ភ្នំពេញៈ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​កាលពី​ថ្ងៃទី​៦​ខែមករា​បានចេញ​សារាចរ​មួយ​ស្តីពី ការពង្រឹង​បន្ថែម​លើ​ការងារ​គ្រប់គ្រង​សកម្មភាព​មីន ដើម្បី​សម្រេចបាន​ជោគជ័យ​តាម​ផែនការ​យុទ្ធសាស្ត្រ «​ឆ្នាំ​ ២០២៥ ជា​ឆ្នាំ​ដែល​កម្ពុជា​គ្មាន​មីន​»​។​

​សេចក្តីណែនាំ​បានបញ្ជាក់​ថា សកម្មភាព​បោសសម្អាត​មីន​ត្រូវបាន​រាជរដ្ឋាភិបាល​កំណត់​យ​ក​ជា​អាទិភាព​ចម្បង ដើម្បី​រួមចំណែក ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​និង​ជំរុញ​ការអភិវឌ្ឍ​។

​កម្ពុជា​បានកំណត់​នូវ​ចក្ខុវិស័យ​យ៉ាង ច្បាស់លាស់​ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​គ្មាន​មីន ការគំរាមកំហែង​ដោយ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ត្រូវបាន​កាត់បន្ថយ​ឱ្យនៅ​កម្រិត​អប្បបរមា ហើយ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​និង​ការអភិវឌ្ឍ​មនុស្ស​អាច​ប្រព្រឹត្ត​ទៅដោយ​សុវត្ថិភាព​។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ ដោយ​កំណត់​យក​ឆ្នាំ​២០២៥ ជា​ឆ្នាំ​ដែល​កម្ពុជា​គ្មាន​មីន​។

​ដើម្បី​ឈានដល់​ការសម្រេចបាន​នូវ​គោលបំណង​នៃ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន​២០១៨-២០២៥ និង​ការសម្រេចបាន​គោលដៅ កម្ពុជា​គ្មាន​មីន ត្រឹម​ឆ្នាំ​២០២៥ រាជរដ្ឋាភិបាល​បានស្នើ​បន្ត​កិច្ចសហប្រតិបត្តិការ​គាំទ្រ​របស់​ដៃគូ​អភិវឌ្ឍ ប្រទេស​ជា​មិត្ត វិស័យ​ឯកជន និង​សប្បុរសជន ទាំង​ផ្នែក​បច្ចេកទេស ថវិកា និង​សម្ភារ ក្នុង​បេសកកម្ម​បោសសម្អាត​មីន​នៅ​កម្ពុជា​។

​ក្រៅពីនោះ ក្រសួង ស្ថាប័ន ដែល​អនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ និង​គម្រោង​អភិវឌ្ឍន៍ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់មីន​និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន ដើម្បី​ពិគ្រោះ​យោបល់ អំពី​ស្ថានភាព​នៃ​ការ​គំរាម​ដោយសារ​គ្រាប់មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​លើ​ទីតាំង​ដែល​ត្រូវអនុវត្ត​គម្រោង ក៏ដូចជា​កំណត់​នូវ​វិធានការ​ចាំបាច់ និង​វិធីសាស្ត្រ​ដើម្បី​បញ្ចៀស​នូវ​ហានិភ័យ​នានា​ដែល​អាច​កើតមាន​។

ការចុះកិច្ចសន្យា ត្រូវធ្វើឡើង​តែ​ជាមួយ​ប្រតិបត្តិ​ករ​បោសសម្អាត​មីន ដែលមាន​អាជ្ញា​បណ្ណ និង​បណ្ណ​ទទួលស្គាល់​នៅមាន​សុពលភាព​ពី​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់មីន​និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន​ប៉ុណ្ណោះ ដើម្បី​លើកកម្ពស់ និង​ធានា​នូវ​ការគោរព​ស្តង់ដា​នៃ​ការ​បោសសម្អាត​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ប្រកបទៅដោយ​គុណភាព និង​ធានាបាន​នូវ​សុវត្ថិភាព​ពេញលេញ​។​

​លើសពីនោះ គ្រប់​ក្រុមហ៊ុន​អាជីវកម្ម និង​អ្នក​សាងសង់​គម្រោង​ឯកជន ត្រូវ​សហការ​និង​ពិភាក្សា​ជាមួយ​អាជ្ញាធរ កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់មីន​និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន ដើម្បី​កំណត់​អត្តសញ្ញាណ​ពិត ប្រាកដ​នៃ​ទីតាំង​ដែលមាន​ការ​គំរាម​ដោយសារ​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម និង​ចាំបាច់​ត្រូវ​បោសសម្អាត​ជាមុន មុននឹង​ចាប់ផ្តើម​អនុវត្ត​ការសាងសង់​ឬ​ធ្វើ​សកម្មភាព​នានា​របស់ខ្លួន​។​

​រដ្ឋាភិបាល​ក៏បាន​លើកទឹកចិត្ត​ដល់​ក្រសួងសុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​បន្ត​យកចិត្តទុកដាក់​ក្នុង​ការផ្តល់សេវា​សុខាភិបាល​និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ប្រកបដោយ​វិជ្ជាជីវៈ​ដល់​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​។​

​លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ផងដែរ​ថា អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់មីន​និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន ត្រូវ​កែសម្រួល លិខិតបទដ្ឋាន​គតិយុត្ត​និង​ឯកសារ​ពាក់ព័ន្ធ​នានា ដើម្បី​ធានា​នូវ​សុខដុម​នីយកម្ម​រចនា​សម្ព័ន្ធ​នៃ​ការគ្រប់គ្រង សកម្មភាព​មីន និង​ត្រូវ​បន្ត​អនុវត្ត​យន្តការ​ភូមិ​អស់​មីន ឱ្យបាន​ជោគជ័យ​។​

​បន្ថែម​ពី​នោះ​ទៀត ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ជាតិ អន្តរជាតិ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព កំចាត់មីន​និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន ក្នុងការ​ពង្រឹង​បន្ថែម​លើ​ការងារ​គ្រប់គ្រង សកម្មភាព​មីន និង ការបញ្ជូន​កងកម្លាំង​ដែលជា​ជនជាតិខ្មែរ​ក្នុង​ការងារ សកម្មភាព​មីន​ទៅ​បំពេញបេសកកម្ម​នៅក្រៅ​ប្រទេស​។​

​សារាចរ​បាន​បញ្ជាក់ថា​៖«​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់មីន​និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន ត្រូវធ្វើ​ការសិក្សា អំពី​លទ្ធភាព​នៃ​ការកាត់បន្ថយ​ផ្ទៃដី​ដែល​មានការ​គំរាម​ដោយសារ​មីន តាម​វិធីសាស្ត្រ​មិន​បច្ចេកទេស​ប្រកបទៅដោយ​សុវត្ថិភាព ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ឱ្យបាន​ពេញលេញ​តាមតែ​អាចធ្វើ​ទៅបាន សំដៅ​បង្កើនល្បឿន​ការ​បោសសម្អាត​មីន​នៅ​កម្ពុជា​»៕