បាត់ដំបងៈ លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង បាន​ណែនាំ​ដល់​ក្រុមការងារ​រៀបចំ​សណ្ដាប់ធ្នាប់ ដែល​ទទួលបន្ទុក​ទៅតាម​តំបន់​នានា​ក្នុង​ខេត្តបាត់ដំបង ក៏ដូចជា​ចៅសង្កាត់​ទាំងអស់ ត្រូវ​បន្តធ្វើ​ការផ្សព្វផ្សាយ ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឱ្យមាន​ការយល់ដឹង អំពី​ការរៀបចំ​សណ្ដាប់ធ្នាប់ និង​គោលបំណង​អំពី​ការរៀបចំ​សណ្ដាប់ធ្នាប់ ដើម្បី​លើក​កម្រិត​សោភ័ណភាព​ក្រុង​ឱ្យ​កាន់តែ​ស្រស់ស្អាត​។​

​លោក​ថ្លែងថា ជាពិសេស​ទៅទៀត​នោះអាជ្ញាធរ ត្រូវ​ទប់ស្កាត់​ការ​ងើបឡើង​វិញ​នូវ​ការសាងសង់​សំ​យ៉ាប​ផ្ទះ ការលក់ដូរ​នៅលើ​ចិញ្ចើមផ្លូវ​ដោយ​មិនត្រូវ​លែងដៃ​ឡើយ ពោលគឺ​ត្រូវធ្វើ​ដូច​ភ្លៀងរលឹម និង​ត្រូវ​ណែនាំ​ដល់​អាជីវករ​ទាំងអស់​ដែល​ដាក់តាំង​លក់ទំនិញ​ផ្សេងៗ ត្រូវ​រៀបចំ​ឱ្យមាន​ការលក់​នៅ​ខាងក្នុង​ផ្ទះ​វិញ​។

​លោក​ សុខ លូ បានធ្វើ​ការណែនាំ​បែបនេះ នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ពី​វឌ្ឍនភាព​ការអនុវត្ត​ការងារ​រៀបចំ​សណ្ដាប់ធ្នាប់ សោភ័ណភាព របៀបរៀបរយ​ក្នុង​ក្រុង​បាត់ដំបង និង​នៅ​តំបន់​ទេសចរណ៍​ភ្នំ​សំពៅ ស្រុក​បាណន់ នៅ​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២៣​។​

​កិច្ចប្រជុំ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ បាន​អនុវត្ត​ការងារ​រៀបចំ​សណ្ដាប់ធ្នាប់ សោភណភាព​ក្នុង​ក្រុង​បាត់ដំបង​បាន​ស្ទើរ​រួចរាល់​១០០​ភាគរយ មានដូចជា​ការ​កាត់​សំ​យ៉ាប​ផ្ទះ ដែល​សង់​លយ​ចូលមក​លើផ្លូវ និង​ការបញ្ឈប់​ការលក់ដូរ ឬ​ការ​ដាក់តាំង​លក់ទំនិញ​នៅលើ​ចិញ្ចើមផ្លូវ​ជាដើម​។​

​បន្ថែម​ពីនេះ លោក​អភិបាលខេត្ត​បាត់ដំបង បាន​ណែនាំ​ដល់​អង្គភាព​អគ្គិសនី​ខេត្ត ពិនិត្យមើល និង​សិក្សា​អំពី​លទ្ធភាព​ដែល​អាច​ដក​បង្គោល​ភ្លើង​ចាស់ៗ​ចោល ព្រោះ​បន្ទាប់ពី​ធ្វើ​ការរៀប​ចំកាត់​ខ្សែកាប ខ្សែ​អ៊ីនធឺណិត​ចេញ​អស់ហើយ គឺ​នៅសល់​បង្គោល​ភ្លើង​ដែល​នៅសល់ ហើយ​បើសិនជា​អាចធ្វើ​ការដក​បាន​រដ្ឋ​បាល​ខេត្ត​នឹងសិក្សា​អំពី​ការដាំ​ដើមឈើ​ជំនួស​វិញ ដើម្បី​លើក​កម្រិត​សោភ័ណភាព​ក្រុង​ឱ្យ​កាន់តែ​ស្រស់ស្អាត​ថែមទៀត​។

​ជាមួយគ្នានេះ លោក​សុខ លូ បាន​មានប្រសាសន៍​កោតសរសើ​រ និង​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការចុះ​រៀបចំ​សណ្ដាប់ធ្នាប់​ក្នុង​ក្រុង ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​អភិរក្ស​ទាំងអស់ ដែល​បាន​ចូលរួម​ជាមួយ​រដ្ឋបាល​ខេត្តបាត់ដំបង ក្នុងការ​ចូលរួម​កាត់​សំ​យ៉ាប​ផ្ទះ ការ​កាត់​ស្លាក​សញ្ញា​ពាណិជ្ជកម្ម​ធំៗ​ចេញពី​ខាងមុខផ្ទះ​របស់ខ្លួន និង​យល់ដឹង​អំពី​គោលបំណង​នៃ​ការរៀបចំ​សណ្ដាប់ធ្នាប់​នេះ​៕

​​