
ផ្លូវ ១ ខ្សែ ប្រវែងផ្លូវសរុប ៦០ គីឡូម៉ែត្រ កំពុងត្រូវបានសាងសង់។ រូបថត សហការី
កំពតៈ ក្រុមហ៊ុនអភិវឌ្ឍន៍ភ្នំបូកគោ នៅលើឧទ្យានជាតិព្រះមុនីវង្ស បូកគោរបស់លោកសុខ គង់ បាននិងកំពុងកសាងផ្លូវ ១ ខ្សែ តភ្ជាប់ពីតំបន់វាលស្រែ ៥០០ ជាទីឋានព្រះពុទ្ធបដិមាកម្ពស់ ១០៨ ម៉ែត្រ ត្រៀមរំលេចព្រះភក្ដ្រដ៏ស្កឹមស្កៃអំឡុងពេល ៤ ឆ្នាំទៀត ទៅកាន់ផ្លូវជាតិលេខ ៤។ ការកសាងផ្លូវដែលចាប់ផ្ដើមដំណើរការចេញពីគោលដៅទាំង ២ កំពុងតម្រង់ឆ្ពោះទៅជួបគ្នា ដោយនៅសល់គម្លាតប្រមាណ ១០ គីឡូម៉ែត្រ លើប្រវែងផ្លូវសរុប ៦០ គីឡូម៉ែត្រ។
ក្នុងពិធីសម្ពោធសៀវភៅលើកដំបូងរបស់លោកក្រោមចំណងជើងថា «អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់» លោក សុខ គង់ ជាអគ្គនាយកក្រុមហ៊ុនសុខាអូតែល និងសូគីម៉ិចគ្រុបថ្លែងថា៖ «យើងមានការអភិវឌ្ឍច្រើននៅលើភ្នំបូកគោ ដូចជា ផ្លូវកាត់ពីស្រែ ៥០០ ទៅកំពង់សោម»។
លោកបន្ដថា៖ «ប្រហែលជាខែ ៤ យើងអាចភ្ជាប់គ្នាបានហើយ ចំពោះ ផ្លូវ ១ ខ្សែនោះ។ យ៉ាងណាមិញ វាមិនទាន់ជាផ្លូវកៅស៊ូល្អអ្វីនោះទេ គ្រាន់តែអាចធ្វើដំណើរបាន។ អ៊ីចឹងមានន័យថា គម្រោងកំពុងតែអភិវឌ្ឍ»។
ការអភិវឌ្ឍផ្លូវថ្មីនេះ មានការចូលរួមពីឧកញ៉ាល្បី ២ រូបគឺលោក ម៉ុង រិទ្ធី ជាអ្នកផ្ដល់ដីសម្បទានដូងប្រេង រីឯលោកសុខ គង់ ជាអ្នកចំណាយថ្លៃការសាងសង់ ក្រោមកិច្ចសម្របសម្រួលរបស់លោកឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា និង អនុម័ត ដោយលោកនាយករដ្ឋមន្ដ្រី កាលពីថ្ងៃទី ១៨ ធ្នូ ឆ្នាំ ២០២១។
លោក ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងពេលបញ្ចុះបឋមសិលាកសាង ព្រះពុទ្ធបដិមាកម្ពស់ ១០៨ ម៉ែត្រដ៏ធំបំផុតនៅកម្ពុជា និងស្ថិតក្នុងចំណោមព្រះពុទ្ធបដិមាខ្ពស់ៗលើពិភពលោកថា៖ «ថ្មីៗនេះរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យស្ថាបនា ផ្លូវថ្មី ១ ខ្សែទៀត តភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់គីឡូម៉ែត្រ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ ឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចម្ការដូងប្រេងប្រមាណ ២៧ គីឡូម៉ែត្រទទឹងផ្លូវ ១៨ ម៉ែត្រ»។
លោកថា ក្រុមហ៊ុនសុខាអូតែល ដែលបាននិងកំពុងអភិវឌ្ឍគម្រោង ៤ ទីតាំង រួមមាន សាងសង់ភូមិគ្រឹះ ៧ ៦១៣ខ្នង និងផ្ទះ ២ ១៩២ ល្វែង ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៧ មីនា ឆ្នាំ ២០២០។
លោក ជា សុផារ៉ា ឱ្យដឹងថា៖ «ជាទិសដៅ រាជរដ្ឋាភិបាលគាំទ្រ និងលើកទឹកចិត្ដដល់ការអភិវឌ្ឍឧទ្យានជាតិព្រះមុនីវង្សបូកគោ ស្របតាមប្លង់គោល ការប្រើប្រាស់ដីគម្រោងអភិវឌ្ឍន៍ក្រុងបូកគោ ចក្ខុវិស័យឆ្នាំ ២០៣៥ និងត្រូវអភិរក្សតំបន់ ដែលមានគុណតម្លៃជីវចម្រុះ តំបន់ទីជម្រាល ផ្ទៃរងទឹកភ្លៀង អាងស្ដុកទឹក ទីតាំងប្រវត្ដិសាស្ដ្រ ទីសក្ការៈ និងតំបន់រដ្ឋបាលសាធារណៈ»។
លោកស្រី សុខ ចន្ថា អនុប្រធានក្រុមហ៊ុនសុខាអូតែល ឱ្យដឹងថា ការសាងសង់ពីផ្លូវជាតិលេខ ៤ បានចេញពីបង្គោលគីឡូម៉ែត្រ ១៥៨ បូក ២៩១ ម៉ែត្រ ឆ្ពោះទៅតំបន់អភិវឌ្ឍន៍លើភ្នំបូកគោ ដែលមានប្រវែង ប្រមាណជាង ៦០គីឡូម៉ែត្រ។
ឆ្លើយសំណួរ ភ្នំពេញ ប៉ុស្ដិ៍ ចំពោះ ចម្ងាយផ្លូវ ២៧ គីឡូម៉ែត្រ និង ៦០ គីឡូម៉ែត្រនេះ លោកស្វាយ វុទ្ធី ជាអ្នកមើលការសាងសង់របស់ក្រុមហ៊ុនលោកសុខ គង់ ឱ្យដឹងថា ការកសាងមាន២ដំណាក់កាល ដែលប្រវែងសរុប៦០គីឡូម៉ែត្រ។
លោកប្រាប់ថា៖ «ការកសាងផ្លូវចម្ងាយ ២៧ គីឡូម៉ែត្រ គឺគិតត្រឹមពី ផ្លូវជាតិលេខ ៤ មកកាន់កំពូលភ្នំ។ ប៉ុន្ដែវាមិនទាន់តភ្ជាប់ដល់វាលស្រែ ៥០០ នោះទេ ដោយយើងត្រូវ កសាងចេញពីបរិវេណព្រះពុទ្ធបដិមា ១០៨ ម៉ែត្រ ទៅភ្ជាប់នឹងផ្លូវកំពូលនោះទៀតប្រមាណ ៣៣ គីឡូម៉ែត្រ»។ លោកបន្ដថា ចំពោះ ការកសាងចេញពីផ្លូវជាតិលេខ ៤ ស្ថិតនៅចន្លោះបង្គោលគីឡូម៉ែត្រ លេខ ១៥៨ បូកបន្ថែមប្រមាណពី ២០០ ទៅជាង ២០០ ម៉ែត្រ។
ចំពោះការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា នៅលើភ្នំបូកគោនេះ លោកងិន បាណាល់ ជាកូនប្រសារបស់លោកសុខ គង់ ឱ្យដឹងថា អ្វីដែលលោកមានទស្សន វិស័យវែងឆ្ងាយ គឺចង់បង្ហាញស្នាដៃ របស់លោក ជាក្រុមហ៊ុនសូគីម៊ិច អ៊ីនវេសមិនគ្រុបមួយដែលបានចូលរួមអភិវឌ្ឍប្រទេសជាតិ។
លោកថ្លែងថា៖ «វាជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន តាំងពីជំនាន់៨០ប្លាយ ដែល លោកបានចូលរួមកៀកស្មាគ្នានេះដើម្បីជ្រោងសេដ្ឋកិច្ចយើងរហូតមកដល់សព្វថ្ងៃនេះ»។
លោកថា៖ «ចំពោះការវិនិយោគនៅលើភ្នំបូកគោនេះអស់ទុនរាប់រយ លានដុល្លារ តែមិនទាន់បានទាញ អ្វីជាផលចំណេញទេ មានតែដាក់ ចូលបន្ថែមដើម្បីធ្វើយ៉ាងណាបង្កើត ស្នាដៃរបស់អ្នកឧកញ៉ាបណ្ឌិត ផ្ទាល់ជាកេរដំណែល សម្រាប់ កូនខ្មែរយើងគ្រប់ជំនាន់»៕