មណ្ឌលគិរីៈ ប្រធាន​ក្រុម​ប្រឹក្សា​និង​អភិបាល​ខេត្ត​មណ្ឌលគិរី បាន​ស្នើដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ត​ខិតខំ​ផ្តល់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិខ្មែរ ជូន​ប្រជាពលរដ្ឋ និង​បន្ត​ផ្សព្វផ្សាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ទៅ​ទទួល​យក​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ បាន​គ្រប់ៗ​គ្នា។

យោង​តាម​អនុសាសន៍​ណែនាំ​របស់​ប្រមុខ​រដ្ឋាភិបាល លោក ថង សាវុន អភិបាល​ខេត្ត​មណ្ឌលគិរី បាន​ជំរុញ​ដល់​អាជ្ញាធរ និង​មន្ទីរ​ជំនាញឱ្យ​បន្ត​ផ្សព្វផ្សាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ដើម្បី​មក​ទទួល​យក​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ឱ្យ​បាន​គ្រប់ៗ​គ្នា។ ក្នុង​នោះ​មាន​ទាំង​ដូស​ជំរុញ និង​អ្នក​ដែល​មិនទាន់​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​នូវ​ដូស​ទី១ ជាពិសេស កុមារ​គ្រប់​អាយុ ៣ឆ្នាំ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ដែល​ជា​ចំណុច​ងាយ​រង​ហានិភ័យ​និង​ឱ្យ​បន្ត​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​តាម​វិធានការ​ការពារ​របស់​ក្រសួង សុខាភិបាល។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី​៤៣ អាណត្តិ​ទី៣ របស់​ក្រុមប្រឹក្សា​ខេត្ត​មណ្ឌលគិរី។

សេចក្តីប្រកាស​របស់​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី​ កាល​ពី​ថ្ងៃទី​៦ ខែ​មករា ក៏​បាន​ឱ្យ​ដឹង​ផងដែរ​ថា លោក ម៉ុន ង៉ុយ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ក៏​បានសំណូមពរ​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ត​ខិតខំ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ជូន​ប្រជាពលរដ្ឋ​សម្រាប់​យក​ទៅ​ប្រើប្រាស់​ផ្សេងៗ​ ជាពិសេស សម្រាប់​ចូលរួម​ការ​បោះឆ្នោត ជ្រើស​តាំង​តំណាងរាស្ត្រ​ឆ្នាំ ២០២៣។

ឆ្លើយតប​ទៅ​នឹង​បញ្ហា​នេះ លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី ក៏​បាន​ជំរុញ​ឱ្យ​ស្នងការ​រង​ទទួល​ផែន​ការងារ អត្តសញ្ញាណប័ណ្ណ​បង្កើន​ការ​យកចិត្ត​ទុកដាក់ និង​ពន្លឿនការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​ផងដែរ។

ក្នុងនោះ​រួមមាន​អត្តសញ្ញាណប័ណ្ណ​ផុត​សុពលភាព និង​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​ត្រូវ​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ។ ក្រៅពី​នោះ លោក​ក៏​បាន​ធ្វើការ​ណែនាំ​ថា​ ស្នងការរង​ដែល​ទទួល​ការងារ​នេះ ពេលចុះ​ទៅ​អនុវត្តន៍​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី ដើម្បី​ជា​កម្លាំង​ចម្រុះ​និង​សក្សី​ឬ​ក៏​ងាយស្រួល​ក្នុង​ការ​ធ្វើ​របាយការណ៍​បញ្ជាក់​ជូន​អង្គភាព​ដើម​វិញ ដើម្បី​ចៀសវាង​ការ​បដិសេធ​របស់​បងប្អូន​ប្រជាពលរដ្ឋ​មក​លើ​មន្ត្រី​នគរបាល​ថា មិន​បាន​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ពួកគាត់។

ក្រៅពី​បញ្ហា​នោះ ក្រុមប្រឹក្សា​ខេត្ត បាន​សំណូមពរ​ដល់​មន្ទីរសុខាភិបាល​ឱ្យ​បន្ត​សហការ​ជាមួយ​អង្គភាព​អគ្គិសនី​ខេត្ត​ឱ្យ​បាន​ទាន់​ពេល​វេលា ដើម្បី​តភ្ជាប់​ចរន្ត​អគ្គិសនី នៅ​តាម​មណ្ឌល​សុខភាព​ចំនួន​បី​ដែល​ទើប​សាងសង់​រួច។ ក្នុង​នោះ​មាន​ដូចជា មណ្ឌល​សុខភាព​ជីមៀត មណ្ឌលសុខភាព​ស្រែឈូក និង​មណ្ឌល​សុខភាព ស្រែអំពូម ដែល​ពុំទាន់​បាន​តភ្ជាប់​ចរន្តអគ្គិសនី​សម្រាប់​ប្រើប្រាស់​នៅឡើយ៕