ភ្នំពេញៈ ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​និង​ស្ថាប័ន​ដៃគូ ​បាន​ពិភាក្សាគ្នា ​រៀបចំ​គម្រោង​លើកកម្ពស់ ​និង​គាំទ្រ​ដល់​ដំណើរការ​បណ្តុះបណ្តាល​អក្ខរកម្ម​ឌីជីថល ​នៅតាម​បណ្តា​គ្រឹះស្ថាន​បឋមសិក្សា ​និង​មធ្យមសិក្សា​ចំណេះ​ទូទៅ​សាធារណៈ​ក្នុង​ន័យ​ធ្វើ​ឌីជីថល​នីយកម្ម​ក្នុង​សង្គម ​និង​សម្រេចបាន​ជំនាញ​ក្នុង​សតវត្សរ៍​ទី២១ ​នៃ​ធនធាន​មនុស្ស​កម្ពុជា​។​

កាលពី​ថ្ងៃ​ទី ៩​ ខែមករា ​លោក​ ហង់​ជួន ណារ៉ុន​ រដ្ឋមន្ត្រីក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ Prashant Verma ​នាយក​អង្គការ​ឆាល​ហ្វាន់​(Child Fund)​ប្រចាំ​កម្ពុជា ​ដើម្បី​រៀបចំ​គម្រោង ​គាំទ្រ​ដល់​ដំណើរការ​លើកកម្ពស់​ផ្នែក​អក្ខរកម្ម​ឌីជីថល ​សម្រាប់​គ្រឹះស្ថាន​អប់រំ​សាធារណៈ ​តាមរយៈ​ការបណ្តុះបណ្តាល​ជំនាញ​ឌីជីថល ​នៅតាម​បណ្តា​គ្រឹះស្ថាន​បឋមសិក្សា ​និង​មធ្យមសិក្សា​ចំណេះ​ទូទៅ​សាធារណៈ ​ដែលជា​គម្រោង​មាន​គោលដៅ​បង្ហាញ​ពី​សារៈសំខាន់​ នៃ​តួនាទី​អក្ខរកម្ម​ឌីជីថល​ក្នុង​វិស័យ​អប់រំ​។​

តាមរយៈ​សេចក្តីប្រកាស​របស់​ក្រសួង​អប់រំ ​បានបញ្ជាក់​ពី​គម្រោង​បណ្តុះបណ្តាល​ឌីជីថល​ដើម្បី​រួមចំណែក​ក្នុងការ​ធ្វើ​ឌីជីថល​នីយកម្ម​ក្នុង​ការអប់រំ​នៅ​កម្ពុជា​។ កុមារ​នៅក្នុង​សាលារៀន​គោលដៅ​សម្រេចបាន​នូវ​ជំនាញ​ក្នុង​សតវត្សរ៍​ទី​២១ ​ដោយបាន​រៀន​ពី​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ជា​មូលដ្ឋាន ​ចំណេះដឹង​ឌីជីថល ​ជំនាញ​អក្ខរកម្ម​ហិរញ្ញវត្ថុ ​ជំនាញ​ការគិត​ប្រកបដោយ​ការត្រិះរិះ​ពិចារណា ​និង​ការច្នៃប្រឌិត​ទៅតាម​កម្រិត​ថ្នាក់​រៀងៗ​ខ្លួន។​

ក្រសួង​បញ្ជាក់ថា​៖«គម្រោង​នេះ ​ក៏​នឹងចូលរួម​ចំណែក​ពង្រឹង​ប្រព័ន្ធ​រដ្ឋាភិបាល ​ពី​ថា្នក់​ជាតិ​ ទៅដល់​បណ្តា​សាលារៀន ​ដើម្បី​មាន​លទ្ធភាព​គាំទ្រ​លើ​ការធ្វើ​ឌីជីថល​នីយកម្ម​ក្នុង​វិស័យ​អប់រំ ​ព្រមទាំង​ការពង្រឹង​យន្តការ​ក្នុង ​និង​ក្រៅផ្លូវការ​ជុំវិញ​សុខ​សុវត្ថិភាព​កុមារ​តាម​ប្រព័ន្ធ​អុីនធឺណិត​តាម​បណ្តា​សាលារៀន​គោលដៅ ​និង​សហគមន៍​ផង»។​

សូមបញ្ជាក់ថា​ គម្រោង​បណ្តុះបណ្តាល​អក្ខរកម្ម​ឌីជីថល ​តាម​បណ្តា​គ្រឹះស្ថាន​សាធារណៈ​នេះ ​ជា​កិច្ចសហការ ​រវាង​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​និង​អង្គការ​ឆាល​ហ្វាន់ ​(Child Fund) ​ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​ធនាគារ ​Woori Bank Cambodia ដែល​ទទួលបាន​ការគាំទ្រ​ពី​លោក​ហង់​ជួន ណារ៉ុន ​ឱ្យមាន​ការអនុវត្ត​គម្រោង​នេះ​ក្នុង​រយៈពេល​៣​ឆ្នាំ ​នៅតាម​សាលារៀន​គោលដៅ​ទាំង​កម្រិត​បឋមសិក្សា ​និង​មធ្យមសិក្សា​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ​និង​ខេត្តកណ្តាល ​ចាប់ពី​ខែមីនា ​ឆ្នាំ​២០២៣ ​ដល់​ដំណាច់​ខែកុម្ភៈ ​ឆ្នាំ២០២៦​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ​ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​វប្បធម៌ ​អប់រំ ​និង​ទេសចរណ៍ ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា ​លោក​ឈត​ ប៊ុនថង​ឱ្យដឹងថា​ កិច្ចការ​ពង្រឹង​ការអប់រំ​ឌីជីថល ​ក្នុង​បរិបទ​នេះ ​មាន​សារៈសំខាន់​ណាស់ ​ស្របពេល​ស្ថានការណ៍​សកល​កំពុង​មានទំនោរ​វិវឌ្ឍ​ទៅក្នុង​ពិភព​ឌីជីថល​នេះ​ទៅ​ហើយ។​

​លោក​លើកឡើង​ពី​ការវិវឌ្ឍ ​នៃ​ការអប់រំ​តាមបែប​ឌីជីថល ​នៅ​កម្ពុជា ​ថា​៖«ជាសង្កេត​ផ្ទាល់ខ្លួន​របស់​ខ្ញុំ ​កម្ពុជា​យើង​[បានវិវឌ្ឍ]​ខ្លួន​ជា​សន្សឹមៗ​ទៅ​ហើយ ​ជាពិសេស​នៅ​អំឡុង​សម័យ​កូវីដ១៩​នេះ​ ដែល​វា​បាន​ជួយ​ជំរុញ​ឱ្យ​ការត្រៀមខ្លួន​របស់​កម្ពុ​ជា​ក្នុង​វិស័យ​អប់រំ​ឌីជីថល​នេះ ​កាន់តែ​ប្រញាប់ប្រញាល់​ថែម​ទៀត​ផង»។​

​សម្រាប់​លោក​ឈត ​ប៊ុនថង ​ដែលជា​អ្នកស្រាវជ្រាវ​ផ្នែក​អប់រំ ​ឧបសគ្គ​ដែល​រារាំង​កម្ពុជា​ក្នុង​ដំណើរ​កសាង​ខ្លួន​ក្នុង​វិស័យ​អប់រំ​ឌីជីថល​នេះ ​គឺ​ចំណេះដឹង​របស់​គ្រូបង្រៀន​នៅ​កម្ពុជា​ភាគច្រើន​នៅ​មាន​កម្រិត ​ខណៈ​សិស្សានុសិស្ស​មួយចំនួន​ក៏មាន​ចំណេះដឹង​ឌីជីថល​នេះ​នៅ​ទាប​នៅ​ឡើយ ​ស្របពេល​កម្ពុជា​នៅមាន​ការខ្វះខាត​សម្ភារ​អប់រំ​លើ​ផ្នែក​ឌីជីថល​នេះ​ផង ​បូករួម​កម្សោយ​ប្រព័ន្ធ​សេវាកម្ម​អុីនធើណិត ​និង​សេវា​ក្រុមហ៊ុន​ទូរកមនាគមន៍​នៅ​កម្ពុជា​មាន​កម្រិត​។

​លោក​បន្ថែមថា ​ក្នុង​ទិសដៅ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​ផ្នែក​ឌីជីថល​នេះ ​ទាមទារ​ឱ្យ​រដ្ឋាភិបាល ​ជាពិសេស​ក្រសួង​អប់រំ ​ធ្វើការ​ស្រាវជ្រាវ​ល្អិតល្អន់​ទាំង​ក្នុង​ក្របខ័ណ្ឌ​តំបន់ ​និង​សកលលោក ​ឱ្យ​បានដឹង​ច្បាស់​ពី​និន្នាការ​ពិតប្រាកដ ​ដើម្បី​ស្ទាបស្ទង់​កម្រិត​ស្តង់ដា​អប់រំ​របស់​កម្ពុជា ​ឱ្យ​ឆ្លើយតប​នឹង​ស្ថានភាព​ជាក់ស្តែង ​ដោយ​ការពង្រឹង​កម្មវិធីសិក្សា ​សមត្ថភាព​គ្រូបង្រៀន ​សម្ភារ​ក្នុង​មធ្យោបាយ​អប់រំ ​និង​ជាពិសេស​កញ្ចប់​ថវិកា​ជាតិ ​ដើម្បី​ឆ្លើយតប​នឹង​កំណែ​ទម្រង់​។​

លោក​ប៉ា ច័ន្ទរឿន ​ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​ជាតិ ​ក្នុង​ការងារ​បណ្តុះបណ្តាល​អក្ខរកម្ម​ឌីជីថល​។ លោក​ថា​ នេះ​ជាការវិនិយោគ​រយៈពេល​វែង ​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យសម្រេច​បាន​ និង​ចូលរួម​យ៉ាងសកម្ម​ក្នុង​គោល​នយោបាយ​សេដ្ឋកិច្ច​ឌីជីថល​របស់​ជាតិ ​ក្នុង​ពេល​អនាគត​។​

លោក​ប៉ា ច័ន្ទរឿន ​ថ្លែងថា​៖«ឧបសគ្គ​ក្នុង​ការអប់រំ​តាមបែប​ឌីជីថល​កន្លងមក ​យើង​ខ្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​។ បើ​និយាយ​សាមញ្ញ ​យើង​ខ្វះ​ប្រព័ន្ធ​អុ​ីនធឺណិត ​សេវា​ទូរស័ព្ទ ​ដែល​អនុញ្ញាតឱ្យ​គ្រូ ​និង​សិស្ស ​អាណាព្យាបាល ​អាច​ចូលរួម​ចំណាយ​ក្នុង​ការប្រើប្រាស់ ​និង​ជួយ​ឱ្យ​កូនចៅ​រៀន​តាម​ប្រព័ន្ធ​អុីនធឺណិត»។

​លោក​បន្តថា​៖«ប្រជាពលរដ្ឋ​យើង ​ក៏ដូចជា​សិស្សានុសិស្ស ​មាន​ការយល់ដឹង​ពី​ប្រព័ន្ធ​ឌីជីថល ​ក្នុង​កម្រិត​ទាប​ណាស់​។ តាមរយៈ​ក្រសួង​ប្រៃសណីយ៍​បង្ហាញ​ហើយ​ថា​ អ្នក​មាន​ចំណេះដឹង​ជា​មូលដ្ឋាន​អំពី​ធុីន​ធឺណិត​ហ្នឹង​មាន​តែ ​៣០%​ទេ»។​

លោក​ក៏បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល ​និង​ផ្នែក​ពាក់ព័ន្ធ ​ជាពិសេស​ក្រសួង​អប់រំ ​ខិតខំ​បង្កើន​សមត្ថភាព​អប់រំ​ពាក់ព័ន្ធ​នឹង​អក្ខរកម្ម​ប្រព័ន្ធ​ឌីជីថល​ទៅកាន់​ប្រជាពលរដ្ឋ ​ជាពិសេស​គ្រូបង្រៀន ​ព្រមទាំង​សិស្សានុសិស្ស​ដើម្បី​មាន​ជំនាញ​ក្នុង​ការប្រើ​ប្រាស់​ឧបករណ៍​អេឡិចត្រូនិក ​និង​ចូលរួម​ចំណែក​ក្នុង​ការអប់រំ​តាមរយៈ​ប្រព័ន្ធ​ឌីជីថល​។ លើស​ពីនេះ​រដ្ឋាភិបាល ​និង​អ្នកពាក់ព័ន្ធ ត្រូវ​បង្កើន​កិច្ចវិនិយោគ​លើ​ការអប់រំ​លើ​ផ្នែក​នេះ ​តួយ៉ាង ​ការបង្កើត​មាតិកា​មេរៀន​តាម​ប្រព័ន្ធ​ឌីជីថល ​ឱ្យ​កាន់តែ​សម្បូរបែប ​និង​ភាព​ទាក់ទាញ​។​

ប្រធាន​កម្មវិធី​ផ្នែក​ស្រាវជ្រាវ ​និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​(CYN) ​លោក​ហេង ​គឹមហុង ​លើកឡើងថា​ ការពង្រឹង​សមត្ថភាព​ធនធាន​មនុស្ស​កម្ពុជា​ឱ្យ​ឆ្លើយតប​នឹង​យុគសម័យ​ឌីជីថល ​គឺ​ចាំបាច់​ណាស់ ​ដើម្បី​កម្ពុជា​មាន​ធនធាន​មនុស្ស​ប្រកប​ដោយ​សក្តានុពល​ឆ្លើយតប​នឹង​ស្ថានការណ៍ ​នៃ​ការវិវឌ្ឍ​ឥត​ឈប់ឈរ ​នៃ​និន្នាការ​ពិភពលោក​។ ជាពិសេស​ការជំរុញ​ដល់​កិច្ចការ​ស្រាវជ្រាវ ​និង​នវានុវត្តន៍​ក្នុង​កម្រិត​ស្តង់ដា​អន្តរជាតិ​៕