ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានរំឭក និងអំពាវនាវទៅដល់ពលរដ្ឋទាំងអស់កុំឱ្យមានការរើសអើងប្រភេទវ៉ាក់សាំងកូវីដ ១៩ ហើយបានពន្យល់ថា ការចាក់វ៉ាក់សាំងចម្រុះ គឺផ្តល់លទ្ធភាពក្នុងការបង្កើតនូវភាពស៊ាំក្នុងសរីរាង្គបុគ្គលខ្ពស់ជាងការប្រើប្រាស់វ៉ាក់សាំងប្រភេទតែមួយ។
ការអះអាងបែបនេះធ្វើឡើងដោយលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ពីថ្ងៃទី ៩ ខែមករា ក្នុងពេលលោកស្រីចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ ១៩ ដូសទី ៦ ក្នុងទីធ្លាព្រឹទ្ធសភា និងមន្ទីរពេទ្យបង្អែកដង្កោ រាជធានីភ្នំពេញ។
លោកស្រីបានថ្លែងថា៖ «សូមបងប្អូនកុំមានការរើសអើងវ៉ាក់សាំង។តាមការសិក្សា និងការលើកឡើងរបស់អង្គការសុខភាពពិភពលោកក៏បានបង្ហាញជាហូរហែមកហើយថា ការចាក់វ៉ាក់សាំងចម្រុះវានឹងផ្តល់លទ្ធភាពបង្កើតនូវភាពស៊ាំក្នុងសរីរាង្គបុគ្គលខ្ពស់ជាងការប្រើប្រាស់ប្រភេទវ៉ាក់សាំងតែ ១»។
អ្នកនាំពាក្យរូបនេះបន្ថែមថា ដោយសារប្រសិទ្ធភាពខ្ពស់ក្នុងការបង្កើតភាពស៊ាំនេះ ក្រសួងកំពុងបោះជំហានទៅលើការចាក់ឆ្លាស់នៃប្រភេទវ៉ាក់សាំងកូវីដ ១៩ ដើម្បីឱ្យពលរដ្ឋមានភាពការពារសរីរាង្គខ្ពស់ ហើយរឿងសំខាន់មួយទៀតគឺថិរវេលានៃការចាក់វ៉ាក់សាំងនេះផងដែរ។
លោកស្រី ឱ វណ្ណឌីន បានបន្ដថា៖ «ថិរវេលាក៏ជាកត្តាមួយទៀតដែរ ប្រសិនបើថិរវេលានៃការចាក់វ៉ាក់សាំងនេះយូរពេកក៏ធ្វើឱ្យភាពស៊ាំក្នុងរាងកាយក៏មានការធ្លាក់ចុះផងដែរ។អ៊ីចឹង!ខ្ញុំសុំអំពាវនាវទៅដល់បងប្អូនទាំងអស់កុំមានការរើសអើងវ៉ាក់សាំង ហើយអង្គការសុខភាពពិភពលោកក៏បានលើកឡើងដែរថា វ៉ាក់សាំងប្រភេទណាក៏ដោយ ក៏ជាវ៉ាក់សាំងដែលជួយសរីរាង្គបុគ្គល ជួយសង្គ្រោះអាយុជីវិតរបស់យើងដែរ»។
បច្ចុប្បន្ននេះ វីរុសកូវីដ ១៩ មានការបំប្លែងខ្លួនជាបន្តបន្ទាប់ ហើយថ្មីៗនេះលោកស្រីសង្កេតឃើញថា មានពលរដ្ឋមួយចំនួនមានការបារម្ភច្រើនពីការរាតត្បាតនៅតាមប្រទេសមួយចំនួន ក៏ដូចជាប្រទេសនៅក្នុងតំបន់នូវប្រភេទវីរុស XBB ដែលវីរុសនេះ មិនមែនទើបរកឃើញនោះទេ តែវាបានរកឃើញមាននៅអាមេរិកកាលពីខែកញ្ញា ឆ្នាំ ២០២១ ហើយក្រសួងសុខាភិបាលក៏បានណែនាំពលរដ្ឋផងដែរពីការរកឃើញនេះ។
វីរុសបំប្លែងថ្មីប្រភេទ XBB ជាប្រភេទពពួកអូមីក្រុងដែលវាបំប្លែងខ្លួនជាបន្តបន្ទាប់ ហើយអូមីក្រុងនេះបានបំប្លែងខ្លួនច្រើនសណ្ឋានណាស់មកទល់ពេលនេះ។
លោកស្រី ឱ វណ្ណឌីន បានប្រាប់ថា៖ «អ្វីដែលជាការណែនាំរបស់អង្គការសុខភាពពិភពលោកនៅក្នុងពេលថ្មីៗថា ទោះបីជាមានការលេចចេញនូវវីរុសបំប្លែងថ្មីប្រភេទ XBB ក្តីឬប្រភេទផ្សេងៗក្តី ថ្វីដ្បិតតែយើងមានការព្រួយបារម្ភច្រើនថា វាឆ្លងលឿនក៏ពិតមែន តែតាមការណែនាំរបស់អង្គការសុខភាពពិភពលោកមិនទាន់រកឃើញឬក៏មានទិន្នន័យណាមួយបញ្ជាក់ច្បាស់ដែរថា ពពួកបំប្លែងថ្មីក្រោយនេះ មានភាពសាហាវជាងឬធ្ងន់ធ្ងរជាងពពួកដែលតានោះទេ»។
យ៉ាងណាក្ដី មន្ត្រីជំនាញផ្នែកសុខាភិបាលរូបនេះនៅតែអះអាងថា វ៉ាក់សាំងនៅតែជាឧបករណ៍ដ៏សំខាន់ក្នុងការជួយការពារសរីរាង្គពីការវាយលុកពីពពួកវីរុសកូវីដ ១៩។ ដូចនេះហើយបានជានៅគ្រប់បណ្តាប្រទេសទាំងអស់នៅតែយកចិត្តទុកដាក់ចាក់វ៉ាក់សាំង ជាពិសេសដូសជំរុញនេះ។
លោកស្រីថា៖ «ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏កំពុងតែបោះជំហានទៅរកការធ្វើយ៉ាងណារក្សាភាពស៊ាំរបស់បុគ្គលក៏ដូចជាភាពស៊ាំរបស់សហគមន៍របស់យើង ពីព្រោះយើងទាំងអស់គ្នាដឹងហើយបើភាពស៊ាំរបស់បុគ្គលម្នាក់ៗធ្លាក់ចុះអស់អ៊ីចឹងភាពស៊ាំក្នុងសហគមន៍របស់យើងនឹងចុះខ្សោយតែម្ដង ឬក៏អាចថាអត់មាន»។
ទាក់ទងនឹងកូវីដ ១៩ នេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏នៅតែបន្តអំពាវនាវឱ្យពលរដ្ឋរួមគ្នាការពារដោយអនុវត្តនូវវិធានការ ៣ ការពារ និង ៣ កុំ រួមនឹងការចាក់វ៉ាក់សាំងកូវីដ ១៩ ជាពិសេសដូសជំរុញ។
លោកបានថ្លែងពីថ្ងៃទី ៩ ខែមករា ថា ៖ «សុំកុំភ្លេច ខ្ញុំនៅតែបន្តឱ្យប្រជាពលរដ្ឋរបស់យើងបន្តការយកចិត្តទុកដាក់បន្តទៀតជាមួយនឹងវិធានការការពារសម្រាប់ជំងឺនេះដែលវាអាចកើតឡើងដោយសារជំងឺនេះនៅបន្តមាននៅឡើយ ហើយបន្តទទួលយកវ៉ាក់សាំងដែលត្រូវចាក់ដូសជំរុញដើម្បីបង្កើនភាពស៊ាំនៅក្នុងខ្លួន»។
តាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី ៩ ខែមករា ឆ្នាំនេះ លទ្ធផលនៃការចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦ លាននាក់ មាន ៩៥,២៩ ភាគរយ។ក្រសួងបានបន្តថា អត្រាអ្នកចាក់ដូសទី ២ មានចំនួនជាង ១៤ លាននាក់ ដូសទី ៣ មានចំនួនជាង ១០ លាននាក់ ដូសទី ៤ មានចំនួនជាង ៤,៧លាននាក់ ដូសទី ៥ មានចំនួន ១,២ លាននាក់ និងអត្រានៃការចាក់ដូសទី ៦ មានចំនួនជាង ១ ម៉ឺននាក់ផងដែរ៕