សហគមន៍​នេសាទ​ស្តី​ក្រោម​រហាលសួង នៅ​ខេត្ត​បាត់ដំបង បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​បទល្មើស​នេសាទ​ខុសច្បាប់​នៅ​ក្នុង​បឹង​ដែល​ជាតំបន់​អភិរក្ស ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ធនធាន​ជលផល​ធម្មជាតិ បើ​ទោះ​បី​ជា​របាយការណ៍​របស់​ក្រសួង កសិកម្ម បាន​បង្ហាញ​ថា បទល្មើស​នេសាទ​មាន​ការ​ថយចុះ​ក៏ដោយ។

យោង​របាយការណ៍​របស់​សហគមន៍​នេសាទ​ស្ដី​ក្រោម​រហាលសួង នៃ​ខេត្ត​បាត់ដំបង ដែល​ចេញ​ផ្សាយ​ កាល​ពី​ថ្ងៃទី ៣០ ខែ​ធ្នូ ឆ្នាំ ២០២២ កន្លងទៅ បាន​ឱ្យ​ដឹង​ថា បទល្មើស​នេសាទ​ខុសច្បាប់​នៅតែ​បន្ត​កើត​មាន​ដដែល ជាពិសេស អ្នក​នេសាទ​បាន​ប្រើ​ឧបករណ៍​ខុសច្បាប់​ថែម​ទៀតផង។

ប្រធាន​សហគមន៍​នេសាទ​ស្ដីក្រោម​រហាល​សួង​ លោក ភី ហឿត បាន​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ ២០២២ ក្រុម​ការងារ​ល្បាត​សហគមន៍​នេសាទ​ស្ដីក្រោម​រហាលសួង មាន​ចំនួន ៦នាក់ ចែក​ចេញ​ជា ២ ក្រុម​ធ្វើ​សកម្មភាព​ល្បាត​ក្នុង​ដែន​អភិរក្ស (រាំងពេន ៣ ត) បាន​ឃើញ​ឧបករណ៍​នេសាទ​ខុសច្បាប់​ដាក់​ចាប់​យកត្រី​ក្នុង​ដែន​សហគមន៍​អភិរក្ស។

លោក​បន្ត​ថា៖ «ពេល​រសៀល​ក្រុម​យើង​ខ្ញុំ​បាន​ប្រទះឃើញ​របាំង ស្បៃអ៊ុយ និង​ម៉ង​ក្រឡាញឹក​មួយ​ខ្សែ ប្រវែង​ជាង ២០​ម៉ែត្រ​ ដាក់​ក្នុង​ទំនាបដៃ​បឹង​អភិរក្ស​នៅ​ភាគ​ឥសាន​នៃ​តំបន់ (អភិរក្ស​រាំងពេន ៣ត) និង​ប៊្លូធូ​ចំនួន ៣ ព្រម​ទាំង​លបលួង​បង្កប់​ចំនួន ៤ ដាក់​ចាប់​យក​ត្រី​ដែលចរាចរណ៍​ចូល​បឹង​អភិរក្ស។

លោកបន្តថា ក្រោយ​បាន​ឃើញ​សកម្មភាព​នេះ ក្រុម​ការងារ​ល្បាត បាន​រុះរើ​របាំង និង​បំផ្លាញ​ឧបករណ៍​នេសាទ​ដែល​បាន​ដាក់​ក្នុង​ដែន​អភិរក្ស​សហគមន៍​នោះ​ចោល ហើយ​ចាក់ត្រី​ចូល​ក្នុង​ទឹក​វិញ​ប្រមាណ ២០០គីឡូក្រាម ក្នុង​នោះត្រី​និង​កំពឹស​ងាប់ជាង ៩០ភាគរយ។

លោកឱ្យដឹង​ទៀត​ថា អំឡុង​ពេល​ចុះល្បាត​នេះ​ក៏​ប្រទះឃើញ​ឧបករណ៍​បណរ៉ាវ ដែល​ជា​ឧបករណ៍​ខ្នាតធំ​កំពុង​ធ្វើ​សកម្មភាព​បន្ត​គ្រប់​ទី​កន្លែងបំផ្លាញ​ធនធាន​ជលផល​ធម្មជាតិ​ផងដែរ។

លោក ហោ សំអាត អនុប្រធានសហគមន៍​នេសាទ​ស្ដី​ក្រោម​ រហាលសួង ទទួល​បន្ទុក​រៀបចំ​តំបន់​អភិរក្ស បាន​សម្តែង​ការ​ព្រួយបារម្ភ និងស្នើដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាត់វិធានការ​ឱ្យ​បាន​ទាន់​ពេលវេលា និង បង្កើន​ការ​ផ្សព្វផ្សាយ​អប់រំ​បន្ថែម​ទៀត ដើម្បី​ឱ្យ​ពលរដ្ឋ​កាន់តែ​យល់ដឹង​ពី​សារៈប្រយោជន៍​នៃ​ធនធាន​ជលផល​ធម្មជាតិ។

លោកថា៖ «ពិសេស អាជ្ញាធរ​ដែនដី​ភូមិ ឃុំ មាន​តួនាទី​សំខាន់ ព្រោះ​គាត់​ងាយ​មើលឃើញ និង​ជា​អ្នក​អនុវត្ត​ច្បាប់។ បទល្មើស​នេសាទនេះ ប្រសិនបើ​ចាំ​តែ​ថ្នាក់ជាតិ​មក​ដោះស្រាយ​ក៏​លំបាក​ដែរ ព្រោះ​នៅ​ឆ្ងាយ អ៊ីចឹង មាន​តែ​អាជ្ញាធរ​ដែនដី​នេះ​ហើយ​ដែល​នៅ​ជិត​អាច​ដោះស្រាយ​បាន”។

សូមជម្រាបថា តំបន់​អភិរក្ស​សហគមន៍​នេសាទ​ស្ដីក្រោម​រហាលសួង បច្ចុប្បន្ន​មាន​គណៈកម្មការ ៩​រូប (ស្រី៣) ក្នុង​នោះ​មាន​ប្រធាន ១រូប អនុប្រធាន ២រូប បេឡា ១រូប លេខា ១រូប ផ្នែក​ផ្សព្វផ្សាយ ២រូប ផ្នែក​ល្បាត ១រូប និង​ផ្នែក​យុវជន ១រូប។ សហគមន៍​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ឃុំ ព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែល​បាន​បង្កើត​ឡើង​ នៅ​ឆ្នាំ ២០០៧ មានទំហំ ៣៣៧០២ ម៉ែត្រការ៉េ បណ្ដោយ ៤១១ម៉ែត្រ​ទទឹង ៨២​ម៉ែត្រ។ ដែន​គ្រប់គ្រង​របស់​សហគមន៍​សរុប ១៣៩០ហិកតា ក្នុង​នោះ​ព្រៃលិច​ទឹក ៦៤,៧៧% (៩០០,៣០៣ ហិកតា) ក្រៅពី​នោះ​ជា​ដីកសិកម្ម​របស់​ប្រជាពលរដ្ឋ បឹង វាលទំនាប និងអូរ។ ក្នុង​នោះ​មាន​បឹង ចំនួន ២៩ អូរ​ចំនួន ៧ វាល​ទំនាប​ចំនួន ៣ ដែលបាន​កាត់​ចេញ​ពី​អតីត​ឡូតិ៍​នេសាទ​លេខ ៧ និង​លេខ ៦៕