ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួងបរិស្ថាន​ នៅ​ថ្ងៃទី​ ៦​ ខែមករា​ បានចេញ​សេចក្តីជូនដំណឹង​រួមគ្នា​មួយ​ក្រើនរំឭក​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ស្តីពីវិធានការ​ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​នៅ​រដូវប្រាំង​នេះ​។​

​ក្រសួង​ទាំង​២​បាន​លើកឡើងថា ជា​រៀងរាល់ឆ្នាំ ធាតុអាកាស​ទូទៅ​នៅ​កម្ពុជា នៅ​រដូវប្រាំង​មាន​សភាព​ក្តៅ ហួតហែង ស្ងួត​ខ្លាំង ដែលជា​កត្តា​ងាយ​បង្ក​នូវ​ភ្លើង​ឆេះ​ព្រៃ​។ ក្រៅពី​បាតុភូតធម្មជាតិ​ដែល​អាច​បង្កឱ្យមាន ភ្លើង​ឆេះ​ព្រៃ ប្រការ​ដែល​គួរឱ្យ​ព្រួយបារម្ភ​បំផុត​នោះ គឺ​ភ្លើង​ឆេះ​ព្រៃ​ដែល​បង្កឡើង​ដោយសារ​សកម្មភាព របស់​មនុស្ស​ផ្ទាល់​។ ភ្លើង​ឆេះ​ព្រៃ ជា​រៀងរាល់ឆ្នាំ​បាន​បង្កឱ្យមាន​បញ្ហា​ដល់​ការបាត់បង់​ធនធាន​ព្រៃឈើ ព្រៃ​លិច​ទឹក និង​ធនធានធម្មជាតិ​ក្នុង តំបន់ការពារធម្មជាតិ​ដែល​អាច​បង្កឱ្យមាន​ការ​ខូចខាត​ផ្នែក​សេដ្ឋកិច្ច ធនធានធម្មជាតិ និង​បរិស្ថាន​។​

​ក្រសួង​បាន​បញ្ជាក់ថា​៖«​កត្តា​ចម្បង​ដែល​បង្កឱ្យមាន​ភ្លើង​ឆេះ​ព្រៃ​ញឹកញាប់​បំផុត​នា​រដូវប្រាំង មាន​ជាអាទិ៍ ការកាប់​ឆ្ការ​ដុត​រាន​ព្រៃ​ដើម្បី​ដាំ​ដំណាំ​កសិកម្ម​ផ្សេងៗ ការធ្វើ​កសិកម្ម​ពនេចរ ការទន្ទ្រាន​ដីព្រៃ​ដើម្បី​តាំង​លំនៅឋាន​ខុសច្បាប់ ការទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ខុសច្បាប់ ការដុត​ព្រៃ​ដើម្បី​ចាប់​សត្វ ការ​បន្សល់​ដើម​ភ្លើង​នៅក្នុង​ព្រៃ ដោយ​ការធ្វេសប្រហែស​របស់​ម​នុស្ស​។​ល​»​។​

​ដោយ​សង្កេតឃើញ​បញ្ហា​ប្រឈម​ទាំងនេះ ក្រសួង​ទាំង​២​បានធ្វើ​ការណែនាំ​ដល់​អង្គភាព​ជំនាញ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មន្ទីរ​បរិស្ថាន រួមទាំង​សហគមន៍​ព្រៃឈើ សហគមន៍​តំបន់ការពារធម្មជាតិ សហគមន៍​នេសាទ សហគមន៍​កសិកម្ម និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ដើម្បី​អនុវត្ត​វិធានការ​មួយចំនួន​ដូចជា ការអប់រំ ផ្សព្វផ្សាយ ណែនាំ​ដល់​ប្រជា​សហគមន៍​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងការ​ប្រើប្រាស់​ភ្លើង សម្រាប់​ជា​មធ្យោបាយ​ដើម្បី​ចម្អិន​អាហារ ការយក​ឃ្មុំ ការដុត​ស្មៅ​-​ព្រៃ ការដុត​ស្ទាក់ចាប់​សត្វ និង​ការប្រមូល​ផល អនុផល​ព្រៃឈើ​ជាដើម​។​

​លើសពីនោះ ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ទប់ស្កាត់​ការកាប់​ឆ្ការ ទន្ទ្រាន ឈូសឆាយ ដុត​ព្រៃឈើ និង​ព្រៃ​លិច​ទឹក ដើម្បី​ពង្រីក​ផ្ទៃដី​ដំណាំ​កសិកម្ម ឬ​ក្នុង​គោលបំណង​ផ្សេងៗ​ទៀត ដែលជា​សកម្មភាព​ល្មើសច្បាប់ និង​បង្កឱ្យមាន​ភ្លើង​ឆេះ​ព្រៃឈើ ព្រៃ​លិច​ទឹក និង​រាលដាល​រហូតដល់​ភូមិករ​របស់​ប្រជាពលរដ្ឋ តំបន់​រដ្ឋបាល​សាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត​នានា នៅក្នុង​ឬ​ជុំវិញ​សហគមន៍​ព្រៃឈើ សហគមន៍​នេសាទ សហគមន៍​តំបន់ការពារធម្មជាតិ តំបន់ ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​។​

​ក្នុងករណី​ចាំបាច់​ដែល​ត្រូវ​ប្រើ​ភ្លើង​ជា​មធ្យោបាយ​ក្នុង​ការដុត​កាកសំណល់​ឈើ​ព្រៃ ក្រោម គោលបំណង​ដាំ​ដំណាំ​កសិកម្ម និង​សកម្មភាព​ស្របច្បាប់​ផ្សេងទៀត ត្រូវ​ជូនដំណឹង​ដល់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មន្ទីរ​បរិស្ថាន​រាជធានី ខេត្ត​សាមី ដែលជា​សមត្ថកិច្ច ដើម្បី​ណែនាំ​អនុវត្ត​វិធានការ បច្ចេកទេស​សមស្រប​ដែល​អាច​ធានា​សុវត្ថិភាព​ចំពោះ​ភ្លើងព្រៃ​។​

​ក្រសួង​ទាំង​២​ក៏បាន​បន្តថា ការរុករក​ផល អនុផល​ព្រៃឈើ​ជា​ប្រពៃណី និង​សកម្មភាព​ផ្សេងទៀត​ដែល​ចាំបាច់​ត្រូវ​ប្រើ​ភ្លើង ជា​មធ្យោបាយ​(​ដុត​រណ្តៅជ័រ​) មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​មន្ទីរ​បរិស្ថាន ត្រូវធ្វើ​ការណែនាំ អ្នកពាក់ព័ន្ធ​ឱ្យ​ពន្លត់ភ្លើង​ឱ្យអស់​ជា​ចាំបាច់​មុនពេល​ចាកចេញ​ពី​ដើមឈើ​ក្បោះ​ជ័រ ឬ​ទីតាំង​ដែល​ប្រើ​ភ្លើង​នោះ​។

​ក្រសួង​ក៏បាន​ណែនាំ​ផងដែរ​ថា ត្រូវ​រៀបចំ​ផ្លូវ​ភ្លើងព្រៃ ដើម្បី​ការពារ​ការឆេះ​រាលដាល​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត និង​ចូលរួម​ចាត់វិធានការ​ថែរក្សា​ទឹក​ទុកឱ្យ​បានល្អ សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ និង​ក្នុងករណី​មាន​ភ្លើង​ឆេះ​ព្រៃ​ជាយថាហេតុ​។ ក្នុងករណី​កើតមាន​ភ្លើង​ឆេះ​ព្រៃ ត្រូវ​ប្រញាប់​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​តាមរយៈ​ការប្រកាសអាសន្ន ហើយ​គណៈបញ្ជាការ​ឯកភាព​រាជធានី​-​ខេត្ត ត្រូវ​ដឹកនាំ​បញ្ហា​ផ្ទាល់​ក្នុង​ការប្រើ​កម្លាំង​សរុប​រួមមាន ប្រជាពលរដ្ឋ សហគមន៍ សិស្សានុសិស្ស ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​។​ល​។ ដែល​ឈរជើង នៅក្នុង​មូលដ្ឋាន​នោះ ដើម្បី​រួមគ្នា​ទប់ស្កាត់ និង​ពន្លត់​ភ្លើងព្រៃ​ឱ្យមាន​ប្រសិទ្ធភាព​។​

​ក្រោម​ការដឹកនាំ​របស់​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​រាជធានី ខេត្ត មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មន្ទីរ​បរិស្ថាន ត្រូវ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ជន​ណា​ដែល​បាន​កាប់​រុករាន ដុត​ព្រៃ និង​កាន់កាប់​ដីព្រៃ​ឈើ​ដែល​ឆេះ ដោយ​អនាធិបតេយ្យ​ដែល​ផ្ទុយ​នឹង​ច្បាប់ និង​បទបញ្ជា​នានា​របស់ រាជរដ្ឋាភិបាល​។​

​ក្រៅពីនោះ​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ក្នុងការ​ហាមឃាត់​ការចូល​ប្រើប្រាស់​ដីព្រៃ​ឈើ និង​ព្រៃ​លិច​ទឹក ដែល​បាន​ឆេះ​រួច ដើម្បី​ទុក​លទ្ធភាព​ឱ្យ​រុក្ខជាតិ​ដុះ​ឡើងវិញ​តាម​លក្ខណៈ​ធម្មជាតិ ឬ​ដាំ​ស្តារ​ព្រៃឈើ​ឡើងវិញ​។​

​ដោយ​អនុលោម​តាមច្បាប់​ស្តីពី​ព្រៃឈើ និង​ច្បាប់​ស្តីពី​ជលផល ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ និង អាជ្ញាធរ​ដែនដី​គ្រប់​ថ្នាក់ ត្រូវមាន​ករណីយកិច្ច​ទទួលខុសត្រូវ ថែរក្សា ការពារ​ព្រៃឈើ បង្ការ និង​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ ចូលរួម​ថែរក្សា​ជម្រក​មច្ឆជាតិ ការពារ បង្ការ និង​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក នៅតាម​មូលដ្ឋាន រៀងៗ​ខ្លួន​។​

​ក្រសួង​បាន​បញ្ជាក់ថា​៖«​ជន​ណា​ដែល​បាន​ប្រព្រឹត្ត ឬ​បង្កឱ្យមាន​ភ្លើង​ឆេះ​ព្រៃ ឬ​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​ដោយ​ចេតនា ត្រូវ​ផ្តន្ទាទោស​ក្រោម បទល្មើស​ព្រៃឈើ​ថ្នាក់​ទី​១ ឬ​បទល្មើស​ជលផល​ថ្នាក់​ទី​១ ដែល​ត្រូវ​ជាប់ពន្ធនាគារ​ពី ៥​ឆ្នាំទៅ​១០​ឆ្នាំ ឬ​ពី​៣​ឆ្នាំ ទៅ​៥​ឆ្នាំ​។ ដោយឡែក តាម​មាត្រា​៦២ នៃ​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ បាន​ចែងថា ការបង្ក​ឱ្យមាន​ភ្លើង​ឆេះ​ព្រៃ​ដោយ​ចេតនា ជា​បទល្មើស​ធនធានធម្មជាតិ ថ្នាក់​ទី​៤ ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​៥​ឆ្នាំ ដល់​១០​ឆ្នាំ និង​ផាកពិន័យ​ជា​ប្រាក់​ពី​១៥​លាន​រៀល ដល់​១៥០​លាន​រៀល​»៕​