ភ្នំពេញៈ កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជា​ជាតិ (UNDP) ប្រចាំ​កម្ពុជា​ ជំរុញ​ឱ្យ​កម្ពុជា​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​ម៉ា​រ៉ា​កេស​ ខណៈ​កម្ពុជា​បាន​សម្រេច​នូវ​សមិទ្ធ​ផល​ដ៏​ធំ​មួយ​ឆ្ពោះ​ទៅ​ចូល​ជា​សមាជិក​នៃ​សន្ធិសញ្ញា​ម៉ា​រ៉ា​កេស ក្នុង​ឱកាស​ទិវា​អក្សរ​ប្រៃ​យ៍​ពិភព​លោក​។​

​សន្ធិសញ្ញា​ម៉ា​រ៉ា​កេស​ជា​សិ​ន្ធិ​សញ្ញា​ដែល​ចែង​ពី​សិទ្ធិ​របស់​ជន​មាន​ពិការ​ភាព​ដែល​រដ្ឋ​ភាគី​ត្រូវ​រក​មធ្យោ​បាយ​ដើម្បីជំ​រុញឱ្យ​ជន​ពិការ​ភ្នែក​អាច​អាន​ឯកសារ​បោះ​ពុម្ព​ និង​ឯក​សារ​នានា​ដើម្បី​ប្រយោ​ជន៍រ​របស់​ពួកគេ​។ នៅក្នុ​ង​ឱកាស​អបអរ​ទិវា​អក្សរ​ប្រៃ​យ៍​ពិភព​លោក​ដែល​ធ្វើឡើង​ថ្ងៃទី​៤​ ខែមករា ​UNDP​បាន​បញ្ជាក់​ថា ប្រទេស​កម្ពុជា​កំពុង​សម្រេច​បាន​វឌ្ឍន​ភាព​ផង​ដែរ​នៃ​សន្ធិ​សញ្ញា​ម៉ា​រ៉ា​កេស ​ដែល​ត្រូវបាន​បញ្ចូល​ទៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់ដើ​ម្បី​ធ្វើ​វិសោធន​កម្ម​ច្បាប់​ស្តីពី​សិទ្ធិ​អ្នក​និពន្ធ​និង​សិទ្ធិ​ប្រហាក់​ប្រហែល​។​

UNDP​បាន​បញ្ជាក់«សេចក្តី​ព្រាង​ច្បាប់​នេះ មាន​បញ្ញត្តិ​ស្រប​តាម​សន្ធិសញ្ញា​ម៉ា​រ៉ា​កេស ហើយ​បច្ចុប្បន្ន​កំពុង​ពិនិត្យ​ដោយ​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​។ បន្ទាប់ពី​ការអនុម័ត​លើ​ឯកសារ​វិសោធន​កម្មនេះ​ នឹង​នាំ​ឱ្យ​កម្ពុជា​ទៅកាន់​តែ​កៀក​នឹង​ការផ្តល់​សច្ចាប័ន​លើ​សន្ធិ​សញ្ញា​ម៉ា​រ៉ា​កេស​។​យូ​អិន​ឌី​ភី នឹង​ជំរុញ​ឱ្យ​មានការ​ដាក់ប​ញ្ចូល​សន្ធិ​សញ្ញា​ម៉ា​រ៉ា​កេស​ទៅក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ ក៏ដូច​ជា​ទៅក្នុង​ផែនការ​យុទ្ធ​សាស្ត្រ​ជាតិ​ស្តីពី​ពិការ​ភាព​ ២០១៩-​២០២៣ របស់​កម្ពុជា​»​។

​​UNDP ​បញ្ជាក់​ថា ​ខ្លួន​នឹង​បន្ត​ផ្តល់​ការគាំទ្រ​ដល់​ការផ្តល់​សច្ចា​ប័ន និង​ការ​អនុវត្ត​សន្ធិសញ្ញា​នេះ​ ដូច​ជា តាម​រយៈ​ការ​បង្កើត​ក្រុម​ការងារ​បច្ចេក​ទេស​ទ​ទួល​បន្ទុក​សន្ធិ​សញ្ញា​ម៉ា​រ៉ា​កេស​ ដែល​ចូលរួម​សម្រប​សម្រួល​ដោយ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ដែល​ជា​ស្ថា​ប័ន​ទទួល​ខុស​ត្រូវលើ​ការ​អនុវត្ត​ច្បាប់​សិទ្ធិ​អ្នក​និពន្ធ​និង​ក្រុម​ប្រឹក្សា​សកម្ម​ភាព​ជន​ពិការ​ ដែល​ជា​ស្ថា​ប័ន​បង្គោល​ទទួល​បន្ទុក​កិច្ច​ការ​ពិការ​ភាព​រប​ស់​ប្រទេស​កម្ពុជា​។​

​ប្រធាន​ក្រុម​យុវ​ជន​ពិការ​ភ្នែក​ជំនាន់​ថ្មី(Blind New Generation) គឺ​លោក វិ​ន វិចិត្រ បាន​ប្រាប់​ថា ជារួម​សន្ធិ​សញ្ញា​ម៉ា​រ៉ា​កេស​នេះ សម្រាប់​រូប​លោក​គឺ​មិន​ទាន់​ដឹង​ទេ​ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​លោក មាន​ការ​ពិបាក​ដើម្បី​ស្វែង​រក​ឯកសារ​ដែល​មាន​អក្សរ​ស្ទាប​ក្នុង​ការអាន ពីព្រោះ​ឯកសារ​នៅ​ក្នុង​បណ្ណា​ល័យ​ភាគ​ច្រើន​ស្ទើរតែ​មិន​មាន​អក្សរ​ស្ទាប​សម្រាប់​ជន​មាន​ពិការ​ភាព​ឡើយ​។​

​លោក វិ​ន វិចិត្រ ថា​៖ «​យើង​មា​នការ​ពិបាក​ណាស់​ក្នុង​ការ​ស្វែងរ​ឯកសារ​អាន​ដែល​មាន​អក្សរ​ស្ទាប ​ពីព្រោះ​អក្សរ​ស្ទាប​នេះ វា​មិន​មាន​ភាព​ទូលំទូ​លាយ​ទេ ​ហើយ​ក៏​មិន​អាច​ចេះតែ​រកបាន​តាម​បណ្ណាគារ​ បណ្ណា​ល័យ​អី​បានដែរ ដូច្នេះ​យើង​មិន​មាន​ឯក​សារ​អាន​ដូច​មនុស្ស​ទូទៅ​ឡើយ​»​។​

​លោក​បន្ត​ថា ​ការ​ដែល​ជន​មាន​ពិការ​ភាព​មិនអាច​ទទួល​បាន​ព័ត៌មាន​ដោយសារតែ​ឯក​សារ​និង​គោល​នយោបា​យ​ជា​ច្រើន​បាន​តាក់​តែង​ឡើង​ដោយ​មិន​បាន​គិតគូរ​ពី​តម្រូវ​ការ​របស់​ក្រុម​ជន​មាន​ពិការ​ភ្នែក​។លោក​បន្ថែម​ថា ទាំងនេះ​ហើយ ​ដែល​ធ្វើ​ឱ្យ​ជន​មាន​ពិការភាព​បាត់ប​ង់​ឱកាស​ក្នុង​ការ​ចូលរួម​ក្នុង​វិស័យ​អប់រំ មុ​ខរបរ នយោ​បាយ ​សេដ្ឋកិច្ច និង​វប្ប​ធម៌​ជាដើម​។​

​សូម​បញ្ជាក់​ថា ប្រទេស​កម្ពុជា​បាន​ចុះហត្ថលេ​ខា​លើ​សន្ធិ​សញ្ញា​នេះ​កាលពី​ថ្ងៃទី​២៨ ខែ​មិថុនា ​ឆ្នាំ​២០១៣ ក្នុង​ចំណោម​ប្រទេស​តែ​២គត់​នៅ​អាស៊ានដែ​ល​បាន​ចុះហ​ត្ថលេខា​​លើ​សន្ធិស​ញ្ញា Marrakesh​នេះ ដែល​ជា​ការ​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​របស់​កម្ពុជា ក្នុង​ការ​លើក​កម្ពស់​សិ​ទ្ធិ​របស់​ជន​មាន​ពិការ​ភាព ទាំង​នៅ​ថ្នាក់​ជាតិ​ និង​ជាស​កល​។ កម្ពុជា​ពុំទាន់​បាន​ផ្ដល់​សច្ចា​ប័ន​ដល់​សន្ធិស​ញ្ញា​នេះ​នៅ​ឡើយ​ទេ​ដែល​នេះ​គឺជា​ជំហាន​ដ៏​ចាំ​បាច់​មុន​ពេល​ដែល​ប្រទេស​នេះ​អាច​ចូល​រួម​ជា​ផ្លូវការ​នៅក្នុង​សន្ធិ​សញ្ញា​។

​សន្ធិ​សញ្ញា​ម៉ា​រ៉ា​កេស (Marrakesh)​បាន​ផ្ដល់​ប្រយោ​ជន៍​ដូច​ជា​ជន​មាន​ពិការ​ភាព​ដែល​មិន​អាច​អាន​ឯកសារ​បោះ​ពុ​ម្ពជាច្រើ​ន​នាក់​ នឹង​ទទួលបាន​ផល​ប្រយោជន៍​ពី​សន្ធិ​សញ្ញា​នេះ​ក៏ដូចជា​សិស្ស​និស្សិត​ដែល​ចង់​រៀន​ភាសា​អង់​គ្លេស ​ឬ​ភាសា​ផ្សេង​ទៀត ដែល​ចាប់​អារម្មណ៍​ចង់​រៀន​អក្សរ​សាស្ត្រ​បរទេ​ស ឬ​ឯកសារ​ស្រាវ​ជ្រាវ​វិ​ទ្យ​សាស្ត្រ​ថ្មីៗ ដែល​អាច​រក​បាន​ពី​បណ្ណា​ល័យ​នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត​៕