កំពង់ស្ពឺៈ កូន​សត្វខ្ទីង​មួយ​ក្បាល​ត្រូវ​បាន​ក្រុម​ការងារ​សង្គ្រោះ​សត្វព្រៃ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (WA) ជួយ​សង្គ្រោះ កាល​ពី​ថ្ងៃ​ទី៦ ខែ​មករា ឆ្នាំ ២០២៣ នេះ ក្រោយ​ពេល​ក្រុម​ការងារ​បាន​ទទួល​ព័ត៌មាន​ពី​ការ​ជាប់​អន្ទាក់​នៅ​ក្នុង​ដែន​ជម្រក​សត្វ ព្រៃឱរ៉ាល់ ខេត្ត កំពង់ស្ពឺ។

យោង​តាម​ក្រសួង​បរិស្ថាន បាន​ឱ្យ​ដឹង​ នៅ​ថ្ងៃទី ៧ ខែ​មករា​នេះ​ថា កូន​សត្វខ្ទីង​នេះ​បាន របួសជើង​មុខ​ខាងស្តាំ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ ភ្នំតាម៉ៅ ក្នុង​ខេត្ត​តាកែវ ដើម្បី​សង្គ្រោះ​ជីវិត​និង​ព្យាបាល​ជំងឺ

ក្រសួង​បាន​បញ្ជាក់​ថា៖ «ប្រសិន​បើ​មិនមាន​ការ​ជួយ​សង្គ្រោះ​ទាន់​ពេល​វេលា​ទេ កូន​សត្វខ្ទីង ដែល​បែក​ហ្វូង​ពី​មេ​របស់​វា​នេះ​អាច​នឹង​ស្លាប់បាត់បង់​ជីវិត។ កូន​សត្វខ្ទីង​នេះ​ជាប់​អន្ទាក់​នៅ​ទីតាំង​ជាមួយ​គ្នា ដែល​សត្វខ្ទីង​មួយក្បាល​ដែល​បាន​ជាប់​អន្ទាក់ និង ក្រុម​ការងារ​ជួយ​សង្គ្រោះ​កាល​ពី​ខែ​មិថុនា ឆ្នាំ ២០២១ កន្លងទៅ ប៉ុន្តែ​បាន​ស្លាប់»។

ប្រជាសហគមន៍​ កាល​ពី​ថ្ងៃទី ៦ ខែ​មករា បាន​ទាក់ទង​ក្រុម​ការងារ​សង្គ្រោះ​សត្វព្រៃ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ដែល​បាន​សហការ​ជាមួយ​មន្ត្រី​ឧទ្យានុរក្ស​ក្រសួង​បរិស្ថាន ធ្វើ​ការការពារ និង អភិរក្ស​នៅ​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ខេត្ត កំពង់ស្ពឺ ក្រោយ​បាន​ឃើញ​វា​ជាប់​អន្ទាក់​ព្រាន។ ភ្លាមៗ ក្រុម​ការងារ​សង្គ្រោះ​សត្វព្រៃ​បាន​ចុះ​អន្តរាគមន៍ ដោយ​បាន​ធ្វើ​ដំណើរ​រយៈ​ចម្ងាយ​ជាង ១៣០ គីឡូម៉ែត្រ​ពី​ភ្នំពេញ​ទៅ​កាន់​ទីតាំង​ដែលបាន​រាយការណ៍​ក្រុម​សង្រ្គោះ​បាន​ធ្វើ​ដំណើរ​ដោយ​តាម​រថយន្តផង តាម​គោយន្ត​កន្ត្រៃ​ផង និង​ដោយ​ថ្មើរជើង​ផង ទម្រាំ​បាន​ទៅ​ដល់​ទីតាំង​នោះ ដើម្បី​សង្គ្រោះ​កូន​សត្វខ្ទីង​នេះ និង​បាន​បញ្ជូន​ទៅ​កាន់​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំតាម៉ៅ ដើម្បី​ព្យាបាល។

ក្នុង​នាម​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួង បរិស្ថាន បាន​សម្តែង​អំណរគុណ​ដល់​ក្រុម​ការងារ​សង្គ្រោះ​សត្វព្រៃ អង្គការ WA ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​សង្គ្រោះ​កូន​សត្វខ្ទីង ដែល​ជា​ប្រភេទ​សត្វកម្រ​នៅ​លើ​ពិភពលោក​នេះ ក៏​ដូចជា សត្វព្រៃ​ផ្សេង​ទៀត។

លោក​បាន​ថ្លែង​ផងដែរ​ថា អង្គការ WA រួម​នឹង​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ក្នុង​តំបន់​ជួរភ្នំ​ក្រវ៉ាញ បាន​និង​កំពុង​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​ក្រសួង​បរិស្ថាន​ក្នុង​ការ​ការពារ​និង​អភិរក្ស​ធនធាន​ធម្មជាតិ និង​សត្វព្រៃ​នៅ​តាម​តំបន់​ការពារ​ធម្មជាតិ​ក្នុង​តំបន់​ជួរ​ភ្នំក្រវ៉ាញ បាន​យ៉ាង​ល្អប្រសើរ។

លោក​ក៏​បាន​កត់សម្គាល់​ថា ប្រជាសហគមន៍​ដែល​បាន​ឃើញ​សត្វ​ជាប់​អន្ទាក់ ស្វែងរក​កិច្ច​អន្តរាគមន៍ ដើម្បី​ជួយ​សង្គ្រោះ​សត្វ​បាន​បង្ហាញ​ពីការ​យល់ដឹង ពី​សារៈសំខាន់​នៃ​ជីវៈចម្រុះ និង​ការ​ចូលរួម​អភិរក្ស​សត្វព្រៃ​ឱ្យ​បាន​គង់វង្ស។

ក្រសួង​បរិស្ថាន និង អង្គការ​ដៃគូ​ផ្នែក​អភិរក្ស​នឹង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ក្នុង​ការ​ធ្វើ​យុទ្ធនាការ​អន្ទាក់សូន្យ ដើម្បី​បង្កើន​ការ​យល់ដឹង​កាន់តែ​ច្រើន​ថែម​ទៀត​ក្នុង​ចំណោម​សាធារណជន និង​ការ​ចូលរួម​ការពារ​និង​អភិរក្ស។

លោក នេត្រ ភក្ត្រា បាន​លើក​ឡើង​ថា អន្ទាក់​និង​កាំភ្លើង​កែច្នៃ គឺ​ជា​ឃាតក​លាក់​មុខ​សម្លាប់​សត្វព្រៃ​នៅ​កម្ពុជា ជា​រៀងរាល់​ថ្ងៃ​ដែល​ចាំបាច់ត្រូវ​ទប់ស្កាត់ និង បង្ក្រាប​កុំ​ឱ្យ​មាន​ការ​យកចូល​ក្នុង​តំបន់​ការពារ​ធម្មជាតិ។ អន្ទាក់​ជាច្រើន​ម៉ឺន​ត្រូវ​បាន​ដោះចេញ​ពី​តំបន់​ការពារ​ធម្មជាតិ និងកាំភ្លើង​រួម​នឹង​កាំភ្លើង​កែច្នៃ​ជាច្រើន​រយ ត្រូវ​បាន​ដកហូត រឹបអូស​រយៈពេល​កន្លងទៅ។

លោក​បាន​ថ្លែង​បន្ត​ថា សត្វខ្ទីង​ជា​ប្រភេទ​សត្វកម្រ ដែល​ងាយ​ទទួល​រងការ​គំរាម​កំហែង​យ៉ាង​ខ្លាំង។ សត្វខ្ទីង នៅ​លើ​ពិភពលោក​មាន​ចំនួនប្រមាណ ២១ ០០០ ក្បាល​ដែល​រស់នៅ​ក្នុង​ប្រទេស ឥណ្ឌា​និង​តំបន់​អាស៊ីអាគ្នេយ៍។ សត្វខ្ទីងញី​អាច​មាន​ទម្ងន់​រហូត​ដល់​ជិត ១តោន ខណៈ ខ្ទីង​ឈ្មោល អាច​មាន​ទម្ងន់​ដល់​១តោនកន្លះ។

ចំនួន​សត្វខ្ទីង មាន​ការ​ថយចុះ​គួរ​ឱ្យ​កត់​សម្គាល់​ដោយសារ​តែ​ការ​បាត់បង់​ទី​ជម្រក ជាពិសេស គឺ​ការ​បរបាញ់ ដើម្បី​យក​សាច់ ស្នែង ឆ្អឹង​និងការ​ជួញដូរ​ផ្សេង​ទៀត។ សត្វខ្ទីង ស្ថិតនៅ​ក្នុង​ឧបសម្ព័ន្ធ​ទី១ នៃ​អនុសញ្ញា​ សាយតេស។ ដើម្បី​ចូលរួម​ការពារ​និង​អភិរក្ស​សត្វ​ព្រៃ​ ជាពិសេស សត្វព្រៃ​កម្រៗ​នៅ​លើ​ពិភពលោក​ដែល​មាន​វត្តមាន​នៅកម្ពុជា។

លោក​រដ្ឋលេខាធិការ​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​បញ្ឈប់​ការ​បរិភោគ សាច់​សត្វព្រៃ និង​កុំជឿថា បរិភោគ​សាច់​សត្វព្រៃ​ផ្តល់​នូវសុខភាព​ល្អ។ ជាមួយគ្នានេះ សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​អនុវត្ត​ច្បាប់​ប្រឆាំង​នឹង​ជនល្មើស​សម្លាប់​សត្វ​ដោយ​មិន​លើកលែង​ឡើយ។

លើសពីនោះ លោក​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ការពារ​និង​អភិរក្ស​សត្វព្រៃ និង​សូម​និយាយ​ថា ទេ​ចំពោះ​ការ​ជួញដូរសត្វព្រៃ​គ្រប់ប្រភេទ ព្រម​ទាំង​ចូលរួម​រាយការណ៍​ប្រាប់​សមត្ថកិច្ច ប្រសិន​បើ​ឃើញ​មាន​ការ​បរបាញ់សត្វ ការ​ដាក់​អន្ទាក់​ចាប់សត្វ។ ក្រៅពី​នោះ​សូម​ចូលរួម​បណ្តុះ​ស្មារតី​ក្មេងៗ​ជំនាន់​ក្រោយ​ស្រឡាញ់​ធនធាន​ធម្មជាតិ និង​សត្វព្រៃ ដើម្បី​ផល​ប្រយោជន៍ សម្រាប់​អភិវឌ្ឍ​ទេសចរណ៍​ធម្មជាតិ បង្កើន​ចំណូល​ប្រជាសហគមន៍​មូលដ្ឋាន កាត់បន្ថយ​និង​លុប​បំបាត់​របរ ចូលព្រៃ​កាប់​ឈើ​និង​បរបាញ់​សត្វ ឬ ដាក់​អន្ទាក់​ចាប់​សត្វដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន​កំពុង​ប្រកបរបរ​ដែល​ប្រឈម​នឹង​មុខ​ច្បាប់នេះ៕