ភ្នំពេញៈ នាយករដ្ឋមន្ត្រី​លោក​ ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​ពង្រីក​ផ្លូវជាតិ​លេខ​ ៧ ​កាលពី​ព្រឹក​ថ្ងៃទី ​៩ ខែមករាថា ការពង្រីក​កំណាត់​ផ្លូវជាតិ​លេខ​ ៧ ​នឹង​ជួយ​ឱ្យ​កសិករ​ដឹក​កសិផល​ទៅកាន់​កន្លែង​ផ្គត់ផ្គង់​ទាន់ពេលវេលា ជាពិសេស​នៅ​រដូវ​ប្រមូល​ផល​។

លោក ហ៊ុន សែន មានប្រសាសន៍ថា ផ្លូវ​នេះ គឺជា​ឆ្អឹងខ្នង​មួយ សម្រាប់​ត​ភ្ជាប់​ភូមិភាគ​កណ្តាល ទៅ​ភូមិភាគ​ឦសាន ដែល​នេះ គឺជា​ការតភ្ជាប់​ដ៏​មាន​សារៈសំខាន់ មិន​ត្រឹមតែ​ក្នុង​ខេត្តកំពង់ចាម​ទេ តែមាន​ការតភ្ជាប់​ទៅកាន់​ខេត្ត​ជាច្រើន​ផ្សេងទៀត​ផងដែរ​។​

លោកនាយក​រដ្ឋមន្ត្រី ថ្លែងថា​៖« ផ្លូវជាតិ​លេខ​៧​នេះ ចាំបាច់​ណាស់ ត្រូវតែ​ស្តារឡើងវិញ ព្រោះ​ជា​គន្លង​ផ្លូវ​កដប ដែល​រាំងស្ទះ​ដល់​ក្នុងការ​ធ្វើដំណើរ​។​កន្លងទៅ​ប្រជាពលរដ្ឋ​របស់​យើង មានការ​លំបាក ចាប់ពី​ក្រុង​កំពង់ចាម រហូតមកដល់ រង្វង់​មូល​ស្គន់​នេះ​។​នៅ​ជិត​តំបន់​នេះ​សម្បូរ​រោង​ម៉ាស៊ីនកិនស្រូវ ដូចនេះ​បើ​មាន​ផ្លូវ​កាន់តែ​ធំ ការដឹកជញ្ជូន​កសិផល​ផ្សេងៗ ស្រូវ អង្ករ​ជាដើម ទៅកាន់​កន្លែង​ផ្គត់ផ្គង់​ផ្សេងទៀត កាន់តែ​ប្រសើរ​»​។​

កំណាត់​ផ្លូវជាតិ​លេខ​៧​នេះ គឺជា​ខ្សែ​ផ្លូវ​យ៉ាងសំខាន់ និង​ជា​សរសៃឈាម​សេដ្ឋកិច្ច ដែល​ត​ភ្ជាប់​ជាមួយ​បណ្តាញ​ផ្លូវ​នានា ឆ្ពោះទៅកាន់​រាជធានី​-​ខេត្ត ដូចជា រាជធានី​ភ្នំពេញ កំពង់ធំ សៀមរាប ព្រៃវែង ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ខណៈដែល​ផ្លូវ​នេះ ក៏​ជា​ផ្នែក​មួយ នៃ​ផ្លូវ​អាស៊ាន ហាយវ៉េ លេខ​១១ ដែល​ត​ភ្ជាប់​ទៅកាន់​ព្រំដែន​កម្ពុជា និង​ត​ភ្ជាប់​ជាមួយ​បណ្តាញ​ផ្លូវ​របស់​ប្រទេស នៃ​មហា​អនុតំបន់​មេគង្គ​ផងដែរ​។​

រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​ស៊ុន ចាន់ថុល លើកឡើង​ដែរ​ថា​៖«​ក្រោយ​បញ្ចប់​ការសាង់សង់ កំណាត់​ផ្លូវជាតិ​នេះ នឹង​ក្លាយជា​ផ្លូវធំ​ទូលាយ និង​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការជួយ​សម្រួល​ដល់​ការធ្វើដំណើរ និង​ការដឹកជញ្ជូន​ផលិតផល​កសិកម្ម កសិឧស្សាហកម្ម ព្រមទាំង​លើកកម្ពស់​លើ​ការអភិវឌ្ឍ និង​សកម្មភាព​សេដ្ឋកិច្ចសង្គម នៅ​ភូមិសាស្ត្រ​ខេត្តកំពង់ចាម និង​បណ្តា​ខេត្ត​ដែលជា​ប់​ព្រំប្រទល់ ដែលមាន​សក្តានុពល​ក្នុងការ​ផ្លាស់ប្តូរ​ពាណិជ្ជ​កម្ម លើ​ទំនិញ និង​កសិផល​សំខាន់ៗ​មួយចំនួន​ដូចជា កៅស៊ូ អង្ករ ម្រេច ដំឡូង​មី ស្វាយចន្ទី ពោត ចេក អំពៅ ថ្នាំជក់ ទុរេន បន្លែ ផ្លែឈើ និង​ត្រី សាច់​ជាដើម​»​។​

លោក ស៊ិន ច​ន្ធី ប្រធាន​សមាគម​ភ័ស្តុភារ​កម្ម​កម្ពុជា បានឱ្យដឹង​ដែរ​ថា កន្លងទៅ​ការដឹកជញ្ជូន​តាម​កំណាត់​ផ្លូវជាតិ​លេខ​៧​នេះ ហាក់​មានការ​លំបាក​ប​ន្តិ​ច​ដោយសារ ផ្លូវ​ចង្អៀត ប៉ុន្តែ​ក្រោយ​ស្ថាបនា​រួចរាល់​ហើយ ច្បាស់​ណាស់ នឹង​បង្កលក្ខណៈ​កាន់តែ​ងាយស្រួល​ដល់​ការដឹកជញ្ជូន​របស់​ក្រុមហ៊ុន​ឯកជន​នានា​ឱ្យ​កាន់​តែមាន​ភាពប្រសើរឡើង​។​

លោក​បាន​បញ្ជាក់ទៀតថា​៖«​ខេត្តកំពង់ចាម ជា​ខេត្ត​មួយ​ដែលមាន​សក្តានុពល ខាង​ផ្នែក​កសិកម្ម ដូចនេះ​ក្រោយពេល​ស្ថាបនា និង​លើកកម្ពស់​កម្រិត​គុណភាព​ផ្លូវ​នេះហើយ ការដឹកជញ្ជូន​កសិផល​នានា​មកកាន់​រាជធានី​ភ្នំពេញ និង​កំពង់ផែ​នានា កាន់​តែមាន​ភាពងាយស្រួល​ជាង​មុន​»​។​

លោក ជា ចាន់​ដា​រ៉ា តំណាង​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា​យល់ឃើញថា ការពង្រីក​ផ្លូវ​នេះ គឺជា​ការល្អ មួយ​សម្រាប់​វិស័យ​ដឹកជញ្ជូន ព្រោះថា កំពង់ចាម និង​ត្បូងឃ្មុំ គឺ​ស្ថិត​នៅជាប់​ព្រំដែន​ប្រទេស​វៀតណាម ដែល​វា​មាន​ប្រយោជន៍​ណាស់​សម្រាប់​ការដឹកជញ្ជូន​ទំនិញ ពី​រោងចក្រ​នានា​នៅ​តំបន់​នោះ​ទៅកាន់​ព្រំដែន​កាន់តែ​មាន​ភាព​មមាញឹក​។​

លោក​បាន​បញ្ជាក់ថា​៖ «​ជាធម្មតា ការពង្រីក​ទទឹង​តួ​ផ្លូវ​ពី ២​គន្លង ទៅ ៤​គន្លង​នេះ វា​មាន​ភាព​ធំ​ទូលាយ សម្រាប់​រថយន្ត​ធំៗ ដែល​ដឹកទំនិញ​ចេញចូល មិនមាន​ភាពយឺតយ៉ាវ និង​ងាយស្រួល​ក្នុងការ​បើកបរ​»​។​

បើតាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹងថា គម្រោង​ពង្រីក និង​លើក​កម្រិត​គុណភាព​កំណាត់​ផ្លូវជាតិ​លេខ​៧​នេះ មាន​ប្រវែង​សរុប​ជាង ៤៥​គីឡូម៉ែត្រ ចាប់ពី​រង្វង់​មូល​ស្គន់ ទីរួមស្រុក​ជើងព្រៃ ទៅដល់​រង្វង់​មូល​គល់ស្ពាន​គី​ហ្សូ​ណា ក្រុង​កំពង់ចាម នឹងត្រូវ​ស្ថាបនា​ជា​ប្រភេទ​ផ្លូវ ក្រាល​បេតុង​កៅស៊ូ (AC) កម្រាស់ ៩​សង់ទីម៉ែត្រ និង​ពង្រីក​ទទឹង​តួ​ផ្លូវ​ពី ២ ​គន្លង ទៅ ៤​គន្លង ដោយ​គន្លង​នីមួយៗ​មាន​ប្រវែង ៣,៧៥​ម៉ែត្រ និង​សួន​ពុះ​ទ្រូងផ្លូវ ១,៥​ម៉ែត្រ​។​គម្រោង​នេះ នឹងត្រូវ​អនុវត្ដ​ការសាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន​(CRBC) និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា បច្ចេកទេស​ក្វាង​ចូ​វ​វ៉ាន​អាន ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន ៤០​ខែ នឹង​បញ្ចប់​នៅក្នុង​ឆ្នាំ​២០២៦ គ្រោង​ចំណាយ​ថវិកា​សរុប​ជាង ១១៧​លាន​ដុល្លារ​អាមេរិក​ជា​ប្រាក់​ដែល​ខ្ចី​ពី​រដ្ឋាភិបាល​ចិន រួមជាមួយ​នឹង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​គ្រាប់មីន យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​ពន្ធអាករ​ផ្សេងៗ​៕