​ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា​បានប្រកាស​កម្មវិធី​ប្រកួត​វោហារ​ស័ព្ទ​ជា​ក្រុម អំពី​ប្រធានបទ​"​ការលុបបំបាត់​ការប្រើប្រាស់​បារី អេឡិចត្រូនិក ដោយ​ទទួល​អត្ថបទ​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ រហូតដល់ ថ្ងៃ​សុក្រ ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៣​។​

​ក្រសួង​បាន​បញ្ជាក់ថា គោលបំណង​នៃ​កម្មវិធី​នេះ​គឺ​ដើម្បី​ផ្ដល់ឱកាស​ឱ្យ​យុវជន​បញ្ចេញ​សមត្ថភាព​ក្នុងការ​ប្រកួត​វោហារ​ស័ព្ទ​ជា​ក្រុម អំពី​ប្រធានបទ​"​ការលុបបំបាត់​ការប្រើប្រាស់​បារី អេឡិចត្រូនិក (E-Cigarette or Vape) និង​ផលិតផល​អេ​ច​ណ៍ ធី ភី (HTPs) ដើម្បី​លើកកម្ពស់​សុខភាព​សិក្សា និង​លើកកម្ពស់​ការសិក្សា​ស្រាវជ្រាវ​ជា​ក្រុម និង​សីលធម៌​នៃ​ការជជែក​ជា​សាធារណៈ​។​

​លក្ខខណ្ឌ​ចូលរួម​គឺ​យុវជន​ដែលមាន​ចំណាប់អារម្មណ៍​ចង់​ចូលរួម​ប្រកួត ត្រូវបង្កើត​ក្រុម​ដែលមាន​ចំនួន​៣​នាក់ ដែល​យ៉ាងហោចណាស់​មាន​បេ​ក្ខ​នារី​ម្នាក់​ផងដែរ​។ បេក្ខជន​ត្រូវមាន​អាយុ​១៥​ឆ្នាំ ដល់​២៥​ឆ្នាំ (​មិនមែនជា​ភ្នាក់ងារ​ក្រុមហ៊ុន​គ្រឿង​ស្រវឹង​និង​ថ្នាំជក់​) ហើយ​ត្រូវ​សរសេរ​អត្ថបទ​អំពី “​ការហាមឃាត់​ការប្រើប្រាស់​បារី​អេឡិចត្រូនិក និង ផលិតផល​អេ​ច​ឈី ធី​ភី នៅ​កម្ពុជា​”​។ អត្ថបទ​ត្រូវ​ប្រើ​ទំហំ A4 ពុម្ពអក្សរ Khmer OS Siemreap (​ទំហំ 12pt) និង​មិន​លើសពី​២​ទំព័រ និង​ផ្ញើ​អត្ថបទ​ចូលរួម​មកកាន់​កម្មវិធី​តាមរ​យៈ តេ​ឡេ​ក្រាម​៖ ០៩៦ ៣១១៣ ៩៥៧/០១៦ ៤៧៩ ៤២៩/០១២ ៧២៧ ៥៣៣​។​

​ចំពោះ​ប្រធានបទ​៖ ការហាមឃាត់​ការប្រើប្រាស់​បារី​អេឡិចត្រូនិក និង ផលិតផល​អេ​ច​ឈុំ ធី ភី នៅ​កម្ពុជា អត្ថបទ​ត្រូវ​បង្ហាញ​នូវ​ចំណុច​សំខាន់ៗ​រួមមាន​៖ ការ​ស្គាល់ និង​យល់ដឹង​ពី​បារី​អេឡិចត្រូនិក និង​ផលិតផល​អេ​ច​ណ៍ ធី ភី​, ផលប៉ះពាល់​នៃ​ការប្រើប្រាស់​បារី​អេឡិចត្រូនិក និង ផលិតផល​អេ​ច​ណ៍ ធី ភី​, យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ចែកចាយ និង​លក់ ផលិតផល​បារី​អេឡិចត្រូនិក និង ផលិតផល​អេ​ច​ណ៍ ធី ភី របស់​អ្នក ផលិត និង​ឈ្មួញ​, ដំណោះស្រាយ​ឆ្លើយតប​របស់​រាជរដ្ឋាភិបាល​/​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​លុបបំបាត់​ការប្រើប្រាស់​បារី​អេឡិចត្រូនិក និង​ផលិតផល​អេ​ច​ណ៍ ធី ភី និង ការលើកកម្ពស់​សុខភាព​សិក្សា​នៅ​កម្ពុជា និង​អនុសាសន៍ និង​សំណូមពរ​។​

​ជ័យលាភី​លេខ​១ ទទួលបាន មេដាយមាស ថវិកា​៣​លាន​រៀល និង​វិញ្ញាបនបត្រ​បញ្ជាក់​ជ័យលាភី​, ជ័យលាភី​លេខ​២ ទទួលបាន មេដាយប្រាក់ ថវិកា​២​លាន​៤០​ម៉ឺន​រៀល និង​វិញ្ញាបនបត្រ​បញ្ជាក់​ជ័យលាភី​, ជ័យលាភី​លេខ​៣ ទទួលបាន មេដាយ​សំរឹទ្ធ ថវិកា​១​លាន​៨០​ម៉ឺន​រៀល និង​វិញ្ញាបនបត្រ​បញ្ជាក់​ជ័យលាភី និង​រង្វាន់​លើកទឹកចិត្ត ទទួលបាន​ថវិកា​៨០​ម៉ឺន​រៀល និង វិញ្ញាបនបត្រ​បញ្ជាក់​ការចូលរួម​៕