ភ្នំពេញៈ លោក​ គី តិច ប្រធាន​ក្រុម​មេធាវី​រដ្ឋាភិបាល បានធ្វើ​ការអះអាង​បញ្ជាក់​ជាថ្មី​ថា ការ​រឹបអូស​ទ្រព្យសម្បត្តិ​លោក​ សម​ រង្ស៊ី ព្រមទាំង​បាន​លក់​ឡាយឡុង ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ក្តី​បទ​បរិហារកេរ្តិ៍ គឺជា​សេចក្តីសម្រេច​តាមផ្លូវ​ច្បាប់​របស់​តុលាការ មិនមែនជា​ចំណាត់ការ​របស់​រដ្ឋា​​ភិ​បាល​ដែល​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ឡើយ​។​

​នៅ​ថ្ងៃទី​ ៧ ខែមករា ឆ្នាំ​ ២០២៣ ត្រូវ​នឹង​ខួប​ទី​៤៤ នៃ​ថ្ងៃ​ជ័យជម្នះ ៧ ​មករា ក្រុម​សហ​មេធាវី​រដ្ឋា​ភិ​បាល​ដែលជា​ដើមបណ្តឹង​ក្នុង​សំណុំរឿង​បទ​បរិហារកេរ្តិ៍​ប្តឹង​លោក ​សម រង្ស៊ី ប្រធានស្តីទី​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ បាន​នាំយក​ថវិកា​ជាង ៥​ ម៉ឺន​ដុល្លារ ពី​សំណង​នៃ​បណ្តឹង​លើ​លោក សម រង្ស៊ី របស់លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​។

​ឆ្លៀតឱកាស​នោះដែរ លោក ​គី តិច​ បាន​លើកឡើងថា ថវិកា​ដែល​បាន​ពី​ការលក់​ឡាយឡុង​ទ្រព្យសម្បត្តិ​រឹបអូស​ពី​លោក សម រង្ស៊ី នេះ​ជា​ករណីយកិច្ច​សង​ដើម​បណ្តឹង ហើយ​យកមកប្រើ​ប្រាស់​ដើម្បី​ប្រយោជន៍​រួម​របស់​ជាតិ និង​ប្រជាជន​។ លោក​គី តិច​ បាន​អះអាងថា ការ​រឹបអូស​ទ្រព្យ​សម្បត្តិ​លោក​សម រង្ស៊ី នេះ​គឺ​បាន​អនុវត្តតាម​ផ្លូវច្បាប់ និង​ជា​សេចក្តី​សម្រេច​របស់​តុលាការ ជា​បណ្តឹង​បុគ្គល មិន​ពាក់ព័ន្ធ​នឹង​បញ្ហានយោបាយ​នោះទេ​។​

​លោក​ គី តិច សង្កត់ធ្ងន់ថា​៖ «​មូលហេតុ​អ្វី​បាន​អនុវត្ត​អ៊ីចឹង គឺ​ដើម្បី​ព្រមាន ឬ​ផ្តន្ទា​ទៅលើ​បុគ្គល​ដែល​ចេះតែ​និយាយ បរិ​ហារ​កេរ្តិ៍​គេ ប្រឌិត​រឿង​ខុសពី​ការពិត​យកទៅ​និយាយ​ជា​សាធារណៈ បរិហារកេរ្តិ៍ ធ្វើឱ្យប៉ះពាល់​ដល់​តម្លៃ​កិត្តិយស​របស់គេ​គ្រប់គ្នា ទើប​ច្បាប់​ចែង​ការពារ និង​ផ្តន្ទា​ទោស​ហ្នឹង​»​។

​លោក​ថា៖ «​នេះ​ជាការ​សម្រេច​របស់​តុលាការ ដោយ​អនុវត្ត​ទៅតាម​ច្បាប់​ប្រទេស​នីតិរដ្ឋ គឺ​មិន​បណ្តែតបណ្តោយ​ឱ្យ​បុគ្គល​ដែល​ប្រព្រឹត្តល្មើស​ហ្នឹង​រួចខ្លួន​នោះទេ ត្រូវតែ​ប្តឹង​សុំឱ្យ​តុលាការ​សម្រេច និង​បង្ហាញ​អំពី​ការអនុវត្ត​ច្បាប់​»​។​

​ប្រធាន​ក្រុម​មេធាវី​រដ្ឋាភិបាល​រូបនេះ បាន​បន្ថែមថា ការ​រឹបអូស​ទ្រព្យសម្បត្តិ​ជន​ប្រព្រឹត្ត​បទល្មើស​នេះ ក៏​ត្រូវបាន​អនុវត្ត​នៅ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ដែរ​មិនមែន​មានតែ​នៅ​កម្ពុជា​ឡើយ ហើយក៏​មិនមែន​ចំពោះតែ​ករណី​លោក​សម រង្ស៊ី នោះទេ​។​

លោក​ គី តិច ប្រធាន​ក្រុម​មេធាវី​រដ្ឋាភិបាល ថ្លែងទៅកាន់បណ្ដាសារព័ត៌មាន កាលពីឆ្នាំ ២០២០។ ហេង ជីវ័ន

​ជាមួយគ្នានេះ លោក ​កែវ ពិសិដ្ឋ នាយក​ខុ​ទ្ទ​ការ​ល័យ​របស់លោក​ ហេង សំរិន ប្រធានរដ្ឋសភា​ក៏បាន​លើកឡើង​ដែរ​ថា ការសម្រេច​របស់​តុលាការ​នេះ​បានធ្វើឱ្យ​លោក​ហេង​សំរិន​ទទួលបាន​ភាព​ស្អាតស្អំ និង​កិត្តិយស​ឡើងវិញ ចំពោះ​សំណុំ​រឿង​ដែល​ភាគី​លោក​បាន​ប្តឹង​លោក​សម រង្ស៊ី ពីបទ​បរិហារកេរ្តិ៍​។​

​លោក​ថ្លែងថា​៖ «​តុលាការ​បាន​ផ្តល់នូវ​ភាពយុត្តិធម៌​ដល់​សម្តេច​ចក្រី ដែល​បង្ហាញ​ពី​ភាព​ស្អាតស្អំ កិត្តិយស​របស់​សម្តេច​ត្រឡប់មកវិញ ហើយ​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​បានដឹងហើយថា​សម្តេច​ចក្រី​គឺជា​ស្ថាបនិក​មួយ​ក្នុងចំណោម​ស្ថាបនិក​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ផងដែរ​»​។​

​សូមបញ្ជាក់ថា ថវិកា​ដែល​បាន​ពី​ការ​រឹបអូស​ទ្រព្យសម្បត្តិ​លោក​សម រង្ស៊ី​សរុប​ទាំងអស់​ប្រមាណ​ជាជាង​ ៧០​ ម៉ឺន​ដុល្លារ ដែល​បានមកពី​ការលក់​ស្នាក់ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​បែង​ចែកជា ៤​ ផ្នែក ក្នុងនោះ ចំណែក​របស់លោក ​ហេង សំរិន ចំនួន ៤៨ ៤៤៨,២៨​ ដុល្លារ ត្រូវបាន​ប្រគល់ជូន​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា កាលពី​ថ្ងៃទី​ ៧ ខែមករា​។ ចំណែក​ថវិកា​របស់លោក ហ៊ុន សែន ចំនួន ៧៧៥ ១៧២,៧១​ ដុល្លារ ត្រូវបាន​ប្រគល់ជូន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត ទុក​ក្នុង​កញ្ចប់​ថវិកា សម្រាប់​ប្រតិបត្តិ​ការការពារ​ក្តី​ជូន​ស្ត្រី​ងាយ​រងគ្រោះ និង​មាន​ជីវភាព​ទន់ខ្សោយ​។

​ថវិកា​ដែលជា​ចំណែក​របស់លោក​ស ខេង ចំនួន​ ៣៨៧ ៥៨៦,៣៥ ​ដុល្លារ ត្រូវបាន​ចាត់​​ចែង​ប្រគល់​សម្រាប់​ការសាងសង់​សាលារៀន និង​មណ្ឌល​កុមារកំព្រា តាម​បណ្តា​មូលដ្ឋាន ខេត្ត​។ រីឯ​ចំណែក​សល់​ចំនួន ៤៣៤ ៩៩២,៧៥​ ដុល្លារ និង​ថវិកា​ចំនួន​ ៥ ៧៩៩,៩០ ​ដុល្លារ​ទៀត បានដាក់​ជា​ថវិកាជាតិ​។​

​ប៉ុន្តែ លោក មា​ជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែងថា សំណុំរឿង​បទ​បរិហារកេរ្តិ៍​ដែល​រដ្ឋាភិបាល​ប្តឹង​លោក ​សម រង្ស៊ី រហូត​មានការ​រឹបអូស​ទ្រព្យសម្បត្តិ​លក់​ឡាយ​ឡុង​បែបនេះ ជា​រឿង​នយោបាយ​សុទ្ធសាធ ខណៈ​លោក​ថា ទាំង​មតិ​ជាតិ និង​អន្តរជាតិ មើលឃើញ​ជាក់ច្បាស់​ពី​សម្ពាធ​របស់​រដ្ឋា​​ភិ​បាល​ទៅលើ​អង្គ​តុលាការ​នៅ​កម្ពុជា​។

​លោក មា​ជ សុវណ្ណារ៉ា ថ្លែងថា​៖ «​ខ្ញុំ​យល់ថា ករណី​ជម្លោះ​លោក សម រង្ស៊ី និង​គណបក្សកាន់អំណាច​នេះ គ្មានអ្វី​ក្រៅពី​រង្វង់​នៃ​ការ​ប្រណាំងប្រជែង​ន​យោ​បាយ​គ្នា ដោយ​មិន​គិតពី​សុចរិត​ភាព និង​គុណធម៌​នៃ​ការធ្វើ​នយោបាយ​នោះទេ ដែល​មិន​ផ្តល់ឱ្យ​គ្នា​នូវ​តម្លាភាព គណនេយ្យ​​ភាព និង​គិតគូរ​ដល់​ប្រជា​ពល​ដ្ឋ​ជាធំ​ទេ ក្រៅពី​ចង់​ចាញ់​ឈ្នះ​គ្នា​នោះ​»​។

​លោក មា​ជ សុវណ្ណារ៉ា លើកឡើងថា អ្នកនយោបាយ​ចាស់វស្សា​របស់​កម្ពុជា​ទាំង​គណ​​បក្ស​កាន់អំណាច និង​គណបក្សប្រឆាំង គួរ​បង្កើត​គំរូ​នយោបាយ​ល្អ​សម្រាប់​អ្នកជំនាន់ក្រោយ ជា​ពិសេស​ចំពោះ​បញ្ហា​ប្រកួតប្រជែង​គ្នា​ដោយ​ធ្វើយ៉ាងណា​ត្រូវ​ប្រកប​​ដោយ​គុណធម៌ ដោយ​លើកឡើង​ពី​គោលនយោបាយ​សម្រាប់​ប្រ​យោ​ជន៍ជាតិ ជាជាង​យក​ចាញ់​ឈ្នះ ជា​ត្រីមុខ​។​

​យ៉ាងណាក្តី​លោក ​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​អះអាង​ស្រដៀង​លោក​ គី តិច ដែរ​ថា ករណី​បណ្តឹង​បទ​បរិហារកេរ្តិ៍​នេះ ជា​ករណី​បុគ្គល​សុទ្ធសាធ មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ឡើយ​។

លោក ​សុខ ​ឥសាន គូសបញ្ជាក់ថា​៖ «​មិន​ពាក់ព័ន្ធ​រឿង​នយោបាយ​ទេ បើ​កុំ​ប្រព្រឹត្ត​ល្មើសច្បាប់​ហើយ​ប៉ះពាល់​ដល់​កិត្តិយស សេចក្តីថ្លៃថ្នូរ​របស់​អ្នកដទៃ​ទៅ​វា​អត់​មាន​បញ្ហា​ទេ​។ គ្រាន់តែ​លោក ​សម រង្ស៊ី​​ ជា​អ្នក​​នយោបាយ ហើយ​ដែល​និយាយ​បំពាន​ច្បាប់ អ៊ីចឹង​វា​មិនមែនជា​រឿង​នយោបាយ​ទេ គឺ​អ្នក​ន​យោ​បាយ​បំពាន​ច្បាប់​»​។​

​លោក​ សុខ ឥសាន បន្ថែមថា ករណី​លោក​ សម រង្ស៊ី ជាការ​អនុវត្ត​ច្បាប់​លើ​អ្នកនយោបាយ​បំពាន​ច្បាប់​គ្មាន​ការទាក់ទង​នឹង​បញ្ហានយោបាយ​ឡើយ ដែល​លោក​ថា គ្មាន​ច្បាប់​ណា​ហាម​ប្រាម​មិនឱ្យ​ដាក់ទោស​អ្នក​នយោបាយ​បំពាន​ច្បាប់​នោះឡើយ​។​

​សូម​រំឭកថា កាលពី​ខែធ្នូ ឆ្នាំ​ ២០២២ កន្លងទៅ លោក ​ហ៊ុន​ សែន បាន​ក្រើនរំឭក​ឱ្យ​លោក​ សម រង្ស៊ី ឱ្យ​សង​សំណង​ជំងឺ​ចិត្ត​បន្ថែម ៣០ ​ម៉ឺន​ដុល្លារ​ទៀត ដើម្បី​បង្គ្រប់ ១​ លាន​ដុល្លារ ក្រោយពី​ការលក់​ឡាយឡុង​របស់​តុលាការ​នូវ​ទីស្នាក់ការ​របស់​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០២១ បាន​ត្រឹម​ ៧០ ​ម៉ឺន​ដុល្លារ ក្រោយ​ការ​រឹបអូស​។​

​លោក​ សម រង្ស៊ី បាន​រង​បណ្តឹង​ជាច្រើន​នៅ​តុលាការ​កម្ពុជា​ពាក់​ព័ន្ធ​ការប្រមាថ​ព្រះមហាក្សត្រ បទ​ញុះញង់ និង​ពីបទ​ធ្វើឱ្យ​ខូច​ទឹកចិត្ត​កងទ័ព បទ​បរិហារកេរ្តិ៍ ជា​សាធារណៈ និង​បទ​ញុះញង់​បង្កឱ្យមាន​ភាពចលាចល ពី​សំណាក់​លោក ​ហ៊ុន សែន និង លោ​ក ស ខេង ព្រមទាំង​បណ្តឹង​ជាច្រើន​ទៀត​៕

វីដេអូ៖