ភ្នំពេញៈ ក្នុង​ឆ្នាំ​​ ២០២២ កម្មវិធី​គ្រប់គ្រង​គ្រោះមហន្តរាយ​របស់​អង្គការ​ទស្សនៈ​ពិភពលោក (World Vision)​ អន្តរជាតិ បានផ្តល់​ផល​ដល់​ប្រជាជន​រង​គ្រោះ និង​ប្រឈម​នឹង​ហានិភ័យ​គ្រោះមហន្តរាយ​ជាង​ ២០ ​ម៉ឺន​នាក់ ក្នុងនោះ​មាន កុមារ​ជាង ​១៧ ​ម៉ឺន​នាក់ តាមរយៈ​ការគាំទ្រ​ស្បៀង​​អាហារ សម្ភារ​ប្រើប្រាស់ និង​ការផ្សព្វផ្សាយ​ពី​វិធាន​ការការពារ​ខ្លួន និង​ការការពារ​កុមារ​។​

​របាយការណ៍​របស់​អង្គការ​​ទស្សនៈ​ពិភពលោក ឱ្យដឹង​នៅ​ថ្ងៃទី​ ៨ មករា​ថា ក្នុង​ឆ្នាំ ​២០២២ កម្មវិធី​គ្រប់គ្រង​គ្រោះមហន្តរាយ​របស់​អង្គការ​ទស្សនៈ​ពិភពលោក បានផ្តល់​ផល​ដល់​ប្រជាជន​ជាង ​២០ ​ម៉ឺន​នាក់ ​(​ស្ត្រី​ជាង​ ១៣​ ម៉ឺន​នាក់​) ក្នុងនោះ​មាន​កុមារ​ជាង​ ១៧ ​ម៉ឺន​នាក់ ​(​ក្មេងស្រី​ជាង​ ៩​ ម៉ឺន​នាក់​)​។ ពួកគេ​ទាំងនោះ​រស់នៅក្នុង ឃុំ​ចំនួន​ ៣៩ នៃ​ខេត្ត​ចំនួន​ ១០ មាន ខេត្តបាត់ដំបង សៀមរាប កំពង់ធំ ព្រះវិហារ បន្ទាយមានជ័យ ក្រចេះ កំពង់ស្ពឺ តាកែវ កណ្តាល កំពង់ឆ្នាំង និង​រាជធានី​ភ្នំពេញ​។​

​របាយការណ៍​បាន​បញ្ជាក់ថា​៖ «​អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ​នៅ​កម្ពុជា​បានប្រកាស​ការឆ្លើយតប​ថ្នាក់ជាតិ​កម្រិត​១​ចំពោះ​គ្រោះអាសន្ន​ទឹកជំនន់​នៅ​ថ្ងៃទី ១៤ ខែតុលា ឆ្នាំ​ ២០២២​។ យើង​សហការ​ជាមួយ​រដ្ឋាភិបាល ជាពិសេស​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​អាជ្ញាធរ​មូលដ្ឋាន បាន​ឆ្លើយតប​យ៉ាង​រហ័ស​ដល់​គ្រួសារ ដែល​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់ តាម​រយៈ​កិច្ច​អន្តរាគមន៍​សង្គ្រោះ​ពហុ​វិស័យ រួមមាន​សុវត្ថិភាព​អាហារ ទឹក​លាង​សម្អាត ឧបករណ៍​អ​នា​ម័​យ សម្ភារ​ប្រើប្រាស់ និង​ការយល់​ដឹង​ពី​ការការពារ​កុមារ​»​។​

​របាយការណ៍​ឱ្យដឹងទៀតថា ការឆ្លើយតប​របស់​អង្គការ​ទស្សនៈ​ពិភពលោក នៅពេល​មាន​គ្រោះ​ទឹកជំនន់ គឺ​បាន​ជួយ​ដល់​គ្រួសារ​ដែល​រង​ផលប៉ះពាល់​ដោយ​ទឹក​ជំនន់​ចំនួន ​២ ១៥០​ គ្រួសារ ដែលមាន​មនុស្ស​ចំនួន​ ៧ ៦៣៣ ​នាក់​(​ស្រី​ ៣ ៧៧៩ នាក់​) រួមទាំង​កុមារ ៤ ៣៤៥​ នាក់​(​ស្រី​ ២ ៤០៦​ នាក់​)​។ ការទទួល​ផល​ពី​ការឆ្លើយតប​ទឹក​ជំនន់​របស់​អង្គការ​ទស្សនៈ​ពិភព​​លោក​កម្ពុជា​នេះ ក៏​រួមបញ្ចូល​កុមារ​ដែល​ងាយ​រងគ្រោះ​បំផុត​ចំនួន​ ៣ ៧០៤​ នាក់​ផងដែរ​។​

​ក្រៅពី​ការឆ្លើយតប​នេះ ក្នុង​រយៈ​ពេល ​១​ ឆ្នាំកន្លងមក អង្គការ​ទស្សនៈ​ពិភពលោក ក៏បានផ្តល់​សម្ភារ​ចម្រោះ​ទឹក​ចំនួន​ ២០៤ ៤៧០ ដល់​គ្រួសារ​ដែល​រង​ផលប៉ះពាល់ ដោយ​ទឹកជំនន់​ក្នុង​តំបន់​គោល​ដៅ​របស់ខ្លួន​ចំនួន​ ១៩​។ ការ​ប្រ​គល់​ជូន​ភាគច្រើន ត្រូវបាន​ធ្វើឡើង ដោយ​សហការ​ជាមួយ​គណៈ​-​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះ​​មហន្តរាយ ដែល​ផ្តល់​ផល​ដល់​មនុស្សពេញវ័យ​ជាង ​១៦ ០០០ ​នាក់ និង​កុមារ​ ៨ ០០០​ នាក់ ​(​គ្រួសារ​ដែល​រង​ផលប៉ះពាល់​ដោយ​ទឹក​ជំនន់​ចំនួន​ ៤ ០០១ ​គ្រួសារ​)​។

​លោក​ ជា គឹម​ថា​ន ប្រធាន​​ផ្នែក​គ្រប់គ្រង​គ្រោះមហន្តរាយ​នៃ​អង្គការ​ទស្សនៈ​ពិភពលោក ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅ​ឆ្នាំ​២០២២ អង្គការ​ទស្សនៈ​ពិភពលោក បាន​ឆ្លើយតប​នឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ និង​គ្រោះទឹកជំនន់​ដល់​គ្រួសារ ដែល​រង​ផល​ប៉ះ​​ពាល់​។ អង្គការ​បាន​អនុវត្ត​កម្មវិធី​ដោយ​ផ្តោតលើ​វិធីសាស្ត្រ​ចំនួន​ ២ គឺ​ការគ្រប់គ្រង​ហានិភ័យ​គ្រោះ​មហន្តរាយ​នៅ​កម្រិត​សហគមន៍ ​(CBDRM) និង​ក្របខ័ណ្ឌ​​សាលា​សុវត្ថិភាព​ (SSF)​។

​លោក​ថា តាមរយៈ​វិធីសាស្ត្រ​ទាំង​ ២​ នេះ បានធ្វើឱ្យ​កម្មវិធី​​គ្រប់គ្រង​គ្រោះមហន្តរាយ​អង្គការ​ទស្សនៈ​ពិភពលោក បង្កើន​សមត្ថភាព​រប​ស់​ដៃគូ​នៅ​សហ​គម​ន៍ អាចឱ្យ​ពួកគាត់​ការពារ ថែទាំ និង​ការពារ​សហគមន៍ ជាពិសេស​កុមារ ដែល​ងាយ​រង​គ្រោះ​បំផុត​ពី​ផលប៉ះពាល់​នៃ​គ្រោះ មហន្តរាយ​ដែល​អាច​កើតមាន នាពេល​អនាគត​ក្នុង​សហគមន៍​។​

​លោក​បញ្ជាក់ថា​៖ «​ក្របខ័ណ្ឌ​សាលា​សុវត្ថិភាព​ដែល​អង្គការ​ទស្សនៈ​ពិភពលោក កំពុង​អនុវត្ត គឺជា​វិធីសាស្ត្រ​មួយ​ដែល​ធ្វើឱ្យ​សាលារៀន​មាន​សុវត្ថិភាព​ជាង​មុន និង​ជួយ​ដល់​សិស្សានុសិស្ស គ្រូបង្រៀន​ឱ្យមាន​ភាព​ធន់ និង​ការ​ទប់​ទល់នឹង​គ្រោះមហន្តរាយ​បាន​កាន់តែ​ប្រសើរឡើង​។ អង្គការ​ទស្សនៈ​ពិភពលោក​គាំទ្រ​ការអនុវត្ត ក្របខ័ណ្ឌ​នេះ​តាមរយៈ​វិធីសាស្ត្រ ជាច្រើន រួមទាំង​ការធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​សាលា​គោលដៅ និង​ជាមួយ​អង្គការ​ក្រៅ​រដ្ឋា​ភិ​បាល​ផ្សេងទៀត​»​។​

​ចំណែក​វិធីសាស្ត្រ នៃ​ការ​គ្រប់​គ្រង​ហានិភ័យ​គ្រោះមហន្តរាយ នៅ​កម្រិត​សហគមន៍ ​(CBDRM) គឺជា​ដំណើរការ ដែល​ជំរុញ​ដោយ​សហគមន៍​។ ពួកគាត់​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​កំណត់​អត្តសញ្ញាណ វិភាគ កាត់បន្ថយ តាមដាន និង​វាយ​តម្លៃ​ហានិភ័យ​គ្រោះមហន្តរាយ ដើម្បី​កាត់បន្ថយ​ភាព​ងាយ​រង​គ្រោះ​របស់​ពួកគាត់ និង​បង្កើន​សមត្ថភាព​ពួកគាត់​ក្នុងការ​ទប់​ទល់នឹង​ស្ថានភាព​តក់ស្លុត និង​ស្ថានភាព​តានតឹង តាម​ការ​ប្រ​មើល​មើល រៀបចំ និង​កាត់បន្ថយ​ផលប៉ះពាល់​ទន្ទឹមនឹង​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​សមត្ថភាព​ឆ្លើយតប និង​ស្តារឡើងវិញ​ពី​គ្រោះ​មហន្ត​-រាយ​។ នេះ​បើតាម​ការអះអាង​របស់​លោក ជា គឹម​ថា​ន​។​

​ជាមួយនឹង​លទ្ធផល សម្រាប់​ក្នុង​ឆ្នាំ​ ២០២២ លោក​ ជា គឹម​ថា​ន បាន​បញ្ជាក់ថា ចក្ខុវិស័យ ឬ​គម្រោង​កម្មវិធី​គ្រប់គ្រង​គ្រោះ​ហន្តរាយ របស់​អង្គការ​ទស្សនៈ​ពិភពលោក​នេះ នឹង​នៅតែ​បន្ត​ប្តេជ្ញា ក្នុងការ​កសាង​សហ​គម​ន៍​ឱ្យ​កាន់តែ​មាន​ភាព​ធន់​នឹង​គ្រោះមហន្តរាយ​។ មានន័យថា បុគ្គល គ្រួសារ និង​សហគមន៍ ជាពិសេស​កុមារ ដែល​ងាយ​រងគ្រោះ ភាគច្រើន កាន់តែ​មាន​ភាព​ធន់​នឹង​ផល​ប៉ះពាល់ ដោយ​គ្រោះមហន្តរាយ និង​ការប្រែប្រួល​អាកាសធាតុ ដើម្បី​ទ្រទ្រង់​សុខុមាលភាព​របស់​កុមារ​៕