​ភ្នំពេញៈ​ ​ក្រសួង​សុខា​ភិ​បាល​កម្ពុ​ជា​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​កូវីដ ១៩ ​ថ្មី ​ចំនួន ៦​ នាក់​បន្ថែម​ទៀត ​ខណៈ​អ្នកជា​សះ​ស្បើយ​ថ្មី​មាន ​១៥ ​នាក់ ​និង​មិន​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​ទេ​។

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិ​បាល​នៅ​ថ្ងៃទី ៥ ​ខែមករា ​ឆ្នាំ ២០២៣ ​នេះ​ បាន​ឱ្យដឹង​ថា ​ក្រសួង​រកឃើញ​អ្នក​មាន​ជំងឺ​កូវីដ ១៩ ​ចំនួន ​៦ នាក់​បន្ថែម​ទៀត ​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ ​ដែល​សុទ្ធ​តែ​ប្រភេទ​អូមីក្រុង​ទាំង​អស់​។ អ្នក​ទាំង​៦នាក់​នោះ​ត្រូវបាន​រកឃើញ​មាន​វិជ្ជមាន​កូវីដ ១៩ ​ក្នុង​ករណី​ស្នើសុំ​វិញ្ញាបន​បត្រ​ចេញ​ទៅ​ក្រៅ​ប្រទេស​។ ក្រសួង​បញ្ជាក់​ថា​ របាយការណ៍​ថ្ងៃនេះ ​មាន​អ្នកជា​សះ​ស្បើយ​ថ្មី ​១៥ ​នាក់ ​និង​គ្មាន​អ្នកស្លាប់​ឡើយ​។

​បើ​តាម​ក្រសួង​សុខាភិបាល ​គិត​ត្រឹម​ថ្ងៃទី ៥ ​ខែមករា​នេះ ​ករណី​ឆ្លង​ជំងឺ​កូវីដ ១៩ ​សរុប​កើន​ដល់​ចំនួន​ ១៣៨ ៦១៥ នាក់ ​ចំណែក​ករណី​ជាសះ​ស្បើយ​សរុប​ចំនួន​ ១៣៥ ៥១៨​ នាក់ ​និង​ករណី​ស្លាប់​សរុប ​៣ ០៥៦​ នាក់​។ រីឯ​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស ​សរុប​មាន​ចំនួន​ ២១ ២៤០ ​នាក់​ និង​ករណី​អូមីក្រុង​ឆ្លង​ក្នុង​សហគមន៍​កើន​ដល់​ ១៦ ៧៩១ ​នាក់៕