ស្ទឹងត្រែងៈ រដ្ឋបាលខេត្ត​ស្ទឹង​ត្រែង បាន​ដាក់ចេញ​វិធានការ​ ៣ ​ចំណុច ស្តីពី​ការពង្រឹង​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង​តំបន់​ការពារ​ និង​អន្លង់​អភិរក្ស​សត្វ​ផ្សោត និង​ធនធាន​មច្ឆជាតិ​ដល់​គ្រប់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ក្រុង​-​ស្រុក អនុវត្ត​ឱ្យបាន​ជាប់​ជាប្រចាំ​នៅក្នុង​មូលដ្ឋាន​នៃ​ដែន​សមត្ថ​​កិច្ច​របស់ខ្លួន​។

​បើតាម​សេចក្ដីជូនដំណឹង​របស់​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​ស្ទឹងត្រែង ចុះ​ថ្ងៃទី​ ៣ មករា គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​-​ស្រុក​នីមួយៗ ត្រូវ​រៀបចំ​បង្កើត​ផែនការ​រួម ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង​តំបន់​ការពារ ​និង​អន្លង់​អភិរក្ស​សត្វ​ផ្សោត និង​ធនធាន​មច្ឆជាតិ និង​ត្រូវមាន​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច​នៃ​មន្ទីរ អង្គភាព​ជំនាញ​ចុះ​សិក្សា​ជាបន្ទាន់ ដើម្បី​កំណត់​តំបន់​ស្នូល​អចិ​ន្រៃ្ត​យ៍ តំបន់​ស្នូល​មិន​អចិ​ន្រៃ្ត​យ៍ និង​តំបន់​ការពារ ដោយ​ត្រូវ​បោះ​យុថ្កា​ចង​បណ្ដែត​ពោង ដើម្បី​បង្ហាញ​ឱ្យ​ប្រជាជន​បានដឹង ហាម​ចូល និង​មិន​អនុញ្ញាត​ឱ្យមាន​ការនេសាទ​ជាដាច់ខាត​។​

​មិនតែប៉ុណ្ណោះ ត្រូវ​ធ្វើការ​ផ្សព្វ​ផ្សាយ​ណែនាំ​អប់រំ​ដល់​ប្រជា​នេ​សាទ​ទាំងអស់​ឱ្យចូល​រួម​គោរព​ច្បាប់ លិខិតបទដ្ឋាន និង​ការពារ​ថែរក្សា​ធនធាន​សត្វ​ផ្សោត និង​មច្ឆជាតិ បញ្ចៀស​ឱ្យបាន​នូវ​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់ ឧបករណ៍​ហាមឃាត់​ដទៃ​ទៀត​នៅក្នុង​តំបន់​ការពារ អន្លង់​អភិរក្ស​នានា​ដែល​បានកំណត់​។​

​កាលពី​ថ្ងៃទី​ ២ ខែមករា ឆ្នាំ​ ២០២៣ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​ឱកាស​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ​ក្នុង​ខេត្តក្រចេះ បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង ត្រូវ​រួមសហការ​ជា​មួយ​ក្រសួង មន្ទីរ​ពាក់ព័ន្ធ និង​អង្គការ​ជា​ដៃគូ ធ្វើការ​ការពារ និង​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ និង​ប្រភេទ​ត្រី​កម្រ​ជិត​ផុត​ពូជ​ដទៃទៀត ឱ្យបាន​ល្អ ដោយ​ហាម​ដាច់ខាត​នូវ​រាល់​ការនេសាទ​គ្រប់​​ប្រភេទ នៅក្នុង​តំបន់​ការពារ និង​អភិរក្ស បន្ទាប់ពី​ផ្សោត​ជាច្រើន​ក្បាល​បាន​ជាប់​មង​ស្លាប់​៕