ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចូលរួម​អបអរសាទរ​ថ្ងៃជ័យ​ជម្នះ​ ៧ ​មករា លើក​ទី​៤៤​ ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៣)​ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ ដោយមានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ជាច្រើនរូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្ថាប័ន​តាម​ក្រសួង​នានា ភ្ញៀវ​ជាតិ អន្តរជាតិ មន្ត្រី​អង្គទូត សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់​ផងដែរ​។​

​ហ្វេ​ស​ប៊ុ​ក​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បាន​រំឭក​ដែរ​ថា កាលពី​៤៤​មុន ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប រួមទាំង​កុមារ​តូចៗ​ត្រូវ​រស់នៅ​ក្រោម​ការបង្ខិតបង្ខំ​ឱ្យធ្វើ​ការ​លើស​កម្លាំង គ្មាន​ថ្ងៃ​ឈប់សម្រាក អាហារ​មិន​គ្រប់គ្រាន់ គ្មាន​មន្ទីរពេទ្យ គ្មាន​សាលារៀន គ្មាន​វត្ត​អារាម ហើយ​សិទ្ធិសេរីភាព​ទាំងអស់​របស់​ពលរដ្ឋ​មិនមាន​ឡើយ​។ ប៉ុន្តែ​ក្រោយពី​ប្រទេសជាតិ​ត្រូវបាន​រំដោះ នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រជាពលរដ្ឋ​មាន​សិទ្ធិសេរីភាព​ពេញលេញ​ឡើងវិញ ហើយ​ប្រទេសជាតិ​ទាំងមូល​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​រីកចម្រើន​គ្រប់​វិស័យ​មកទល់​សព្វថ្ងៃនេះ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់លោក​នាយក​រដ្ឋមន្ត្រី​។​

​នៅ​ថ្ងៃទី​៧​ខែមករា​នេះ​ផងដែរ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ក៏​បានចេញ​សេចក្តី​ថ្លែង​ការ​មួយ​ផងដែរ នៅក្នុង​ឱកាស​នៃ “​ទិវា ៧​មករា​" ដោយបាន​សាទរ និង​គុណូបការៈ​ដ៏​ខ្ពង់​ខ្ពស់បំផុត ចំពោះ​ឥស្សរជន​ជា​វីរបុរស​ខ្មែរ ដែល​លោក​បាន​រំដោះ​ប្រជាជាតិ​ទាំងមូល រួច​ផុតពី​របប​ឃោរឃៅ សាហាវយង់ឃ្នង ផ្ដល់ឱកាស​រស់រានមានជីវិត​ប្រកបដោយ​ភាពរុងរឿង ក្នុង​ភាពជា​មនុស្ស​ដែលមាន​សិទ្ធិ​រស់រាន សិទ្ធិ​ជ្រើសរើស​ស្វែងរក​សុភមង្គល និង​ទទួលខុសត្រូវ​លើ​ជោគវាសនា​របស់ខ្លួន និង​ប្រជាជាតិ​។​

​អង្គភាព​អ្នកនាំពាក្យ យល់​និង​ប្រាកដថា ទិវា ៧​មករា គឺជា​ទិវា​ដែលមាន​តម្លៃ​ជា “​សកល​របស់​មនុស្ស ជាតិ​” សម្រាប់​ការរស់រានមានជីវិត​សាជាថ្មី​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​យើង​ហៅថា “​ថ្ងៃកំណើត​ទី ២"​។ ថ្ងៃ ៧ មករា ជា​ស្មារតី​នៃ​ការរួបរួម ឯកភាព និរន្តរភាព និង​ការអភិវឌ្ឍ​របស់​ជាតិខ្មែរ​យើង​ទាំងមូល​។​

​អង្គភាព​អ្នកនាំពាក្យ​«​សូម​សម្តែង​នូវ​កតញ្ញុតាធម៌​ដ៏​ជ្រាលជ្រៅ​បំផុត និង​ចងចាំ​ជានិច្ច គោរព​ជូន​ចំពោះ​ឥស្សរជន​ខ្មែរ ដែល​លោក​មានតម្លៃ​ជា​ប្រវត្តិសាស្ត្រ បាន​ពលី​ជីវិត ក៏ដូចជា​វត្តមាន​ដល់​បច្ចុប្បន្ន ក្នុងការ​រំដោះ​ជីវិត​ប្រជាជន​ខ្មែរ ជាពិសេស សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​លោក​បាន​លះបង់ គ្រប់បែបយ៉ាង ក្នុង​បុព្វហេតុ​ជាតិ និង​ផលប្រយោជន៍​ខ្មែរ​ទាំងមូល​»៕​