ភ្នំពេញៈ អង្គការ​សម្អាត​ទន្លេ​សមុទ្រ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ រួមគ្នា​ប្រមូល​សំរាម​ប្រមាណ​ ៣៥០ ​តោន ចេញពី​ប្រឡាយ​ទឹកស្អុយ​ក្នុង​ខណ្ឌមានជ័យ និង​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​រស់នៅក្នុង​តំបន់​នេះ បញ្ឈប់​ការ​ចោល​សំរាម និង​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​។​

​លោក ​នូ សុវណ្ណ នាយក​ប្រតិបត្តិ​អង្គការ​សម្អាត​ទន្លេ​សមុទ្រ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៩​ មករា​ថា ភ្នាក់ងារ​សម្អាត​របស់​អង្គការ​សម្ពាត​ទន្លេ​សមុទ្រ បានចាប់ផ្តើម​សម្អាត​ប្រឡាយ​នៅ​ចំណុច​ខណ្ឌមានជ័យ ចាប់​តាំងពី​ចុង​សប្តាហ៍​មុន ដោយមាន​ការសហការ​ជាមួយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខណ្ឌ​មាន​ជ័យ និង​ក្រុមហ៊ុន​ស៊ីន​ទ្រី​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ការ​សម្អាត​ប្រឡាយ​ក្នុង​តំបន់​នេះ ដោយមាន​អេស្កាវ៉ាទ័រ និង​ឡាន​ដឹក​សំរាម​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី ដើម្បី​កាយ​យក​កាក​សំណល់​ចេញពី​ប្រព័ន្ធ​លូ​ដោយ​ធានាថា តំបន់​នេះ​មាន​អនាម័យ និង​ស្អាត​។ តាម​ការប៉ាន់ប្រមាណកាកសំណល់​ប្រហែល ៣០០ ទៅ​ ៣៥០​ តោន នឹងត្រូវ​យកចេញ​ក្នុង​បេសកកម្ម​របស់​យើង ក្នុង​រយៈពេល​ ២ ទៅ​ ៣ ​សប្តាហ៍​»​។​

​ជាមួយគ្នានេះ លោក នូ សុវណ្ណ បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​សកម្មភាព​សម្អាត​អនាម័យ​បរិស្ថាន និង​ត្រូវ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ ហើយក៏​មិនត្រូវ​បោះ​សំរាម​ចូលក្នុង​ប្រឡាយ​ដែរ​ព្រោះ​នាំឱ្យ​ស្ទះ និង​ប៉ះពាល់​ដល់​បរិស្ថាន​។​

​លោក​បាន​បញ្ជាក់ថា​៖ «​យើង​ត្រូវការ​ការចូលរួម​រប​ស់​ប្រជា​ពលរដ្ឋ​ក្នុង​សកម្មភាព​នេះ ដើម្បី​បញ្ឈប់​ការបំពុល​ប្រព័ន្ធ​ទឹក​។ តាម​ភូមិសាស្ត្រ ចំណុច​ដែលមាន​សំរាម​នេះ គឺ​ស្ថិតនៅត្រង់​ខ្សែទឹក​ខាងក្រោម​ដែល​ងាយ​រងគ្រោះ ដែល​មានន័យថា ភាគ​​ច្រើន​នៃ​កាកសំណល់​ហូរ​ចេញពី​ទឹក​ (​តំបន់​មន្ទីរ​ពេទ្យរុស្ស៊ី​) និង​ទីតាំង​ដែល​ពោរពេញ​ដោយ​អាជីវកម្ម​អេតចាយ​។ ដូច្នេះ​សម្ភារ​ដែល​គ្មាន​តម្លៃ​ទាំងអស់នោះ នឹង​ត្រូវបាន​បោះចោល​យ៉ាង​ងាយ​ក្នុង​ប្រឡាយ ឬ​ដុត​ដោយ​ម្ចាស់​អាជីវកម្ម​នោះ​»​។​

​លោក ម៉ែន សុខ​ខេន ប្រធាន​អង្គភាព​លូទឹក​បូមទឹក​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ដែរ​ថា ការចូលរួម​របស់​ក្រុមការងារ​នៃ​អង្គការ​សម្អាត​ទន្លេ​សមុទ្រ គឺជា​ការគិតគូរ​មួយ​ដែល​ល្អ​ដើម្បី​ជួយ​រាជធានី​ភ្នំពេញ​ឱ្យមាន​បរិស្ថាន​ល្អ និង​ជួយ​កាត់​បន្ថយ​ការលិចលង់ ដោយសារ​ការ​ទុកដាក់​សំរាម​មិន​ត្រឹមត្រូវ​។​

​លោក​បាន​បន្តថា ការពិត សំរាម​ដែល​បាន​បោះចោល​ក្នុង​ប្រឡាយ​ឬ​នៅតាម​មាត់​លូ បាន​បង្ក​ហានិភ័យ និង​នាំឱ្យ​ស្ទះ​តាម​ប្រព័ន្ធ​បង្ហូរទឹក​ដែលនាំឱ្យ​ពេលខ្លះ​មានការ​លិចលង់ ព្រោះតែ​សំរាម​ហូរ​បិទមុខ​លូ និង​ប្រព័ន្ធ​ទឹក​នានា​។​

​លោក​បាន​បញ្ជាក់ថា​៖ «​នៅពេលដែល​បងប្អូន​យើង​ទុកដាក់​សំរាម​មិន​ត្រឹមត្រូវ ធ្វើឱ្យ​សំរាម​ទាំងនោះ ធ្លាក់​ទៅ​ប្រឡាយ​មួយចំនួន ចំណែក​មួយចំនួនទៀត​ជាប់មាត់​លូ ដែល​ធ្វើឱ្យ​ស្ទះ​ទឹក​ហូរ​ចូលក្នុង​លូ​ដែល​ធ្វើឱ្យ​មានការ​ជន់​លិច​នៅ​តំបន់​គាត់​។ បើសិនជា​បងប្អូន គាត់​ចូលរួម​ក្នុងការ​ស្តារ​សំរាម និង​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ ខ្ញុំ​ជឿថា នឹង​កាត់បន្ថយ​នឹង​ការលិចលង់​ក្នុង​តំបន់​គាត់​»​។​

​បើតាម​លោក ម៉ែន សុខ​ខេន ជា​រៀងរាល់ ៣​ ខែម្តង អង្គភាព​លូទឹក​​បូមទឹក​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ តែងតែ​កាយ​ប្រមូល​សំរាម​ម្តង​ពី​ប្រឡាយទឹក​ស្អុយ​នៅតាម​ស្ថានីយ​បូមទឹក​នីមួយៗ ខណៈ​ជាក់ស្តែង​ក្នុង​តំបន់​ទាំងនោះ​នៅតែមាន​សំរាម​ណែន​តាន់តាប់​។​

​លោក​បញ្ជាក់ថា​៖ «​ចំពោះ​សំរាម​ដែល​យើង​ស្តារ​នេះ​គឺ​មិនមាន​តួលេខ​ច្បាស់លាស់​ទេ ព្រោះ​នៅពេល​យើង​ស្តារ​ម្តងៗ គឺ​គិត​ជា​ប្រវែង ហើយ​រៀងរាល់​ ៣ ​ខែម្តង យើង​កាយ​ស្តារ​ម្តង ដោយមាន​ទាំង​សំរាម មាន​ទាំង​អាចម៍​ដី និង​ភក់​ជាមួយគ្នា​។ គ្រាន់តែ​ជាក់ស្តែង​ក្នុង​ពេលនេះ មានការ​កើនឡើង​»​។​

​ប្រឡាយ​បង្ហូរទឹក​នៅក្នុង​រាជ​​ធានី​ភ្នំពេញ គឺជា​ផ្នែក​មួយ​ជួយ​បង្ហូរទឹក​ដ៏​មាន​សារៈសំខាន់​ក្នុងការ​រំដោះ​ទឹក​ចេញ កុំឱ្យ​ជន់​​លិច​ក្នុង​រដូវវស្សា​។ ប្រឡាយ​ទាំងនោះ បាន​ចូលរួម​កាត់បន្ថយ​ជំនន់​ទឹកភ្លៀង​លិច​ក្នុង​តំបន់​មួយចំនួន​តូច ដែល​លោក ម៉ែន សុខ​ខេន បាន​អះអាងថា វា​ចាំបាច់​ណាស់ ត្រូវតែ​មានការ​​ចូលរួម​ពី​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ដែល​មិនត្រូវ​បោះ​សំរាម​ចូលក្នុង​ប្រឡាយ​បង្ហូរទឹក ឬ​ចូលរួម​សម្អាត​មាត់​លូ​នៅតាម​ខ្នង​ផ្ទះ​របស់ខ្លួន​រៀងៗ​ខ្លួន​៕​