កែបៈ រូបសំណាក "​ព្រាប ស​" ត្រង់ចំណុច​ផ្លូវ​លេខ ១៣៣៥ ចូលទៅ​កាន់​តំបន់ភ្នំ​វ​ល្លិ៍​ត្រូវបាន​សម្ពោធ​នា​ថ្ងៃទី​​ ៦ ខែមករា​នេះ ដែល​រូបសំណាក​នេះ​បញ្ជាក់​អំពី​តម្លៃ និង​និមិត្តរូប​នៃ​សន្តិភាព ដែល​ផ្តល់ឱកាស​មានការ​អភិវឌ្ឍ​ប្រទេសជាតិ​មានការ​រីកចម្រើន​។​

​រូបសំណាក "​ព្រាប ស " នេះ​ជា​គំនិត​ផ្ដួចផ្ដើម​របស់លោក​សួង ហេង រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នឹង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ដំណាក់​ចង្អើរ និង​លោក​សោម ពិសិដ្ឋ​ខេត្ត និង​លោកស្រី ស ម៉ា​លីដា​។ សម្រាប់​ការចាប់ផ្តើម​ដំណើរការ​សាងសង់​រូបសំណាក​នេះ​គឺ​នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២២ និង​បញ្ចប់​ការងារ​សាងសង់​ជា​ស្ថាពរ នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២២ កន្លងទៅនេះ ដោយ​ចំណាយ​ថវិកា​សរុប ១៤៣០០​ដុល្លារ​គត់​។ នេះ​បើ​យោងតាម​របាយការណ៍រ​ប​ស់លោក ឆាង ឆៃ​អភិបាលស្រុក​ដំណាក់​ចង្អើរ​។​

​លោក​សោម ពិសិដ្ឋ​អភិបាលខេត្ត​កែប​បាន​មានប្រសាសន៍​ក្នុង​ពិធី​សម្ពោធ​នោះ​ថា​៖«​ការសាងសង់​រូបសំណាក "​ព្រា​បស​" នៅលើ​ទីតាំង​នេះ គឺ​ចង់​បញ្ជាក់​អំពី​តម្លៃ និង​និមិត្តរូប​នៃ​សន្តិភាព ដែល​បង្ក​ឱកាស​ឱ្យ​យើងទាំងអស់គ្នា អភិវឌ្ឍ​សហគមន៍ ក៏ដូចជា​ប្រទេសជាតិ​យើង​ឱ្យមាន​ការរីកចម្រើន​»​។

​លោក​បាន​រំឭកថា តំបន់ភ្នំ​វ​ល្លិ៍​នេះ​ធ្លាប់ជា​ទីតាំង សមរភូមិ​សង្គ្រាម​ដ៏​ក្តៅគគុក និង​ជា​កន្លែង​លាក់ខ្លួន​ធ្វើ​សកម្មភាព​របស់​កងទ័ព​ខ្មែរក្រហម ប៉ុន្តែ​ក្រោម​នយោបាយ ឈ្នះ ឈ្នះ របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​នៅ​ឆ្នាំ​១៩៩៤ កម្លាំង​ទ័ព​ខ្មែរក្រហម បានធ្វើ​សមាហរណកម្ម ចូលរួម​ជាមួយ​រដ្ឋាភិបាល ហើយ​ភ្លើងសង្គ្រាម​នៅ​ទីតាំង​នេះ​ក៏បាន​រលត់ ប្រជាជន​រស់នៅ​បាន​សុខសន្តិភាព​។ បច្ចុប្បន្ន បានប្រែក្លាយ​ជា​តំបន់​អភិវឌ្ឍ​កសិកម្ម​ដ៏​មាន​សក្តានុពល​របស់​ខេត្ត​កែប​។

​លោក​បាន​បន្ថែមថា រូបសំណាក​" ព្រា​បស​" ត្រដាងស្លាប នា​ដើមផ្លូវ​លេខ​១៣៣៥​នេះ​នឹង​ធ្វើឱ្យ​អ្នកដំណើរ​តាមផ្លូវ​ជាតិ​លេខ​៣៣ ងាក​មក​ចាប់អារម្មណ៍​ទីតាំង​នៃ​តំបន់​អេកូ​ទេសចរណ៍ និង​ក​សិ​ទេសចរណ៍​ភ្នំ​វ​ល្លិ៍ ដែល​ពោរពេញ​ដោយ ទេសភាព​ដ៏​ស្រស់បំព្រង ដែល​គ្របដណ្តប់​ទៅដោយ​ដំណាំ​កសិកម្ម ព្រៃភ្នំ​ដ៏​ខៀវស្រងាត់ និង​ខ្យល់អាកាស​បរិសុទ្ធ​។ ទៅ​ថ្ងៃ​អនាគត ទីតាំង​នេះ ក៏​នឹង​ក្លាយទៅជា​តំបន់​ក​សិ​ឧ​ស្សហកម្ម ផងដែរ​។​

​លោក​អភិបាលខេត្ត​បានបញ្ជាក់​អះអាងថា លោក​នឹងធ្វើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ តំបន់ភ្នំ​វ​ល្លិ៍​ឱ្យ​ដូចជា​សរសៃឈាម និង​ជា​ផ្នែក​មួយ​នៃ​តំបន់​ទេសចរណ៍​របស់​ខេត្ត​កែប ដែល​ភ្ញៀវទេសចរ​អាចមក​លេង​ទឹកសមុទ្រ ញ៉ាំ​អាហារ​សមុទ្រ​ដ៏​មានឱជារស ហើយ​បន្ត​ដើរ​កម្សាន្ត​អេកូ​ទេសចរណ៍ លើ​ខ្នងភ្នំ​វ​ល្លិ៍ និង​ក​សិ​ទេសចរណ៍​នៃ​តំបន់​នេះ​ថែមទៀត​៕