ភ្នំពេញៈ គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត នៅ​ថ្ងៃទី​ ៦ ខែ​មករា បាន​ប្រកាស​ស្តីពី​ការ​កំណត់​ការ​បោះឆ្នោត​លើក​ទី១ ដើម្បី​ជ្រើសរើស​ក្រុម​ប្រឹក្សាក្រុង ស្រុក ដែល​បំបែក និង​បង្កើត​ថ្មី នៅថ្ងៃ​ទី៩ ខែ​មេសា ឆ្នាំ ២០២៣នេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ឱ្យ​ដឹង​ថា ការ​បោះឆ្នោត​លើក​ទី១ ដើម្បី​ជ្រើសរើស​ ក្រុម​ប្រឹក្សា​ក្រុង​អរិយក្សត្រ ក្រុង​សំពៅពូន នៃ​ខេត្ត​កណ្តាល ក្រុង​ឧដុង្គម៉ែជ័យ ស្រុក សាមគ្គីមុនីជ័យ នៃ​ខេត្ត​កំពង់ស្ពឺ និង​ស្រុក​អូរគ្រៀង​សែនជ័យ​នៃខេត្ត​ក្រចេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យទី​៩ ខែ​មេសា ឆ្នាំ ២០២៣។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត គឺ​យោង​ទៅ​តាម​សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចុះ​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ​២០២៣។

អនុក្រឹត្យ​លេខ​ដដែល​នេះ​បាន​កំណត់​ថា ក្រុង​អរិយក្សត្រ មាន​ចំនួន​សមាជិក​ក្រុម​ប្រឹក្សា​ចំនួន ១៩ នាក់ និង​ក្រុង​សំពៅពូន ក៏​មាន​ចំនួនសមាជិក​ក្រុម​ប្រឹក្សា ១៩ នាក់​ផងដែរ។

ដោយឡែក ចំពោះ​ខេត្ត​កំពង់ស្ពឺ ក្រុង​ឧដុង្គម៉ែជ័យ មាន​ចំនួន​សមាជិក​ក្រុម​ប្រឹក្សា ១៧​នាក់ និង​ស្រុក សាមគ្គីមុនីជ័យ មាន​ចំនួន​សមាជិក​ក្រុម​ប្រឹក្សា ១៩​នាក់។ រីឯ​នៅ​ស្រុក អូរគ្រៀងសែនជ័យ ក្នុង​ខេត្ត​ក្រចេះ វិញ​មាន​ចំនួន​សមាជិក​ក្រុម​ប្រឹក្សា ១៥នាក់៕