
ពលរដ្ឋនាំគ្នាដាំកូនឈើនៅព្រៃសហគមន៍នេសាទស្ដីក្រោមរហាលសួងកាលពីកន្លងទៅ។ រូបថត ហ្វេសប៊ុក
បាត់ដំបងៈ អនុប្រធានសហគមន៍នេសាទស្ដីក្រោម-រហាលសួងលោក ហោ សំអាត អំពាវនាវអាជ្ញាធរ និងពលរដ្ឋឱ្យចូលរួមថែរក្សាសហគមន៍នេះ ខណៈគិតត្រឹមឆ្នាំ ២០២២ សមាជិកក្នុងសហគមន៍សរុបមានចំនួន ៥៣៤នាក់ ក្នុងនោះស្រី ២១៣ នាក់ ដែលគិតជាគ្រួសារមានចំនួន ១៨៨ គ្រួសារ ដោយភាគច្រើនពឹងផ្អែកលើរបរសិកម្ម និងនេសាទត្រី។
តំបន់អភិរក្សសហគមន៍នេសាទស្ដីក្រោម-រហាលសួង ស្ថិតក្នុងឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានបង្កើតតាំងពីឆ្នាំ២០០៧ដែលដែនគ្រប់គ្រងរបស់សហគមន៍សរុបមានចំនួន១ ៣៩០ហិតា ក្នុងនោះព្រៃលិចទឹក៦៤,៧៧ភាគរយ (៩០០,៣០៣ហិតា) ក្រៅពីនោះជាដីកសិកម្មរបស់ប្រជាពលរដ្ឋ បឹង វាលទំនាប និងអូរ។ បឹងមានចំនួន២៩ អូរចំនួន៧ វាលចំនួន៣ ដែលបានកាត់ចេញពីអតីតឡូត៍នេសាទលេខ៧ និងលេខ៦។
ព្រំប្រទល់ដែនគ្រប់គ្រងរបស់សហគមន៍នេះ ខាងជើងជាប់មាត់ស្ទឹងសង្កែ ភូមិបាក់ព្រា និងឃុំព្រៃចាស់, ខាងត្បូងជាប់នឹងព្រំប្រទល់សហគមន៍នេសាទបាក់រទេះ,ខាងកើតជាប់នឹងព្រំប្រទល់សហគមន៍នេសាទស្វាយសនៃឃុំតាប៉ុន និងខាងលិចជាប់នឹងមាត់ស្ទឹងសង្កែ។
លោក ហោ សំអាត អនុប្រធានសហគមន៍នេសាទស្ដីក្រោម-រហាលសួងទទួលបន្ទុករៀបចំតំបន់អភិរក្សបានឱ្យដឹងថា មកដល់ឆ្នាំ២០២២ សហគមន៍បានស្ដារនិងកែលម្អបឹងនៅចំណុចបឹងតាមាឃ បានជាង ១០ ០០០ម៉ែត្រគុប និងបានរៀបចំព្រំប្រទល់ធ្វើផ្លូវការពារភ្លើងឆេះផងនិងបង្ហាញសញ្ញាសម្គាល់ឱ្យប្រជាពលរដ្ឋបានដឹងពីព្រំប្រទល់ទីតាំងអភិរក្ស ផងដើម្បីងាយស្រួលក្នុងការចុះល្បាត ។
លោកបានអះអាងថា ៖«ការដាក់ព្រំប្រទល់នេះ គឺយើងមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋនេសាទក្នុងតំបន់នេះទេ បើផុតពីកន្លែងនេះ អាចនេសាទបាន»។
ក្រៅពីការរៀបចំស្តារបឹងធម្មជាតិនិងរៀបចំព្រំប្រទល់តំបន់អភិរក្សសហគមន៍នេសាទស្ដីក្រោម-រហាលសួង សហគមន៍ក៏បានដាំកូនឈើបានមួយចំនួនផងដែរ។
លោកហោ សំអាត បានថ្លែងថា៖ «ក្នុងឆ្នាំ២០២២ យើងដាំបានជាង១០០ដើម ជាដើមរំដេញសុទ្ធហើយតាំងពីដាំមកដល់ពេលនេះ សរុបបានជាង ១ ០០០ដើមហើយ មានរំដេញ មានរាំង និងក្ទម្ព យើងមានតែ៣ប្រភេទនេះទេ»។
ជាមួយគ្នានេះ លោកសំអាត បានអំពាវនាវឱ្យប្រជាពលរដ្ឋជួយថែរក្សាតំបន់អភិរក្សមេពូជត្រី និងសត្វព្រៃមួយចំនួនដែលមាននៅក្នុងសហគមន៍នេះ។ លោកបានថ្លែងថា៖ «ខ្ញុំសូមសំណូមពរដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ មិនថាតែក្នុងឃុំព្រែកហ្លូងទេ កន្លែងផ្សេងៗទៀត ក៏សូមចូលរួមថែរក្សាទាំងអស់គ្នា ព្រោះត្រីក្នុងតំបន់នេះ ពេលរដូវទឹកលិច វាធ្វើចរាចរណ៍ហួសពីឃុំព្រែកហ្លូងទៀត ហើយប្រសិនបើយើងមិនចូលរួមការពារទេ ពេលដែលត្រីចេញទៅ មានអ្នកនេសាទប្រើឧបករណ៍នេសាទដែលច្បាប់ហាមឃាត់ នោះគឺជាការបំផ្លាញទាំងត្រីធំ និងកូនត្រីតូចៗ»។
លោកបានបន្តទៀតថា ធនធានធម្មជាតិជារបស់ទាំងអស់គ្នា ដូចជា អ្នកនេសាទត្រី បើមានត្រីគាត់អាចនេសាទបាន អាចជួយបង្កើនមុខរបរបាន។ចំណែកក្រៅពីអ្នកនេសាទក៏ទទួលផលប្រយោជន៍ពីត្រី បើត្រីធម្មជាតិសម្បូរពួកគាត់អាចរកត្រីបានច្រើនលក់លើទីផ្សារ ក្នុងតម្លៃធូរថ្លៃផងដែរ ដែលវាជាចំណែកមួយជួយឱ្យប្រជាពលរដ្ឋចំណាយតិចក្នុងគ្រួសារ។
លោក ហោ សំអាត បានប្រាប់ថា៖«អ៊ីចឹង!សូមចូលរួមទាំងអស់គ្នា សូមសប្បុរសជនទាំងអស់ចូលរួមថែរក្សានិងចូលរួមឧបត្ថម្ភដល់សហគមន៍នេសាទស្ដីក្រោម-រហាលសួង ដើម្បីបានបន្តការងារអភិរក្សនេះបន្តទៀត»។
សូមបញ្ជាក់ថា សហគមន៍ស្ដីក្រោម-រហាលសួងនេះ រួមបញ្ចូលដោយភូមិចំនួន២ គឺភូមិស្ដីក្រោម និងភូមិរហាលសួង ស្ថិតនៅក្នុងឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
លោកហោ សំអាត បានរៀបរាប់ពីប្រវត្តិត្រួសៗថា ឆ្នាំ១៩៩៦ ឃុំព្រែកហ្លួងបានជួបប្រទះនូវគ្រោះធម្មជាតិរាំងស្ងួត។ ម្យ៉ាងដោយសារដីធ្វើស្រែប្រើជីគីមីខ្លាំង និងអត្រាការប្រាក់កម្ចីខ្ពស់រហូត១០ភាគរយ ជាហេតុធ្វើឱ្យអ្នកភូមិស្ដីក្រោមមួយចំនួនខ្វះដើមទុន និងស្បៀងអាហារ។
លោកបានបន្តថា ដើម្បីចូលរួមដោះស្រាយបញ្ហានេះ នៅឆ្នាំ១៩៩៧ អង្គការក្រុមទ្រទ្រង់(VSG)បានសម្របសម្រួលជួយបង្កើតសមាគមឈ្មោះថា«ស្មារតីលើកស្ទួយកសិករខ្មែរ»ដោយមានកម្មវិធីធំៗចំនួន៣គឺស្រូវប្រាំងនិងសួនបន្លែគ្រួសារ ដោយប្រើជីធម្មជាតិ និងជីកំប៉ុស, ធនាគារស្រូវ និងឥណទាន និងប្រាក់សន្សំ។
លុះដល់ឆ្នាំ១៩៩៨-២០០០ ជម្លោះដែននេសាទរវាងអាជីវករឡូត៍នេសាទ និងប្រជាពលរដ្ឋកាន់តែធ្ងន់ធ្ងរដើម្បីដោះស្រាយបញ្ហានេះនៅអំឡុងឆ្នាំ២០០០ និង២០០១ រាជរដ្ឋាភិបាលបានសម្រេចលុបឡូត៍នេសាទតម្លៃចាប់ពី៣០លានរៀលចុះ និងកាត់ផ្ទៃឡូត៍មួយចំនួនសរុបទូទាំងប្រទេសជាង៥៦ភាគរយ ទុកសម្រាប់ប្រជាពលរដ្ឋនេសាទជាលក្ខណៈគ្រួសារ ហើយបានប្រកាសឱ្យប្រជាពលរដ្ឋបង្កើតសហមន៍នេសាទ។
នៅឆ្នាំ២០០៣ ដើម្បីចូលរួមគាំទ្រគោលនយោបាយកែទម្រង់វិស័យជលផលរបស់រាជរដ្ឋាភិបាល សមាគមស្មារតីលើកស្ទួយកសិករខ្មែរភូមិស្ដីក្រោម ប្រជាពលរដ្ឋភូមិរហាល អាជ្ញាធរដែនដី ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអង្គការក្រុមទ្រទ្រង់ភូមិបានរួមគ្នាបង្កើតជាសហគមន៍សាទ ដោយដាក់ឈ្មោះថា «ស្ដីក្រោម-រហាលសួង»ដោយមានគណៈកម្មការចំនួន៧រូប ដែលបានកើតឡើងតាមរយៈការបោះឆ្នោត និងបោះឆ្នោតលើកទី២នៅឆ្នាំ២០១២ មានគណៈកម្មការចំនួន៩រូប។
បច្ចុប្បន្នគណៈកម្មការ៩រូបដែលមានស្ត្រីចំនួន៣រូបផងដែរក្នុងនោះមានប្រធាន១រូប ,អនុប្រធាន២រូប,បេឡា១រូប,លេខា១រូប ,ផ្នែកផ្សព្វផ្សាយ២រូប ផ្នែកល្បាត១រូប និងផ្នែកយុវជន១រូប៕