ភ្នំពេញៈ លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ប្រកាស​ប្តេជ្ញាចិត្ត​ក្នុងការ​បន្ត​ចាត់​វិធានការ និង​ទប់ស្កាត់​បទល្មើស​ជួញដូរ​មនុស្ស និង​សម្អាត​ប្រាក់​ក្នុង​ឆ្នាំ​ថ្មី បន្ទាប់ពី​មើលឃើញថា បទ​ល្មើស​ទាំងនេះ នៅតែ​បន្ត​កើតមាន​ដែល​អាច​នឹង​បង្ក​ហានិភ័យ​ដល់​សុខ​សុវត្ថិភាព និង​សន្តិសុខ​របស់​ប្រជា​​ពលរដ្ឋ និង​ប្រទេសជាតិ​។​

​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ កីឡាការិនី ដែល​ទទួលបាន​ជោគជ័យ​ពី​ការប្រកួត​កីឡា​ជាតិ​លើក​ទី​​៣ ឆ្នាំ ​២០២២ នា​ថ្ងៃទី​ ៥ ខែមករា នៅ​មជ្ឈមណ្ឌល​ជាតិ​កីឡា​កា​រ៉ា​តេ ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP)​ លោក ស ខេង បាន​ថ្លែងថា កម្ពុជា​នៅមាន​បញ្ហា​ស្មុគស្មាញ​ជាច្រើន​ទៀត ដែល​ត្រូវ​បន្ត​ដោះស្រាយ បើទោះជា​កន្លងមក អាជ្ញាធរ​ពាក់ព័ន្ធ រួមទាំង​ប្រជាពលរដ្ឋ បាន​រួមគ្នា​ដោះស្រាយ​បញ្ហា​មួយចំនួន ដោយ​ទទួលបាន​ជោគ​​ជ័យ​ជា​បន្តបន្ទាប់​ក៏ដោយ​។

​លោកបាន​ថ្លែងថា​៖ «​សភាពការណ៍​សន្តិសុខ បទល្មើស​នានា ទោះបីជា​មកដល់ពេលនេះ យើង​រក្សាបាន​ល្អប្រសើរ​។ ប៉ុន្តែ​ពួកឧក្រិដ្ឋជន អ្នកប្រព្រឹត្ត​បទល្មើស គេ​មិនទាន់​បោះបង់ចោល​នូវ​ផែនការ​ទុច្ចរិត​របស់​ពួកគេ​នោះទេ​។ បទល្មើស​ជួញដូរ​មនុស្ស​គ្រប់​ទម្រង់ ដែលជា​បទ​ល្មើស​មិន​ប្រពៃណី ហើយ​ដែលមាន​បែប​ផែន​ស្មុគស្មាញ ដែល​យើង​ត្រូវតែ​បន្ត​រួមគ្នា ដើម្បី​ធ្វើ​ការងារ​នេះ​»​។

​លោក​បាន​ថ្លែងបន្តថា​៖ «​ឥឡូវនេះ យើង​បាន​ខិតខំ​ធ្វើ​កិច្ចការងារ​នេះ​នៅក្នុង​ឆ្នាំ​ ២០២២ ទទួលបាន​លទ្ធផល​គួរ​ជាទី​គាប់ចិត្ត​។ ប៉ុន្តែ​សួរថា យើង​ត្រូវ​ផ្អាក​ការងារ​ហ្នឹង បញ្ឈប់​ត្រឹមនេះ ឬមួយ​យើង​ធ្វើ​តទៅទៀត​? គឺ​ត្រូវតែ​ធ្វើ​តទៅទៀត ព្រោះ​ដោះស្រាយ​មិនទាន់​អស់នោះ​ទេ គឺមាន​កិច្ចការ​ជាច្រើន​ទៀត ដែល​យើង​ត្រូវខិតខំ​ប្រឹងប្រែង ដើម្បី​បន្តធ្វើ​នៅក្នុង​ឆ្នាំ​ ២០២៣​ នេះ​»​។​

​លោក ស ខេង បាន​ថ្លែង ដោយបាន​ណែនាំ​ឱ្យ​ភាគី​ពាក់ព័ន្ធ​រួមគ្នា​បន្តទៀត ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ បាន​យល់ដឹង​អំពី​បែបផែន​នៃ​ការជួញដូរ​មនុស្ស និង​បទល្មើស​សម្អាត​ប្រាក់ ដើម្បី​រួមគ្នា​ដោះស្រាយ ព្រោះ​បទល្មើស​ទាំងនេះ គឺជា​បទល្មើស​ថ្មី និង​មាន​ភាពស្មុគស្មាញ​យ៉ាង​កាច​សាហាវ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ធ្វើ​យ៉ាង​ម៉េច ដើម្បី​បានការ​គាំទ្រ និង​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ទាំងអស់ ហើយ​ដើម្បី​បានការ​គាំទ្រ​ពី​ពួកគាត់ ចាំបាច់​យើង​ត្រូវតែ​ខិតខំ​។ បទល្មើស​សម្អាត​ប្រាក់​នោះ​ក៏​ជា​បទល្មើស​ ១ ដែល​យើង​ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ដ៏​ស្មុគ​ស្មាញ​នេះ ពីព្រោះថា តាមរយៈ​ការសម្អាត​ប្រាក់​នេះ គឺ​នឹង​ធ្វើឱ្យប៉ះពាល់​ទៅដល់​មុខមាត់ កិត្យានុភាព​របស់​កម្ពុ​ជា​យើង​»​។

​តាម​របាយការណ៍​រប​ស់អគ្គ​ស្នង​ការដ្ឋាន​នគរបាលជាតិ កង​រាជ​អាវុធ​​ហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ខេត្ត បាន​បង្ហាញថា ក្នុង​រយៈពេល​ ៩ ​ខែ ឆ្នាំ​ ២០២២ សមត្ថកិច្ច​បាន​តាមដាន​ស្រាវជ្រាវ បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​សរុប​បាន​ ១២២ ករណី បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២១ មាន​ចំនួន ២៦៩​ ករណី ដោយ​ថយចុះ​ចំនួន​ ១៤៧ ​ករណី ស្មើនឹង​ ៥៤,៦៤ ​ភាគរយ​។​

​លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខា​ធិ​ការ​ក្រសួងមហាផ្ទៃ និង​ជា​អនុ​ប្រធាន​អចិ​ន្រៃ្ត​យ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស ធ្លាប់​ប្រាប់ ភ្នំពេញ​ប៉ុស្តិ៍ ថា រាជរដ្ឋាភិបាល នៅតែ​បន្ត​ការប្តេជ្ញាចិត្ត​ខ្ពស់​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បើទោះជា​របាយការណ៍​បាន​បង្ហាញថា ការ​ជួញ​​ដូរ​មនុស្ស​ក្នុងប្រទេស​មានការ​ថយចុះ​។ ប៉ុន្តែ លោកស្រី បាន​អះអាងថា ការជួញដូរ​មនុស្ស​ក្នុង​រូបភាព​ពាក់ព័ន្ធ​នឹង​ការជួញដូរ​ជនបរទេស​ពី​សំណាក់​ជនបរទេស​នៅលើ​ទឹកដី​ខ្មែរ ហាក់​មានការ​កើនឡើង​ទៅវិញ នៅក្នុងពេល​បច្ចុប្បន្ន​។​

​លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា បាន​និយាយថា ដើម្បី​ទប់ស្កាត់​បទ​ល្មើស​ទាំងនេះ​បាន​នៅក្នុង​ផ្ទៃ​ប្រទេស ជា​ជំហាន​ដំបូង​អាជ្ញាធរ គួរ​ចាត់​វិធាន​ការ​រាល់​អំពើពុករលួយ​នៅក្នុង​ប្រទេស​ជាមុនសិន ព្រោះ​បទល្មើស​ទាំងនេះ គឺមាន​ការពាក់ព័ន្ធគ្នា​។ លោក បាន​បន្តថា បើ​អាច​ដោះស្រាយ​បញ្ហា​អំពើពុករលួយ​បាន នោះ​បទល្មើស​នានា​នៅក្នុង​ប្រទេស ក៏​ត្រូវបាន​កាត់បន្ថយ​ផងដែរ ព្រោះ​ជនល្មើស ឬ​ឧក្រិដ្ឋជន​ទាំងនោះ មិនអាច​នៅក្រៅ​សំណាញ់​ច្បាប់ ដោយ​ប្រើប្រាស់​អំពើពុករលួយ​បានទេ​។​

​លោកបាន​បញ្ជាក់ថា​៖ «​បទល្មើស​ទាំងនេះ គឺមាន​ភាព​ពាក់ព័ន្ធ​គ្នា​ជាមួយ​បទល្មើស​ពុករលួយ​។ អ៊ីចឹង​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ គឺ​យើង​ត្រូវ​មើលទៅ​លើ​ទិដ្ឋភាព​ ១ ​នៃ​ការអនុវត្ត​ក្នុងការ​ប្រយុទ្ធប្រឆាំង​នៃ​អំពើពុករលួយ ដើម្បី​ធានាថា គ្មាន​ការអត់ឱន គ្មាន​ការយោគយល់​ណាមួយ​ដែល​ធ្វើឱ្យមាន​ទិន្ន​ភាព​។ ចំណុច​ផ្តើម គឺ​គួរ​ផ្តើម​ពី​ការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​»​។​

​លោក សន ជ័យ បាន​ថ្លែងបន្តថា វិធាន​ការដែល​បានដាក់​ចេញ​ដោយ​រដ្ឋាភិបាល ឬក៏​ក្រសួងមហាផ្ទៃ​ក្នុង​ពេលនេះ នឹង​ត្រូវបាន​អនុវត្ត​ឱ្យមាន​តម្លាភាព និង​ប្រសិទ្ធភាព ដើម្បី​ទប់​ស្កាត់​បទល្មើស​ដែល​បន្ត​កើតមាន ដូចជា​បទល្មើស​ជួញដូរ​មនុស្ស បទ​ល្មើស​សម្អាត​ប្រាក់ និង​បទល្មើស​គ្រឿងញៀន​៕