
យុទ្ធនាការសៀវភៅ១ សហគមន៍១ (One Book One Community) ប្រកាសជាផ្លូវការ និងដាក់ដំណើរការដំបូងនៅលើទឹកដីខេត្តកំពង់ស្ពឺ នាបណ្ណាល័យកំពង់ស្ពឺ ចាប់ពីថ្ងៃ១៣ ដល់១៥ ខែមករា ឆ្នាំ២០២៣។ រូបថត One Book One Community
កំពង់ស្ពឺៈ ផ្សារណាត់ នៃយុទ្ធនាការសៀវភៅ ១ សហគមន៍ ១ ដែលចាប់ដំណើរការរយៈពេល ៣ ថ្ងៃ នៅខេត្តកំពង់ស្ពឺ នឹងមានស្តង់ប្រមាណ ៤០ កន្លែង ដែលនឹងដាក់តាំងបង្ហាញសៀវភៅ ផលិតផលខ្មែរ ម្ហូបអាហារ និងផលិតផលផ្សេងៗ អមជាមួយនឹងកម្មវិធីចែករំលែកចំណេះដឹងជាច្រើន ក្នុងន័យលើកកម្ពស់ការអាននៅកម្ពុជា។
នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣នេះ សមាគមអ្នកបោះពុម្ពនៅកម្ពុជា សមាគមបណ្ណាល័យកម្ពុជា បណ្ណាល័យកំពង់ស្ពឺ និងតំណាងអ្នករៀបចំយុទ្ធនាការសៀវភៅ១ សហគមន៍១ បានរៀបចំសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងការបើកសម្ពោធផ្លូវការនៃយុទ្ធនាការសៀវភៅ១ សហគមន៍១ នៅ២៥ខេត្តក្រុង នៅសហព័ន្ធសេវាអប់រំកម្ពុជា រាជធានីភ្នំពេញ។
យុទ្ធនាការសៀវភៅ១ សហគមន៍១ (One Book One Community) នឹងប្រកាសជាផ្លូវការ និងដាក់ដំណើរការដំបូងនៅលើទឹកដីខេត្តកំពង់ស្ពឺ នាបណ្ណាល័យកំពង់ស្ពឺ ចាប់ពីថ្ងៃ១៣ ដល់១៥ ខែមករា ឆ្នាំ២០២៣ ខាងមុខ ក្រោមប្រធានបទ “រួមគ្នាលើកកម្ពស់ការអាននៅតាមសហគមន៍” ក្នុងគោលបំណងបណ្តុះវប្បធម៌អាន និងការរៀនសូត្រឯករាជ្យក្នុងចំណោមយុវជន មុនពេលយុទ្ធនាការនេះ បន្តសកម្មភាពបន្តបន្ទាប់ទៅខេត្តក្រុងដទៃទៀតទូទាំងប្រទេស។
លោកសុខ ឡាក់ សហស្ថាបនិកបណ្ណាល័យបញ្ញវន្ត និងជាសហស្ថាបនិកយុទ្ធនាការសៀវភៅ១ សហគមន៍១ បានលើកឡើងក្នុងសន្និសីទការសែតថា យុទ្ធនាការសៀវភៅ១ សហគមន៍១ នៅខេត្តកំពង់ស្ពឺ គឺនឹងចាប់ផ្តើមពីម៉ោង ៨ព្រឹក ដល់៧ យប់ ដោយមានស្តង់ប្រមាណ៤០កន្លែង ដើម្បីដាក់តាំងបង្ហាញសៀវភៅ ផលិតផលខ្មែរ ម្ហូបអាហារ និងភេសជ្ជ: រួមទាំងផលិតផលផ្សេងៗទៀត។
លោក បានបញ្ចាក់ថា៖«នៅក្នុងព្រឹត្តិការណ៍៣ថ្ងៃនេះ ក៏នឹងមានកម្មវិធីជាច្រើនដូចជា១. កម្មវិធីប្រកួតប្រជែងការអាន ២. កម្មវិធីចែកសៀវភៅដោយឥតគិតថ្លៃ ៣. កម្មវិធីផ្សារណាត់សៀវភៅ ៤. កម្មវិធីវាគ្មិនដែលមានជំនាញ ៥. បណ្ណាល័យចល័ត និងកម្មវិធីផ្សេងៗទៀត»។
ជាមួយនឹងការប្រកាសផ្លូវការនៃយុទ្ធនាការនេះ នៅបណ្ណាល័យកំពង់ស្ពឺ ក៏មានរៀបចំសកម្មភាពជាច្រើនដូចជា កម្មវិធីចែករំលែកនូវទស្សនទាន បទពិសោធន៍ល្អៗ អំពីគន្លឹះជោគជ័យក្នុងការសិក្សា សារៈសំខាន់នៃការអាន គន្លងអាជីព ការរៀបចំផែនការជីវិតដោយវាគ្មិនជាថ្នាក់ដឹកនាំ និងជាអ្នកជំរុញទឹកចិត្តល្បីៗ ដោយមានការចែកសៀវភៅ១០០០ក្បាលផងដែរ។
លោកសឿង សារ៉ាន់ ប្រធានបណ្ណាល័យកំពង់ស្ពឺ បានអះអាងថា សកម្មភាពបណ្ណាល័យចល័ត និងផ្សារណាត់សៀវភៅ គឺនឹងមានបង្ហាញសៀវភៅរាប់ពាន់ចំណងជើងជាលើកដំបូងនៅខេត្តកំពង់ស្ពឺ។ លោកបន្តថា ពិសេសជាងនេះ នៅខេត្តកំពង់ស្ពឺ ក៏មានការផ្តល់ឱកាសដល់អ្នកអានបង្ហាញសមត្ថភាពចូលរួមប្រកួតប្រជែងអំណានជាសាធារណៈទៀតផង។
លោក បានបញ្ជាក់ថា៖«ចំពោះបេក្ខជនជយលាភីប្រចាំខេត្តកំពង់ស្ពឺ នឹងចូលរូមប្រកួតប្រជែងជាមួយបេក្ខជនជយលាភី២៤ខេត្តក្រុងទៀត ក្នុងកម្មវិធី “ជើងឯកបំបែកជើងឯក” ហើយអ្នកទទួលបានជយលាភីផ្នែកអំណានប្រចាំប្រទេសនេះ នឹងទទួលបានឱកាសទៅទស្សនកិច្ចសិក្សានៅប្រទេសជប៉ុន»។
យោងតាមការស្ទង់មតិសេដ្ឋកិច្ចសង្គមកម្ពុជាឆ្នាំ២០១៤ ប្រទេសកម្ពុជា មានអត្រាអក្ខរកម្មទាបបំផុតលំដាប់ទី២ ក្នុងចំណោមប្រទេសអាស៊ាន បន្ទាប់ពីប្រទេសឡាវ និងប្រហែល២៩ភាគរយ នៃប្រជាជនសរុប គឺខ្វះជំនាញអាន និងសរសេរជាមូលដ្ឋាន។ ចំពោះការរកឃើញរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍យុវជនជាតិ (NYDC 2021) នៅកម្ពុជាបានបង្ហាញថា កម្ពុជាជាប្រទេសដែលមានយុវជន ៣២ភាគរយដែលមានអាយុពី១០ ដល់ ២៤ឆ្នាំ និង ៧១ភាគរយនៃយុវជនមិនបានសិក្សាជាផ្លូវការ។
តាមសេចក្តីប្រកាសព័ត៌មានរបស់យុទ្ធនាការសៀវភៅ១ សហគមន៍១ បានឱ្យដឹងថា យុទ្ធនាការលើកកម្ពស់ការអានរបស់ខ្លួននេះ នឹងធ្វើសកម្មភាពរយៈពេល២ឆ្នាំ ឬ២៥ខែ ជុំវិញ២៥ខេត្តក្រុង ដែលមានសកម្មភាពធំៗចំនួន៥ គឺការប្រកួតប្រជែងការអានប្រចាំខេត្ត ការចែកសៀវភៅដោយឥតគិតថ្លៃ បណ្ណាល័យចល័ត ការអភិវឌ្ឍបណ្ណាល័យ និងផ្សារណាត់សៀវភៅ។
យុទ្ធនាការនេះ គឺជាការផ្តូចផ្តើមគំនិតដោយក្រុមការងារ Riel Tiger Solutions, បណ្ណាល័យបញ្ញវន្ត គ្រឹះស្ថានបោះពុម្ពផ្សាយBusiness Record និងដៃគូសហការសំខាន់ៗដូចជាអង្គការSiparសហព័ន្ធសេវាអប់រំកម្ពុជា ព្រមទាំងមានការគាំទ្រពីសមាគមអ្នកបោះពុម្ពផ្សាយសៀវភៅនៅកម្ពុជា សមាគមបណ្ណាល័យកម្ពុជា សមាគមអ្នកនិពន្ធខ្មែរ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាផងដែរ៕