
ការដំឡើងប្រអប់សំបុត្រទទួលមតិយោបល់ក្នុងភូមិម្ដែងទាល ស្រុករវៀង ខេត្តព្រះវិហារ។ រូបថត USAID ព្រៃឡង់
ភ្នំពេញៈ គម្រោង USAID ព្រៃឡង់បៃតង អង្គការសមាគមន៍អភិរក្សសត្វព្រៃ (WCS) និងអង្គការអភិរក្សអន្តរជាតិ (CI) កំពុងដំឡើងប្រអប់សំបុត្រ ដើម្បីទទួលមតិយោបល់ក្នុងភូមិដែលនៅក្នុងគម្រោង រេដបូក របស់តំបន់ទេសភាពខ្ពង់រាបភាគខាងជើង និងគម្រោង រេដបូក យន្តការឥណទានកាបូនរួមនៃដែនជម្រកសត្វព្រៃ ព្រៃឡង់។ នេះបើយោងតាមព្រឹត្តិបត្រព័ត៌មានប្រចាំខែធ្នូឆ្នាំ ២០២២ របស់គម្រោង USAID ព្រៃឡង់បៃតង។
ភូមិដែលស្ថិតនៅក្នុងគម្រោង រេដបូក ដែនជម្រកសត្វព្រៃ ព្រៃឡង់ នៃខេត្តទាំងបួន ដែលរួមមានខេត្តក្រចេះ កំពង់ធំ ស្ទឹងត្រែង និងព្រះវិហារ មានចំនួន ៤៧ ភូមិ ហើយភូមិដែលស្ថិតនៅក្នុងគម្រោង រេដបូក តំបន់ទេសភាពខ្ពង់រាបភាគខាងជើង មានចំនួន ៥៣ភូមិ។
ប្រអប់សំបុត្រមួយទៅពីរ ត្រូវបានដំឡើងនៅតាមភូមិនីមួយៗ អាស្រ័យទៅតាម ចំនួនប្រជាជនតិច ឬច្រើន។ ប្រអប់សំបុត្រត្រូវបានដាក់នៅកន្លែងសាធារណៈ ដើម្បីធានាសុវត្ថិភាព និងភាពងាយស្រួល។ គណៈកម្មការដែលរួមមាន បុគ្គលិកអង្គការ WCS នៅតំបន់ទេសភាពខ្ពង់រាបភាគខាងជើង អង្គការ Cl ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ មេឃុំ មេភូមិ និងតំណាងមន្ទីរបរិស្ថានខេត្ត នឹងពិនិត្យប្រអប់សារទាំងនោះយ៉ាងតិចម្តងក្នុងមួយខែ ដើម្បីពិនិត្យមើលពាក្យបណ្តឹងផ្សេងៗ។
បន្ថែមពីលើប្រអប់សំបុត្រនេះ សហគមន៍ក៏អាចរាយការណ៍អំពីកង្វល់ផ្សេងៗ ទាក់ទងនឹងគម្រោង រេដបូក តាមរយៈលេខទូរស័ព្ទទាន់ហេតុការណ៍ ទំព័រហ្វេសប៊ុក អ៊ីមែល និងការប្រជុំពិគ្រោះយោបល់ដែលធ្វើឡើងជាប្រចាំជាមួយភាគីពាក់ព័ន្ធ។
យន្តការដោះស្រាយបណ្ដឹង គឺជាធាតុផ្សំដ៏សំខាន់របស់គម្រោង រេដបូក។ យន្តការនេះផ្ដល់នូវមធ្យោបាយដែលចាំបាច់សម្រាប់ការដោះស្រាយជម្លោះ និងកង្វល់ ដែលអាចកើតឡើងរវាងភាគីពាក់ព័ន្ធរបស់គម្រោង រេដបូក។ វាផ្តល់នូវការការពារ យ៉ាងសំខាន់សម្រាប់ហានិភ័យទាំងអស់ដែលអាចកើតមាននៅក្នុងគម្រោង និង ធានានូវមធ្យោបាយយ៉ាងល្អ ដើម្បីកំណត់ និងដោះស្រាយជម្លោះដែលកើតចេញពីផលប៉ះពាល់អវិជ្ជមាននៃគម្រោង រេដបូក។
យន្តការបណ្ដឹងតាមផ្លូវការ និងក្រៅផ្លូវការពាក់ព័ន្ធនឹងការអនុវត្តគម្រោងរេដបូក បច្ចុប្បន្នកំពុងតែដំណើរការក្នុងការអនុវត្តគម្រោង រេដបូក។ ក្នុងនាមជាភាគីពាក់ព័ន្ធក្នុងគម្រោង សហគមន៍ត្រូវតែទទួលបានព័ត៌មានបច្ចុប្បន្នភាពអំពីវឌ្ឍនភាពគម្រោង ហើយការចូលរួមរបស់ពួកគេនៅក្នុងកម្មវិធីជម្រើសមុខរបរ ការពង្រឹងការអនុវត្តច្បាប់ និងអភិបាលកិច្ចគឺពិតជាមានសារៈសំខាន់ជាខ្លាំង។ នេះបើយោងតាមប្រភពដដែលនេះ៕