​កណ្តាលៈ លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល បាន​ក្រើនរំឭក​ជាថ្មីទៀត ដល់​អាជ្ញាធរ និង​កងកម្លាំង​គ្រប់លំដាប់​ថ្នាក់ ត្រូវ​បន្ត​យកចិត្តទុកដាក់​គ្រប់គ្រង បង្ក្រាប និង​ទប់ស្កាត់​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ កុំឱ្យ​កើតមាន​ក្នុង​មូលដ្ឋាន និង​ត្រូវ​ពង្រឹង​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។

​បន្ថែម​ពីនេះ មន្ទីរ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សូ​រិ​យោ​ដី​ខេត្ត និង​អង្គភាព​ពាក់ព័ន្ធ ត្រូវខិតខំ​ដោះស្រាយ​បញ្ហាដីធ្លី​ឱ្យអស់​ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្ដាល ហើយ​ត្រូវ​ព​ន្លឿ​ន​ការចេញ​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជា​ប្រព័ន្ធ ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​រួចរាល់​ក្នុង​ឆ្នាំ​២០២៣​នេះ​។

​លោក​គង់ សោ​ភ័​ណ្ឌ បាន​ក្រើនរំឭក​បែបនេះ នៅក្នុង​កិច្ចប្រជុំ​គណ​:​អភិបាលខេត្ត​កណ្តាល ប្រចាំឆ្នាំ​២០២២ នៅ​រសៀល​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២៣​។​

​បន្ថែម​ពីនេះ លោក​អភិបាលខេត្ត បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​បណ្ដា​មន្ទីរ​ជុំវិញ​ខេត្ត អាជ្ញាធរ​ក្រុង​-​ស្រុក ត្រូវ​បន្ត​ខិតខំ​បំពេញការងារ តួនាទី ភារកិច្ច​របស់ខ្លួន​ឱ្យ​កាន់តែ​ល្អ​ទ្វេ​ឡើង​ថែមទៀត​ក្នុង​ឆ្នាំ​២០២៣​នេះ ដើម្បី​ធ្វើឱ្យ​ខេត្តកណ្តាល​កាន់តែ​មានការ​អភិវឌ្ឍ ទទួល​នូវ​ស្នាដៃ និង​សមិទ្ធផល​ជា​បន្តបន្ទាប់​ទៀត​។​

​ជាមួយគ្នានេះ លោក​បាន​ថ្លែង​នូវ​ការកោតសរសើរ​ដល់​ម​ន្ទីរ​ជុំវិញ​ខេត្ត កងកម្លាំង​មាន​សមត្ថកិច្ច អភិបាលក្រុង​-​ស្រុក និង​មន្ត្រី​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញ​តួនាទី ភារកិច្ច​របស់ខ្លួន​បាន​យ៉ាង​ល្អប្រសើរ​ក្នុង​ឆ្នាំ​២០២២​កន្លងមក ដែល​ធ្វើឱ្យ​ខេត្តកណ្ដាល​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ លើ​ផ្នែក​សេវា​សង្គម នៅ​ទូទាំងប្រទេស ពី​ក្រសួងមហាផ្ទៃ ជាពិសេស​ខេត្តកណ្ដាល​ក៏​ទទួលបាន​ជយលាភី​ជា​ខេត្ត​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល (ODF) ចំណាត់ថ្នាក់​លេខ​៣ ទូទាំងប្រទេស​ផងដែរ​។​

​បន្ថែម​ពីនេះ លោក​គង់ សោ​ភ័​ណ្ឌ​ក៏បាន​ស្នើ​ដល់​មន្ទីរ​ជុំវិញ​ខេត្ត អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ត្រូវ​បន្ត​រក្សា​ស្នាដៃ​ចំណាត់ថ្នាក់​ល្អ លើ​ផ្នែក​សេវា​សង្គម នៅ​ទូទាំងប្រទេស​ជា​បន្តទៀត​ផងដែរ​៕