ភ្នំពេញៈ លោក Pablo Kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ពិភាក្សា​ទ្វេភាគី ជាមួយ​ឧបនាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ដោយបាន​បង្ហាញ​ជំហរ​ជឿជាក់ថា ដំណើរ​ការរៀបចំ​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៧ ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​ ២៣ ខែកក្កដា ឆ្នាំ​២០២៣ នឹង​ប្រព្រឹត្តទៅ​ប្រកបដោយ​រលូន និង​មានការ​ចូលរួម​ពី​គណបក្សនយោបាយ​ច្រើន​។​

​លោក Pablo បាន​ជួបពិភាក្សា​ជាមួយ​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​ ៩ ខែមករា ឆ្នាំ​ ២០២៣ នៅ​ទី​ស្តី​ការ​ក្រសួងមហាផ្ទៃ ក្នុងឱកាស​ដែល​ត្រូវ​បញ្ចប់​បេសកកម្ម​ការ​ទូត​នៅ​ប្រទេស​កម្ពុជា នាពេល​ឆាប់ៗ​ខាងមុខនេះ​។​

​លោកថ្លែងថា​៖ «​ដំណើរការ​បោះឆ្នោត​នាពេល​ខាងមុខនេះ នឹង​ប្រព្រឹត្តទៅ​ប្រកបដោយ​បរិយាកាស​ល្អប្រសើរ សេរី ត្រឹមត្រូវ ដែល​នឹង​ផ្ដល់ឱកាស​ដល់​ភាគី​ពាក់ព័ន្ធ​បាន​ចូលរួម​ប្រកួតប្រជែង ដោយ​សេរី ក្នុងការ​បោះឆ្នោត​ថ្នាក់ជាតិ នាពេល​ខាងមុខនេះ​»​។​

​លោក ស ខេង ក្នុងនាម​ជា​គណៈបញ្ជាការ​សន្ដិសុខ​សម្រាប់​ការបោះឆ្នោត ថ្លែងថា រាជ​រដ្ឋាភិបាល នឹង​ខិតខំ​ធ្វើ​យ៉ាង​ណា សហការ​ជាមួយនឹង​តួអង្គ​ពាក់ព័ន្ធ​ជាពិសេស​ជាមួយ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​​បោះឆ្នោត (​គ​.​ជ​.​ប​) ដើម្បី​ធ្វើយ៉ាងណា​ធានាបាន​នូវ​បរិ​យា​កាស​សន្ដិសុខ​ល្អប្រសើរ ដែល​បម្រើឱ្យ​ការងារ​បោះឆ្នោត ដែល​គ្មាន​អំពើហិង្សា ប្រព្រឹត្ត​ទៅដោយ​សេរី ទាំង​នៅ​គ្រប់​ដំ​​ណាក់​កាល​នៃ​ការងារ​បោះ​ឆ្នោត​។​ពាក់ព័ន្ធ​ទៅនឹង​ដំណើរ​ការត្រៀម​លក្ខណៈ​សម្រាប់​ការងារ​បោះឆ្នោត លោក ស​ ខេង ក៏បាន​ប្រា​ប់លោក Pablo Kang នាឱកាស​នោះ​ផងដែរ​ថា ក្រសួងមហាផ្ទៃ​នឹង​សហ​ការ​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ដើម្បីឱ្យ​ដំណើរការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​សេរី និង​គ្មាន​ហិង្សា​នៅ​គ្រប់​ដំណាក់កាល​នៃ​ការ​​បោះឆ្នោត​។​

​អ្នកនាំពាក្យ​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​)​ លោក សោម សូ​រី​ដា ថ្លែងថា ជាទូទៅ​ដំណើរការ​នៃ​ការរៀប​ចំការ​បោះឆ្នោត​នានា​រៀបចំ​ដោយ​កម្ពុជា តែង​ទទួលបាន​ការវាយតម្លៃ​ខ្ពស់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ជាពិសេស​បានទទួល​ស្គាល់​ថា ការរៀបចំ​ដំណើរការ​បោះឆ្នោត​បាន​ប្រព្រឹត្តទៅ ប្រកបដោយ​ភាពត្រឹមត្រូវ យុត្តិធម៌ តម្លាភាព នៅក្នុង​បរិ​យា​កាស​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​ល្អ គ្មាន​អំពើហិង្សា និង​ការ​គំរាម​កំហែង​។​

​លោក​បន្តថា ការលើកឡើង​របស់​ឯក​អគ្គរដ្ឋទូត​អូស្ត្រាលី ពាក់ព័ន្ធ​ទៅនឹង​ជំនឿ​លើ​ដំណើរ​​ការរៀបចំ​ការបោះឆ្នោត​នៅពេល​ខាងមុខនេះ ក៏​ផ្អែកទៅលើ​សមិទ្ធផល​នានា​ដែល​គ​.​ជ​.​ប បានរៀបចំ​កន្លងមក​ដែរ និង​ផ្អែកទៅលើ​ការវាយតម្លៃ​ជាទូទៅ​នៃ​ការរៀបចំ​ការបោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី ​៥ ឆ្នាំ​ ២០២២ កន្លងមកនេះ ក្នុង​បរិយាកាស​សុវត្ថិភាព សណ្តាប់​ធា្ន​ប់​សាធារណៈ និង​សន្តិសុខ​ល្អ គ្មាន​អំពើហិង្សា និង​គំរាមកំហែង ប្រជាពលរដ្ឋ​បាន​ទៅ​ចូលរួម​បោះឆ្នោត ប្រកបដោយ​ទឹកមុខ​រីករាយ​ដែលមាន​តួលេខ​ជាង​ ៨០%​។​

​លោក សោម សូ​រី​ដា បាន​ថ្លែងថា​៖ «​នេះ គឺជា​សមិទ្ធផល​ជាក់ស្តែង​ដែល គ​.​ជ​.​ប បានបង្ហាញ​ឱ្យ​មតិ​ជាតិ និង​អន្តរ​ជាតិ​បាន​មើលឃើញ​។ អ៊ីចឹង​ទេ ការជឿជាក់​របស់​ទូត​អូស្ត្រាលី គឺជា​ការវាយតម្លៃ​មួយ​ដោយ​ផ្អែកទៅលើ​កិច្ច​ការដែល​គ​.​ជ​.​ប បាន​អនុវត្ត​កន្លងមក រួម​ជាមួយនឹង​ការវាយតម្លៃ​ពី​មតិ​ជាតិ និង​អន្តរជាតិ​លើ​ការរៀបចំ​របស់ គ​.​ជ​.​ប សម្រាប់​ការបោះឆ្នោត​»​។​

​ដោយឡែក ក្នុងជំនួប​សម្ដែង​ការគួរសម និង​ជម្រាបលា​នោះដែរ លោ​កស ខេង បាន​ថ្លែង​ដោយ បាន​សម្ដែង​នូវ​ការស្វាគមន៍ និង​មាន​សេចក្ដី​រីករាយ​ចំពោះ​ទំនាក់ទំនង និង​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំង ​២ ដោយ​លោក​បានកត់សម្គាល់​នូវ​កិច្ចការងារ​សំខាន់ៗ​មួយចំនួន​រួមមាន​សកម្ម​ក្នុងការ​ជួយ​គាំទ្រ​ដំណើរការ​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ​១៩ ការងារ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ កិច្ច​សហ​​ប្រតិបត្តិការ​លើ​វិស័យ​អនុវត្ត​ច្បាប់​រវាង​នគរបាលជាតិ​កម្ពុជា ជាមួយនឹង​នគរបាល​សហព័ន្ធ​អូស្ដ្រាលី និង​ការជួយ​គាំទ្រ​ផ្ដល់​ការបណ្ដុះបណ្ដាល​លើក​កម្ពស់​សមត្ថភាព​ដល់​ការងារ​ប្រយុទ្ធប្រឆាំង​ទៅនឹង​ការ​​សម្អាត​ប្រាក់ និង​គ្រឿងញៀន​ផងដែរ​៕