ភ្នំពេញៈ គណៈប្រតិភូរដ្ឋសភាកម្ពុជា រួមមានសមាជិក សមាជិការដ្ឋសភា ទីប្រឹក្សា និងមន្ត្រីមួយចំនួន បានអញ្ជើញទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ និងមហា​សន្និបាត​សភា​តំបន់អាស៊ី (APA) លើកទី១៣ នៅទីក្រុងអានតាលីយ៉ា ប្រទេសតួកគី ក្រោមមូលបទ «ការលើកកម្ពស់ពហុភាគីនិយមក្នុងពេលពិភពលោកកំពុងប្រែប្រួល» ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ​២០២៣។

មហាសន្និបាតលើកទី១៣នេះ នឹងពិភាក្សាអនុម័តលើសេចក្តីសម្រេចមួយចំនួន ព្រមទាំងសេចក្តីថ្លែងការណ៍។

គណៈប្រតិភូរដ្ឋសភាកម្ពុជាដែលទៅចូលរួមមហាសន្និបាតសភាតំបន់អាស៊ី (APA) លើកទី១៣នៅប្រទេសតួកគីនេះ ដឹកនាំដោយលោក ទី សុគន្ធ លេខាធិការគណៈកម្មការទី៥ នៃរដ្ឋសភា។

បើតាមរដ្ឋសភាកម្ពុជា សភាតំបន់អាស៊ី (Asian Parliamentary Assembly-APA ) ជាស្ថាប័ន១ប្រមូលផ្តុំសភាក្នុងតំបន់អាស៊ី ក្នុងគោលបំណងធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកប​ដោយចីរភាពក្នុងតំបន់ ហើយសភាកម្ពុជាគឺជាសហស្ថាបនិកមួយផងដែរ។

បច្ចុប្បន្នសភាតំបន់អាស៊ី មានសមាជិកចំនួន ៤៤ ប្រទេស និងអង្គការដៃគូចំនួន១០ ព្រមទាំងសភាសង្កេតការណ៍ចំនួន១៤។

សូមរំឭកផងដែរថា សភាកម្ពុជាក៏ធ្លាប់បានទទួលរៀបចំមហាសន្និបាតសភាតំបន់អាស៊ី (APA) លើកទី៨ និងលើកទី៩ កាលពីឆ្នាំ២០១៥ និង២០១៦ ផងដែរ៕