​ភ្នំពេញៈ រាជរដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​លើក​ទី​​​១ ជិត​ ២០ ​លាន​ដុល្លារ ជួយ​គ្រួសារ​ងាយ​រង​ហានិភ័យ​ក្នុងអំឡុងពេល​មាន​សម្ពាធ​អតិផរណា និង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​គ្រោះទឹកជំនន់ ខណៈ​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច ជំ​រុញឱ្យ​មន្ត្រី​ពង្រឹង​ប្រព័ន្ធ​តាម​ដាន​ត្រួតពិនិត្យ និង​ការទប់ស្កាត់​ភាពមិនប្រក្រតី​លើ​ការបើក​ផ្តល់ប្រាក់​ចំនួន​ ២ ​លើក​ទៀត​។​

​កាលពី​ខែធ្នូ ឆ្នាំ​ ២០២២ រាជ​​រដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យ​ដំណើរការ​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ ក្នុងអំឡុងពេល​មាន​សម្ពាធ​អតិផរណា និង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​គ្រោះទឹកជំនន់ ដោយ​ក្នុង​ ១ ​គ្រួសារ​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រមាណ ​១០ ​ម៉ឺន​រៀល​។

​តាម​សារលិខិត​របស់​រាជរ​ដ្ឋា​ភិ​បាល គ្រួសារ​ដែល​រង​​គ្រោះ​ត្រូវ​បានកំណត់​អត្តសញ្ញាណ​ដោយ​ក្រសួងផែនការ​នឹងត្រូវ​ទទួលបាន​ការឧបត្ថម្ភ​សាច់ប្រាក់​ចំនួន ៣​ លើក ដែល​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ ក្នុងអំឡុង​​ពេល​មាន​សម្ពាធ​អតិផរណា​នឹង​ទទួលបាន​លើក​ទី​ ១ ចាប់ពី​ថ្ងៃទី​ ១០ ខែធ្នូ​ឆ្នាំ​ ២០២២ លើក​ទី​២ ​នៅ​ថ្ងៃទី​ ១០ ខែមេសា ឆ្នាំ​ ២០២៣ និង​លើក​ទី​ ៣ នៅ​ថ្ងៃទី​ ១០ ខែកក្កដា ឆ្នាំ​ ២០២៣​។ ចំណែក​កម្មវិធី​ឧបត្ថម្ភ​សាច់​​ប្រាក់​ជូន​គ្រួសារ​ងាយ​រង​ហា​និ​ភ័យ​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​គ្រោះទឹកជំនន់ នឹងត្រូវ​បើក​រៀងរាល់​ថ្ងៃទី ​១០ នៅក្នុង​ខែធ្នូ ខែមករា និង​ខែកុម្ភៈ​។​

​លោក ឈួ​រ សុ​បញ្ញា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​មូលនិធិ​ជាតិ​ជំនួយ​សង្គម បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​បូក​​សរុប​លទ្ធផល​ការងារ​ជុំ​ទី ១ ​នៃ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ​នៅ​ថ្ងៃទី​ ១០ មករា​ថា រដ្ឋា​​ភិ​បាល​បាន​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជិត​ ២០ លាន​ដុល្លារ​ដើម្បី​បើក​ផ្តល់ជូន​គ្រួសារ​រង​គ្រោះ​ប្រមាណ​ជិត ​៣៦ ​ម៉ឺន​គ្រួសារ​។

​លោក​បាន​បញ្ជាក់ថា​៖ «​ការអនុវត្ត​កម្មវិធី​ទាំង ​២​ របស់​យើង ជា​លើក​ទី​ ១ ​ថា ការឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ងាយ​រង​​ហានិភ័យ​ក្នុងអំឡុងពេល​មាន​សម្ពាធ​អតិផរណា​ប្រហែលជា​ ៩,១២​ លាន​ដុល្លារ និង​មាន​អ្នកទទួលផល​សរុប​ចំនួន​ ២៦០ ៥២៦ ​គ្រួសារ​។ ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​គ្រោះទឹកជំនន់​នៅ​បណ្តា ​១៦ ​រាជធានី​-​ខេត្ត មាន​ប្រហែល​ ៩,៣០ ​លាន​ដុល្លារ និង​មាន​អ្នកទទួលផល​សរុប​ជិត​ ៩៩០ ១៦៩ ​គ្រួសារ​»​។​

​លោក វង សូត រដ្ឋមន្ត្រីក្រសួង​​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ថ្លែងថា ភាពមិនច្បាស់លាស់​ដែល​បណ្តាលមកពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​ ១៩ និង​ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ បាន​បណ្តាលឱ្យមាន​និន្នាការ​កើន​ឡើង​នៃ​ថ្លៃទំនិញ និង​ម្ហូបអាហារ​លើ​ទីផ្សារ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​គ្រួសារ​ក្រីក្រ និង​ស្ថិត​ក្បែរ​បន្ទាត់​ក្រីក្រ​។

​លោក វង សូត បាន​បន្តថា ទន្ទឹមគ្នា​នេះដែរ នៅ​ចុងឆ្នាំ​ ២០២២ ​នេះ ប្រជាពលរដ្ឋ ដែល​ស្ថិតនៅក្នុង​តំបន់​មួយចំនួន ក្នុង​រាជធានី និង​ខេត្ត​ចំនួន​ ១៦ បាន​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ទឹកជំនន់ ធ្វើឱ្យមាន​ការលិចលង់ ខូចខាត​ផ្ទះសំបែង ផលដំណាំ ហេដ្ឋារចនាសម្ព័ន្ធ​នៅ​មូលដ្ឋាន ជាហេតុ​បណ្តាលឱ្យមាន​ផលប៉ះពាល់​កាន់តែខ្លាំង​ឡើងដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ជាពិសេស​គ្រួសារ​ងាយ​រង​ហានិភ័យ​។ ដូច្នេះ​ដើម្បី​ឆ្លើយតប​នឹង​ស្ថានការណ៍​ដ៏​លំបាក​នេះ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់​ប្រាក់​ចំនួន​ ២ ​បន្ថែមទៀត ក្នុង​គោលបំណង សម្រាល​ការ​លំបាក​ផ្នែក​ជីវភាព​របស់​គ្រួសារ​រស់នៅ​ក្បែរ​បន្ទាត់​ក្រីក្រ ដែលមាន​សមាជិកគ្រួសា​រ​ជា​ជន​ងាយ​រងគ្រោះ​។

​ជាមួយនឹង​ការអនុវត្ត​គោលនយោបាយ​នេះ លោក វង សូត ក៏បាន​ណែនាំ​ឱ្យ​មន្ត្រី​មាន​សមត្ថកិច្ច​ផ្តោត​ការយកចិត្ត​ទុក​ដាក់​តាមរយៈ​ការពង្រឹង​ប្រព័ន្ធ​តាមដាន​ត្រួតពិនិត្យ និង​ការ​ទប់​ស្កាត់​ភាពមិនប្រក្រតី​របស់​ម​ន្ត្រី​អនុវត្ត​កម្មវិធី​នៅ​ថ្នាក់ឃុំ សង្កាត់​មួយចំនួន​តូច ជាពិសេស ការ​បង្កើន​ការយល់ដឹង​ដល់​ប្រជា​​ពលរដ្ឋ​នៅ​មូលដ្ឋាន ដើម្បី​ចៀស​វាង​ការ​ថ្នាំងថ្នាក់ និង​ការបាត់បង់​ទំនុកចិត្ត​ពី​ប្រជាពលរដ្ឋ​ក្នុងការ​ចូលរួម​អនុវត្ត​កម្មវិធី ដែល​បាននិងកំពុង​ដាក់ឱ្យអនុវត្ត​។​

​លោក​បញ្ជាក់់ថា​៖ «​ខ្ញុំ​សូម​គូស​បញ្ជាក់ជូន​អង្គប្រជុំ​នូវ​បញ្ហា​គន្លឹះ​មួយចំនួន ដែល​ត្រូវ​បន្ត​យកចិត្តទុកដាក់​អនុវត្ត និង​ចូល​រួម​ដោះស្រាយ​ឱ្យបាន​ជាប្រចាំ និង​ទាន់ពេលវេលា ក្នុងទិសដៅ​ធានា​ដល់​ការអនុវត្ត​កម្មវិធី​នៅ​មូលដ្ឋាន​ប្រកបដោយ​តម្លាភាព និង​ប្រសិទ្ធភាព​។ មាន​ករណី​មិន​ប្រក្រតី ដែល​ខ្ញុំ​សុំ​រំឭក​ពី​ចំណុច​ខ្វះចន្លោះ​ជាពិសេស​ការអនុវត្តរ​បស់​យើង ដើម្បី​យើង​កែ​ឱ្យ​ល្អ ដោយ​សារ​យើង​មាន​ការបើក​ផ្តល់​លើក​ទី​២ និង​លើក​ទី​៣ ដើម្បីឱ្យ​ការបើក​ផ្តល់​របស់​យើង​កាន់តែ​ប្រសើរ​ជាង​ហ្នឹង​ទៅទៀត​»​។​

​លោក វង សូត ក៏បាន​ណែនាំ​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​បន្ត​ពង្រឹង​សមត្ថ​​ភាព និង​ផ្ដល់​ការគាំទ្រ​ផ្នែក​បច្ចេក​ទេស​ដល់​ឃុំ សង្កាត់ ដើម្បីឱ្យ​ឃុំ សង្កាត់ អាចអនុវត្ត​តួនាទី និង​ភារកិច្ច​របស់ខ្លួន​ប្រកបដោយ​ភាពម្ចាស់ការ និង​ការ​ទទួលខុស​ត្រូវ​ខ្ពស់​ធានា​ឱ្យ​ការអនុវត្ត​កម្មវិធី ដំណើរការបាន​រលូន ស្របតាម​ផែនការ​កំណត់ និង​លទ្ធផល​រំពឹងទុក​។​

​លោក អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ ធ្លាប់បាន​លើកឡើងថា ការដាក់ឱ្យ​អនុត្ត​កម្មវិធី​នេះ​គឺជា​រឿង​ល្អ​មួយ ដើម្បី​ជួយ​សម្រួល​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​គ្រា​ជួប​ការលំបាក ដែលជា​គោលនយោបាយ​គិតគូរ​របស់​រដ្ឋាភិបាល​។ ប៉ុន្តែ​លោក​សង្កត់ធ្ងន់ថា ក្នុងនាម​អង្គការ​សង្គម​ស៊ីវិល​គឺ​ចង់ឃើញ​ការផ្តល់ប្រាក់​ឧបត្ថម្ភ​ទាំងនេះ ប្រកបដោយ​តម្លាភាព​ដោយ​មិន​មានការ​រើស​អើ​ង​។

លោក ប្រាប់ថា​៖ «​ពលរដ្ឋ​រងគ្រោះ​ប្រហាក់ប្រហែលគ្នា ត្រូវតែ​ទទួលបាន​ដូចគ្នា ព្រោះ​គាត់​ជា​ប្រជាពលរដ្ឋ​កម្ពុជា ដែល​រស់នៅ​ក្រោម​ដំបូល​រាជរដ្ឋាភិបាល​តែ​ ១ ទោះបី​ជាមាន​និន្នាការ​នយោបាយ​យ៉ាងណាក៏ដោយ​»​។​

​គិត​រហូតមកដល់​ប​ច្ចុ​ប្បន្ន រាជ​​រដ្ឋាភិបាល បាន​ចំណាយ​ថវិកា​សរុប​ ៩០០ ​លាន​ដុល្លារ​ហើយ​ក្នុង​ការបើក​ផ្តល់ជូន​ពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​ក្នុង​ក្របខ័ណ្ឌ​គោល​នយោបាយ​ជាតិ​គាំពារ​សង្គម ចាប់តាំងពី​ឆ្នាំ​ ២០១៦ ​មក ក្នុងនោះ រួមទាំង​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​នឹង​ជំងឺ​កូ​វីដ​ ១៩ ​ផងដែរ ដែល​ទឹកប្រាក់​នេះ បានផ្តល់​ផល​ដល់​ពលរដ្ឋ​រងគ្រោះ​ប្រមាណ​ ៣ លាន​នាក់​។ នេះ​បើតាម លោក ឈួ​រ សុ​បញ្ញា​៕