​ភ្នំពេញៈ រាជរដ្ឋាភិបាល​បាន​យល់ព្រម​ជាគោលការណ៍​ជ្រើស​រើស​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល សរុប​ចំនួន​ជិត ៥០ ០០០ នាក់ សម្រាប់​ឆ្នាំ​ ​២០២៣​។ នេះ​បើតាម​លិខិត​របស់លោក​ព្រុំ សុខា រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ជម្រាប​ជូនទៅ​ឧបនាយក​រដ្ឋ​មន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​ប្រធាន​ស្ថាប័ន ចុះ​ថ្ងៃទី​ ៣ ខែមករា ដើមឆ្នាំ​ ២០២៣ ​ដែល ​ភ្នំពេញ ​ប៉ុស្តិ៍​ ទទួលបាន​កាលពី​ម្សិលមិញ​។

​តាម​លិខិត​របស់លោក ​ព្រុំ​ សុខា រដ្ឋមន្ត្រីក្រសួង​មុខងារ​សាធារណៈ ដែល​ ភ្នំពេញ ​​ប៉ុស្តិ៍​ ទទួលបាន​នៅ​ថ្ងៃទី​ ៨ ខែមករា​នេះ បានឱ្យដឹងថា រាជ​រដ្ឋា​ភិ​បាល​បាន​យល់ព្រម​ឱ្យ​ជ្រើស​​រើស​មន្ត្រីរាជការ​ស៊ីវិល​សរុប​ចំនួន ៤៩ ៨៨៦​ នាក់ ក្នុងនោះ​មានការ​ជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​ចំនួន ៣ ៨៦៣​ នាក់ មន្ត្រី​ជាប់កិច្ចសន្យា​ចំនួន ១៧ ០២៤​ នាក់ មន្ត្រី​ឆ្មាំ​ទំនប់​ប្រព័ន្ធធារាសាស្ត្រ​ជាប់​កិច្ច​សន្យា​ចំនួន ២៥០​ នាក់ គ្រូ​បង្រៀន​ពុទ្ធិកសិក្សា​ជាប់​កិច្ច​សន្យា​ចំនួន ១ ៤៦២​ អង្គ​/​នាក់ គណៈ​គ្រប់គ្រង​ពុទ្ធិកសិក្សា​ចំនួន ៣៥២ ​អង្គ​/​នាក់ និង​គ្រូ​​បង្រៀន​ប្រភេទ​ផ្សេងៗ​ទៀត ២៦ ៩៣៥​ នាក់​។

​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈបានឱ្យដឹងថា ចំពោះ​គ្រូបង្រៀន​ប្រភេទ​ផ្សេងៗ​ទៀត រួមមាន គ្រូបង្រៀន​ជាប់កិច្ចសន្យា​ចំណេះ​​ដឹង​ទូទៅ​ចំនួន ៩ ៨៩៦ ​នាក់ គ្រូបង្រៀន​ជាប់កិច្ចសន្យា​ខ្មែរ​​អ៊ិ​ស្លាម​ចំនួន ១៧៨​ នាក់ គ្រូ​បង្រៀន​ជាប់កិច្ចសន្យា​អប់រំ​ក្រៅ​ប្រព័ន្ធ​ចំនួន ២ ៤៧២​ នាក់ គ្រូ​បង្រៀន​ ២​ ថ្នាក់​ ២ ​ពេល ​(២​វេន​)​ ចំនួន ១ ១៦៧១​នាក់ គ្រូបង្រៀន​ថ្នាក់​គួប​ ២ ចំនួន ២ ៥៩៨​ នាក់ និង​គ្រូបង្រៀន​ថ្នាក់​គួប​ ៣ ចំនួន ១២០​ នាក់​។

​លោក ព្រំ សុខា បានឱ្យដឹងថា បន្ទាប់ពី​ទទួលបាន​គោល​ការណ៍​ជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រី​រាជការ​ស៊ីវិល រដ្ឋមន្ត្រីក្រសួង ប្រធាន​ស្ថាប័ន នីមួយៗ ត្រូវ​រៀប​ចំ​សំណើសុំ​ប្រើប្រាស់​ក្របខ័ណ្ឌ និង​ភ្ជាប់​តារាង​ឧបសម្ព័ន្ធ​ស្តីពី​ការបែងចែក​ប្រើប្រាស់​ក្រប​ខ័​ណ្ឌ មន្ត្រីរាជការ​ស៊ីវិល មក​ក្រសួង​មុខងារសាធារណៈ យ៉ាងយូរ​ត្រឹម​ ២​ សប្ដាហ៍​។

​ការជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រី​រាជការ​ស៊ីវិល ស្នើឱ្យ​រដ្ឋមន្ត្រី​ក្រសួង ប្រធាន​ស្ថាប័ន ជា​ប្រធាន​គណៈកម្មការ រៀបចំ​ការ​ប្រឡង ត្រូវ​សហការ​ជាមួយ​តំណាង​ក្រសួង​មុខងារសាធារណៈ ជា​អនុប្រធាន ដើម្បី​កំណត់​បែប​បទ​នីតិវិធី​នៃ​ការប្រឡងប្រជែង​ចាប់តាំងពី​ដំណាក់កាល​ដំបូង រហូតដល់​ប្រកាស​លទ្ធផល​។

​លោក​បញ្ជាក់ថា​៖ «​រដ្ឋមន្ត្រី​ក្រសួង ប្រធាន​ស្ថាប័ន ត្រូវ​រៀបចំ​ការប្រឡងប្រជែង​ជ្រើស​រើស​ក្នុងចំណោម​សិស្ស​និស្សិត និង​មន្ត្រីរាជការ​ដោយ​ធានាឱ្យមាន​តម្លាភាព និង​គណនេយ្យ​ភាព​ខ្ពស់​ផ្អែកលើ​គោលការណ៍​គុណា​ធិបតេយ្យ ព្រមទាំង​យកចិត្តទុកដាក់ និង​លើកទឹកចិត្ត​ដល់​បេក្ខភាព​ជា​ជនពិការ​ភាព​និង​ជា​ស្ត្រី​»​។​

​ប្រភព​ដដែល​បន្តថា ដោយឡែក ការប្រកាស​លទ្ធផល​ប្រឡង ត្រូវ​រៀបចំ​ផ្សព្វផ្សាយ​ជា​សាធារណៈ​យ៉ាងយូរ​ត្រឹម​ដំណាច់​ខែមិថុនា ឆ្នាំ​ ២០២៣ លើកលែងតែ​ការប្រឡងប្រជែង​ជ្រើសរើស​ក្របខ័ណ្ឌ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ករណី​ចាំបាច់ រដ្ឋមន្ត្រីក្រសួង ប្រធាន​ស្ថាប័ន អាចធ្វើ​សំណើសុំ​កិច្ចសហការ​មក​ក្រសួង​មុខងារសាធារណៈ យ៉ាងយូរ​ត្រឹម​ដំណាច់​ខែមីនា ឆ្នាំ ​២០២៣ ដើម្បី​រៀបចំ​ការ​ប្រឡងប្រជែង​ជំនួស​។

​លោក​បញ្ជាក់ទៀតថា​៖ «​ករ​ណី​ចាំបាច់ ដែលមាន​តម្រូវការ​ធនធានមនុស្ស​របស់​រដ្ឋ​បន្ថែម រដ្ឋមន្ត្រីក្រសួង ប្រធាន​ស្ថាប័ន ត្រូវ​រៀបចំ​សំណើ​មក​ក្រសួង​មុខងារសាធារណៈ ដើម្បី​មានលទ្ធភាព​ក្នុងការ​ពិនិត្យ ពិភាក្សា និង​លើក​យោបល់ គោរព​ស្នើសុំ​គោលការណ៍​សម្រេច និង​ផ្តល់​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​»​។​

​ដោយឡែក​ចំពោះ​មន្ត្រី​ជាប់​កិច្ចសន្យា មន្ត្រី​ឆ្មាំ​ទំនប់​ប្រព័ន្ធ​ធារាសាស្ត្រ​ជាប់កិច្ចសន្យា និង​គ្រូបង្រៀន​ពុទ្ធិក​ជាប់កិច្ចសន្យា បន្ទាប់ពី​ទទួលបាន​គោល​ការណ៍ រដ្ឋមន្ត្រីក្រសួង ប្រធាន​ស្ថាប័ន នីមួយៗ ត្រូវ​រៀបចំ​សំណើសុំ​ប្រើប្រាស់​មន្ត្រី​ជាប់​កិច្ចសន្យា និង​ភ្ជាប់​តារាង​ឧ​ប​​សម្ព័ន្ធ​ស្តីពី​ការបែងចែក​ប្រើ​ប្រាស់​មន្ត្រី​ជាប់កិច្ចសន្យា មក​ក្រសួង​មុខងារសាធារណៈ យ៉ាងយូរ​ត្រឹម​ ២​ សប្ដាហ៍ ដើម្បី​ទទួល​​ស្គាល់ និង​បញ្ចូល​ការ បែងចែក​ការប្រើប្រាស់​ជាក់ស្តែង​ទៅក្នុង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​។

​លោក ព្រុំ សុខា លើកឡើងថា រដ្ឋមន្ត្រីក្រសួង ប្រធាន​ស្ថាប័ន ត្រូវធ្វើ​ការជ្រើសរើស​ម​ន្ត្រី​ជាប់​កិច្ចសន្យា​តាមរយៈ​ការប្រឡង​ប្រជែង វិញ្ញាសាសរសេរ ឬ​សម្ភាស​ផ្ទាល់មាត់ ដោយ​ត្រូវគោរព​តាម​គោលការណ៍ និង​លក្ខខណ្ឌ​ដូចជា ត្រូវ​ធ្វើការ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​យ៉ាងតិច ១​ សប្តាហ៍ និង​ចម្លងជូន​មក​ក្រសួង​មុខងារសាធារណៈ​។

​បេក្ខជន​ត្រូវមាន​សញ្ជាតិ​ខ្មែរ ព្រមទាំង​មាន​អាយុ​យ៉ាងតិច​ ១៨​ ឆ្នាំ ត្រូវបំពេញ​ការងារ​ស​ម្រា​ប់​រយៈពេល​យ៉ាងតិច ៣​ ខែ និង​យ៉ាងច្រើន ១២​ ខែ ក្នុង​ឆ្នាំ​នីមួយៗ​។ ពេល​ចូល​បម្រើ​ការងារ​ត្រូវបំពេញ​ប្រវត្តិរូប និង​របប​ស្វ័យ​ប្រកាស ដែល​ត្រូវបាន​ធានា​អះអាង និង​បញ្ជាក់ ពី​ការប្រើប្រាស់​ជាក់​ស្ដែង​ពី​ថ្នាក់ដឹកនាំ​ក្រសួង​-​ស្ថាប័ន ឬ​និង​ប្រធាន​អង្គភាព​គ្រប់គ្រង​ផ្ទាល់​។

​រដ្ឋមន្ត្រីក្រសួង ប្រធាន​ស្ថាប័ន ត្រូវ​រៀបចំ​ប្រកាស​បញ្ចូល​ការ​ប្រើប្រាស់​មន្ត្រី​ជាប់កិច្ចសន្យា​តាម​តម្រូវការ ជាក់ស្ដែង​នៅក្នុង​រចនាសម្ព័ន្ធ​រប​ស់​សាមីក្រសួង​-​ស្ថាប័ន និង​ចម្លងជូន​មក​ក្រសួង​​មុខងារសាធារណៈ​។

​លោក ប៉ា ចន្ទ​រឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ថ្លែង​នៅ​ថ្ងៃទី​ ៨ ខែមករា​ថា ការ​ជ្រើសរើស​មន្ត្រី​បន្ថែម​នេះ គឺជា​ការចាំបាច់​ដើម្បី​ឆ្លើយតប នឹង​តម្រូវការ​ការងារ​ដែល​មានការ​កើនឡើង​ពី​ពេល ​១ ទៅ​ពេល​ ១ ពី ​១ ​ឆ្នាំ ទៅ​​ ១​ ឆ្នាំ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្នុង​ដំណើរការ​នៃ​ការជ្រើសរើស​ត្រូវតែ​បង្កើន​ការ​យកចិត្តទុកដាក់​ទៅលើ​ការផ្តល់​សមត្ថភាព​ដល់​បេក្ខជន ដើម្បី​បញ្ចៀស​ការរើសអើង អំពើ​ពុក​​រលួយ ឬ​បក្ខពួកនិយម​។​

​លោក​ថ្លែងថា​៖ «​ការប្រើប្រាស់​ធនធានមនុស្ស​ក្នុង​វិស័យ​សាធារណៈ ហ្នឹង​គួរតែ​ធានា​ឱ្យបាន​ច្បាស់​ថា មន្ត្រី​ដែល​នៅក្នុង​ក្របខ័ណ្ឌ​សព្វថ្ងៃ​បាន​បំពេញការងារ​ជាប់លាប់​ដើម្បី​ខ្វល់​បម្រើ​សង្គមជាតិ កុំឱ្យ​មានតែ ឈ្មោះ​ជាម​ន្ត្រី​ខ្មោច ប៉ុន្តែ​រកម​ន្ត្រី​ពិតប្រាកដ​មក​ធ្វើការ​អត់​បាន​»​។​

​លោក ប៉ា ចន្ទ​រឿន បាន​លើក​ឡើង​ថា កាលពី​សប្តាហ៍​មុន លោកនាយក​រដ្ឋមន្ត្រី​បាន​លើកឡើងថា ការបើក​ប្រាក់ខែ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​បាន​រក​ឃើញ​មន្ត្រី​ខ្មោច​ជាង ៥ ​ម៉ឺន​នាក់​។ ហេតុនេះ​លោក​ថា ដើម្បី​ធានាបាន អភិបាលកិច្ច​ល្អ លុះត្រាតែ​ក្រសួង ស្ថាប័ន ឈរលើ​គោលការណ៍​គុណា​ធិបតេយ្យ និង​ការប្រើ​ប្រាស់​ធនធានមនុស្ស​ដែលមាន​ឱ្យ​ត្រូវ​ជំនាញ និង​ធានាថា ពួក​គាត់ មក​បំពេញការងារ​បា​ន​ទៀង​ទាត់​ពេលវេលា និង​ត្រឹមត្រូវ​៕