​លម្អៀង ​ក្លែម​សម្ដី ​និង​សម្ភាស​តែ​ភាគី​ម្ខាង​មិន​មែន​ជា​ទង្វើ​ប្រកប​ដោយ​ក្រម​សីល​ធម៌ និង​វិជ្ជាជីវៈ​របស់​អ្នក​សារ​ព័ត៌​មាន​ឡើយ ​ផ្ទុយ​ទៅវិញ​ជា​សារ​ព័ត៌មាន​បែប​ញុះ​ញង់​ដែល​អាច​បង្ក​ឱ្យ​មាន​ការ​យល់​ច្រឡំ​ធ្ងន់​ធ្ងរ​ពី​សំណាក់​សា​ធារណ​ជន​»​។​

​អគ្គ​នាយក​ដ្ឋាន​ពន្ធនា​គា​រក្រសួង​មហាផ្ទៃ​បាន​ធ្វើការ​បំភ្លឺ​ជា​សា​ធារណៈ​ថា ​ទីតាំង​ពន្ធ​នាគារ​ខេត្ត​រតនគិ​រីដែល​បច្ចុប្បន្ន​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​៧ ​មករា ​សង្កាត់​ឡា​បាន​សៀក​ និងភូមិ​ភ្នំ​ស្វាយ ​សង្កាត់​បឹង​កន្សែង​ ក្រុង​បាន​លុង ខេត្ត​រតនគិរី​ មាន​ផ្ទៃដី​សរុប​ចំនួន ៦៣ ​៤២៥​ម៉ែត្រ​ការ៉េ។ ដើម​ឡើយ​ត្រូវ​បាន​គណៈ​កម្មាធិ​ការ​ប្រជា​ជន​ខេត្ត ក្រុ​ង សម្រេច​ប្រគល់​ជូន​អង្គភាព​ពន្ធ​នាគារ(​សម័យ​រដ្ឋ​កម្ពុជា​)ខេត្ត​រតន​គិរី ដោយ​ចេញ​បណ្ណ​សម្គាល់​សិទ្ធិ​កាន់​កាប់​ប្រើ​ប្រាស់​ស្រប​ច្បាប់​លេខ ​AA109 តាំងពី​ថ្ងៃទី​២៨​ ខែ​ឧសភា ​ឆ្នាំ​១៩៩៣​ ដោយ​បញ្ជាក់​ថា មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​៣ ឃុំ​ឡា​បាន​សៀក​ក្រុង​បាន​លុង​ ខេត្ត​រតន​គិរី​។

​ការ​សម្រេច​នោះ​ទៀត​សោត​គឺ​ផ្អែក​លើ​សេចក្តី​សម្រេច​លេខ ​៩៣​សសរ ចុះ​ថ្ងៃទី​០៩​ ខែឧសភា ឆ្នាំ​១៩៨៧ ​របស់​ក្រសួង​មហាផ្ទៃ​។ លុះ​ដល់​ឆ្នាំ​២០០៤ ​រដ្ឋ​បាល​ខេត្ត​រតន​គិរី​បាន​យក​ប្លង់ដី​ពន្ធ​នាគារ​ខេត្ត​ដែល​មាន​ទំហំ​៦៣ ៤២៥ ​ម៉ែត្រ​ការ៉េ​នោះ​ទៅ​ចុះបញ្ជី​សារ​ពើ​ភណ្ឌ​ជា​ទ្រព្យ​សម្បត្តិ​រដ្ឋ​ស្រប​ច្បាប់ និង​មាន​ការ​ទទួល​ស្គាល់​ពី​មន្ទីរ ​ដែនដី​​នគរូបនីយ​កម្ម និង​សំណង់​ខេត្ត​។

​លុះ​ក្រោយ​មក​ តាម​រយៈ​អនុ​ក្រឹត្យ​លេខ​១០៤​ អនក្រ​.​បក ចុះ​ថ្ងៃទី​៣១ ​ខែឧសភា​ ឆ្នាំ​២០១១ ​របស់​រាជ​រដ្ឋាភិ​បាលទីតាំង​ពន្ធ​នាគារ​ខេត្ត​ត្រូវ​បាន​ប្តូរ​ពី​ភូមិ​៣ មក​ជា​ភូមិ​៧ ​មករា​ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតន​គិរី​។​

​ទីតាំង​ខាង​លើ​ជា​ប្រភេទ​ដី​សា​ធារណៈ​ដែល​ជា​សម្បត្តិ​រដ្ឋ ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​តស៊ូ​ការពារ​យ៉ាង​ក្រាញ​ននៀល​ពី​សំណាក់​យុទ្ធ​ជន​ជាម​ន្ត្រី​ពន្ធ​នាគារ​តាំង​ពី​ឆ្នាំ១៩៨៦​ ព្រោះ​ជា​មុខ​សញ្ញា​ទីតាំង​វាយ​លុក​ជាញឹក​ញាប់​របស់​ទាហាន​ខ្មែ​រក្រហម​ដើម្បី​មក​រំដោះ​អ្នក​ទោស​ក្នុង​សម័យ​សង្គ្រាម ​និង​ពុំមាន​ប្រជា​ជន​ស៊ីវិល​ណាមក​តាំង​លំនៅ និ​ង​អា​ស្រ័យ​ផល​ក្រៅពី​មន្ត្រី​ដែល​ត្រូវ​ប្រចាំ​ការ​នៅ​ទី​នោះ​ឡើយ​។

​ក្នុង​សាល​ក្រម​លេខ ​០២ ខែ​កក្កដា ឆ្នាំ​២០១៣ ចុះ​ថ្ងៃទី​២២ (​ក​) របស់​សាលា​ដំបូង​ខេត្ត​រតន​គិរី​ពាក់​ព័ន្ធ​សំណុំរឿ​ង លេខ​០១ ចុះ​ថ្ងៃទី​១១​ ខែ​មករា ឆ្នាំ​២០១២ ​ក៏បាន​ទទួល​ស្គាល់​ភ័ស្តុ​តាង​ជា​បណ្ណ​សម្គាល់​សិទ្ធ​កាន់​កាប់​ប្រើ​ប្រាស់​ដីធ្លី ​លេខ ​AA109 ចុះ​ថ្ងៃទី​២៨ ​ខែឧសភា​ ឆ្នាំ​១៩៩៣ ​ក៏​ដូច​ជា​បញ្ជី​សារ​ពើ​ភណ្ឌ​ទ្រព្យ​សម្បត្តិ​របស់​សាលា​ខេត្ត​រតនគិរី​ប្រចាំ​ឆ្នាំ​២០០៤​និង​ឆ្នាំ​២០០៩ បញ្ជាក់​ថា ដី​ពន្ធ​នាគារ​ខេត្ត​រតន​គិរី ទំហំ​៦៣៤២៥​ម៉ែត្រ​ការ៉េ ជា​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​។

​បន្ថែម​លើ​នេះ​ក្នុង​ប្រការ​២ នៃ​ប្រកាស​អន្តរ​ក្រសួង​លេខ ៥២០២ ​ប្រក ចុះ​ថ្ងៃទី​៣១ ​ខែតុលា ឆ្នាំ​២០១៧ ​របស់​ក្រសួង​មហាផ្ទៃ និង​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ ​ចែង​ថា​៖ អគ្គ​នាយក​ដ្ឋាន​ពន្ធនា​គា​រ ពន្ធនា​គារ​ខេត្ត ​រតនគិរី ​ត្រូវ​ទទួល​បន្ទុក​ក្នុងការ​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធិ​លើដី​ទំហំ ​៦៣ ៤២៥​ម៉ែត្រ​ការ៉េ និង​អគារ​៣​ខ្នង​ស្ថិត​ក្នុង​ភូមិ​៧​មករា សង្កាត់​ឡា​បាន​សៀក ​ក្រុង​បាន​លុង ​ខេត្ត​រតនគិរី​៕