ភ្នំពេញៈ លោក ផាន អូន ប្រតិភូ​រាជ​រដ្ឋាភិ​បាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​អគ្គ​នាយក​នៃ​អគ្គ​នាយ​កដ្ឋាន​ការ​ពារ​អ្នក​ប្រើប្រាស់ ​កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ «​ក​.​ប​.​ប​.» បាន​ឱ្យដឹង​ថា ​មាន​ក្រុមហ៊ុន​ចំនួន​២ ក្នុង​ចំណោម​ក្រុម​ហ៊ុន​ចំនួន​១៩ បាន​ធ្វើ​បណ្តឹង​តវ៉ា​នឹង​សេចក្តី​សម្រេច​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​ការ​ពារ​អ្នក​ប្រើ​ប្រាស់ «​គ​.​ជ​.​ក​.​ប​.» ពាក់​ព័ន្ធ​នឹង​ការ​ផ្សាយ​ពាណិ​ជ្ជកម្ម​មិន​សុ​ចរិត​។​

កា​រប្ដឹង​តវ៉ា​រប​ស់​ក្រុមហ៊ុន​ចំនួន​២​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី គ​.​ជ​.​ក​.​ប​. បាន​ជួប​ជា​មួយ​ក្រុមហ៊ុន​ផ្សាយពា​ណិជ្ជ​កម្ម​ទាំង​១៩​កាល​ពី​ពេល​ថ្មីៗ​នេះ​ហើយ​គណៈ​កម្មាធិ​ការ​នេះ ក៏​បាន​ចេញ​សេចក្តី​សម្រេច​ដោយ​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ទាំង​នោះ ​ត្រូវធ្វើ​ការ​កែ​សម្រួល​ស​កម្ម​ភាព​និង​ខ្លឹម​សារ​ផ្សព្វ​ផ្សាយ​ពាណិជ្ជក​ម្ម​រប​ស់​ខ្លួន ហើយ​ក្នុង​ករណី​មិន​អនុវត្ត​តាម ​នឹង​ចាត់វិ​ធាន​ការ​តាម​ច្បាប់​ជា​ធរ​មាន​។

លោក ​ផាន អូន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​៨ មករា​ ថា ប​ន្ទាប់​ពី គ​.​ជ​.​ក​.​ប​. បាន​ចេញ​សេចក្តី​សម្រេច​នេះ​ហើយ គឺ​មាន​ក្រុម​ហ៊ុន​ចំនួន​១៧​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ចំនួន​១៩ បាន​ទទួល​ស្គាល់​កំហុស និង​បាន​អនុវត្ត​ទៅ​តាម​ស្មារតី​នៃ​សេចក្តី​សម្រេច​។

​ប៉ុន្តែ ​លោក ថា ក្នុងនោះ​មាន​ក្រុមហ៊ុន​ចំនួន​២ ដែល​​មិន​សុខ​ចិត្ត និង​បានធ្វើ​បណ្តឹង​តវ៉ា​មក គ​.​ជ​.​ក​.​ប​. ដែល​លោក អះ​អាង​ថា គ​.​ជ​.​ក​.​ប​.នឹង​ពិនិត្យ​មើល​លើ​នីតិវិធី​បន្ត​ទៀត​ ជាមួ​យនឹង​បណ្តឹង​តវ៉ា​របស់​ក្រុម​ហ៊ុន​ទាំង​២​នេះ ​ដើម្បី​ចេញ​សេចក្តី​សម្រេ​ចជា​លើក​ទី​២​ក្នុង​ពេល​ខាង​មុខ​។​

​លោក​បាន​បញ្ជាក់​ថា​៖​​«​យើង​ពិនិត្យ​ឃើញថា​​មាន​ក្រុម​ហ៊ុន​ចំនួន​១៩ដែល​មិន​អនុលោម​តាម​ច្បាប់ ហើយ​យើង​បាន​ចាត់​វិធាន​ការ​ហ្នឹង​ទៅ ដោយ​គណៈ​កម្មាធិ​ការ​ជាតិ​ការពារ​អ្នក​ប្រើប្រាស់​បាន​ប្រជុំគ្នា​ និង​ចេញ​សេចក្តី​សម្រេច​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ដែល​យើង​ចាត់​ទុក​ថាជា​ការ​អនុវត្ត​មិន​សុចរិត​ក្រោម​ច្បាប់​ស្តីពី​កិច្ច​ការពា​រ​អ្នក​ប្រើប្រាស់​»​។

​លោក​បាន​បន្ត​ថា​៖«​ក្រុម​ហ៊ុន​ភាគច្រើន​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ទាំង​១៩​នេះ គាត់​បាន​អនុវត្ត​ទៅ​តាម​សេចក្តី​សម្រេច​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​ការពារ​អ្នក​ប្រើប្រា​ស់​ទៅលើ​អត្ថ​បទ​ផ្សាយ ​ឬក៏​ស្ប៉ត​ផ្សាយ​ពាណិ​ជ្ជកម្ម​ទំនិញ​ និង​សេវា​របស់​គាត់​។

ចំពោះ​ក្រុម​ហ៊ុន​២ ទៀត គឺ​គេ​បានធ្វើ​បណ្តឹង​តវ៉ា​ ដែល​តាម​ច្បាប់​យើងគឺ​​គេ​ឱ្យមាន​បណ្តឹងត​វ៉ា នៅពេ​លដែល​ក្រុម​ហ៊ុន អាច​មាន​អំណះ​អំ​ណា​ង​ជាយ​ថាហេ​តុ​ណាមួ​យ​អាច​យល់​ថា ​ខ្លួន​មិន​ខុស​។ បណ្តឹង​តវ៉ា​នេះ ​គឺមាន​នៅ​ក្នុង​នីតិវិ​ធី ដែល​គណៈ​កម្មា​ធិការ​ជាតិ​ការ​ពារ​អ្នក​ប្រើប្រា​ស់ នឹង​ធ្វើ​ការ​វាយត​ម្លៃ​លើ​បណ្តឹង​តវ៉ា​នេះ​»​។​

​យ៉ា​ងណា​ក្ដី ​ពាក់​ព័ន្ធ​នឹង​ក្រុម​ហ៊ុន​ទាំង​នេះ លោ​ក ផាន អូន ​មិនទាន់​អាច​បញ្ជាក់​បាន​ទេ​ថា ក្រុម​ហ៊ុន​ដែល​ល្មើស​នឹង​ច្បាប់​ស្តីពី​កិច្ច​ការ​ពារ​អ្នក​ប្រើប្រាស់​មានឈ្មោះ​​អ្វីខ្លះ ​ដោយ​លោក​គ្រាន់តែ​អះអា​ងថា ក​.​ប​.​ប ឬគ​.​ជ​.​ក​.​ប​.នឹង​បញ្ចប់​នីតិ​វិធី​ និង​ចេញ​សេចក្តី​សម្រេច​ជា​លើក​ទី​២ ក្នុង​ពេល​ឆាប់ៗ​។​

​ច្បាប់​ស្តីពី​កិច្ច​កា​រពារ​អ្នក​ប្រើប្រា​ស់ ត្រូវ​បាន​ព្រះ​មហា​ក្សត្រ​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ ន​រោត្តម​ សីហ​មុនី ​ទ្រង់​ឡាយ​ព្រះ​ហស្ត​លេខា ​ប្រកាស​ឱ្យ​ប្រើ​ប្រាស់​កាលពី​ថ្ងៃទី​២ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៩ ​ដែល​ច្បាប់​នេះមាន​គោល​ដៅ​​ធានា​ឱ្យមាន​កិច្ច​ការ​ពារ​អ្នក​ប្រើ​ប្រាស់ និង​ចូលរួម​លើក​កម្ពស់​ការ​ប្រកួត​ប្រជែង​ដោយ​សុ​ចរិត​។

​លោក ​ផាន ​អូន​ បាន​អះ​អាង​ថា អំពើ​មិន​សុចរិត​ក្នុង​ច្បាប់​នេះ គឺ​សំដៅ​អំពើ​ណាមួយ​ដែល​បុគ្គល​នៅក្នុង​ធុរកិច្ច​អាច​បំភាន់ឬ​បោក​បញ្ឆោត​អ្នក​ប្រើ​ប្រាស់ ទោះបីជា​អំពើ​នោះ​ធ្វើ​ដោយ​ចេតនាឬ​​អ​ចេតនា​ក៏ដោយ​។ដូច្នេះ​ហើយ គ​.​ជ​.​ក​.​ប ឬ ក​.​ប​.​ប​. គឺ​សុទ្ធ​តែ​អាច​ចាត់​វិធាន​ការ​ដោយ​យោង​ទៅ​លើ​ច្បាប់​នេះ​ទាំង​អស់​។​

​យោង​តាម​ច្បាប់​ស្តីពី​កិច្ចកា​រពារ​អ្នក​ប្រើប្រាស់បា​ន​បញ្ញត្តថា ​រាល់​អ្នក​ល្មើស​ទៅនឹង​បទ​ប្ប​ញ្ញ​ត្តិ​នៃ​ច្បាប់​នេះគឺ​អាច​នឹងទទួល​ទណ្ឌ​កម្ម និង​ការ​ពិន័យ​អន្ត​រការណ៍​ ដែល​រួមមា​ន​ ការ​ព្រមាន​ជា​លាយ​លក្ខណ៍​អក្សរ​ កា​រព្យួរ ការ​ដកហូត​ ឬ​ការលុប​ចោល​វិញ្ញា​បន​បត្រ​ចុះ​បញ្ជី​ពាណិជ្ជ​កម្ម ​ឬ​អាជ្ញា​ប័ណ្ណ ​ការ​ពិន័យ​អន្តរ​ការណ៍​ ទោស​ពិន័យ​ជា​ប្រាក់ ​និង​ទោស​ដាក់​ពន្ធ​នា​គារ​​។​

​កា​រព្រ​មាន​ជា​លាយ​លក្ខណ៍​អក្សរ​ ការ​ព្យួរ ការ​ដក​ហូត ​ឬ​ការ​លុបចោ​ល​វិញ្ញាបន​បត្រ​បញ្ជាក់ ​ការចុះបញ្ជី​ពាណិជ្ជ​កម្ម​ឬ​អាជ្ញា​ប័ណ្ណ ​ជា​សម​ត្ថកិច្ច​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​ការពារ​អ្នក​ប្រើ​ប្រាស់​ ខណៈ​ការ​ពិន័យ​អន្តរ​ការណ៍​ ជា​សមត្ថ​កិច្ច​របស់​មន្ត្រី​ស៊ើប​អង្កេត ​ហើយ​ការ​បង់​ប្រាក់​ពិន័យ​អន្តរ​ការណ៍​នាំឱ្យ​រលត់​បណ្តឹង​អាជ្ញា​។ក្នុងក​រណី​ជន​ល្មើស​មិន​ព្រម​បង់​ប្រាក់​ពិន័យ​អន្តរ​ការណ៍ ​មន្ត្រី​ស៊ើប​អង្កេត​អាច​កសាង​សំណុំរឿ​ង​បញ្ជូន​ទៅ​តុលាការ​ ​។ នេះ​បើ​យោង​តាម​មាត្រា​៤០ នៃ​ច្បាប់​ដដែល​នេះ​៕