
កម្មករ កម្មការិនី ដែលបានទទួលវគ្គបណ្តុះបណ្តាលខ្លីជុំវិញរបបអាហារសុខភាព និងការចិញ្ចឹមទារក និងកុមារ ពីអង្គការហេទ្បែន ខេលល័រ នាពេលកន្លងមក។ រូបថត Helen-Keller
ភ្នំពេញៈ រយៈពេលជាង ១ ឆ្នាំ កម្មករ កម្មការិនីជាង ១៥ ០០០ នាក់ នៅតាមបណ្តារោងចក្រចំនួន ១៨ ក្នុងរាជធានី-ខេត្តចំនួន ៣ បានទទួលវគ្គបណ្តុះបណ្តាលខ្លីជុំវិញរបបអាហារសុខភាព និងការចិញ្ចឹមទារក និងកុមារ ពីអង្គការហេទ្បែន ខេលល័រ ខណៈមន្ត្រីជំនាញ រំពឹងថា ការទទួលបានរបបអាហារសុខភាព និងអាហារូបត្ថម្ភ នឹងជួយឱ្យកម្មករកាន់តែមានសុខភាពល្អ។
កាលពីឆ្នាំ២០២១ អង្គការហេទ្បែន ខេលល័រ បានដាក់ដំណើរការគម្រោងបណ្តុះបណ្តាលខ្លីនេះ ដោយទទួលបានការគាំទ្រពីទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ GIZ និងគម្រោង MUSEFO ដើម្បីចែករំលែកសារស្តីពីរបបអាហារសុខភាព និងអាហារូបត្ថម្ភដល់កម្មករ និងកម្មការិនី។
តាមរយៈគម្រោងនេះ អង្គការហេទ្បែន ខេលល័រ គ្រោងនឹងផ្តល់វគ្គបណ្តុះបណ្តាលដល់កម្មករ កម្មការិនី ឱ្យបានប្រមាណជាង២ម៉ឺននាក់ ក្នុងនោះរួមបញ្ចូលនិយោជក កម្មករនិយោជិត ដែលស្ថិតក្នុងគោលដៅទាំង២៨កន្លែង ស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពត និងកំពង់ធំ។
លោក ជុំ សែនវាសនា ប្រធានកម្មវិធីអង្គការហេទ្បែន ខេលល័រ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១០ ខែមករា ថា ចាប់ពីខែតុលា ឆ្នាំ២០២១ ដល់ខែធ្នូ ឆ្នាំ២០២២ គម្រោងនេះ បានផ្តល់វគ្គបណ្តុះបណ្តាលដល់កម្មករ កម្មការិនីចំនួន១៥ ៥៩០ នាក់ នៅតាមរោងចក្រចំនួន១៨ រោងចក្រ ដែលស្ថិតក្នុងរាជធានីភ្នំពេញ ខេត្តកំពត និងខេត្តកំពង់ធំ។
លោក បានបញ្ជាក់ថា៖«យើងបានផ្តល់វគ្គបណ្តុះបណ្តាលទៅកាន់គ្រប់និយោជិតទាំងអស់ពាក់ព័ន្ធនឹងអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយទៅកាន់ម្តាយទារក និងក្រុមគ្រួសារ។ អត្ថប្រយោជន៍នៃរបបអាហារចម្រុះ មានសុវត្ថិភាព និងមានជីវជាតិសម្រាប់ស្ត្រី និងកុមារ និងការអនុវត្តអនាម័យ។ ក្រុមការងារ ក៏បានចែករំលែកខ្លឹមសារស្តីពីច្បាប់ការងារទាក់ទងនឹងការឈប់សម្រាកមាតុភាពផងដែរ»។
ក្រៅពីប្រធានបទទាំងនេះ លោក ជុំ សែនវាសនា បានអះអាងថា សម្រាប់ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូន ដែលជាកម្មការិនីរោងចក្រ វគ្គនេះក៏បានចែករំលែកនូវវិធីសាស្ត្រ និងរបៀបក្នុងការអនុវត្តល្អបំផុតសម្រាប់ការបំបៅដោះកូន ការច្របាច់ទឹកដោះដោយដៃ ឬការប្រើប្រាស់ម៉ាស៊ីនបូមទឹកដោះ រួមទាំងរៀបការពារខ្លួនពីការឡើងទម្ងន់ក្នុងអំឡុងពេលមានផ្ទៃពោះ និងការទទួលបានរបបអាហារចម្រុះមុខក្នុងអំឡុងពេលមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូនទៀតផង។
លោក ថ្លែងថា៖«ប្រធានបទដែលយើងបានផ្តល់ជូនដល់ពួកគាត់ ក៏មាន(យល់ដឹង)ពីរបៀប និងការយល់ដឹងពីរបបអាហារចម្រុះសុវត្ថិភាព និងជីវជាតិ សម្រាប់កុមារអាយុចាប់ពី៦ខែផងដែរ។ ក្នុងនោះការរអនុវត្តអនាម័យ និងការអប់រំស្តីពីការចិញ្ចឹមទារក និងកុមារតូចអំឡុងពេលធ្វើការងារ ដើម្បីឱ្យកូនៗមានសុខភាពល្អ ឆ្លាតវៃ និងក្លាយជាពលរដ្ឋមានសក្តានុពលប្រកបដោយផលិតភាពការងារខ្ពស់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិនាពេលអនាគត»។
តាមការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រនៅប្រទេសផ្សេងនាពេលកន្លងមកបានរកឃើញថា គម្រោងលើកកម្ពស់អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារនៅតាមរោងចក្រសហគ្រាស និងកន្លែងធ្វើការមានផលចំណេញច្រើនសម្រាប់និយោជិត និងនិយោជករួមមាន កាត់បន្ថយថ្លៃថែទាំសុខភាពសម្រាប់ម្តាយ និងកូន កាត់បន្ថយការអវត្តមានបុគ្គលិក បង្កើនផលិតភាពការងារ ធ្វើឱ្យបរិយាកាសនៅកន្លែងធ្វើការមានលក្ខណៈល្អប្រសើរ បុគ្គលិកស្ត្រីដែលបន្តការងាររយ:ពេលយូរមានអត្រាខ្ពស់ កម្មករមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើការងារនិងមានការកាត់បន្ថយការចំណាយលើការជ្រើសរើស និងការបណ្តុះបណ្តាលនិយោជក។ នេះបើតាមការអះអាងរបស់អង្គការហេទ្បែន ខេលល័រ។
អង្គការនេះ បានអះអាងទៀតថា ការសិក្សាស្រាវជ្រាវនេះ ក៏បានរកឃើញថា គម្រោងដូចនេះក៏បានផ្តល់ជាវេទិកា១ដល់ស្ត្រីដើម្បីឱ្យពួកគេមានឱកាសចូលរួមក្នុងកម្មវិធីសំខាន់ៗដូចជា ការអប់រំអាហារូបត្ថម្ភ និងអនាម័យ ការអប់រំ ការចិញ្ចឹមទារក និងកុមារ ការប្រឹក្សាលើរបបអាហារ និងសុខភាពរបស់ស្ត្រី និងច្បាប់ការងារ។
របាយការណ៍អង្កេតសុខភាពនិងប្រជាសាស្ត្រកម្ពុជាឆ្នាំ២០២២ បានបង្ហាញថា អត្រានៃការបំបៅកូនដោយទឹកដោះម្តាយតែ១មុខគត់នៅកម្ពុជា មាននិន្នាការបន្តធ្លាក់ចុះគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំងពីអត្រា ៦៥ភាគរយនៅឆ្នាំ២០១៤ មកនៅត្រឹម ៥១ភាគរយ នៅឆ្នាំ២០២២។
ជាមួយនឹងការធ្លាក់ចុះនេះ ប្រទេសកម្ពុជា បានប្រកាសប្តេជ្ញាចិត្តនៅក្នុងកិច្ចប្រជុំកំពូលទីក្រុងតូក្យូស្តីពីអាហារូបត្ថម្ភដើម្បីកំណើន កាលពីខែធ្នូ ឆ្នាំ២០២១ កន្លងទៅថា រដ្ឋាភិបាល នឹងបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែ១ មុខគត់ សម្រាប់ទារក និងកុមារអាយុពីសូន្យដល់៦ខែ ឱ្យបានដល់៨៥ភាគរយ នៅឆ្នាំ២០៣០៕