ពោធិ៍សាត់ៈ ​មន្ត្រី​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាកាន​ កាល​ពី​ព្រឹក​ថ្ងៃ​ទី៥​ខែមករា​ បាន​សហការ​ជាមួយ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត​ពោធិ៍សាត់​ ចុះ​ធ្វើ​ការផ្សព្វផ្សាយ​ពី​គោល​នយោបាយ​ភូមិ​ ឃុំ​មាន​សុវត្ថិ​ភាព​ ស្តី​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ និង​ផល​ប៉ះពាល់​នៃ​ការប្រើប្រាស់​នូវ​សារធាតុ​ញៀន​ ដល់​លោកគ្រូ​ អ្នកគ្រូ​ និង​សិស្សានុ​សិស្ស​សរុប​ ១ ៧៩៤​នាក់ នៅ​វិទ្យាល័យ​បាកាន​។

វិទ្យាល័យ​បាកាន​ ស្ថិតនៅ​ក្នុង​ភូមិ​ក្រោលក្របី​ ឃុំ​ត្រពាំងជង​ ស្រុក​បាកាន​។ ពិធី​ផ្សព្វផ្សាយនេះ​ធ្វើ​ឡើង ​ក្រោម​អធិបតីភាព​លោក ឆាំង ហាវ​ អនុ​ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត​ពោធិ៍​សាត់​ ដោយ​មាន​ការចូលរួម​ពី​លោក​វរសេនីយ៍​ឯក​ នាង វុធ​ អធិការ​នគរបាល​ស្រុក​បាកាន​លោក​វរសេនីយ៍​ទោ ​ចាន់ សុភី​ អធិការ​រង​ទទួល​បន្ទុក​ផែន​សណ្ដាប់ធ្នាប់​ លោក​វរសេនីយ៍​ត្រី សុង ​គឹមសែ​ អធិ​ការ​រង​ទទួល​បន្ទុក​ផែន​ប្រឆាំង​គ្រឿង​ញៀន​ លោក​នាយ​ នាយ​រង​ប៉ុស្តិ៍ ​រដ្ឋបាល​ត្រពាំងជង​ លោកគ្រូ​ អ្នកគ្រូ​ និង​សិស្សានុ​សិស្ស​សរុប​ ១ ៧៩៤​នាក់​ស្រី ៩៧៧ ​នាក់។

លោក​វរសេនីយ៍​ឯក នាង វុធ​ បាន​ឱ្យដឹង​ថា ៖​«ក្នុង​ការផ្សព្វផ្សាយ​ពី​គោល​នយោបាយ​ភូមិ​ ឃុំ​មាន​សុវត្ថិភា​នេះ ​កម្លាំង​ជំនាញ​យើង​បាន​ចែក​ខិត្ត​បណ្ណ​ផ្សព្វផ្សាយ​ពី​ស្លាក​សញ្ញា​ចរាចរណ៍​បាន​ចំនួន​៣៥៥​សន្លឹក​ និង​ខិត្ត​ប័ណ្ណ​ស្តី​ពី​ផល​ប៉ះពាល់​នៃការប្រើប្រាស់​គ្រឿង​ញៀន​បាន​ចំនួន​ ៣១៥​ សន្លឹក​ដល់​សិស្សានុ​សិស្ស។

លោក​អធិការ​បាន​បន្ត​ទៀត​ថា ការធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​នេះ​មាន​គោល​បំណង​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ និង​ការប្រើប្រាស់​នូវ​សារធាតុ​គ្រឿង​ញៀន​ខុស​ច្បាប់ ​ឱ្យ​មក​នៅ​កម្រិត​ទាប ដើម្បី​ធានា​បាន​នូវ​សន្តិសុខ​ សុវត្ថិភាព​ និង​សណ្តាប់ធ្នាប់​សង្គម​ជូន​ប្រជាពល​រដ្ឋ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​៕