ព្រះសីហនុៈ ​ក្រុម​ហ៊ុន​ទឹក​ស្អាត​និង​អាជ្ញា​ធរ​ខេត្ត​ព្រះ​សីហនុ ​អំពាវ​នាវ​សុំ​ឱ្យ​ប្រជា​ពល​រដ្ឋ​ មេត្តា​អត់ធ្មត់​ចំពោះ​ការ​ខ្វះខាត​ទឹក​ស្អាត​ប្រើប្រាស់​ ខណៈ​ទំនប់​អាង​ស្តុក​ទឹក​ក្បាល​ឆាយ​ទី​២​ បាន​បាក់​កាល​ពី​យប់​ថ្ងៃ​សៅ​រ៍ បណ្ដាល​ឱ្យ​ហូរ​បាត់​បង់​ទឹក​អស់​ជាង ​៣ ​លាន​ម៉ែត្រ​គុប​។​​

លោក ​ណាំ ​គៀ​តេង​ អគ្គ​នាយក​ក្រុម​ហ៊ុន​ទឹក​ស្អាត​អាន​កូ​ ខេត្ត​ព្រះ​សីហនុ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ព្រឹក​ថ្ងៃទី​៨ ​ខែមករា​ ឆ្នាំ​២០២៣ ថា ​ទំនប់​អាង​ទឹក​ក្រុម​ហ៊ុន​អាន​កូ ក្បាល​ឆាយ ​ទី​២​បាន​បាក់​កាល​ពី​យប់​ថ្ងៃទី​៧ ​ខែ​មករា ​បណ្តាល​ឱ្យ​ហូរ​ទឹក​អស់​ជាង​៣​លាន​ម៉ែត្រ​គុប និង​បាន​ខូច​ខាត​ម៉ាស៊ីន​បូម​បញ្ជូន​ទឹក​ពី​អាង​នេះ​ទៅកា​ន់​ស្ថានីយ​ចម្រោះ ​សម្រាប់​ផលិត​និង​ផ្គត់​ផ្គង់​ទឹក​ស្អាត​ រួម​ទាំង​បង្គោល​អគ្គិស​នី​មួយ​ចំនួន ​ដែល​នៅ​ជាប់​ទីតាំង​អាង​ស្តុក​ទឹក​ដ៏​ធំ​នេះ​ផងដែរ​។​

លោក​បាន​បន្តថា ​ការ​បាក់​ទំនប់​អាង​ស្តុក​ទឹក​ក្បាល​ឆាយ​ទី​២​នេះ ត្រូវ​បាន​ក្រុម​ការ​ងារ​បច្ចេក​ទេស​ សន្និ​ដ្ឋាន​ថា ​អាច​នឹង​បណ្ដាល​មក​ពី​សម្ពាធ​ទឹក​នៅ​ក្នុង​អាង​នោះ​វា​មាន​បរមាណ​ច្រើន​ពេក​ ធ្វើ​ឱ្យ​កន្លែង​ខ្លះ​នៃ​ខ្នង​ទំនប់​ដែល​មាន​ភាព​ទន់​ជ្រាយ​ខ្លាំង ​ត្រូវ​ជ្រាប​ទឹក​ និង​ហូរ​ច្រោះ នាំឱ្យ​បាក់​ស្រុត​។​

លោក ​គៀ​​តេង​ បញ្ជាក់​ថា​៖«​ករណី​នេះ ​ធ្វើឱ្យ​​ការ​ផ្គត់​ផ្គង់​ទឹក​របស់​យើង​ នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ ជា​ពិសេស​នៅ​ក្រុង​ព្រះ​សីហនុ​តែ​ម្ដង មាន​ភាព​រអាក់​រអួល ឬ​អាច​នឹង​ខ្វះ​ខាត​ទឹក​ស្អាត​ប្រើ​ប្រាស់​ក្នុង​រយៈ​ពេល​១​សប្ដាហ៍​យ៉ាង​យូរ សម្រាប់​អ្នក​ដែល​រស់​នៅក្នុ​ង​តំបន់​ទីទួល​ខ្ពស់ៗ​ និង​ផ្នែក​ខាង​ចុង​នៃ​ខ្សែ​ប​ណ្ដាញ​ទឹក​ស្អាត​»​។

បើ​តាម​ លោក​ គៀ​តេង​ ក្រុម​ហ៊ុន​មាន​អាង​ស្តុក​ទឹក​ចំនួន​៤​ នៅ​តំបន់​ក្បាល​ឆាយ​។​ ប៉ុន្តែ​អាង​ទាំង​៤​នេះ​ គឺ​មាន​ភ្ជាប់​ម៉ាស៊ីន​និង​ម៉ូ​ទ័​រ​បូម​ទឹក​ខ្នាត​យក្ស​ចំនួន​២​គ្រឿង​ប៉ុណ្ណោះ ​នៅ​ក្នុង​ទីតាំង​អាង​ស្តុក​ទឹក​ទី​២ និង​ទី​៣ ​ដើម្បី​បញ្ជូន​ទឹក​ទៅ​កាន់​ស្ថានីយ​ចម្រោះ​និង​ផលិត​ទឹក​ស្អាត នៅ​ក្នុង​សង្កាត់​លេខ​១​ ក្រុង​ព្រះសី​ហនុ​ ដែល​ក្នុង​១​ថ្ងៃ​ផលិត​ទឹក​ស្អាត​បាន​ជាង​១៥​ម៉ឺន​ម៉ែត្រ​គុប​ ខណៈ​តម្រូវ​ការ​ប្រើប្រាស់​មាន​ត្រឹមតែ​ ៨​ម៉ឺន​ម៉ែត្រ​គុប​ប៉ុណ្ណោះ​។​ ប៉ុ​ន្តែ​ បន្ទាប់​ពី​មាន​ការ​បាក់​ទំនប់​និង​ខូច​ខាត​ម៉ាស៊ីន​បូម​ទឹក​នៅ​អាង​ស្តុក​ទឹក​ទី​២​នេះ​ បរិមាណ​ទឹក​បាន​ថយ​ចុះ ដែល​នាំ​ឱ្យ​ការ​ផលិត​និង​ផ្គត់​ផ្គង់​ទឹក​ស្អាត​មាន​ការ​ខ្វះខាត​នៅ​ផ្នែក​ខ្លះ​នៃ​ក្រុង​ព្រះ​សីហនុ​ ស្រុក​ព្រៃនប់ និង​ស្រុក​ស្ទឹង​ហាវ​។​​

​ថ្វី​បើ​យ៉ាង​ដូច្នេះ​ក្ដី​លោក​បាន​អះអាង​ថា​៖«​យ៉ាង​យូរ​១​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ​ បញ្ហា​នេះ​នឹង​ត្រូវ​បាន​ដោះ​ស្រាយ​»​។​

​លោក​បាន​បន្ត​ថា​ បច្ចុប្បន្ន​ ក្រុម​ការងារ​បច្ចេក​ទេស​របស់​ក្រុម​ហ៊ុន​លោក​ កំពុង​សហ​ការ​ជា​មួយ​ក្រុម​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារ​ណ​ការ​និង​ដឹក​ជញ្ជូន​ខេត្ត​ព្រះ​សីហនុ​ ក្រុម​ហ៊ុន​អគ្គិស​នី​ខេត្ត​ និង​អាជ្ញា​ធរ​មូល​ដ្ឋាន​ ជួស​ជុល​ទំនប់​អាងទឹក​ទី​២​ដែល​បាក់​ប្រវែង​ជាង​១០​ម៉ែត្រ ជួស​ជុល​ដំឡើង​ម៉ាស៊ីន​និង​មូទ័រ​បូម​ទឹក​ថ្មី​១​ទៀត​នៅ​អាង​ទឹក​ទី​៣ សម្រាប់​បូម​ទឹក​បញ្ជូន​ទៅ​កាន់​ស្ថានីយ​អាង​ចម្រោះ​ទឹក​ស្អាត​ ដើម្បី​ធានា​ដល់​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ ទៅ​តាម​តម្រូវ​ការ​របស់​អតិថិ​ជន​ឡើង​វិញ​។​

ជុំវិញ​ការ​បាក់​ទំនប់​អាង​ស្តុក​ទឹក​ទី​២​នេះ ​លោក​ គួច​ ចំរើន អភិ​បាល​ខេត្ត​ព្រះ​សីហនុ​ បាន​អំពាវ​នាវ​ ដល់​ប្រជា​ពល​រដ្ឋ​ ក៏​ដូច​ជា​មន្ត្រី​គ្រប់​អង្គ​ភាព​ទាំង​អស់​នៅ​ទូទាំង​ខេត្ត​ព្រះ​សីហនុ​ ប្រើ​ប្រាស់​ទឹក​ស្អាត​ដោយ​សន្សំ​សំ​ចៃ ​ជាពិ​សេស​ការ​ប្រើប្រាស់​ទឹក​ស្អាត​យក​ទៅ​បាញ់​ស្មៅ​ក្នុង​សួន​ និង​ដំណាំ​ផ្សេង​ទៀត​ ត្រូវ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​ ដើម្បី​ចែ​ក​រំលែក​ទឹក​ដល់​ប្រជា​ពលរដ្ឋ​ផ្សេង​ទៀត​ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ទីទួល​ខ្ពស់ ​ និង​ទី​ទំនាប​មួយ​ចំនួន​ទៀត​ ដែល​ត្រូវ​ការ​ទឹក​ប្រើប្រាស់​ជា​ចាំ​បាច់​នៅ​ក្នុង​ជីវ​ភាព​រស់​នៅ​។​

​ លោក ​មាន​ថ្លែង​ថា​៖« ​ក្នុង​អំឡុង​ពេល​មាន​ការ​ខូច​ខាត​ទំនប់​អាង​ស្តុក​ទឹក​ទី​២ ​និង​ការ​ជួសជុ​ល​ ម៉ាស៊ីន​បូម​ទឹក​ជាប​ន្ទាន់​ឡើង​វិញ​នេះ​ សូម​បង​ប្អូន​ប្រជា​ពលរដ្ឋ​យើង​ប្រើ​ប្រាស់​ទឹក​ស្អាត​ដោយ​សន្សំ​សំចៃ ​ព្រោះ​នៅពេល​នេះ​ លទ្ធ​ភាព​នៃ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​របស់​យើង​បាន​តែ​៥០​ភាគ​រយ​ប៉ុណ្ណោះ​។ ​ប្រសិ​ន​បើ​គ្មាន​ការ​ចាំបាច់​ទេ​ សុំ​បន្ថយ​ការ​ប្រើប្រាស់​ទឹក​ ដូច​ជា​ ស្រោច​ដំណាំ ​ស្រោច​ស្មៅ​អី ​សូម​ធ្វើ​ការ​ផ្អាក​បណ្ដោះ​អាសន្ន​សិន​ ដើម្បី​ចែក​រំលែក​ទឹក​ស្អាត​ទៅ​បងប្អូន​យើង ​ដែល​គាត់​មាន​សេចក្ដី​ត្រូវ​ការ​ចាំ​បាច់​ក្នុង​ការ​ប្រើ​ប្រាស់ ​»​។​

​ ជា​មួយ​គ្នា​នេះ​ លោក​បាន​ចាត់​ក្រុម​ការងារ​ជំនាញ​ចំនួន​៤​ក្រុម​ ឱ្យ​ជួយ​ដល់​ក្រុម​ហ៊ុន​ក្នុង​ការ​ងារ​ជួស​ជុល ទំនប់​អាង​ស្តុក​ទឹក​ និង​ម៉ា​ស៊ីន​បូម​ទឹក​ ដែល​រង​ការ​ខូច​ខាត​នោះ​ ដើម្បី​បាន​ដំណើរ​ការ​ឡើង​វិញ​ ឱ្យ​បាន​លឿន​និង​ឆាប់​រហ័ស​តាម​ដែល​អាចធ្វើ​ទៅ​បាន​។​ ក្នុង​នោះ​ក្រុម​ទី​១ ត្រូវ​ជួយ​ដំឡើង​និង​ត​ភ្ជាប់​ខ្សែ​បណ្ដាញ​អគ្គិស​នី​ដែល​ខូច​ខាត​ឡើង​វិញ ខណៈ​ក្រុម​ទី​២​ត្រូវ​ជួយ​ស្ទូច​ម៉ាស៊ីន​បូមទឹក​ ដែល​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ មក​ធ្វើ​ការ​ជួស​ជុល​ ដើម្បី​ដំណើរ​ការ​បូមទឹក​ឡើង​វិញ​។​ ចំណែក​ក្រុម​ទី​៣ ​និង​ក្រុមទី​៤​ ត្រូវ​រៀបចំ​ដំឡើង​ម៉ាស៊ីន​និង​ម៉ូ​ទ័​រ​បូមទឹក​នៅ​ចំណុច​ទំនប់​អាង​ស្តុក​ទឹក​ក្បាល​ឆាយ​ទី​៣​ឱ្យ​បាន​ឆាប់​ ដើម្បី​បូម​ទឹក​ពី​អាង​ស្ដុក​ទឹក​ទី​៣​នេះ ​ទៅ​កាន់​ស្ថានីយចម្រោះ​ទឹក​ស្អាត​ ជំនួស​ទីតាំង​អាង​ស្តុក​ទឹក​ទី​២​ ដែល​បាន​បាក់​ខូច​ខាត​និង​កំពុង​ជួស​ជុល​ និង​ត្រូវ​ជួយ​ជួស​ជុល​ទំនប់​ដែល​បាន​បាក់​ធ្លាយ​ឡើង​វិញ​ឱ្យបាន​រឹងមាំ ​ដោយ​ប្រើ​គ្រឿង​ចក្រ​អេ​ស្កា​វ៉ា​ទ័​រ​ចំនួន​៦​គ្រឿង ​និង​រថយន្ត​ដឹក​ដី​ចំនួន​៦​គ្រឿង​​៕