ភ្នំពេញៈ មន្ត្រី​ជំនាញ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃទី ៥ មករា​ឆ្នាំ ២០២៣ បាន​បើក​កិច្ចប្រជុំ​ពិនិត្យ​លើ​សេចក្តី​ព្រាងច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី ដើម្បី​រៀបចំ​កែសម្រួល​ឡើងវិញ​ជា​លើក​ចុងក្រោយ​ក្នុង​កម្រិត​ក្រុមការងារ​សិក្សា និង​វិសោធនកម្ម​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ដើម្បី​ត្រៀម​សម្រាប់​ការបន្ត​នីតិវិធី​ដាក់ជូន​ក្រុម​ប្រឹក្សា​អ្នកច្បាប់ នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ស្នើសុំ​ការពិនិត្យ​ផ្ទៀងផ្ទាត់​បន្ថែម។​

​កិច្ចប្រជុំ​នេះ​ត្រូវបាន​ដឹកនាំ​ដោយ​លោក តូច ចាន់​កុសល រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​សាធារណការ និង ដឹកជញ្ជូន និង​ជា​ប្រធាន​ក្រុមការងារ​សិក្សា និង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ដោយមាន​ការ​ចូលរួម​ពី​មន្ត្រី​ជាន់ខ្ពស់​ដែលជា​សមាជិក សមាជិកា​នៃ​ក្រុមការងារ​សិក្សា និង​វិសោធនកម្ម​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក។​

​អង្គប្រជុំ បាន​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​លើ​ការកែសម្រួល​ពាក្យពេចន៍ ឃ្លាឃ្លោង ក្នុង​មាត្រា​មួយចំនួន និង​ការកំណត់​និយមន័យ​នៃ​វាក្យ​ស័ព្ទ ដែល​ប្រើប្រាស់​ក្នុង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ សំដៅ​រៀបចំ​ឱ្យបាន​រួចរាល់​សព្វគ្រប់ និង​មាន​អត្ថន័យ​គ្រប់​ជ្រុងជ្រោយ យោងតាម​ស្មារតី​អង្គប្រជុំ និង​អនុសាសន៍​ណែនាំ របស់​លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក (​គ​.​ស​.​ច​.​គ​) ដែល​បាន​លើក​ឡើង​ក្នុង​អង្គប្រជុំ​កាលពី​ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ។

​បើតាម​ក្រសួង​សាធារណការ បន្ទាប់ពី​កិច្ចប្រជុំ​នេះ ក្រុមការងារ នឹង​រៀបចំ​សេចក្តី​ព្រាងច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ ដាក់ជូន​ក្រុមប្រឹក្សា​អ្នកច្បាប់​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ដើម្បី​ស្នើសុំ​ការពិនិត្យ​ផ្ទៀងផ្ទាត់​បន្ថែម មុននឹង​បន្ត​នីតិវិធី​ដាក់​ជូន​ទៅ​គណៈរដ្ឋមន្ត្រី រដ្ឋសភា និង​ព្រឹទ្ធសភា ដើម្បី​ឆ្លង​ការឯកភាព និង​អនុម័ត៕