ភ្នំពេញៈ សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​មួយ​ដោយ​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់ និង​បាន​រឹបអូស​គ្រឿង​ញៀន​ជាង ៥ គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ។ នេះ​បើ​យោង​តាម​នគរបាល​ប្រឆាំង​គ្រឿងញៀន កាល​ពី​ថ្ងៃទី ៦ ខែ​មករា​នេះ។

នគរបាល​ប្រឆាំង​គ្រឿងញៀន បាន​ឱ្យ​ដឹង​ថា នៅថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ ២០២៣ វេលា​ម៉ោង ១៩:៣០ នាទី កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ការស៊ើប​អង្កេត​ស្រាវជ្រាវ បង្រ្កាប នៅ​ចំណុច​ផ្ទះ​ជួល​លេខ អេ៤៨ ផ្លូវលេខ​៦ ភូមិ​ត្រពាំង​មាន សង្កាត់ក្រាំងធ្នង់ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។ ជា​លទ្ធផល​បាន​ធ្វើ​ការ​ឃាត់ខ្លួន​បុរស​ជា​ជនសង្ស័យ​ម្នាក់​កើតឆ្នាំ ១៩៨៧ ជា​ជនជាតិ​ខ្មែរ។

វត្ថុ​តាងចាប់​យក​បាន​រួម​មាន​ថ្នាំញៀន​ មេតំហ្វេតាមីន (ICE) ទម្ងន់​សុទ្ធ ៥ គ.ក្រ ២០៧ ក្រាម ហើយ​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ចាប់យក​ខាលើ សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំ​រឿង បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​បន្ត​តាម​នីតិវិធី។

ការ​បង្រ្កាប​នេះ​អនុវត្ត​តាម​បញ្ជា​របស់​លោក នាយឧត្ដម​សេនិយ៍ នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ និង​លោក​នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ពី​លោក​ឧត្ដម​សេនីយ៍ទោ ឃឹង សារ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន៕