ភ្នំពេញៈ មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បា​ណ​ក​សាស្ត្រ ចេញផ្សាយ​របាយការណ៍​ឱ្យដឹងថា ក្នុង​ឆ្នាំ​​ ២០២២ ជំងឺគ្រុនចាញ់ មាន​ចំនួន​ ៤ ០៤២ ករណី​ ដែល​ចំនួន​នេះ​មានការ​ថយចុះ​ចំនួន ៦​ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០២១ ដែលមាន​ករណី​គ្រុន​ចាញ់ ចំនួន ៤ ៣១៨​ ករណី​។​

​បើតាម​មជ្ឈមណ្ឌល​ជាតិ​នេះ​កម្ពុជា​មិនមាន​ករណី​ស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់ ចាប់តាំងពី​ឆ្នាំ ​២០១៨​ មកដល់​បច្ចុប្បន្ន ដែល​មានន័យថា កម្ពុជា​សម្រេចបាន​ជោគ​ជ័យ​មុន​គោលដៅ​គ្រោងទុក​ឆ្នាំ​ ២០២៥​។​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ធ្លាប់បាន​លើកឡើង​នា​ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ នាពេល​កន្លងមក​ថា ទោះបី​ការងារ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​កំពុង​ទទួលបាន​សមិទ្ធ​ផល​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​យ៉ាងណាក្តី ក៏​ត្រូវតែ​ខិតខំ​បង្កើនល្បឿន​ទៀត​នៃ​ការលុបបំបាត់​ជំងឺគ្រុនចាញ់​ទៅតាម​ផែនការ​ដូច​មាន​ក្នុង​អភិក្រម​សកម្មភាព​ការងារ​លុបបំបាត់​ជំងឺ​គ្រុន​ចាញ់​ដំណាក់កាល​ទី​ ២​ ឆ្នាំ​ ២០២១-២០២៥ ដែលជា​ផ្នែក ​១ ​នៃ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​លុបបំបាត់​ជំងឺគ្រុនចាញ់​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា ឆ្នាំ ២០១១-២០២៥​។​

​សូមបញ្ជាក់ថា អភិក្រម​សកម្មភាព​ការងារ​លុបបំបាត់​ជំងឺគ្រុនចាញ់ ឆ្នាំ​ ២០២១-២០២៥ ត្រូវបាន​ក្រសួងសុខាភិបាល បានអនុម័ត​ឱ្យប្រើ​ប្រាស់​ចាប់ពី​ឆ្នាំ ​២០២១ ត្រូវបាន​យកមកអនុវត្ត​អស់​រយៈពេល ២ ​ឆ្នាំ​ហើយ ដែល​អំឡុងពេល​នៃ​ការអនុវត្ត​នេះ មជ្ឈមណ្ឌល​ជាតិ ក្រសួង​-​មន្ទីរ​ពាក់ព័ន្ធ ដៃគូ​វិនិយោគ ដៃគូ​អនុវត្តន៍ ជាតិ​និង​អន្តរ​ជាតិ និង​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់ បានសម្រេច​បាន​នូវ​លទ្ធផល​ជា​ផ្លែផ្កា​ជាច្រើន​។​

​ទាក់ទង​នឹង​ជំងឺគ្រុនចាញ់​នេះ លោកស្រី ម៉ុម ថា​នី រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុម​ការងារ​លុបបំបាត់​ជំងឺគ្រុនចាញ់ គ្រុនឈាម និង​ដង្កូវ​ព្រូន​នៃ​ក្រសួងបរិស្ថាន បាន​ដឹកនាំ​ក្រុមការងារ​លុបបំបាត់​ជំងឺគ្រុនចាញ់ និង​ក្រុមការងារ​ស្ត្រី ចែក​មុង​ជ្រលក់​ថ្នាំ​ដល់​ប្រជា​សហគមន៍​ក្នុង​ឃុំ​ចំនួន​ ៣ ក្នុង​ឃុំ​ទឹក​ថ្លា ឃុំ​ទឹកល្អក់ និង​ឃុំ​សាមគ្គី ក្នុងស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ លោកស្រី​បាន​ថ្លែង​នាឱកាស​នោះ​ថា ក្រសួងបរិស្ថាន​និង​ក្រសួងសុខាភិបាល​បាន​សហការគ្នា​យ៉ាង​ស្អិតល្មួត ដើម្បី​លុបបំបាត់​ជំងឺ​គ្រុន​-​ចាញ់ នៅតាម​សហគមន៍​មូលដ្ឋាន និង​តំបន់ការពារធម្មជាតិ ឱ្យបាន​សម្រេច​នៅ​ឆ្នាំ​ ២០២៥ ស្របតាម​ផែនការ​យុទ្ធ​សាស្ត្រ​ជាតិ​លុបបំបាត់​ជំងឺគ្រុនចាញ់ ឆ្នាំ​ ២០២១-២០២៥​។

​ខេត្ត​គោលដៅ​ចំនួន​ ៦ ដែល​នៅមាន​អត្រា​ឆ្លង​ជំងឺគ្រុនចាញ់​នៅឡើយ រួមមាន​ខេត្តកំពង់ស្ពឺ មណ្ឌល​គិរី រតនគិរី ស្ទឹងត្រែង ព្រះវិហារ និង​ក្រចេះ​។ ដោយឡែក ទោះបី​ខេត្ត​ព្រះសីហនុ​អាច​គ្រប់គ្រង​ការឆ្លង​ជំងឺគ្រុនចាញ់​បាន​។​យ៉ាងណាក៏ដោយ​ប៉ុន្តែ​ថ្មីៗ​នេះ​អត្រា​ឆ្លង​ជំងឺគ្រុនឈាម​បាន​កើនឡើង​គួរឱ្យ​ព្រួយ​​បារម្ភ ទើប​ក្រុមការងារ​ក្រសួងបរិស្ថាន នៅតែ​បន្ត​ផ្សព្វផ្សាយ អំពី​វិធានការ​ស្ដីពី​ការការពារ បង្ការ​ទប់ស្កាត់​ជំងឺគ្រុនចាញ់ និង​ជំងឺគ្រុនឈាម​ឱ្យបាន​គ្រប់​ខេត្ត​។

​លោកស្រី ម៉ុម ថា​នី មានប្រសាសន៍ថា​៖ «​ប្រជា​សហគមន៍​ទាំងអស់​ត្រូវតែ​សម្រាន្ត​ក្នុង​មុង​ជ្រលក់​ថ្នាំ និង​ត្រូវមាន​អនាម័យ ថែរក្សា​សុខភាព បរិស្ថាន​ល្អ ក្នុងកា​រស់នៅ​ប្រចាំថ្ងៃ ដើម្បី​ចៀស​ផុតពី​ជំងឺគ្រុនចាញ់ និង​ជំងឺ​ផ្សេងៗ​ទៀត​»៕​