​ភ្នំពេញៈ លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បានធ្វើការ​ពញ្ញាក់​អារម្មណ៍ និង​ក្រើនរំឭក​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ទូទាំងប្រទេស​កម្ពុជា បន្ត​ការការពារ​ពី​មេរោគ​កូ​វីដ​​ ១៩ ខណៈដែល​មេរោគ​នេះ​ត្រូវបាន​រកឃើញ​មានការ​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ ​XBB.1.5 ទោះបីជា​នៅ​កម្ពុជា​មិនទាន់មាន​ករណី​បំប្លែង​នេះ​ឆ្លង​ក៏ដោយ​។

​ក្នុង​ពិធីបើកការដ្ឋាន​ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ​ ៧ ចាប់ពី​រង្វង់​មូល​ស្គន់ ទីរួមស្រុក​ជើង​ព្រៃ រហូត​ដល់ទី​រួម​ខេត្ត​កំពង់​ចាម​នា​ថ្ងៃទី​ ៩ ខែមករា ឆ្នាំ​ ២០២៣ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា បើទោះបី​ជា​លោក​មាន​បញ្ញា និង​ពូកែ​ប៉ុនណា​ក៏ដោយ ប៉ុន្តែ​ប្រសិនបើ​គ្មាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ទេ លោក​ក៏​មិនអាច​នឹង​យក​ជោគជ័យ​ក្នុងការ​គ្រប់គ្រង​កូ​វីដ​ ១៩ ​បានដែរ ហើយ​ប្រសិនបើ​ប្រជាពលរដ្ឋ​មិន​ទទួលយក​វិធានការ​សម្រាប់​ការអនុវត្ត​វិធានការ​សុខាភិបាល ៣ ​ការពារ និង​ ៣ ​កុំ ព្រមទាំង​ការ​ទទួលយក​ការចាក់​វ៉ាក់សាំង​កូ​វីដ ​១៩​ នោះ សួរថា​តើ​ពេល​នេះ​ស្ថានភាព​របស់​ប្រជាពលរដ្ឋ​នឹង​ទៅជា​យ៉ាងណា បើ​គ្រាន់​តែ​ក្នុង​រយៈពេល​ ១ ​ដ៏​ខ្លី​ប៉ុណ្ណោះ កូ​វីដ​ ១៩ ​បាន​បណ្ដាលឱ្យ​ប្រជា​​ជនកម្ពុជា​ស្លាប់​អស់ ​៣ ០៥៦ ​នាក់ ដែលជា​ចំនួន​ ១​ គួរឱ្យខ្លាច​។​

​លោក​ ហ៊ុន សែន បាន​ថ្លែងថា​៖ «​ដោយសារ​មានការ​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​ទៅលើ​គោលនយោបាយ យុទ្ធសាស្ត្រ និង​បណ្តា​វិធានការ​ទាំងឡាយ​ដែល​ខ្ញុំ​បានដាក់​ចេញ​រួម​ជា​មួយ​នឹង​ក្រសួងសុខាភិបាល​គឺ​ត្រូវបាន​ប្រជាពលរដ្ឋ​ទទួល​ស្វា​គម​ន៍ ដែល​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​កូ​វីដ ​១៩ ​នៅពេលនេះ​គឺមាន​ភាព​ខ្ពស់​»​។​

​លោក​ថ្លែងថា​៖ «​ប៉ុន្តែ​សុំ​កុំ​ភ្លេច ខ្ញុំ​នៅតែ​បន្ត​ឱ្យ​ប្រជា​ពលរដ្ឋ​របស់​យើង​បន្ត​ការយក​ចិត្ត​ទុកដាក់​បន្តទៀត​ជាមួយនឹង​វិធានការ​ការពារ​សម្រាប់​ជំងឺ​នេះដែ​លវា​អាច​កើតឡើង​ដោយសារ​ជំងឺ​នេះ​នៅ​បន្ត​មាននៅ​ឡើយ ហើយ​បន្ត​ទទួលយក​វ៉ាក់សាំង​ដែល​ត្រូវ​ចាក់​ដូ​ស​ជំរុញ​ដើម្បី​បង្កើន​ភាពស៊ាំ​នៅក្នុង​ខ្លួន​»​។​

​លោកនាយក​រដ្ឋមន្ត្រី បានប្រកាស​ដល់​ប្រជាពលរដ្ឋ​ផង​​ដែរ​ថា មកដល់ពេលនេះ​មានការ​រកឃើញ​នូវ​វីរុស​បំប្លែង​ថ្មី​ប្រភេទ XBB.1.5 ហើយ​ថា​តើ​នៅពេល​ខាងមុខ​ក៏​មិនដឹងថា​វា​នឹងមាន​ចេញ​អ្វី​ទៀត​ទេ​?​។​

​លោក​ថ្លែងថា​៖ «​បើទោះបីជា​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ XBB.1.5​ មិនទាន់​ចូលមកក្នុង​ប្រទេស​កម្ពុជា​ក្ដី ប៉ុន្តែ​មាន​ប្រជាជន​កម្ពុជា​ដែល​រស់នៅ​ក្រៅប្រទេស បាន​ឆ្លង​មេរោគ​បំប្លែង​ថ្មី​នេះ​រួច​ហើយ​។ ដូចនេះ យើង​មិនដឹង​ទេ​ថា​កូ​វីដ ១៩​ អាច​នឹង​ប្រែ​ក្លាយទៅជា​រោគ​អ្វី​ផ្សេងទៀត ដែល​ខ្ញុំ​នៅតែ​បន្ត​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​របស់​យើង​ដើម្បី​ទទួល​យក​នូវ​វ៉ាក់សាំង​ជា​បន្តទៀត ព្រោះ​បញ្ហា​នេះ​កុំឱ្យ​ហួសពេល​រហូតដល់​សង្គ្រោះ​លែង​បាន​ទើប​មានការ​ស្តាយក្រោយ​»​។​

​លោក ហ៊ុន សែន ក៏បាន​បញ្ជាក់ដែរថា ប្រទេស​កម្ពុជា មិន​ខ្វះ​វ៉ាក់សាំង​កូ​វីដ ​១៩​ សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​ឡើយ ដែល​មកដល់ពេលនេះ វ៉ាក់សាំង​កូ​វីដ​ ១៩ ​នៅសល់​ក្នុង​ឃ្លាំង មាន​ប្រមាណ​ជា ​៧ ​លាន​ដូ​ស​ទៀត​។ ក្នុងនោះ វ៉ាក់សាំង​ដែលជា​ជំនួយ​ពី​ចិន នៅសល់​ ១៥ ​លាន​ដូ​ស​ទៀត និង​ជាង​ ៥​ លាន​ដូ​ស បន្ថែមទៀត​ពី​សហរដ្ឋអាមេរិក ប៉ុន្តែ​កម្ពុជា​ស្នើសុំ​ប្រទេស​ទាំង​ ២​ ពន្យារពេល​នៃ​ការដឹកជញ្ជូន​មក​កម្ពុជា​សិន ដោយសារ លោក​មិន​ចង់ឱ្យ​មានការ​កក​​ស្ទះ​ហើយ​ហួស​កាលកំណត់​នៃ​ការប្រើប្រាស់​ផងដែរ​។​

​លោក វ៉ាង វិ​ន​ធាន ឯកអគ្គ​​រដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន ប្រចាំ​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​បាន​ថ្លែងថា ជោគជ័យ​នៃ​ការគ្រប់គ្រង​ជំងឺ​នេះ​គឺ​នយោបាយ​ការចាក់​វ៉ា​ក់​សាំង​មុនគេ​។​

​លោក​ថ្លែងថា​៖ «​នៅ​កម្ពុជា អត្រា​ចាក់​វ៉ាក់សាំង​ខ្ពស់បំផុត នៅលើ​ពិភពលោក ការ​គ្រប់​គ្រង​ការរីក​រាលដាល​ជំងឺ​រា​ត​ត្បា​ត​បាន​លឿន​បំផុត ដែល​សម្រេចបាន​នូវ​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​មុនគេ​។ ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​ទទួល​​ស្គាល់​ថា​ល្អ​ជាងគេ ក្នុងការ​ប្រយុទ្ធ​​ប្រឆាំង​ជំងឺ​កូ​វីដ​ ១៩ ហើយ​លទ្ធផល​នេះ ទទួល​បានការ​វាយតម្លៃ​ខ្ពស់ ពី​ប្រទេស​នានា​លើ​ពិភពលោក​ផងដែរ​»​។​

​លោកស្រី ឱ វណ្ណឌី​ន អ្នក​នាំ​ពាក្យ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស បាន​ចុះ​ពិនិត្យ​ការចាប់ផ្តើម​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​នេះ​ផងដែរ​នៅ​ព្រឹទ្ធសភា និង​មន្ទីរពេទ្យ​បង្អែក​ដង្កោ​។​

​លោកស្រីអ្នកនាំពាក្យ​ក្រសួង​សុខាភិបាល រូបនេះ​បាន​ថ្លែង​នៅក្នុង​ឱកាស​នោះដែរ​ថា វ៉ាក់សាំង​កូ​វីដ ​១៩​ នៅតែ​ជា​ឧបករណ៍ ដែលមាន​សារៈសំខាន់​ជួយ​ការពារ​សរីរាង្គ​របស់​បុគ្គល អំពី​ការវាយលុក​នៃ​ពពួក​វីរុស​កូ​វីដ​ ១៩ បើទោះបីជា​បច្ចុប្បន្ន​វីរុស​កូ​វីដ​ ១៩ បាន​បំប្លែង​ខ្លួន​ជា​បន្ដ​បន្ទាប់​ក៏ដោយ​៕